Simon Henderson
ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ឈ្មោះជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក
យោងតាម Lonely Planet's Ultimate Travelist 2015 ជាបញ្ជីចាត់ចំណាត់ថ្នាក់តំបន់ទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា បរិវេណប្រាសាទអង្គរវត្តដែលស្ថិតក្នុងខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះដែលគ្មានគូប្រៀបក្នុងពិភពលោក។ប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជាទទួលបានសំឡេងឆ្នោត៣៤ភាគរយច្រើនជាងដៃគូប្រកួតប្រជែងដ៏ប្រកៀកប្រកិតបំផុតរបស់ខ្លួនគឺប្រាសាទបាក់បែក Machu Picchu របស់ប៉េរូ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីLonely Planet ដែលលើកឡើងថា ខ្លួននឹងបោះពុម្ពផ្សាយសៀវភៅបង្ហាញពីទីកន្លែងនានាបានឲ្យដឹងថា គោលដៅទាំងនេះត្រូវបានចាត់ចំណាត់ថ្នាក់ដោយអ្នកជំនាញទេសចរណ៍មួយក្រុម និងអ្នកសរសេរសៀវភៅល្បីៗ ហើយកន្លែងល្បីៗកំពូលចំនួន៥០០កន្លែងគួរមាននៅក្នុងបញ្ជី ដែលត្រូវតែទៅទស្សនារបស់ភ្ញៀវទោសចរគ្រប់រូប។ តំបន់គោលដៅទេសចរណ៍អាស៊ីដទៃទៀតស្ថិតក្នុងលំដាប់កំពូលទាំង១០ គឺមហាកំផែងចិន និងប្រាសាទ Taj Mahal នៅឥណ្ឌាស្ថិតក្នុងលំដាប់ទី៤ និងទី៥ ព្រមទាំងថ្មប៉ប៉្រះទឹក Great Barrier Reef នៅប្រទេសអូស្ត្រាលី និង Machu Picchu នៅប្រទេសប៉េរូ ស្ថិតក្នុងលំដាប់កំពូលទាំង៥។ សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារថា "សូម្បីតែក្នុងតំបន់ដែលសម្បូរដោយប្រាសាទដូចជាតំបន់អាស៊ីអាគ្នេយ៍ ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏អស្ចារ្យ ជាឋានសួគ៌លើផែនដី ប្រាសាទធ្វើអំពីថ្មភក់រាប់ពាន់ និងចម្លាក់ឆ្លាក់ពីផ្ទៃរាបរហូតដល់ពិដានដែលដកស្រង់ចេញពីរឿងព្រេងរ៉ាមាយ៉ាណៈ មហាភារតៈនិងប៉ូរណៈ"។ ប្រាសាទបុរាណជាច្រើនដែលស្ថិតក្នុងលំដាប់កំពូលពេលធ្វើការស្ទង់មតិស្រដៀងគ្នាពីទីតាំងទេសចរណ៍ដូចជាគេហទំព័រ Trip Advisor ជាដើមបានបង្ហាញឲ្យឃើញពីកំណើនភ្ញៀវទេសចរដោយតួលេខថ្មីបំផុតបង្ហាញថា មានភ្ញៀវទេសចរបរទេស១,២៣លាននាក់បានមកទស្សនាប្រាសាទបុរាណនេះក្នុងឆមាសទី១នៃដើមឆ្នាំនេះ។ យោងតាមអាជ្ញាធរអប្សរា ដែលបានបន្ទោសកត្តាសាកលដូចជា ការផ្ទុះឡើងនូវជំងឺ Mers ក្នុងប្រទេសកូរ៉េខាងត្បូង និងការបាត់ដំណឹងយន្តហោះ Air Asia MH370 បានឲ្យដឹងថា មានការធ្លាក់ចុះបន្តិចបន្តួចនូវចំនួនភ្ញៀវទេសចរ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្មាំមុន។ បើទោះជាអាជ្ញាធរអប្សរា ពិនិត្យឃើញថា មានការធ្លាក់ចុះប្រាក់ចំណូល និងភ្ញៀវទេសចរបន្តិចបន្តួចក្នុងឆមាសទី១ក៏ដោយ ក៏ខែកក្កដា មានការកើនឡើងភ្ញៀវទេសចរ៥ភាគរយបើធៀបទៅនឹងខែដូចគ្នានេះកាលពីឆ្នាំមុន ដែលមានភ្ញៀវទេសចរប្រហែល១៦០.