Philip Heijmans
គណបក្សប្រឆាំងស្នើឲ្យមានការកាត់បន្ថយបំណុលថ្មីនៅក្នុងច្បាប់ថវិកាជាតិឆ្នាំ២០១៣
គណបក្ស សម រង្ស៊ី បានស្នើឲ្យសភាជាតិកាត់បន្ថយ៧៥ភាគរយនៃទំហំបំណុលថ្មីដែលរាជរដ្ឋាភិបាលអាចទទួលបាននាឆ្នាំក្រោយ ក្រោមសេចក្តីព្រាងច្បាប់ចុងក្រោយស្តីពីថវិកាជាតិឆ្នាំ២០១៣។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលបានផ្ញើលិខិតស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានមានប្រសាសន៍ថា បំណុលសាធារណៈនៅក្នុងប្រទេសកម្ពុជា មានទំហំធំរួចស្រាប់ហើយ ពោលគឺមានប្រហែល១០ពាន់លានដុល្លារ ឬ៧៧ភាគរយនៃផលិតផលក្នុងស្រុកសរុប(ជីឌីភី) កាលពីឆ្នាំមុន។ ដើម្បីឲ្យទំហំបំណុលជាតិស្ថិតក្នុងទំហំមួយដែលសមស្របជាងមុន គណបក្ស សម រង្ស៊ី បានឲ្យដឹងថា បំណុលអប្បបរិមាចំនួន២០០លានដុល្លារ គួរតែអនុញ្ញាតឲ្យទទួលបាន នាឆ្នាំក្រោយ ប្រសើរជាង៨០០លានដុល្លារ ដែលត្រូវបានស្នើឡើងនៅក្នុងសេចក្តីព្រាងគម្រោងថវិកានេះ។ លោក សុន ឆ័យ បានមានប្រសាសន៍ថា “ ចំនួនទឹកប្រាក់នេះច្រើនពេក ដូច្នេះ យើងចង់ឲ្យពួកគេបញ្ចុះចំនួនទឹកប្រាក់នេះ មក២០០លានដុល្លារ ដោយសារតែបំណុលដែលរដ្ឋាភិបាលជំពាក់ប្រទេសផ្សេងៗនោះមានចំនួនច្រើនស្រាប់ហើយ។ ក្នុងអត្រា ៨០ភាគរយ នៃជីឌីភី យើងជឿថា វាមិនចាំបាច់សម្រាប់រដ្ឋាភិបាល ដែលត្រូវបង្កើនចំនួនប្រាក់កម្ចីថ្មីៗទេ”។ សេចក្តីព្រាងគម្រោងថវិកា ដែលបច្បុបន្ន កំពុងរង់ចាំសេចក្តីអនុម័តពីរដ្ឋសភា មានសេចក្តីអំពាវនាវឲ្យរដ្ឋាភិបាលចំណាយជាងបីពាន់លានដុល្លារ ក្នុងឆ្នាំ២០១៣ ដែលជាទំហំចំណាយកើនឡើងពី២,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១២។ ដោយសារតែទំហំបំណុលរបស់ប្រទេសកម្ពុជាកើនឡើងជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ សេដ្ឋវិទូ និងអង្គការអន្តរជាតិនានា ដូចជាធនាគារពិភពលោក(WorldBank, WB) និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (InternationalMonetaryFund, IMF) ជាដើម បានក្រើនរំឭកថា ទោះបីជាទំហំបំណុលសាធារណៈ បច្ចុប្បន្ន មានលំនឹងក៏ដោយ នៅតែមានហានិភ័យខ្វះលទ្ធភាពសងក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះដែរ។ ធនាគារពិភពលោក និងអង្គការ IMF បានឲ្យដឹងកាលពីខែកញ្ញាថា កំណើននៃទំហំទឹកប្រាក់កម្ចីរបស់រដ្ឋាភិបាល ក្នុងរយៈពេល១០ឆ្នាំខាងមុខ អាចនឹងកាត់បន្ថយសមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការបញ្ចេញប្រតិកម្មទប់ទល់វិបត្តិសេដ្ឋកិច្ចនានា ដែលអាចកើតឡើងក្នុងពេលអនាគត។ អង្គការទាំងនេះក៏បានឲ្យដឹងថា ការគ្រប់គ្រងមិនត្រឹមត្រូវលើគម្រោងកសាង-ប្រតិបត្តិការ-ផ្ទេរ ដែលមានទ្រង់ទ្រាយធំដូចជា គម្រោងទំនប់វារីអគ្គិសនី ដែលអាចបណ្តាលឲ្យមានការខាតបង់ក្នុងវិស័យវិនិយោគដែលមានទំហំស្មើនឹង៥ភាគរយនៃជីឌីភី ខណៈដែលវិបត្តិប្រព័ន្ធធនាគារអាចជំរុញឲ្យមានការខាតបង់ប្រហែល១០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ បំណុលនៅកម្ពុជាត្រូវបានរាយការណ៍ថា មានទំហំខុសៗគ្នា។ ខណៈដែលគណបក្សសម រង្ស៊ី បង្ហាញថា ទំហំបំណុលនៅប្រទេសនេះមាន១០ពាន់លានដុល្លារគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច និងអង្គការអន្តរជាតិនានា បានបង្ហាញតួលេខបំណុលក្នុងចន្លោះពីពីរពាន់លានដុល្លារទៅប្រាំពីរពាន់លានដុល្លារ។ អង្គការ IMF បានព្យាករកាលពីខែកុម្ភៈថា ទំហំបំណុលមាន៣,៩៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១២ ខណៈដែលទីភ្នាក់ងារវាយតម្លៃអន្តរជាតិមូឌី (Moody's) បង្ហាញតួលេខបំណុលថា មាន៥,២ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០១០។ ដោយកាត់បន្ថយទំហំបំណុលសម្រាប់ឆ្នាំ២០១៣ផងដែរ គណបក្ស សម រង្ស៊ី ក៏បានអំពាវឲ្យរដ្ឋាភិបាលអនុវត្តតាមការសន្យាថានឹងដំឡើងប្រាក់ឈ្នួលអប្បបរិមា សម្រាប់មន្ត្រីរាជការ និងបង្កើនប្រាក់ចំណូលសាធារណៈដោយដាក់ចេញនូវអត្រាពន្ធខ្ពស់ ចំពោះអាជីវកម្មកាស៊ីណូ និងម្ចាស់ដីសម្បទានសេដ្ឋកិច្ច។ ឧទាហរណ៍ គណបក្ស សម រង្ស៊ី កំពុងតែស្នើឲ្យមានការដាក់ពន្ធ៥០ភាគរយលើប្រាក់ចំណូលពីកាស៊ីណូប្រហែល៦០កន្លែង ដែលបច្ចុប្បន្ន កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ លោក សុន ឆ័យ បានមានប្រសាសន៍ថា អត្រាពន្ធបែបនេះអាចនឹងនាំឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណូលក្នុងទំហំប្រហែលជា៣០០លានដុល្លារ។ គណបក្ស សម រង្ស៊ី ក៏បានស្នើឲ្យមានការដំឡើងពន្ធពីប្រាំដុល្លារក្នុងមួយហិកតាក្នុងមួយឆ្នាំ ដល់១៧ដុល្លារក្នុងមួយហិកតាក្នុងមួយឆ្នាំ លើដីសម្បទានសេដ្ឋកិច្ច។ លោក សុន ឆ័យ មានប្រសាសន៍ថា ចំណូលពន្ធពី២០០លានដុល្លារ ទៅ ៣០០លានដុល្លារ បន្ថែមទៀត អាចកើនឡើងនៅក្នុងថវិកាដោយសារតែការដំឡើងពន្ធបែបនេះ។ លោកបានថ្លែងបន្តទៀតថា ការបន្ថយអំពើពុករលួយនៅតាមបណ្តាក្រសួងរដ្ឋាភិបាល និងការបង្វិលមូលនិធិទាំងនេះទៅក្នុងថវិកាជាតិក៏នឹងបង្កើនចំនួនទឹកប្រាក់នៅក្នុងថវិកាជាតិ ឲ្យកើនឡើងកាន់តែច្រើនថែមទៀត។ សេដ្ឋវិទូភាគច្រើនបានលើកឡើងថា ទំហំបំណុលរបស់ប្រទេសកម្ពុជា គឺជាទំហំថេរ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រាក់កម្ចីដ៏ច្រើនពីប្រទេសចិនត្រូវបានគេនិយាយថា ត្រូវបានផ្តល់ឲ្យប្រទេសកម្ពុជា ក្នុងអត្រាការប្រាក់ខ្ពស់ជាងម្ចាស់ជំនួយផ្សេងៗទៀតយ៉ាងខ្លាំង ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (AsianDevelopmentBank, ADB) ជាដើម។ លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា (Cambodian Economic Assoication) បានមានប្រសាសន៍ឲ្យដឹងដូច្នេះថា “ ខ្ញុំយល់ថា តាមការពិត ទំហំបំណុលរបស់ប្រទេសកម្ពុជា មិនមានបញ្ហាទេ។ វាតិចពេក”។ លោក សុផល ក៏បានមានប្រសាសន៍បន្ថែមទៀតថា “ ប្រទេសកម្ពុជាត្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមទៀត ហើយមកដល់ដំណាក់កាលនេះ មិនទាន់មានផ្លូវថ្នល់ ស្ពានឬធនធានថាមពលគ្រប់គ្រាន់នៅឡើយទេដូច្នេះ ហើយពិតជាត្រូវការមូលធនច្រើនទៀត ដើម្បីយកមកប្រើប្រាស់ក្នុងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំងនេះ”ឲ្យបានកាន់តែច្រើនឡើង។ ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជារូបនេះក៏បានលើកឡើងបន្តទៀតថា “ ទាក់ទងនឹងប្រាក់កម្ចីពីប្រទេសចិន គួរតែមានតម្លាភាពច្រើនជាងមុន ពីព្រោះយើងត្រូវការដឹងលម្អិតបន្ថែមទៀតថា តើប្រាក់ចំនួនប៉ុន្មានដែលកំពុងត្រូវបានខ្ចី និងត្រូវការដឹងអំពីគុណភាព លក្ខខណ្ឌ និងប្រសិទ្ធផល ព្រមទាំងការប្រើប្រាស់ប្រាក់កម្ចីទាំងនេះ”។ ក្នុងអត្រាការប្រាក់ជាមធ្យម២ភាគរយក្នុងមួយឆ្នាំ ប្រទេសចិនបានផ្តល់អត្រាការប្រាក់មិនអនុគ្រោះបំផុត លើប្រាក់កម្ចីដែលខ្លួនបានផ្តល់ឲ្យប្រទេសកម្ពុជា បើធៀបនឹងម្ចាស់ជំនួយសំខាន់ៗផ្សេងៗទៀតដែលបានផ្តល់ប្រាក់កម្ចីដល់ប្រទេសនេះដែរនោះ។ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ បានគិតអត្រាការប្រាក់ជាមធ្យម១,២៣ភាគរយលើប្រាក់កម្ចីរបស់ខ្លួន ខណៈដែលប្រទេសកូរ៉េខាងត្បូង សហភាពអឺរ៉ុប ហៅកាត់ថា EU និងប្រទេសជប៉ុន សុទ្ធតែផ្តល់ប្រាក់កម្ចីដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងអត្រាការប្រាក់០,៥ភាគរយ ឬក៏ក្រោមនេះ។ កាលពីខែកញ្ញានាឆ្នាំនេះលោក វេនជាប៉ាវ (WenJiabao) នាយករដ្ឋមន្ត្រីនៃសាធារ ណរដ្ឋប្រជាមានិតចិន បានប្រកាសកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីមិនមានលក្ខខណ្ឌជាក់លាក់ចំនួនជាង៥០០លានដុល្លារ អំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ហើយកាលពីខែកុម្ភៈ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន៣០២លានដុល្លារសម្រាប់រយៈពេលបីឆ្នាំជាមួយធនាគារ អុិចផត-អុីមផត ប៊េង អហ្វ ឆាយណា (Export-Import Bank of China) ដើម្បីយកមកអភិវឌ្ឍគម្រោងប្រព័ន្ធធារាសាស្ត្រនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាក៏ទទួលបានប្រាក់កម្ចីឥតការប្រាក់ចំនួន១,២ពាន់លានដុល្លារ ពីប្រទេសចិន នៅដំណាច់ឆ្នាំ២០០៩ផងដែរ៕ ប្រែសម្រួលដោយ កង សុធា
ថវិកាជាតិសម្រាប់ការចំណាយក្នុងឆ្នាំ២០១៣នឹងកើនលើស៣ពាន់លានដុល្លារសហរដ្ឋអាមេរិក
