Wednesday, September 18, 2019
Home Authors Posts by Sonia Kohlbacher

Sonia Kohlbacher

26 POSTS 0 COMMENTS

តុលាការ​​​រក​​​ឃើញ​​​ថា​​​ពាណិជ្ជករ​​​ជន​​​​​​ជាតិ​​​អង់គ្លេស​​​និង​​​សហការី​​​​​​​​​មាន​​​ទោស

ក្រោយពីចូលសវនាការនៅតុលាការជាង១០០លើកក្នុងរយៈពេល៣ឆ្នាំ លោក ក្រេក ហ្វ្រីយ៉េត ជាពាណិជ្ជករជនជាតិអង់គ្លេស និងសហការីបីនាក់របស់លោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ទៅ៨ឆ្នាំកាលពីថ្ងៃពុធនេះនៅឯតុលាការក្រុងភ្នំពេញ។ លោក ហ្វ្រីយ៉េត និងសហចុងចោទរបស់លោក មានសហការីខ្មែរអាមេរិកាំង លោក អ៊ុំ សំអាង និងលោក សឿន ដេន្នី និងជនជាតិខ្មែរឈ្មោះ អ៊ុក កែវរតនៈ ត្រូវបានរកឃើញថាមានពិរុទ្ធដោយចៅក្រម ជួន សុខរាសី ពីបទក្លែងបន្លំ និងបទល្មើសផ្សេងទៀតទាក់ទិននឹងកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើចម្ការល្ហុងខ្វងនៅក្នុងខេត្តបន្ទាយមានជ័យ។ ឧត្តមសេនីយ៍យោធាម្នាក់និងមេធាវីក៏កាត់ឲ្យជាប់ទោសកំបាំងមុខចំពោះការជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងដីធ្លីនៅចំណុចកណ្តាលនៃរឿងក្តីនេះដែរ។ លោក ហ្វ្រីយ៉េត បានទទួលការផ្តន្ទាទោស៨ឆ្នាំ និងពិន័យ១០លានរៀល ឬប្រហែល២៥០០ដុល្លារ លោក អាងត្រូវផ្តន្ទាទោស៧ឆ្នាំ និងពិន័យ១០លានរៀល ចំណែកឯលោក ដេន្នី និងលោក រតនៈត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យ៥លានរៀល ឬប្រហែល១២៥០ដុល្លារ។ លោក ហ្វ្រីយ៉េត និងសហចុងចោទរបស់លោកជក់បារីស៊ីហ្កា ហើយផឹកកាហ្វេក្នុងបង្គន់នៅឯតុលាការមុននឹងស្តាប់សាលក្រម។ លោក ហ្វ្រីយ៉េត បាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍។ លោក ហាញ់ ចំរុង ឧត្តមសេនីយ៍យោធាដែលបានធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងដីធ្លីឲ្យក្រុមហ៊ុនត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៩ឆ្នាំ និងពិន័យ១០លានរៀល ចំណែកឯ ទី ពៅ មេធាវីដែលបានជួយរត់ការឯកសារដីធ្លីត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យ១០លានរៀល។ ចៅក្រម សុខរាសី បានចេញដីកាចាប់ខ្លួនលោក ចំរុង ប៉ុន្តែមិនចេញដីកាចាប់ខ្លួនលោក ពៅ ទេ ហើយគ្រាន់តែនិយាយថា សេចក្តីសម្រេចនេះធ្វើឡើងតាមឆន្ទានុសិទ្ធិរបស់លោក។ ក្រុមហ៊ុនថាមពលបៃតងអន្តរជាតិ ជាក្រុមហ៊ុនរបស់លោក ហ្វ្រីយ៉េតដែលបានជួលបុគ្គលិកបីនាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដែរ ទទួលរងការពិន័យ១០០លានរៀល ឬប្រហែល២៥.០០០ដុល្លារ។ ចុងចោទ៤នាក់ដែលជាប់ពន្ធនាគារត្រូវចាប់ខ្លួនក្នុងឆ្នាំ២០១៣ពីបទចោទប្រកាន់ថាក្លែងបន្លំឯកសារ ដើម្បីទិញដីសម្រាប់ដាំល្ហុងខ្វងក្នុងខេត្តបន្ទាយមានជ័យ ដោយបោកកសិករ ហើយឈូសឆាយដីដោយខុសច្បាប់។ ពួកគេម្តងហើយម្តងទៀតបានបដិសេធបទចោទទាំងនោះក្នុងអំឡុងពេល៣០ខែនៃសវនាការ ហើយលោក ហ្វ្រីយ៉េត បានផ្តល់ទឡ្ហីករណ៍ថា ការផ្តន្ទាទោសគឺខុសច្បាប់ ដោយសារតែខ្លួនពឹងផ្អែកលើភ័ស្តុតាងដែលបានប្រមូលក្នុងពេលស៊ើបអង្កេតដែលដឹកនាំដោយ អាំង មាលតី អតីតប្រធានតុលាការខេត្តបន្ទាយមានជ័យ និងក្រុងភ្នំពេញ ដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទគៃបំបាត់ដោយទុច្ចរិតនៅដើមឆ្នាំនេះ ដោយសារតែគាត់ប្រគល់រថយន្ត SUV ដែលរឹបអូសបានពីឈ្មួញគ្រឿងញៀនឲ្យទៅកូនប្រុសរបស់លោក៕