០០០នាក់មកទស្សនាឧទ្យានបុរាណអង្គរ។ លោក ទិត្យ ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការឈរនៅលំដាប់ទី១នៅក្នុងបញ្ជីផ្សេងទៀតនៃការទាក់ទាញភ្ញៀវទេសចរពិភពលោក គឺជាព័ត៌មានល្អបំផុតសម្រាប់ប្រទេសកម្ពុជា។ លោកបានថ្លែងថា "ខ្ញុំរីករាយណាស់ដោយទទួលបានព័ត៌មាននេះ។ ការចុះបញ្ជីកាន់តែច្រើន ធ្វើឲ្យប្រទេសកម្ពុជាកាន់តែល្បីឈ្មោះ និងនាំមកនូវភ្ញៀវទេសចរបន្ថែមទៀត"។ លោកបានបន្ថែមថា ក្រសួងបានសហការជាមួយអាជ្ញាធរអប្សរាដើម្បីធានាសុចរិតភាពរបស់ប្រាសាទ។ "បើទោះជាមានភ្ញៀវទេសចរកាន់តែច្រើនក៏ដោយ ក៏គ្មានបញ្ហាដែរ"។ លោកស្រី ជូ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរាបានយល់ស្របដូច្នេះដែរ។ លោកស្រីបានថ្លែងថា "យើងមាននីតិវិធីមួយចំនួនហើយ ដូចជាការកំណត់ចំនួនភ្ញៀវទេសចរមកទស្សនាមួយលើក"។ កាលពី២០ឆ្នាំមុន អង្គការយូណេស្កូ បានលើកឡើងថា ចំនួនភ្ញៀវទេសចរប្រចាំឆ្នាំមិនលើសពី៧០០.០០០នាក់ឡើយ។ ប៉ុន្តែ កាលពីម្សិលមិញ លោកស្រី អាន ឡឺម៉េស នាយកប្រចាំប្រទេសបានថ្លែងថា អង្គការនេះជឿថា ចំនួនភ្ញៀវទេសចរកាន់តែច្រើនសព្វថ្ងៃនេះអាចគ្រប់គ្រងបាន។ លោកស្រីបានថ្លែងថា "សមត្ថភាពមានកម្រិតដែលប្រាសាទអាចស្រូបទាញភ្ញៀវទេសចរបាននៅពេលជាក់លាក់មួយ មិនមានមានន័យថា យើងគួររឹតបន្តឹងចំនួនភ្ញៀវទេសចរមកទស្សនាតំបន់អង្គរឡើយ។ បញ្ហាស្ថិតនៅត្រង់ការរៀបចំថា តើនរណាទៅកន្លែងណា នៅពេលណាតែប៉ុណ្ណោះ"៕សារុន
សំណើសុំឲ្យឥណ្ឌាបញ្ឈប់សាងសង់ប្រាសាទ ទំនងជាមិនអាចទៅរួច ព្រោះវាមិនចម្លងតាមអង្គរវត្ត
កាលពីម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានជម្រាបលោក ឌីណេស ប៉ាតណាអុីក (Dinesh Patnaik) ឯកអគ្គរដ្ឋទូតឥណ្ឌាថា កម្ពុជា ចង់ឲ្យលុបចោលទាំងស្រុងនូវគម្រោងសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្តនៅក្នុងប្រទេសនោះ នេះបើយោងតាមលោក ជុំ ស៊ុនរី អ្នកនាំពាក្យក្រសួងនេះបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបរវាងមន្ត្រីទាំងពីរដើម្បីប្រារព្ធថ្ងៃកាន់មុខតំណែងចុងក្រោយរបស់លោក ឌីណេស ប៉ាតណាអុីក។ នៅពេលបែកធ្លាយព័ត៌មានកាលពីឆ្នាំ២០១២ថា ក្រុមហ៊ុនឯកជនមួយរបស់ឥណ្ឌា មានបំណងសាងសង់ប្រាសាទដ៏ធំស្កឹមស្កៃមួយចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ដែលជាសំណង់ល្បីល្បាញបំផុតនៅក្នុងឧទ្យានបុរាណវិទ្យានាសតវត្សរ៍ទី១២ក្នុងក្រុងសៀមរាបនោះ កម្ពុជាបានសម្ដែងការមិនពេញចិត្តស្ទើរតែភ្លាមៗ។ ចាប់តាំងពីពេលនោះមក ជំហររបស់កម្ពុជាកាន់តែរឹងមាំឡើង ទោះបីជាប្រទេសឥណ្ឌា ធានាអះអាងថា ខ្លួននឹងកែប្រែប្លង់ដើមដើម្បីការពារតំបន់បេតិកភណ្ឌពិភពលោកដែលទទួលស្គាល់ដោយអង្គការយូណេស្កូមួយនេះ។...