យោងតាមសេចក្តីព្រាងថវិកាជាតិដែលទទួលបាន កាលពីថ្ងៃសុក្របានឲ្យដឹងថា ការចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំក្រោយនឹងមានចំនួនសរុបជាង៣ពាន់លានដុល្លារ ពោលគឺកើនឡើង១៦,២ភាគរយពីចំនួន២,៦ពាន់លានដុល្លារ ដែលត្រូវបានលៃទុកសម្រាប់ការចំណាយក្នុងឆ្នាំ២០១២។ សេចក្តីព្រាងថវិកាដំបូងនេះ ដែលត្រូវបានចែកជូនបណ្តាសមាជិកសភានៅរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវសុំបង្កើនការចំណាយចន្លោះពី១០ទៅ២០ភាគរយដោយថវិកាសម្រាប់ចំណាយផ្នែកយោធានិងសន្តិសុខ បានកើនឡើងយ៉ាងច្រើន។ សេចក្តីព្រាងថវិកានេះ លើកឡើងថា រដ្ឋាភិបាលនឹងលៃទុកថវិកាប្រហែល៤០០លានដុល្លារ ឬស្មើនឹង១៣,៣២ភាគរយនៃការចំណាយទាំងអស់សម្រាប់ប្រើប្រាស់របស់វិស័យការពារជាតិ និងសន្តិសុខ ពោលគឺកើនឡើង១៧,៣ភាគរយលើសថវិកាលៃទុកសម្រាប់ឆ្នាំមុន។ក្នុងចំនួននេះ ក្រសួងការពារជាតិនឹងទទួលបាន២៤៥លានដុល្លារ រីឯចំនួនដែលនៅសេសសល់ពីការចំណាយបានទៅលើក្រសួងមហាផ្ទៃ។ ថវិកាភាគច្រើនបំផុត គ្រោងលៃទុកសម្រាប់ការចំណាយរបស់វិស័យសង្គមកិច្ចដែលរួមមានក្រសួងចំនួនប្រាំបួនដូចជា ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា និងក្រសួងបរិស្ថាន។ យោងតាមសេចក្តីព្រាងថវិកានេះ ការចំណាយផ្នែកសង្គមកិច្ចក្នុងឆ្នាំ២០១៣ នឹងកើនឡើង១៥,៨ភាគរយ ពោលគឺស្មើនឹងទឹកប្រាក់ជាង៦៨៦លានដុល្លារ។ ចំណែកឯថវិកាសម្រាប់វិស័យអប់រំ នឹងកើនឡើងពី២៤៥លានដុល្លារនៅក្នុងឆ្នាំ២០១២ ដល់ទៅជិត២៨០លានដុល្លារសម្រាប់ឆ្នាំ២០១៣ រីឯថវិកាសរុបចំនួន២២៥លានដុល្លារ នឹងត្រូវលៃទុកសម្រាប់វិស័យសុខាភិបាល ពោលគឺកើនឡើងពីចំនួន១៩៣លានដុល្លារ នៅឆ្នាំ២០១២។ ថវិកាត្រឹមតែ៧,៧លានដុល្លារប៉ុណ្ណោះដែលត្រូវបានលៃទុកសម្រាប់ក្រសួងកិច្ចការនារីនៅឆ្នាំក្រោយ។ ថវិកាជាង២៥៤លានដុល្លារត្រូវបានលៃទុកសម្រាប់វិស័យសេដ្ឋកិច្ច ដែលរួមមានវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ពោលគឺកើនឡើងតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួន២៣១លានដុល្លារសម្រាប់ឆ្នាំ២០១២។ សេចក្តីព្រាងថវិកានេះបញ្ជាក់ថា “ ថវិកាព្រាងនេះ ត្រូវបានត្រៀមដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជា ងើបឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងដោយសារតែវាបង្ហាញថា កំណើនសេដ្ឋកិច្ចទំនងជាកើនឡើងដល់៧ភាគរយនៅឆ្នាំនេះ ថ្វីបើមានហានិភ័យក្តី”។ ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងកាលពីខែមុនថា ថវិកាជាតិសម្រាប់ឆ្នាំ២០១៣ដែលចំឆ្នាំបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវប្រើប្រាស់សម្រាប់ដំឡើងប្រាក់ខែ២០ភាគរយជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធផងដែរ។ តែទោះជាយ៉ាងណា មិនមានការលើកឡើងពីការដំឡើងប្រាក់ខែបែបនេះនៅក្នុងការលៃទុកថវិកាព្រាងទេ។ ទោះបីជាថវិកាជាតិចេះតែមានចំនួនកើនឡើងជាបន្តបន្ទាប់ក្តី ក៏បណ្តាអ្នករិះគន់និយាយថា រដ្ឋាភិបាលគួរតែផ្តល់មួយភាគធំនៃថវិកាចំណាយប្រចាំឆ្នាំរបស់ខ្លួន ទៅលើវិស័យអាទិភាពនានា ដូចជា វិស័យកសិកម្មសុខាភិបាលនិងអប់រំ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) នៅក្នុងការពិនិត្យផ្ទៀងផ្ទាត់ជាប្រចាំរបស់ខ្លួនមកលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏តែងតែបានបញ្ចេញទស្សនយល់ឃើញដូចនោះដែរ។ វិស័យកសិកម្មនឹងទទួលបានត្រឹមតែ៣៥,៣លានដុល្លារនៃថវិកាចំណាយសម្រាប់ឆ្នាំក្រោយ ពោលគឺស្មើត្រឹម១ភាគរយប៉ុណ្ណោះនៃថវិកាជាតិសរុប។ ទោះបីជារាជរដ្ឋាភិបាលចង់បានការវិនិយោគទុនពីឯកជនបន្ថែមទៀតក្នុងវិស័យកសិកម្មក្តី ក៏បណ្តាសេដ្ឋវិទូលើកឡើងថា ការឧបត្ថម្ភគាំទ្របន្ថែមទៀតរបស់រដ្ឋសម្រាប់ប្រជាកសិករសាមញ្ញៗ មានសារៈសំខាន់ណាស់ដើម្បីឲ្យវិនិយោគិនចូលមកដាក់ទុនរកស៊ីក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងអត្រាមួយកើនឡើងកាន់តែឆាប់រហ័ស។ លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា “ មនុស្សជាច្រើនតែងតែលើកឡើងថា ថវិកាសម្រាប់វិស័យកសិកម្មមានចំនួនមិនទាន់គ្រប់គ្រាន់ ប៉ុន្តែ ពិតណាស់ថា ថវិកាទាំងនោះមិនមែនសម្រាប់ប្រជាកសិករទេ ពីព្រោះវាទុកសម្រាប់ការសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យា និងការផ្តល់មូលនិធិដល់អនុសញ្ញានានា ដើម្បីធ្វើឲ្យវិនិយោគិនចាប់អារម្មណ៍”។ លោកបានបន្ថែមទៀតថា “ ប្រទេសកម្ពុជា គ្មានធនធានសម្រាប់ការធ្វើវិនិយោគធំៗទេ ហើយកត្តានេះ នៅមានកម្រិតនៅឡើយសម្រាប់យើងទាំងអស់គ្នា”។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី ដែលជាគណបក្សប្រឆាំងដ៏លេចធ្លោនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ថវិកាដែលត្រូវបានស្នើឡើងនេះមិនបានផ្តល់មូលនិធិគ្រប់គ្រាន់សម្រាប់វិស័យអាទិភាពនានាទេ ជាពិសេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្នែកសុខាភិបាល។ លោកបានមានប្រសាសន៍ថា “ យើងចាំបាច់ត្រូវមានថវិកាបន្ថែមទៀត ដើម្បីធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋរបស់យើងរស់នៅក្នុងជីវភាពល្អប្រសើរ និងទទួលបានការអប់រំកាន់តែប្រសើរ។ យើងគួរតែលៃទុកថវិកាយ៉ាងហោចណាស់៤០ភាគរយសម្រាប់វិស័យទាំងនេះ ពីព្រោះប្រជាពលរដ្ឋគួរតែអាចប្រើប្រាស់មន្ទីរពេទ្យបាន នៅពេលពួកគាត់មានជំងឺ និងអាចចូលសិក្សានៅថ្នាក់វិទ្យាល័យដោយមិនគិតថ្លៃ”។ លោក យឹម សុវណ្ណ ក៏បានមានប្រសាសន៍ដែរថា ថវិកានេះមិនគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភធនលើតម្លៃ សេចក្តីត្រូវការជាចាំបាច់មួយចំនួន ដែលចេះតែកើនឡើង ដូចជា ថាមពលអគ្គិសនី និងប្រេងសាំងសម្រាប់ប្រជាពលរដ្ឋក្រីក្រនោះទេ៕ ប្រែសម្រួលដោយ តែម សុខុម
កម្ពុជាឡើងចំណាត់ថ្នាក់ល្អជាងមុនក្នុងរបាយការណ៍ស្តីពីការធ្វើអាជីវកម្ម
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារពិភពលោក (World Bank) ស្តីអំពី “ ការធ្វើអាជីវកម្ម” ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ប្រទេសកម្ពុជាឡើងចំណាត់ថ្នាក់ប្រសើរជាងមុនចំនួនប្រាំលេខ ពោលគឺស្ថិតនៅចំណាត់ថ្នាក់ទី១៣៣ ក្នុងចំណោម១៨៥ប្រទេស ហើយវិស័យធនាគារបានរួមចំណែកច្រើនជាងគេបន្ទាប់ពីការបើកឲ្យដំណើរការដោយជោគជ័យនូវការិយាល័យផ្តល់ព័ត៌មានឥណទានរបស់ប្រទេសកម្ពុជា។ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់អន់ជាងប្រទេស វៀតណាម និងប្រទេសថៃ ដែលប្រទេសទាំងពីរនេះជាប់ចំណាត់ថ្នាក់ទី៩៩ និងទី១៨ ក៏ប៉ុន្តែ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ប្រសើរជាងប្រទេសឡាវយ៉ាងច្រើន ដោយប្រទេសឡាវជាប់ចំណាត់ថ្នាក់ទី១៦៣។ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី១នៅក្នុងការធ្វើអាជីវកម្ម។ របាយការណ៍នេះបានចាត់ចំណាត់ថ្នាក់របស់ប្រទេសនីមួយៗ ដោយផ្អែកលើ១០ចំណុច ដែលជាចំណុចវាស់វែងអំពីភាពងាយស្រួលនៅក្នុងការធ្វើអាជីវកម្ម ហើយប្រទេសកម្ពុជាលោតឡើងបានចំនួន៤៥ថ្នាក់ ដោយទទួលបានចំណាត់ថ្នាក់ទី៥៣នៅលើពិភពលោកលើចំណុច ដែលវាស់វែងអំពីភាពងាយស្រួលក្នុងការខ្ចីប្រាក់ឥណទាន។ ធនាគារពិភពលោក បានបង្ហាញថា ចាប់តាំងពីខែមីនាមក ការខ្ចីប្រាក់ឥណទាន កាន់តែមានភាពងាយស្រួលជាងមុន ដោយសារធនាគារទាំងឡាយអាចទទួលព័ត៌មានស្តីអំពីប្រវត្តិឥណទានរបស់អ្នកខ្ចីប្រាក់ ដែលមានចំនួន១,១លាននាក់។ របាយការណ៍នេះបានបង្ហាញដោយមានខ្លឹមសារដូច្នេះទៀតថា “ លើសពីនេះទៅទៀត បទប្បញ្ញត្តិលើការចែកចាយព័ត៌មាន ដែលត្រូវបានដាក់ចេញកាលពី ខែឧសភា ឆ្នាំ២០១១ អនុញ្ញាតឲ្យអ្នកខ្ចីប្រាក់មានសិទ្ធត្រួតពិនិត្យមើលទិន្នន័យស្តីអំពីប្រវត្តិខ្ចីប្រាក់របស់ខ្លួន”។ ប្រទេសកម្ពុជា ក៏មានការចាត់ចែងល្អខាងការធ្វើពាណិជ្ជកម្មឆ្លងដែនផងដែរ ដោយកម្ពុជាឡើងចំណាត់ថ្នាក់ចំនួន២លេខ ពោលគឺទទួលបានចំណាត់ថ្នាក់ទី១១៨នៅលើពិភពលោក ខណៈដែលប្រាក់ចំណូលសរុបពីការធ្វើពាណិជ្ជកម្មបានកើនឡើងចំនួន២០ភាគរយ នៅក្នុងរយៈពេលប្រាំបួនខែដំបូងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។ ក៏ប៉ុន្តែ របាយការណ៍នេះ បានបង្ហាញថា ប្រទេសកម្ពុជានៅតែមិនមានការរីកចម្រើនខាងវិស័យដឹកជញ្ជូនទំនិញចេញចូលប្រទេសនៅឡើយ។ ដូចកាលពីឆ្នាំ ២០១១ដែរ ក្រុមហ៊ុនអាជីវកម្មនានា ត្រូវតែបំពេញទម្រង់បែបបទចំនួនប្រាំបួន ដើម្បីនាំទំនិញចេញ ហើយដើម្បីឲ្យទំនិញអាចចេញពីប្រទេសកម្ពុជារួច ជាមធ្យមគេនៅតែត្រូវចំណាយពេលចំនួន២២ថ្ងៃដូចមុន ហើយតាមពិតទៅការបញ្ជាទិញត្រូវបានធ្វើឡើងនៅពេលទំនិញត្រូវបានដឹកជញ្ជូនដាក់លើនាវាររួចរាល់។ របាយការណ៍នេះ...