បុគ្គលិក​​សុខាភិបាល​​​នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​​អំពើ​ហិង្សា​ក្នុងគ្រួសារ​

ក្នុងកិច្ចប្រឹងប្រែងដោះស្រាយឲ្យបានកាន់តែប្រសើរនូវផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ បុគ្គលិកសុខាភិបាលទូទាំងប្រទេសកម្ពុជា នឹងទទួលបានការបណ្ដុះបណ្ដាលនៅឆ្នាំក្រោយដើម្បីជួយពួកគេបំពេញសេចក្ដីត្រូវការរបស់ស្ត្រី និងកុមារដែលស្ថិតក្នុងស្ថានភាពមិនល្អ។ មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានាទូទាំងប្រទេសតែងតែព្យាបាលអ្នកដែលរងរបួសដោយសារដៃគូ ឬសាច់ញាតិរបស់ពួកគេ ប៉ុន្តែជាញឹកញាប់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងឆ្មបគ្មានលទ្ធភាពអ្វីលើសពីការផ្ដល់ការថែទាំឡើយ នេះបើយោងតាមការលើកឡើងរបស់លោកស្រី តានយ៉ា បានហ្វៀល (Tanya Barnfield) នាយកកម្មវិធីអង្គការឃែរ (CARE) ប្រចាំកម្ពុជា។ លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីថ្ងៃច័ន្ទថា "អ្នកផ្ដល់ការថែទាំងសុខភាពដែលអាចរកឃើញអំពើហិង្សា ផ្ដល់ការថែទាំមានគុណភាព ហើយបញ្ជូនឱ្យទៅទទួលសេវា នឹងជួយបញ្ចប់វដ្ដនៃអំពើហិង្សា"។ ការស្ទាបស្ទង់ប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជា (Cambodia Demographic and Health Survey) ប្រចាំឆ្នាំ២០១៤ បានរកឃើញថា...

ស្ត្រី​កម្ពុជា​​​​ស៊ីឈ្នួល​​ពពោះ​​​​​​ជំនួស​ក​្នុង​​​​​​តម្លៃ​​​​​​​​ខ​្ទង់​​​ម៉ឺន​​​ដុល្លារ ​ហើយ​ប្រគល់​​កូន​​ឱ្យ​គេ​ក្រោយ​សម្រាល​​​