សំណូកនៅអាកាសយានដ្ឋានបន្តរំខានភ្ញៀវទេសចរ
ប្រធានក្រុមការងារទេសចរណ៍បាននិយាយថា លោកបានប្រាប់រដ្ឋាភិបាលអំឡុងកិច្ចប្រជុំចុងក្រោយរបស់លោកក្នុងតំណែងថា ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជានៅតែត្រូវគេទារសំណូកបន្តិចបន្តួចនៅពេលចូលប្រទេសនេះ បើទោះជាមានការសន្យាកាលពីពីរបីឆ្នាំមុន ថានឹងបំបាត់លែងឲ្យមានការធ្វើដូច្នេះក៏ដោយ។ អាកាសយានដ្ឋាននិងច្រកព្រំដែនរបស់ប្រទេសកម្ពុជាមានឈ្មោះអាក្រក់ ព្រោះមន្ត្រីដែលបានទាមទារ "លុយទឹកតែ" ពីភ្ញៀវ។ ក្នុងឆ្នាំ២០១៣ អ្នកកាសែតចិនម្នាក់បានសរសេរអត្ថបទរិះគន់យ៉ាងខ្លាំងក្នុងកាសែត គ្លូបល ថាមស៍ បន្ទាប់ពីក្រុមមន្ត្រីនៅឯអាកាសយានដ្ឋានអន្តរជាតិបានសុំឲ្យនាងបង់សំណូក។ យោងតាមលោក ហូ វណ្ឌី សហប្រធានជិតផុតអាណត្តិនៃក្រុមការងារវិស័យរដ្ឋាភិបាល-ឯកជនផ្នែកទេសចរណ៍ បាននិយាយថា លោកបានលើកបញ្ហានេះនៅកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ដែលនៅពេលនោះ ចុងភៅធំនិងជាម្ចាស់សណ្ឋាគារ លោក លូ ម៉េង ត្រូវបានតែងតាំងជាអ្នកកាន់ការជំនួសលោក...
តារាហូលីវូដ អ៊ែនជែលីណា ចូលី ចាប់ផ្តើមការងារផលិតភាពយន្តនៅភ្នំពេញ
តារាហូលីវូដ អ៊ែនជែលលីណា ចូលី បាន មកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីចាប់ផ្ដើមការងារផលិតខ្សែភាពយន្តនិយាយជាភាសាខ្មែរបង្ហាញពីជីវិតនៅក្នុងសម័យខ្មែរក្រហមរឿង "មុនដំបូងខ្មែរក្រហមសម្លាបឪពុករបស់ខ្ញុំ" ដែលនឹងសហការផលិតដោយលោក បា៉ន់ រិទ្ធី ផលិតករភាពយន្តដែលជាបេក្ខភាពពានរង្វាន់អូស្កា។ អ្នកនាង ចូលី បានសរសេរបា៉រ៉ូលរួមគ្នាយោងតាមសៀវភៅដែលជាស្នាដៃរបស់អ្នកស្រី លឿង អុឹង ហើយនឹងដឹកនាំខ្សែភាពយន្តឲ្យក្រុមហ៊ុន Netflix ជាក្រុមហ៊ុនផលិតភាពយន្តដាក់តាមប្រព័ន្ធអុីនធឺណិត ដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ថ្ងៃតែមួយដែលតារាហូលីវូដរូបនេះបានមកដល់កម្ពុជា ដើម្បីចាប់ផ្ដើមដំណើរការមុនការផលិត។ កាលពីម្សិលមិញ អ្នកស្រីបានទៅទស្សនាមជ្ឈមណ្ឌលបូផាណា ក្នុងរាជធានីភ្នំពេញជាមួយលោក បា៉ន់ រិទ្ធី ដែលបានបង្កើតមជ្ឈមណ្ឌលនេះឡើងដើម្បីអភិរក្សកេរដំណែលសោតទស្សន៍របស់កម្ពុជា...