ឱនភាពពាណិជ្ជកម្មកម្ពុជាកើនឡើងដល់ជិត២ពាន់លានដុល្លារ
យោងតាមទិន្នន័យដែលក្រសួងពាណិជ្ជ កម្មបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា បានកើនឡើងដល់១,៩៩ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។ ទីភ្នាក់ងារព័ត៌មានរដ្ឋនៅប្រទេសចិន ស៊ីនហួ (Xinhua) បានរាយការណ៍ថា តម្លៃសរុបនៃទំនិញនាំចូលមក និងទំនិញនាំចេញពី ប្រទេសកម្ពុជា បានកើនឡើង១០,០៩ពាន់លានដុល្លារក្នុងចន្លោះពីខែមករា ដល់ខែកញ្ញា ពោលគឺកើនឡើង២០ភាគរយ។ ទំហំនាំចូលក្នុងប្រទេសបានកើនឡើង២៥ភាគរយ ដល់៦,០៤ពាន់លានដុល្លារ ខណៈដែលទំហំនាំចេញបានកើនឡើង១៣ភាគ រយដល់៤,០៥ពាន់លានដុល្លារ ភាគច្រើនដោយសារតែបរិមាណផលិផលសម្លៀកបំពាក់ដែលបាននាំចេញទៅលក់នៅលើទីផ្សារអាមេរិក និងតំបន់អឺរ៉ុប បានកើនឡើង។ លោក ហ៊ីរ៉ូស៊ី ស៊ូហ្សូ៊គិ (Hiroshi Suzuki) ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវពាណិជ្ជកម្ម កម្ពុជា (Business Research Institute for Cambodia) ថ្លែងថា “ និយាយរួម ឱនភាពនេះអាចជាបញ្ហាសម្រាប់សេដ្ឋកិច្ច ប៉ុន្តែ ចំពោះកម្ពុជាវិញ សេដ្ឋកិច្ចមានកំណើនរឹងមាំណាស់ ដោយសារតែមានការគាំទ្រពីសមាសធាតុសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ និងជំនួយផ្នែកហិរញ្ញវត្ថុពីបរទេស”។ ក៏ប៉ុន្តែ លោក ស៊ូហ្សូ៊គិ បានថ្លែងថា សេដ្ឋកិច្ចដែលងាយនឹងធ្លាក់ចុះនៅតំបន់អឺរ៉ុប អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ទំហំតម្រូវការផលិតផលសម្លៀកបំពាក់ ដែលនាំចេញពីប្រទេសកម្ពុជា ហើយបញ្ហាសេដ្ឋកិច្ចដ៏សំខាន់មួយនេះអាចបណ្តាលឲ្យសេដ្ឋកិច្ចកម្ពុជាជួបបញ្ហា ពោលគឺអាចជំរុញឲ្យសេដ្ឋកិច្ចប្រទេសនេះដើរទៅមុខនៅលើនិន្នាការធ្លាក់ចុះ៕ Philip Heijmans ខេមបូឌា ដេលី
កញ្ចប់បញ្ញើប្រៃសណីយ៍ភាគច្រើនផ្ញើពីកម្ពុជា ទៅបរទេសជា ចំណីអាហារដូចជាប្រហុក និងត្រីឆ្អើរ
មន្ត្រីមួយរូបនៅប្រៃសណីយ៍កម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ៧០ភាគរយនៃកញ្ចប់បញ្ញើទាំងអស់ដែលចេញពីប្រទេសកម្ពុជា តាមរយៈសេវាកម្មទទួលបញ្ញើ ដែលគ្រប់គ្រងដោយរដ្ឋ មានផ្ទុកទៅដោយផលិតផលចំណីអាហារក្នុងស្រុក ដែលផ្ញើទៅឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅបរទេស។ លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថាក្នុងចំណោមកញ្ចប់បញ្ញើចំនួន២៦.៦៧៨កញ្ចប់ ដែលមិនរាប់បញ្ចូលកញ្ចប់ឯកសារ និងដែលត្រូវបានផ្ញើនៅក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំនេះ១៨.៦៧៥កញ្ចប់មានផ្ទុកទៅដោយចំណីអាហារក្នុងស្រុកដូចជា ប្រហុក និងត្រីងៀតត្រីឆ្អើរជាដើម។ លោកមានប្រសាសន៍ថា “ ការផ្ញើចំណីអាហារប្រភេទទាំងនេះមានតម្លៃថ្លៃបន្តិចហើយ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការងារ ឬកំពុងរស់នៅក្នុងប្រទេសផ្សេងៗ ពិតជាមិនចូលចិត្តរស់ជាតិអាហារបរទេសទេ”។លោកបន្ថែមថា ប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ីនិងជប៉ុន ស្ថិតក្នុងចំណោមគោលដៅកំពូលៗរបស់កញ្ចប់ទាំងនេះ។ លោកបានបន្តទៀតថា “ យើងសង្កេតឃើញថា ប្រជាពលរដ្ឋរបស់យើងផ្ញើចំណីអាហារទៅឲ្យមិត្តភក្តិ ឬក្រុមគ្រួសាររបស់ខ្លួន ដែលនៅរហូតដល់សហរដ្ឋអាមេរិក និងបារាំង”។លោក បូរ៉ា មានប្រសាសន៍ថា កញ្ចប់ផ្សេងទៀត ភាគច្រើនមានផ្ទុកទៅដោយវត្ថុអនុស្សាវរីយ៍តូចៗ។ យោងតាមតារាងតម្លៃសម្រាប់ការផ្ញើកញ្ចប់បញ្ញើនៅប៉ុស្តិ៍ប្រៃសណីយ៍ក្នុងរាជធានីភ្នំពេញ ការផ្ញើកញ្ចប់មួយដែលមានទម្ងន់ចន្លោះពី១គីឡូក្រាមទៅ៥គីឡូក្រាម ដែលជាកញ្ចប់ចំណីអាហារ ទៅប្រទេសម៉ាឡេស៊ីមានតម្លៃ១៦ដុល្លារ ទៅសិង្ហបុរី មានតម្លៃ២៨ដុល្លារ ទៅកូរ៉េខាងត្បូង ឬហុងកុងមានតម្លៃពី២០ដុល្លារទៅ៤៤ដុល្លារ។ និស្សិតម្នាក់ក្នុងរាជធានីភ្នំពេញ ឈ្មោះស៊ុន ធីតា អាយុ២០ឆ្នាំ និយាយថា“ លោកយាយរបស់ខ្ញុំរស់នៅក្នុងសហរដ្ឋអាមេរិកហើយខ្ញុំផ្ញើប្រហុកទៅជូនគាត់ជាច្រើនលើកក្នុងមួយឆ្នាំ។នៅពេលមានអ្នកមកលេងស្រុកខ្មែរ ម្តាយរបស់ខ្ញុំផ្ញើប្រហុក និងត្រីងៀតត្រីឆ្អើរតាមពួកគាត់ទៅវិញ ព្រោះយើងមិនចង់ចំណាយប្រាក់ច្រើននៅប៉ុស្តិ៍ប្រៃសណីយ៍ ពីព្រោះវាមានតម្លៃថ្លៃណាស់”។ លោក បូរ៉ា បានមានប្រសាសន៍ថា ប្រាក់ចំណូលនៅប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា បានកើនដល់២,៨៧លានដុល្លារសម្រាប់រយៈពេលប្រាំបួនខែដំបូងដើមឆ្នាំនេះ ពោលគឺកើនឡើង៣,៩៧ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។លោកបន្ថែមថា ប្រាក់ចំណេញបានឈានដល់៣០០.០០០ដុល្លារមុនពេលកាត់ពន្ធរួច។ លោកបន្តថា “ ពេលនេះ យើងកំពុងស្ថិតនៅក្នុងរដូវកាលមានភ្ញៀវទេសចរទាប ដូច្នេះយើងសង្ឃឹមថា កញ្ចប់បញ្ញើនឹងកើនឡើងជាថ្មីទៀតក្នុងខែវិច្ឆិកានិងខែធ្នូ ហើយយើងក៏រំពឹងថា នឹងទទួលបានកំណើនប្រហែល១០ភាគរយផងដែរសម្រាប់ឆ្នាំនេះ”។ កាលពីខែមិថុនាឆ្នាំ២០១០ សេវាប្រៃសណីយ៍របស់កម្ពុជា ទទួលបានឯករាជ្យពេញលេញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយបានក្លាយជាសហគ្រាសសាធារណៈមួយ។នៅមុនពេលបំបែកខ្លួនចេញ លោក បូរ៉ា បានមានប្រសាសន៍បន្ដថា សេវាប្រៃសណីយ៍មិនចំណេញទេ។ លោកបានថ្លែងថា “ ចាប់តាំងពីយើងផ្តាច់ខ្លួនចេញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មក យើងមិនបានចំណេញទេ ទើបតែបានចំណេញនៅពេលនេះប៉ុណ្ណោះ”៕ ប្រែសម្រួលដោយ តែម សុខុម