អ្នកស្រី លី រស្មី បានចាកចេញពីផ្ទះរបស់ខ្លួនកាលពីខែមករា ឆ្ពោះមកមន្ទីរពេទ្យមួយស្ថិតនៅជាយរាជធានីភ្នំពេញ។ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះបានស្នាក់នៅទីនោះប៉ុន្មានយប់ ក្នុងកន្លែងមួយដែលល្អជាង និងស្អាតជាងមន្ទីរពេទ្យដែលគាត់ធ្លាប់សម្រាកកាលពីមុន។ នៅពេលអ្នកស្រី លី រស្មី ដែលសុំមិនបញ្ចេញឈ្មោះពិតរបស់ខ្លួនដោយសារវាជារឿងផ្ទាល់ខ្លួនវិលត្រឡប់ទៅជួបជុំប្ដី និងកូនបីនាក់របស់គាត់នៅខេត្តព្រៃវែងវិញ គាត់មានទម្ងន់ពពោះកូនរបស់មនុស្សពីរនាក់ដែលគាត់មិនធ្លាប់បានជួប និងទំនងជាគ្មានឱកាសជួបជារៀងរហូត។ អំឡុងបទសម្ភាសន៍នៅហាងអាហារសម្រន់ KFC មួយកន្លែងដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីកាលពីចុងខែកញ្ញា ឆ្នាំមុន អ្នកស្រី លី រស្មី និយាយថា ឆ្នាំមុនមិនអំណោយផលទេសម្រាប់ដំណាំស្រូវ។ ជាការពិត រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនអំណោយផលឡើយសម្រាប់ប្រជាកសិករនៅក្នុងខេត្តភាគខាងត្បូងមួយនេះ។ អ្នកស្រីនិយាយថា "សព្វថ្ងៃស្រូវមិនសូវល្អទេ ទឹករីងស្ងួតអស់ហើយ យើងគ្មានស្រូវលក់ទៀតទេ គ្រួសារខ្ញុំ។ យើងធ្វើបានត្រឹមតែមួយស៊ីទេ។ ខ្ញុំលក់ជ្រូកពីរបីក្បាល មេជ្រូក និងកូនជ្រូក។ ពេលមានទឹក ទឹកបែរជាជន់លិចដីស្រែ ហើយបំផ្លាញដំណាំស្រូវ"។ អ្នកស្រីមានកូនផ្ទាល់ខ្លួនចំនួនបីនាក់ ហើយកូនច្បងបង្អស់អាយុ១២ឆ្នាំ។  អ្នកស្រីគ្មានគម្រោងយកកូនទៀតទេ ប៉ុន្តែនៅពេលសាច់ញាតិម្នាក់របស់គាត់ចាប់ផ្ដើមធ្វើការឲ្យ New Genetics Global...

ក្រោយពី​បម្រាម ឈ្មួញ​រកស៊ី​ខាង​ពពោះ​ជំនួស​សម្លឹង​ទៅ​រកប្រទេស​ឡាវ

យោងតាមទីភ្នាក់ងារពិគ្រោះយោបល់ (Sensible Surrogacy) ដែលមានមូលដ្ឋាននៅអាមេរិក ក្រុមឈ្មួញដែលបានជួលស្ត្រីខ្មែរឲ្យពពោះជំនួសឪពុកម្ដាយបរទេសមុនពេលការធ្វើដូចនេះត្រូវបានហាមប្រាមនោះ ឥឡូវនេះកំពុងរៀបចំកិច្ចការឆ្លងដែនជាមួយប្រទេសឡាវនិងប្រទេសម៉ាឡេស៊ី។ យោងតាមក្រុមតស៊ូមតិគ្រួសារតាមរយៈការពពោះជំនួស (Families Through Surrogacy) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សេវា New Genetics Global, Talent IVF និង World Fertility ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលកំពុងដំណើរការនៅប្រទេសកម្ពុជា មុនពេលការពពោះជំនួសត្រូវបានហាមនៅទីនេះកាលពីដើមខែនេះ ហើយបានបើកការរកស៊ីរួចហើយនៅប្រទេសឡាវ។ ទីភ្នាក់ងារពពោះជំនួសដោយសុភវិនិច្ឆ័យ (Sensible Surrogacy) បាននិយាយថា សេចក្តីប្រកាសដោយលោក...