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិយាយពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ
ពានរង្វាន់ថ្មីដែលប្រគល់ជូនចំពោះតួនាទីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ កាលពីម្សិលមិញត្រូវបានផ្តល់ដល់អ្នកកាសែតក្នុងស្រុកចំនួនប្រាំរូប ដែលអត្ថបទរបស់ពួកគេបង្ហាញពីសកម្មភាពពុករលួយនានា បង្ហាញពីរបាយការណ៍សើុបអង្កេតដែលអាចបំបែកឧបសគ្គដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍរបស់កម្ពុជា។ បើទោះជាអំពើពុករលួយរីករាលដាលក៏ដោយ ក៏ការស៊ើបអង្កេតបញ្ហានេះបានបង្ហាញពីភាពប្រថុយប្រថានដោយអ្នកកាសែតជាង១២នាក់ត្រូវបានសម្លាប់នៅពេលបំពេញការងាររបស់ខ្លួន ហើយមនុស្សផ្សេងទៀតរាប់មិនអស់បានក្លាយជាអ្នកជាប់ពាក់ព័ន្ធ។
សាក្សីរៀបរាប់អំពីពលកម្មទាំងបង្ខំនៅការដ្ឋានទំនប់កំពង់ធំ
ស្ត្រីម្នាក់ដែលធ្វើពលកម្មទាំងបង្ខំរយៈពេលជាច្រើនខែនៅការដ្ឋានទំនប់១មករាក្នុងខេត្តកំពង់ធំ បានឡើងនិយាយនៅសាលាក្តីខ្មែរក្រហមកាលពីថ្ងៃព្រហស្បតិ៍ ដោយរៀបរាប់ប្រាប់អំពីបន្ទុកពលកម្មដ៏ធ្ងន់ ដែលត្រូវធ្វើមិនថាពេលឈឺ ឬរបួសឡើយ។ ឡើងនិយាយកាលពីថ្ងៃព្រហស្បតិ៍ជាថ្ងៃចុងក្រោយនៃនីតិវិធីរដ្ឋប្បវេណីមុនការឈប់សម្រាកនៅរដូវក្តៅ អ្នកស្រី កង អ៊ុត ជាកសិករកើតនៅឆ្នាំ១៩៥១ក្នុងខេត្តកំពង់ធំ បានរៀបរាប់អំពីរយៈពេលបួន ឬប្រាំខែ ដែលអ្នកស្រីបានធ្វើពលកម្មរែកដីនៅឯការដ្ឋានទំនប់នោះក្នុងឆ្នាំ១៩៧៧។ អ្នកស្រីបានមានប្រសាសន៍ថា កម្លាំងធ្វើការមានភាគច្រើនជាយុវជននិងយុវនារីក្នុងវ័យប្រហែល២០ឆ្នាំ ពួកគេជាច្រើនជាចាមត្រូវគេនាំមកពីខេត្តកំពង់ចាម។ កងរបស់អ្នកស្រីមានមនុស្សជាង១០នាក់ ហើយត្រូវបានគេបញ្ជូនទៅការដ្ឋានទំនប់១មករា នៅចម្ងាយប្រាំគីឡូម៉ែត្រពីភូមិកំណើតរបស់អ្នកស្រី ក្នុងឃុំបាឡាំង ជាការប្រឹងប្រែងមួយផ្នែកដើម្បីឲ្យគម្រោងដ៏ធំនោះទាន់ផែនការរបស់អង្គការ។ អ្នកស្រីបានមានប្រសាសន៍ថា ពលករត្រូវបានគេបង្ខំឲ្យធ្វើការពីម៉ោងបួនជិតភ្លឺ រហូតដល់ពេលអធ្រាត្រ ដោយសម្រាកហូបបាយថ្ងៃនៅម៉ោង១១ ហើយគេមិនឲ្យយើងឈប់ទេ សូម្បីនៅពេលឈឺ...