ផលិតកម្មសូត្រនៅប្រទេសកម្ពុជាអាចមានសន្ទុះខ្លាំងឡើងវិញដោយអាស្រ័យលើសរសៃសូត្រល្អ
សំឡេងរុឺងៗមួយបានឮ ចេញពីក្នុងបន្ទប់អគ្គលេខាធិការដ្ឋានកសិកម្ម ក្នុងរាជធានីភ្នំពេញ។ នេះគឺជាសំឡេងរបស់សត្វដង្កូវនាងពណ៌ត្នោត ដែលទទះស្លាបរបស់វាមួយប្រាវយ៉ាងលឿន ដូចសព្វដងគឺនៅពេលពួកវាជួបសត្វដង្កូវនាងឈ្មោល។ ដោយត្រូវបានអង្កេតមើល និងដាក់ឲ្យមានគូ ដង្កូវនាងមួយគូៗ ដែលអាចក្លាយជាគូគាប់នឹងគ្នា និងបានបន្លឺសំឡេងបន្តគ្នា ត្រូវបានដាក់លើក្រដាសកាសែតប៉ុន្មានសន្លឹក ដើម្បីជាកិច្ចចាប់ផ្តើមដំណើរការបង្កាត់ពូជសត្វដង្កូវនាងសម្រាប់តំណាក់កាលបន្ទាប់។ ក្នុងរយៈពេលបួនទៅដប់ថ្ងៃ ដង្កូវនាងញីនឹងត្រូវបានដាក់នៅលើបន្ទះស៊ុតមិនជ្រាបទឹក និងនៅឆ្ងាយដាច់ពីគេ ដើម្បីដាក់ត្រៀមសម្លាប់មេរោគ និងភ្ញាស់។ មជ្ឈមណ្ឌលភ្ញាស់ស៊ុតដង្កូវនាង (Silkworm Egg Production) នៅកម្ពុជា សូមបង្ហាញបច្ចេកទេសផ្សេងៗ ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងបង្ការ និងត្រួតពិនិត្យជំងឺដែលបច្ចុប្បន្ន បានបំផ្លាញដំណើរការចញ្ចឹមស ត្វដង្កូវនាងជាង៥០ភាគរយ នៅតាមតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា។ បង្កើតឡើងដោយ អង្គការស្បៀងអាហារនិងកសិកម្ម (FAO) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) មជ្ឈមណ្ឌលផលិតកម្មនេះ ជាផ្នែកមួយក្នុង គម្រោងអភិវឌ្ឍន៍វិស័យផលិតកម្មសូត្រ ដែលត្រូវចំណាយថវិកា៤៧៥,០០០ដុល្លារ និងដាក់ឲ្យដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០០៩ ហើយមានកសិដ្ឋានផលិតកម្មសូត្រចំនួនប្រាំពីរនៅទូទាំងប្រទេស ហើយគម្រោងនេះឧបត្ថម្ភក្នុងកម្មវិធីបណ្តុះបណ្តាលអំពីផលិតកម្មសូត្រ សម្រាប់អ្នកដែលចាប់អារម្មណ៍វិស័យនេះ។ ក៏ប៉ុន្តែ រយៈពេលបីឆ្នាំក្រោយមក លោក មុី កល្យាណ នាយកកម្មវិធីរបស់អង្គការ FAO គឺជាមនុស្សទុទិដ្ឋិនិយមខ្លាំងមួយរូប។ មូលនិធិទទួលបានពីអង្គការ FAO សម្រាប់ដំណើរការមជ្ឈមណ្ឌលភ្ញាស់ស៊ុតដង្កូវនាង នឹងអស់នៅដំណាច់ឆ្នាំនេះហើយ...
ក្រុមហ៊ុនដឹកជញ្ជូនទំនិញប៉ះពាល់ដោយចំណាយខ្ពស់នៅក្នុងកម្ពុជា
បើទោះបីជាមានការកើនឡើងនៅក្នុងវិស័យដឹកជញ្ជូនទំនិញក៏ដោយ ក៏ក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងឡាយកំពុងទទួលរងផលប៉ះពាល់ ពីព្រោះភាគច្រើននៃក្រុមហ៊ុនទាំងនោះនៅតែប្រើប្រាស់រថយន្តចាស់ៗ និងស៊ីប្រេងច្រើននៅឡើយ ហើយជារឿយៗតែងតែត្រូវបានមន្ត្រីគយជំរិតឲ្យបង់ប្រាក់ក្រៅផ្លូវការនៅតាមច្រកត្រួតពិនិត្យព្រំដែន និងតាមកំពង់ផែជាដើម។តម្លៃដឹកជញ្ជូនក្នុងប្រទេសកម្ពុជា មានកម្រិតខ្ពស់ជាងគេនៅក្នុងតំបន់រួចទៅហើយ ក៏ប៉ុន្តែកង្វះការវិនិយោគនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនទំនិញមានន័យថា ក្រុមហ៊ុនដឹកជញ្ជូនទំនិញជាច្រើនគ្មានរថយន្តដឹកទំនិញគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់បរិមាណតម្រូវការបច្ចុប្បន្ននៅក្នុងទីផ្សារ។ លោក បេនចាមីន វីលស៊ុន (Benjamin Wilson) នាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិមែក (Maersk) បានមានប្រសាសន៍ថា “ នៅទីនេះយើងជួបប្រទះនិងបញ្ហាលទ្ធភាពខ្លះ ហើយគ្មានរថយន្តដឹកទំនិញគ្រប់គ្រាន់ទេ”។ លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកជួលឈ្មួញកណ្តាលឲ្យដឹកជញ្ជូនកុងតឺន័រតាមផ្លូវទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ។ លោកបន្តទៀតថា “ វាពិតជាមានបញ្ហា ហើយវាគឺជាវិស័យមួយ ដែលត្រូវការការវិនិយោគបន្ថែមទៀត”។ រថយន្តដឹងទំនិញខ្លះខូចច្រើនដងពេក ដូច្នេះវាធ្វើឲ្យក្រុមហ៊ុនត្រូវចំណាយថវិកាច្រើនដើម្បីជួសជុល។ លោក គួច ផេង នាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ៊ែតវ៉ានគ្លរី ឡូជីស្ទីក (ខេមបូឌា) បានមានប្រសាសន៍ថា “ វាមិនមែនអាស្រ័យលើតម្រូវការនាពេលបច្ចុប្បន្ននោះទេ ហើយជួនកាលយើងមានការលំបាកក្នុងការស្វែងរថយន្តដឹកដឹកទំនិញ។ នៅពេលយើងរកបានរថយន្តទាំងនោះភាគច្រើនជារថយន្តចាស់ៗ ហើយជួនកាលវាខូចទៅទៀត”។ លោកបានបន្តទៀតថា "ជាពិសេស ប្រទេសកម្ពុជាគ្មានបទបញ្ញត្តិស្តីអំពីការការផ្ទេរទំនិញ ដូច្នេះបើសិនជាគេដឹកកុងតឺណ័រមកដល់ទីនេះដោយចៃដន្យ នោះត្រូវតែបង់ថ្លៃនាំចូល បង់ពន្ធ រួចហើយដាក់ពាក្យសុំនាំចូលសាជាថ្មី"។ លោក សុខ ឈាង ប្រធានប្រតិបត្តសមាគមនដឹកជញ្ជូន Cambodia...