តុលាការ​នៅមិន​​អាចរក​យុត្តិ​ធម៌​សម្រាប់​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​

អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងកាលពីម្សិលមិញថា ស្ត្រីនិងក្មេងស្រីដែលត្រូវបានចាប់រំលោភនៅក្នុងប្រទេសកម្ពុជា កម្រទទួលបានយុត្តិធម៌ណាស់ដោយសារតែអំពើពុករលួយដ៏រាលដាល និងការអនុវត្តខុសច្បាប់របស់នគរបាល ដោយកត់សម្គាល់ថា ស្ថានភាពនេះនៅតែគ្មានគារផ្លាស់ប្តូរដដែលចាប់តាំងពីមានការចេញផ្សាយលទ្ធផលស្រដៀងគ្នានេះកាលពីមួយឆ្នាំកន្លងមក។ របាយការណ៍ដដែលនេះបន្តថា ជាងពាក់កណ្តាលក្នុងចំណោមករណីរំលោភ ឬការប៉ុនប៉ងរំលោភ២៨២ករណីដែលអង្គការសិទ្ធិមនុស្សលីកាដូបានស៊ើបអង្កេតកាលពីឆ្នាំមុនមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដោយសារមានចន្លោះប្រហោងជាប្រព័ន្ធក្នុងការផ្តន្ទាទោសពីករណីរំលោភទាំងនេះ។ របាយការណ៍របស់អង្គការលីកាដូដែលបានចេញផ្សាយកាលពីម្សិលមិញបង្ហាញថា កត្តាដែលរួមចំណែកចំពោះការធ្លាក់ចុះនៃការផ្តន្ទាទោសនេះ មួយផ្នែកធំត្រូវបានរដ្ឋាភិបាលធ្វើមិនដឹងមិនឮចាប់តាំងពីករណីនេះត្រូវបានលើកឡើងនៅក្នុងការវិភាគស្រដៀងគ្នានេះកាលពីឆ្នាំមុន។ របាយការណ៍នេះបន្តថា "រដ្ឋាភិបាលកម្ពុជាត្រូវចាត់វិធានការដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ  និងការផ្លាស់ប្តូរក្នុងលក្ខណៈវិជ្ជមានដែលចាំបាច់ដើម្បីដោះស្រាយបញ្ហានាពេលបច្ចុប្បន្ននេះ"។ របាយការណ៍ដដែលនេះបន្ថែមទៀតថា ការផ្តល់អនុសាសន៍ហាក់ដូចជាមិនត្រូវបានយកចិត្តទុកដាក់ឡើយបន្ទាប់ពីត្រូវបានលើកឡើងកាលពីឆ្នាំមុន។ “បើនៅតែដូច្នេះ វប្បធម៌និទណ្ឌភាពចំពោះជនល្មើសនៃការរំលោភនឹងមិនចប់ឡើយ ហើយគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះទេ"។ នៅក្នុងករណីដ៏អាក្រកបំផុតនោះ របាយការណ៍នេះបានលើកឡើងពីក្មេងស្រីអាយុ១២ឆ្នាំម្នាក់ដែលត្រូវបានរំលោភចំនួនបីដងដោយបុរសអាយុ២០ឆ្នាំ។ របាយការណ៍នេះបន្តថា "ក្រុមគ្រួសាររបស់នាងបានរាយការណ៍ពីករណីនេះទៅនគរបាលឃុំ ដែលបានរៀបចំឱ្យមានការចរចាជាមួយក្រុមគ្រួសារជនសង្ស័យ។ ក្រុមគ្រួសារក្មេងស្រីយល់ព្រមឱ្យនាងរៀបការជាមួយបុរសនេះនៅពេលនាងមានអាយុ១៦ឆ្នាំ"។ របាយការណ៍ដដែលនេះបន្ថែមថា "ក្រុមគ្រួសារក្មេងស្រីបានដកពាក្យបណ្តឹង ហើយវាទំនងជាថា នគរបាលទទួលបានប្រាក់ចំពោះការសម្របសម្រួលការចរចានេះ។ ដោយករណីមួយចំនួនក្នុងចំណោម២៨២ករណីដែលជាប់ពាក់ព័ន្ធជាមួយជនរងគ្រោះលើសពីម្នាក់នោះ អង្គការលីកាដូបានអះអាងថា ជនរងគ្រោះសរុប២៩២នាក់ ដែល២១៧ នាក់ក្នុងចំណោមពួកគេអាយុក្រោម១៨ឆ្នាំ ជាតួលេខដែលអ្នកសរសេររបាយការណ៍សន្មតថា មួយផ្នែកដោយសារការរាយការណ៍មិនគ្រប់ជ្រុងជ្រោយដោយជនរងគ្រោះពេញវ័យ។ របាយការណ៍បន្ថែមទៀតថា ក្នុងចំណោម១២៥ករណីដែលបានឈានដល់ការសន្និដ្ឋាននោះ ១ភាគ៤បានបញ្ចប់មុនការជំនុំជម្រះ។ ករណីមួយភាគធំត្រូវបានដោះស្រាយនៅពេលមន្ត្រីនគរបាល និងមន្ត្រីតុលាការបានធ្វើការចរចាពីសំណងសម្រាប់ជនរងគ្រោះ ហើយក្នុងករណីមួយចំនួនបានយកប្រាក់ពីពួកគេ និងពីជនចាប់រំលោភ ជាការអនុវត្តដែលត្រូវបានហាមឃាត់ដោយច្បាប់កម្ពុជា។ របាយការណ៍ដដែលនេះលើកឡើងថា...