សេចក្តីព្រាងច្បាប់កំណត់អាយុអាចផឹកគ្រឿងសវឹងត្រឹម២១ឆ្នាំ
ក្រសួងសុខាភិបាល ធ្វើសេចក្តីព្រាងច្បាប់ដំបូងដើម្បីគ្រប់គ្រងការលក់និងការប្រើប្រាស់គ្រឿងស្រវឹង ដែលកំណត់អាយុស្របច្បាប់អាចផឹកគ្រឿងស្រវឹងគឺ២១ឆ្នាំ ហើយនឹងដាក់ពិន័យចំពោះអ្នកលក់ដែលលក់គ្រឿងស្រវឹងឲ្យក្មេងមិនទាន់គ្រប់អាយុ។ ការកំណត់អាយុ២១ឆ្នាំដែលអាចផឹកគ្រឿងស្រវឹងបាន នឹងផ្លាស់ប្តូរប្រទេសកម្ពុជាពីប្រទេសមួយដ៏ធូររលុងបំផុតមួយលើការគ្រប់គ្រងគ្រឿងស្រវឹងទាំងក្នុងថ្នាក់ពិភពលោក ទាំងក្នុងថ្នាក់តំបន់ទៅជាប្រទេសមួយដ៏តឹងរឹងបំផុត។ នៅក្នុងអាស៊ាន មានតែរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីមួយប៉ុណ្ណោះ ដែលកំណត់អាយុអាចផឹកគ្រឿងស្រវឹងឲ្យខ្ពស់។ កម្ពុជា ស្ទើរតែគ្មានច្បាប់ដែលគ្រប់គ្រងផ្ទាល់លើការទិញនិងការប្រើប្រាស់គ្រឿងស្រវឹង ឬធ្វើនិយ័តកម្មលើឧស្សាហកម្មគ្រឿងស្រវឹងនិងទីផ្សារលក់រាយទេ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍កាលពីថ្ងៃពុធថា គោលបំណងនៃការកំណត់អាយុដែលអាចផឹកគ្រឿងស្រវឹងឲ្យខ្ពស់ ដើម្បីការពារសុខភាពយុវជន និងបណ្តុះសីលធម៌ល្អ ដោយរារាំងពួកគេមិនឲ្យចូលបារ។ លោក ប៊ុនហេង បាននិយាយថា "ច្បាប់នេះនឹងដាក់កំហិតមនុស្សដែលមានអាយុក្រោម២១ឆ្នាំមិនឲ្យទិញគ្រឿងស្រវឹង ឬទៅផឹកគ្រឿងស្រវឹងនៅបារ។ ហើយវាមានសារៈសំខាន់ដែលច្បាប់នេះផ្តោតលើការគ្រប់គ្រងលើទាំងអ្នកលក់គ្រឿងស្រវឹង ទាំងអ្នកប្រើប្រាស់គ្រឿងស្រវឹង"។ លោក ប៊ុនហេង បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយក្រសួងយុត្តិធម៌ពីរសប្តាហ៍មុន និងត្រូវពិនិត្យសើរើបន្ថែមទៀត។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បាននិយាយថា "សេចក្តីព្រាងច្បាប់នេះ នឹងត្រូវពិភាក្សាដោយគណៈកម្មការអន្តរក្រសួងក្នុងពេលឆាប់ៗនេះ"។ សេចក្តីពិស្តារនៃសេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រកាសនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ដែលមានអ្នកតំណាងចូលរួមមកពីអង្គការសុខភាពពិភពលោក ចលនាកម្ពុជាដើម្បីសុខភាព និងអ្នកជំនាញគោលនយោបាយគ្រឿងស្រវឹងចក្រភពអង់គ្លេស លោក ជេមស៍ នីកុល។ ក្រុមពិភាក្សាដែលសំដៅលើការស្រាវជ្រាវថ្មីៗនេះបង្ហាញថា ៩៦ភាគរយនៃជនជាតិខ្មែរ បានគាំទ្រដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការប្រើគ្រឿងស្រវឹង ដែលអង្គការសុខភាពពិភពលោកនិយាយថា កំពុងតែកើនឡើង។ លោក នីកុល បាននិយាយថា ជាការចាំបាច់ដែលត្រូវធ្វើនិយ័តកម្មលើឧស្សាហកម្មនេះ ក្នុងពេលដែលក្រុមហ៊ុនធំៗអន្តរជាតិ បានមានគោលដៅលើតំបន់នេះ ដោយប្រើទីផ្សារនិងការផ្សាយពាណិជ្ជកម្មកាន់តែទំនើបៗ។ លោក នីកុល បាននិយាយថា "គំនិតនៃការកំណត់អាយុ២១ឆ្នាំដែលអាចផឹកគ្រឿងស្រវឹងបាន គឺអ្វីដែលអាចកើតឡើង ត្រង់ថាយុវជនចាប់ផ្តើមផឹកគ្រឿងស្រវឹងរយៈពេលពីរបីឆ្នាំ មុននឹងដល់អាយុស្របច្បាប់"៕ រើន