ការស្តារផ្លូវរថភ្លើង ឆ្ពោះទៅភាគខាងត្បូងនៃប្រទេសកម្ពុជានឹងបញ្ចប់នៅក្នុងខែមករាខាងមុខនេះ
បន្ទាប់ពីបានការពន្យារពេលអស់ជាងមួយឆ្នាំរួចមក ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការរថភ្លើងលើផ្លូវដែកចាស់ទ្រុឌទ្រោមរបស់ប្រទេសកម្ពុជា បានប្រកាសកាលពីម្សិលមិញថា ផ្លូវដែកឆ្ពោះទៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលតភា្ជាប់ពីភ្នំពេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងបើកដំណើរការចរាចរណ៍ដឹកជញ្ជូនទំនិញនៅខែមករាឆ្នាំ២០១៣។ ក្រុមហ៊ុន ថូល រ៉ូយ៉ាល់ រ៉េលវេ (Toll Royal Railways) ដែលជាក្រុមហ៊ុនចូលទុនគ្នារវាងក្រុមហ៊ុន ថូល ហូលឌីង (Toll Holdings) របស់ប្រទេសអូស្ត្រាលី និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់ប្រទេសកម្ពុជា បានចាប់ផ្ដើមបន្តសេវាកម្មដឹកជញ្ជូនទៅកាន់ខេត្តកំពតកាលពីខែសីហា បន្ទាប់ពីការផ្អាករយៈពេលបួនខែ ដែលគេបន្ទោសថាដោយសារតែការផ្អាកការស្តារផ្លូវដែកចាស់ទ្រុឌទ្រោមនេះពីសំណាក់ក្រុមហ៊ុនទទួលកិច្ចសន្យាស្ថាបនា។ ក្រុមហ៊ុន Toll បានបង្ហាញនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីម្សិលមិញថា “ ក្រុមហ៊ុន Toll Royal Railways ចាប់ផ្តើមពិភាក្សាជាមួយ អាជ្ញាធរកំពង់ផែស្វយ័តក្រុងព្រះសីហនុ...
បញ្ឈប់ការសង់អគារ ដោយសារបារម្ភពីបញ្ហាសន្តិសុខសហរដ្ឋអាមេរិក
ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា សំណង់អគារមានកម្ពស់ប្រាំពីរជាន់ដែលអាចមើលឃើញលំនៅដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនោះ ត្រូវបានអាជ្ញាធរបញ្ឈប់ការសាងសង់តាមសំណើរបស់ស្ថានទូតសហរដ្ឋអាមេរិកដោយសារកង្វល់ពីបញ្ហាសន្តិសុខនៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយនេះ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថាទោះបីអគារនេះស្ថិតនៅលើផ្លូវលេខ២៤០ក៏ដោយ ក៏ជាន់ខាងលើនៃគម្រោងអគារដ៏ប្រណីតនេះ មើលឃើញនិវេសន៍ដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីលៀមថូដ (William Todd) នៅតាមដងមហាវិថី ព្រះនរោត្តម បានបង្កើតនូវអ្វី ដែលមន្ត្រីសហរដ្ឋអាមេរិកគិតថា ជាការគំរាមកំហែងផ្នែកសន្តិសុខ។ លោកបានមានប្រសាសន៍បន្តទៀតថាគម្រោងសំណង់អគារ មាន២៩បន្ទប់ ដែលគេហៅថា “ អគារភ្នំពេញ២៤០” បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៩ ហើយឥឡូវនេះជិតចប់ហើយ។ លោកថ្លែងបន្តទៀតថា “ រានហាល និងបង្អួចនៃសំណង់អគារខ្ពស់នេះ បែរទៅចំនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដោយបង្កឲ្យមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់លោក។ លោកបានថ្លែងទៀតថាសាលារាជធានីភ្នំពេញ បានទទួលសំណើពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីដើមខែនេះ ដោយស្នើសុំឲ្យបញ្ឈប់ការសាងសង់អគារនេះ។ លោក ឌីម៉ង់ បានមានប្រសាសន៍បន្តថា “ យោងតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ សំណង់អគារនេះត្រូវតែបញ្ឈប់ជាបន្ទាន់”។ កាលពីម្សិលមិញស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីសំណើរបស់ខ្លួនឲ្យបញ្ឈប់ការសាងសង់នោះទេប៉ុន្តែការអំពាវនាវនេះបានកើតឡើងដោយសារមានការលើកឡើងជាច្រើនពីរដ្ឋធានីវ៉ាស៊ីនតោន និងបញ្ហាពង្រឹងសន្តិសុខនៅក្រៅប្រទេស បន្ទាប់ពីមានការវាយប្រហារ កាលពីថ្ងៃទី១១ខែកញ្ញាលើស្ថានកុងស៊ុល នៅទីក្រុងបេនហ្គាហ្ស៊ី (Benghazi) របស់ប្រទេសលីប៊ីដោយបណ្តាលឲ្យលោកឯកអគ្គរដ្ឋទូត គ្រិស ស្ទេវិន (Chris Stevens) និងមន្ត្រីស្ថានទូតបីនាក់ទៀតស្លាប់។ លោកមីឆេលបេនណិត (Michelle Bennett)អនុប្រធានផ្នែកទំនាក់ទំនងសាធារណៈប្រចាំស្ថានទូតអាមេរិក ប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ ដោយរក្សានយោបាយយូរអង្វែងរបស់យើង យើងមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងបញ្ហាសន្តិសុខចំពោះបេសកកម្មរបស់សហរដ្ឋអាមេរិកនោះទេ”។ មានមន្ត្រីនគរបាលជាង១០នាក់ និងមន្ត្រីសាលារាជធានីភ្នំពេញ រួមទាំងលោកអភិបាលរាជធានីភ្នំពេញកែបជុតិមាផងបានចូលទៅពិនិត្យមើលក្នុងបរិវេណសំណង់អគារនេះកាលពីថ្ងៃពុធ ហើយបានទាមទារឲ្យបិទការដ្ឋាននោះជាបន្ទាន់។ មន្ត្រីនគរបាលនៅតែត្រូវបានដាក់ពង្រាយតាមផ្លូវចូលទៅក្នុងសំណង់អគារនោះដដែលកាលពីម្សិលមិញ។ លោកស្រីអេឡែនយុ៉នជាម្ចាស់អគារនោះ និងជាម្ចាស់ជំនួញល្បីៗជាច្រើនកន្លែងទៀត បានថ្លែងថា លោកស្រីទើបតែមានគេប្រាប់ថា អគាររបស់លោកស្រីបានគំរាមកំហែងដល់សន្តិសុខរបស់មន្ត្រីសហរដ្ឋអាមេរិកកាលពីដើមខែនេះ។ លោកស្រី អេឡែន បានមានប្រសាសន៍បន្ថែមទៀតថា “ យើងបានដឹងអំពីបញ្ហានេះ កាលពីដើមខែនេះ ហើយយើងបានយល់ព្រមផ្អាកការសាងសង់នេះជាបណ្តោះអាសន្នដោយសារយើងក៏មានការព្រួយបារម្ភដែរ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ។ មន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីទទួលបន្ទុកសន្តិសុខ នឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយយើងសង្ឃឹមថា នឹងមានដំណោះស្រាយមួយក្នុងពេលឆាប់ៗ”។ ការបិទសំណង់អគារនៅតាមផ្លូវលេខ២៤០ជាលើកទី២ហើយ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារ ដែលរស់នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បានទទួលលិខិតជូនដំណឹងស្តីពីការបណ្តេញចេញដែលមន្ត្រីរដ្ឋាភិបាលនិយាយថា ដោយសារបញ្ហាសន្តិសុខសម្រាប់មេដឹកនាំពិភពលោក ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា។ ក្នុងចំណោមគណៈប្រតិភូ ដែលគេរំពឹងថានឹងមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំនោះ គឺមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់អូបាម៉ា (Barack Obama)...