UN ជំរុញឲ្យ​​​ប្រុង​​​ប្រយ័ត្ន​២៥ឆ្នាំបន្ទាប់​ពី​​​រក​​​ឃើញ​​​ករណី​ឆ្លង​​​មេរោគ​​​អេដស៍​​​ដំបូង​​​

អង្គការ UNAIDS បានលើកឡើងកាលពីម្សិលមិញថា ២៥ឆ្នាំបន្ទាប់ពីករណីឆ្លងមេរោគអេដស៍ដំបូងត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា ប្រទេសនេះកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់គោលដៅលុបបំបាត់ករណីឆ្លងថ្មីត្រឹមឆ្នាំ២០២៥ប្រសិនបើនៅតែមានការប្រុងប្រយ័ត្នក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។ លោកស្រី Marie-Odile Emond ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ដៃគូរួមភេទជាក្រុមងាយឆ្លងមេរោគអេដស៍បំផុត។ ស្ត្រីរកស៊ីផ្លូវភេទ ក្រុមបុរសស្រឡាញ់បុរស និងអ្នកប្រើប្រាស់គ្រឿងញៀនបង្កការគំរាមកំហែងខ្លាំងបំផុតចំពោះលទ្ធផលវិជ្ជមាននៅក្នុងការប្រឆាំងមេរោគនេះ។ ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍នៅកម្ពុជាត្រូវបានចាត់ទុកថា ជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ បន្ទាប់ពីការខិតខំប្រឹង ប្រែងរួមគ្នារវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបាននាំមកនូវការធ្លាក់ចុះនៃករណីការឆ្លងមេរោគអេដស៍ថ្មីពី២៣.០០០ករណីដែលជាករណីឆ្លងខ្ពស់បំផុតក្នុងឆ្នាំ១៩៩៥មកនៅមិនដល់១.០០០ករណីកាលពីឆ្នាំមុន។ របាយការណ៍ពិភពលោកស្តីអំពីជំងឺអេដស៍ចេញនៅក្នុងប្រទេសណាមីប៊ី ដោយអង្គការUNAIDS កាលពីថ្ងៃច័ន្ទបានរកឃើញថា ដៃគូរួមភេទរបស់ស្ត្រីរកស៊ីផ្លូវភេទ អ្នកប្រើប្រាស់ថ្នាំញៀន និងក្រុមបុរសដែលរួមភេទជាមួយបុរសដូចគ្នាកំពុងតែស្ថិតក្នុងស្ថានភាពប្រឈម"កាន់តែខ្លាំងឡើងៗ"។ លោកស្រីEmond បានមានប្រសាសន៍ទាក់ទិននឹងអ្នកដែលងាយឆ្លងជំងឺអេដស៍បំផុតថា "តាមពិតពេលពួកគេរួមភេទដោយមិនបានការពារជាមួយដៃគូណាមួយនោះ ករណីប្រឈមក្នុងការឆ្លងមេរោគអេដស៍គឺខ្ពស់ខ្លាំងណាស់"។ លោកស្រីបានបន្ថែមថា ការគាំទ្រការទប់ស្កាត់ក្នុងពេលបច្ចុប្បន្ន និងការខិតខំប្រឹងប្រែងព្យាបាលក្នុងចំណោមក្រុមមនុស្សទាំងនេះមានសារៈសំខាន់ក្នុងការទប់កុំឲ្យមេរោគនេះឆ្លងរាលដាល។ លោកស្រី Emond បានលើកឡើងទៀតថា ពេលមនុស្សម្នាក់ដែលឆ្លងមេរោគអេដស៍ កំពុងទទួលការព្យាបាលនោះ "សូម្បីរួមភេទដោយមិនបានការពារជាមួយមនុស្សម្នាក់នេះក៏ដោយក្តី...