អង្គរវត្តជាប់ឈ្មោះជាតំបន់ទេសចរណ៍កំពូលរបស់ពិភពលោក ប៉ុន្តែមានការព្រួយបារម្ភចំពោះការចម្លងរចនាប័ទ្មដោយឥណ្ឌា
ប្រាសាទអង្គរវត្តក្នុងក្រុងសៀមរាបបានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងការស្ទង់មតិទេសចរណ៍មួយទៀតនៅសប្ដាហ៍នេះ ដោយជាប់ឈ្មោះជាតំបន់ទេសចរណ៍លេខ១របស់ពិភពលោកក្រោយពីទទួលបានពានរង្វាន់ជម្រើសទេសចរណ៍របស់គេហទំព័រ TripAvisorកាលពីថ្ងៃអង្គារ។ ប៉ុន្តែប្រាសាទដ៏ធំស្កឹមស្កៃមួយដែលកំពុងស្ថិតក្រោមការសាងសង់នៅក្នុងប្រទេសឥណ្ឌា កំពុងបង្កឲ្យមានការព្រួយបារម្ភជាថ្មីម្ដងទៀតថា តម្លៃប្រាសាទជានិមិត្តរូបរបស់កម្ពុជានឹងធ្លាក់ចុះ។ ពីរថ្ងៃមុនទទួលបានពានរង្វាន់កិត្តិយសរបស់គេហទំព័រ TripAvisor លោក ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានទៅពិនិត្យមើលការដ្ឋានសាងសង់ប្រាសាទនៅក្នុងខេត្តប៊ីហា (Bihar) ហើយបានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកមានការព្រួយបារម្ភចំពោះគម្រោងសាងសង់ប្រាសាទដែលចម្លងតាមរចនាបថស្ទើរតែដូចទាំងស្រុងទៅនឹងប្រាសាទអង្គរវត្តដែលទទួលតំណែងជាសំណង់សាសនាធំបំផុតរបស់ពិភពលោក។ យោងតាមគេហទំព័រព័ត៌មាន India Today បានឲ្យដឹងថា លោក ហ៊ុន ហាន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា "នេះគឺជាបញ្ហាដ៏រសើបសម្រាប់កម្ពុជា ហើយរដ្ឋាភិបាលរបស់យើងយកចិត្តទុកដាក់ណាស់ចំពោះការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការចម្លងរចនាបថអង្គរវត្ត"។ នៅពេលក្រុមហ៊ុនឯកជនមួយក្នុងខេត្តប៊ីហា...
វិវាទដីធ្លីដ៏ជូរចត់រវាងគ្រួសារមួយ និងឧកញ៉ា ឃុន សៀ ជិតឈានដល់ទីបញ្ចប់ហើយ
នៅឯផ្ទះខ្ទមរបស់ខ្លួននៅកាច់ជ្រុងនៃចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីម្សិលមិញ លោក លី ស្រា៊ងខេង វ័យ៥៨ឆ្នាំ បានយកដុំថ្មគប់ជើងរបស់ខ្លួន ហើយគ្រវីក្បាល នៅពេលគិតដល់ខុនដូមួយដែលគេសាងសង់នៅលើដីដែលគាត់បានតស៊ូការពារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់បាននិយាយសំដៅដល់អតីតអ្នកជិតខាងដែលបានទទួលយកសំណងកាលពីប៉ុន្មានឆ្នាំមុនហើយរើចេញថា "ខ្ញុំក្រៀមក្រំណាស់ដែលបាត់បង់ផ្ទះរបស់ខ្ញុំ។ ខ្ញុំជាម្ចាស់របស់វាជាយូរមកហើយ។ អ្នកផ្សេងៗទៀតគ្មានឯកសារដូចខ្ញុំទេ"។ ដោយកូនស្រីរបស់គាត់ជាប់ពន្ធនាគារដោយសារតែវិវាទដីធ្លីនេះជាមួយឧកញ៉ា ឃុន សៀ នៅទីបំផុតពោលគឺកាលពីខែមុន លោក លី ស្រា៊ងខេង និងក្រុមគ្រួសារបានចុះកិច្ចព្រមព្រៀងទទួលយកសំណងជាថ្នូរនឹងដីឡូតិ៍របស់គាត់។ ប៉ុន្តែគាត់និយាយថា វាជាកិច្ចព្រមព្រៀងមួយដែលធ្វើឡើងដោយការបង្ខិតបង្ខំពួកគាត់។ គាត់បាននិយាយទៀតថា "មែន យើងបានយល់ព្រម...