របាយការណ៍ ADB៖ ថ្លៃដើមខ្ពស់និងហេដ្ឋារចនាសម្ព័ន្ធខ្សោយកាត់បន្ថយឧត្តមភាពក្រុមហ៊ុនពាណិជ្ជកម្ម
យោងតាមរបាយការណ៍ដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ម្ចាស់ក្រុមហ៊ុននៃបណ្តាក្រុមហ៊ុនដែលប្រកបអាជីវកម្មផ្នែកនាំចេញនាំចូលនៅប្រទេសកម្ពុជា ជឿថា ថ្លៃដើមខ្ពស់ដែលបណ្តាលមកពីការិយាធិប តេយ្យដែលជាបន្ទុកដ៏ធ្ងន់ និងហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ កំពុងកាត់បន្ថយឧត្តមភាពរបស់ខ្លួន បើប្រៀបធៀបជាមួយសមត្ថភាពរបស់ក្រុមហ៊ុនផ្សេងៗទៀតដែលដឹកទំនិញនៅក្នុងតំបន់។ របាយការណ៍ “ ពាណិជ្ជកម្មនិងទំនាក់ទំនងក្នុងមហាអនុតំបន់មេគង្គ” មានខ្លឹមសារថា “ ក្រុមហ៊ុននានាធ្វើការកត់សម្គាល់ថា នីតិវិធីគយគឺជាបញ្ហាមួយដែលបង្អាក់ដំណើរការបញ្ជូនទិញវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ឲ្យទាន់ពេលវេលា ហើយជាបញ្ហាដែលបង្កផលប៉ះពាល់ដល់គុណភាពសរុប នៃផលិតផលសម្រេច”។ លទ្ធផលនៃការស្ទង់មតិពីក្រុមហ៊ុនធ្វើអាជីវកម្មផ្នែកនាំចេញចំនួន៣៩ ដែលមកពីវិស័យកាត់ដេរ ម្ហូបអាហារ និងឈើសម្រាប់សង់ បានបង្ហាញនៅក្នុងរបាយការណ៍ដដែលនេះថា សហគ្រិនតាមក្រុមហ៊ុននានា ក្នុងព្រះរាជាណាចក្រកម្ពុជា យល់ឃើញថា បរិមាណការងារផ្នែកឯកសារ និងពិនិត្យឯកសារ ដែលចាំបាច់ត្រូវធ្វើ នៅមុនពេលទំនិញត្រូវបាននាំចេញ នៅតែមានច្រើនពេកនៅឡើយ។ ម្ចាស់សហគ្រាសទាំងនេះក៏បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តផងដែរ ចំពោះថ្លៃដើមនានាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងមធ្យោបាយដឹកជញ្ជូនទំនិញមិនមានភាពជឿនលឿន ដែលមាននៅឡើយ។ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ថ្លៃចំណាយជាច្រើនដែលបញ្ចេញលើផ្នែកដឹកជញ្ជូន មានទំហំធំជាងថ្លៃចំណាយផ្នែកនេះនៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ រហូតដល់ទៅជាងពីរដងឯណោះ។ ថ្លៃដើមដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានចាប់ពី១០ទៅ១៥ដុល្លារ ក្នុងមួយតោន សម្រាប់រយៈចម្ងាយ១០០គីឡូម៉ែត្រ ដែលនេះជាតម្លៃសេវាដឹកជញ្ជូនខ្ពស់ជាងនៅថៃ និងប្រទេសជិតខាង ពោលគឺប្រទេសថៃដែលមាន៤ដុល្លារក្នុងមួយតោន និងវៀតណាមដែលមាន៧,៥ដុល្លារក្នុងមួយតោន។ របាយការណ៍ដែលដៃគូអភិវឌ្ឍន៍មួយនេះបានចេញផ្សាយកាលពីពេលថ្មីៗនេះ ក៏មានខ្លឹមសារបន្តទៀតថា “ លក្ខខណ្ឌរឹតបន្តឹងលើបណ្តាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ដែលស្ថិតក្រោមការគ្រប់គ្រងដោយជនបរទេស និងកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានបរិយាកាសក្នុងស្រុក ដែលមានការការពារច្រើនល្មម សម្រាប់បណ្តាក្រុមហ៊ុនដែលផ្តល់សេវាដឹកជញ្ជូន ក្នុងការអនុវត្តអាជីវកម្មរបស់ខ្លួន”។ របាយការណ៍ដដែលនេះក៏បានបង្ហាញបន្ថែមទៀតថា អត្រាពន្ធដែលត្រូវបានកំណត់ទៅលើទំនិញនាំចូលមកលក់នៅលើទីផ្សារនៃប្រទេសនេះ ដែលបច្ចុប្បន្នជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា សមាគមអាស៊ាន ជាទូទៅមានកម្រិតខ្ពស់ខ្លាំងពេក។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានលើកឡើង នៅក្នុងរបាយការណ៍របស់ខ្លួនផងដែរថា “ ប្រសិនបើថ្លៃដើមលើការនាំចូលកើនឡើងខ្ពស់ពេក ដែលកាត់បន្ថយសមត្ថភាពនៅក្នុងការប្រកួតប្រជែង និងការនាំចេញ ហើយវត្ថុធាតុដើមផលិតកម្មត្រូវដាក់កម្រិតទៅលើវត្ថុធាតុដើមមាននៅកម្ពុជា នោះផលិតផលជាក់លាក់អាចនឹងឈប់ដំណើរការទៅមុខព្រមគ្នា”។ ទោះបីជាមានក្តីកង្វល់ទាំងនេះក៏ដោយ តម្លៃនៃទំនិញនាំចេញពីកម្ពុជា បានកើនឡើង១១,៨ភាគរយ ដល់២,៩ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១។ ទោះជាយ៉ាងនេះក៏ដោយ ជាង៨០ភាគរយនៃតម្លៃនាំចេញទាំងនេះ កើតចេញពីសម្លៀកបំពាក់៕ ប្រែសម្រួលដោយ កង...