មន្ត្រីព្រមានបិទសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ដែលបូមទឹកសម្អុយទម្លាក់ចូលទៅក្នុងសមុទ្រ
នៅសប្តាហ៍នេះមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានសន្យាបិទការធ្វើអាជីកម្មជាបណ្តោះអាសន្នសម្រាប់សណ្ឋាគារ និងភោជនីយដ្ឋាននានានៅតាមបណ្តោយឆ្នេរខ្សាច់ដែលមានទេសចរច្រើនកកកុញក្នុងក្រុងព្រះសីហនុ ដែលខ្លួននិយាយថា តែងតែបូមទឹកសម្អុយទម្លាក់ចូលក្នុងសមុទ្រ។ គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំមួយរវាងមន្ត្រីរដ្ឋាភិបាលរាប់រយនាក់កាលពីថ្ងៃច័ន្ទ ដែលក្នុងនោះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មន្ត្រីមូលដ្ឋានមានភារកិច្ចអនុវត្តច្បាប់ដើម្បីធានាថា ឧស្សាហកម្មទេសចរណ៍រីកចម្រើនប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយនិរន្តរភាព។ កាលពីថ្ងៃព្រហស្បតិ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការត្រូវការវិធានការ គឺជារឿងបន្ទាន់ ពីព្រោះភ័ស្តុតាងបានបង្ហាញថា សណ្ឋាគារ និងភោជនីយដ្ឋាននានាក្នុងក្រុងព្រះសីហនុកំពុងបូមទឹកសម្អុយដែលមិនទាន់បានធ្វើប្រព្រឹត្តិកម្មទម្លាក់ចូលទៅក្នុងសមុទ្រ។ លោក សាយ សំអាល់ បានមានប្រសាសន៍ថា "ពេលនេះរដ្ឋាភិបាលមានប្រព័ន្ធទឹកសម្អុយដ៏ធំមួយដែលគ្រោងសម្រាប់ក្រុងព្រះសីហនុ ហើយយើងកំពុងសិក្សាអំពីវិធីអនុវត្តប្រព័ន្ធនេះ" ។ លោកបានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍយឺតយ៉ាវតាមមិនទាន់ការរីកចម្រើននៅក្នុងក្រុងទេសចរណ៍មួយនេះ។ លោកមានប្រសាសន៍ទៀតថា "យើងនឹងចាត់វិធានការជាក់ស្តែងពាក់ព័ន្ធទឹកសម្អុយដែលបង្ហូរចូលទៅក្នុងសមុទ្រ"។ លោកបានលើកឡើងបន្តថា លោកបានចុះទៅខេត្តព្រះសីហនុនៅសប្តាហ៍នេះរួមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចាប់ផ្តើមកិច្ចប្រឹងប្រែងអនុវត្តវិធានការនេះ។ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សណ្ឋាគារចំនួន៥៦ និងផ្ទះសំណាក់ចំនួន២២០នៅក្នុងក្រុងព្រះសីហនុ នឹងត្រូវចុះធ្វើអធិការកិច្ចដើម្បីពិនិត្យមើលផលប៉ះពាល់ដែលវាបង្កឡើងទៅលើបរិស្ថាន ដោយផ្តោតជាសំខាន់ទៅលើសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ដែលនៅជិតឆ្នេរខ្សាច់ក្នុងក្រុងនេះ។ លោកបានថ្លែងថា "សណ្ឋាគារឯករាជ្យ សណ្ឋាគារសុខា ព្រមទាំងភោនីយដ្ឋាន និងផ្ទះសំណាក់ជាច្រើនតាមបណ្តោយផ្លូវ៥០២ កំពុងបង្ហូរទឹកសម្អុយរបស់ខ្លួនទម្លាក់ចូលក្នុងសមុទ្រ"។ លោកបានលើកឡើងទៀតថា កាលពីដំបូង សណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះ សំំណាក់មួយចំនួនបានច្រានចោលពាក្យបណ្តឹងស្តីពីការបំពុលបរិស្ថាននៅពេលរងការចោទប្រកាន់កាលពីខែធ្នូ។ លោកបានបន្តថា "យើងបានប្រើអេស្កាវ៉ាទ័រ ដើម្បីកាយដីនៅខាងមុខសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់របស់ពួកគេ ហើយក៏ឃើញមា៉ស៊ីនបូមទឹកដាក់នៅក្រោមដីដូចម្រាមដៃ ពេលនោះពួកគេក៏ទទួលស្គាល់"។ អ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារសុខា ប៊ិច រីហ្សត (Sokha Beach Resort) បានមានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលដែលឮថា សណ្ឋាគាររបស់លោកស្ថិតក្នុងចំណោមសណ្ឋាគារដែលអភិបាលខេត្តនេះបញ្ចេញឈ្មោះ។ លោកបានលើកឡើងថា "ខ្ញុំអាចប្រាប់អស់លោកបានថា យើងគោរពច្បាប់ពេញលេញ"។ លោកបានលើកឡើងបន្ថែមថា រមណីយដ្ឋាននេះមានប្រព័ន្ធលូ និងអាងស្តុកទឹកសម្អុយផ្ទាល់ខ្លួន។ លោកបានបន្តថា " Sokha Beach Resort មានឆ្នេរខ្សាច់ស្អាតបំផុតមិនត្រឹមតែនៅក្នុងក្រុងព្រះសីហនុប៉ុណ្ណោះទេ គឺនៅក្នុងប្រទេសកម្ពុជាទាំងមូល"។ អ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារ Independence Hotel Resort កំពុងធ្វើដំណើរទៅប្រទេសចិន ហើយមិនអាចសុំការបំភ្លឺបានទេ នេះបើយោងតាមការឲ្យដឹងពីអ្នកទទួលភ្ញៀវនៅសណ្ឋាគារនេះ។ ក្រោយពីក្រុងព្រះសីហនុត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមទីក្រុងតំបន់ឆ្នេរដែលស្រស់ស្អាតបំផុតក្នុងពិភពលោកកាលពីឆ្នាំ២០១១ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេររបស់កម្ពុជា ដើម្បីធានាថា វិនិយោគិនដែលទទួលបានលិខិតអនុញ្ញាតឲ្យសាងសង់ ប្រកាន់ខ្ជាប់ការគោរពច្បាប់ដើម្បីការពារបរិស្ថាន។ ទោះជាយ៉ាងណា លោក ឆោម ណារ៉ាឌី អគ្គលេខាធិការនៃគណៈកម្មាធិការនេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែ នៅឯសិក្ខាសាលាមួយស្តីពីការប្រែប្រួលអាកាស កាលពីខែមីនាកន្លងទៅ លោកបានបង្ហាញក្របខណ្ឌច្បាប់ថ្មីមួយសម្រាប់ការគ្រប់គ្រងឆ្នេរដែលរួមមានកាតព្វកិច្ចថ្មីផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ធ្វើផែនការដែលតឹងរឹុង និងគោលនយោបាយអនុវត្តថ្មីសម្រាប់អ្នកបំពុលបរិស្ថាន។ មួយចំនួនធំនៃប្រជាពលរដ្ឋដែលកំពុងកើនឡើងក្នុងក្រុងព្រះសីហនុមិនត្រូវបានភ្ជាប់ប្រព័ន្ធទឹកសម្អុយឡើយ ប៉ុន្តែ លោក ឈិត សុខុន បានមានប្រសាសន៍ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជិតធ្វើឡើងហើយ ឬកំពុងតែធ្វើ ហើយនៅទីបំផុតវានឹងជួយសម្រាលបញ្ហាកខ្វក់ដោយសារសំណល់ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មត្រឹមត្រូវ។ សណ្ឋាគារ និងអាជីវកម្មនានាដែលទទួលបានអាជ្ញាប័ណ្ណវិនិយោគនៅតំបន់ទេសចរណ៍មួយនេះ មានកាតព្វកិច្ចផ្លូវច្បាប់ត្រូវធានាថា មិនធ្វើឲ្យប៉ះពាល់ដល់សម្បត្តិដ៏សំខាន់នៅតំបន់ទេសចរណ៍នេះ។ ប៉ុន្តែ ទោះបីជាមានបែបនេះក្តី ក៏លោក ឈិន សុខុន បានមានប្រសាសន៍ថា ម្ចាស់អាជីវកម្មជាច្រើនហាក់ដូចជាជំទាស់មិនព្រមធ្វើការកែលម្អ។ លោកបានមានប្រសាសន៍ទៀតថា “ពួកគាត់ហាក់ដូចជាមិនចង់ សោះ។ ប៉ុន្តែ ពួកគេត្រូវតែធ្វើវា ពីព្រោះពួកគេកំពុងបំពុល ហើយយើងបានប្រាប់ឲ្យពួកគេឈប់ច្រើនដងរួចហើយ។ ពេលនេះយើងតម្រូវពួកគេ ហើយប្រសិនបើពួកគេធ្វើមិនបានក្នុងរយៈពេលមួយខែយើងនឹងបិទវាចោល។ នៅពេលយើងដោះស្រាយបញ្ហានេះរួច ពេលនោះពួកគេអាចបន្តធ្វើការរកស៊ីរបស់ខ្លួនឡើងវិញបាន។ គ្មាននរណាម្នាក់មានសិទ្ធិបូមទឹកសម្អុយទម្លាក់ចូលទៅក្នុងសមុទ្រឡើយ"៕ សុខុម