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​​ក្រសួង​​សុខាភិបាល​​ប្រកាស​​បម្រាម​​ពពោះ​​ជំនួស​នៅ​កម្ពុជា

ក្រសួងសុខាភិបាលបានហាមការរៀបចំឲ្យមានការពរពោះជំនួសនៅក្នុងប្រទេសកម្ពុជាដោយបញ្ឈប់សកម្មភាពលើអ្វីដែល ទំនងជាឧស្សាហកម្មដែលរីកដុះដាលយ៉ាងឆាប់រហ័ស។ចំណាត់ការនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌បានអំពាវនាវឲ្យចាត់់ទុកប្រតិបត្តិការនេះថា ខុសច្បាប់។ ពេលថ្លែងទៅកាន់តំណាងនៃសហគមន៍សុខាភិបាលកម្ពុជាអំឡុងកិច្ចប្រជុំមួយនៅក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ លោក  ម៉ម  ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសបម្រាមលើការពពោះជំនួសនេះបើយោងតាមបុគ្គលិកមកពីមន្ទីរសម្រាកព្យាបាលមួយនៅក្នុងរាជធានីភ្នំពេញដែលមានវត្តមានអំឡុងកិច្ចប្រជុំនេះ។ បម្រាមនេះស្ថិតក្នុងចំណោមវិធានការផ្សេងៗទៀតដែលដាក់ចេញនៅក្នុងប្រកាស ថ្មីស្តីអំពីការគ្រប់គ្រងឈាម អូវ៉ុល ខួរឆ្អឹង និងកោសិកាដែលលោក ម៉ម ប៊ុនហេង បានអនុម័តយល់ព្រមកាលពីសប្តាហ៍មុន។ ប្រកាសចុះកាលបរិច្ឆេទថ្ងៃទី២៤ខែតុលាមានខ្លឹមសារដូច្នេះថា "រាល់ការពពោះជំនួសដែលជាសេវាមួយនៃកញ្ចប់សេវានានានៃការជួយឲ្យមានកូនតាមបែបបច្ចេកទេសវិទ្យាសាស្ត្រ (Assisted Reproductive Technology) ត្រូវបានហាមឃាត់ដាច់ខាត"។ ប្រកាសនេះក៏បានហាមលើការបរិច្ចាគមេជីវិតដែលមានលក្ខណៈពាណិជ្ជកម្មផងដែរ ហើយតម្រូវឲ្យគ្លីនិក និងវេជ្ជបណ្ឌិតជំនាញដែលផ្តល់សេវាបង្កកំណើតក្នុងកែវ សុំការអនុញ្ញាតពីក្រសួង។ អ្នកជំនាញប៉ាន់ប្រមាណថា មានអ្នកផ្តល់សេវាពពោះនឹងភ្នាក់ងារកម្រៃជើងសារហូតដល់៥០កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងនោះភាគច្រើនបានប្តូរអាជីវកម្មរបស់ខ្លួនមកទី នេះដើម្បីឆ្លើយតបនឹងប្រទេសផ្សេងៗនៅតំបន់អាស៊ី រួមមានដូចជាប្រទេសឥណ្ឌា នេប៉ាល់ និងប្រទេសថៃជាដើម ដែលមានការរឹតបន្តឹងច្បាប់ជុំវិញប្រតិបត្តិការនេះ ឬក៏ហាមទាំងស្រុងនោះ។ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើអ្នកផ្តល់សេវាពពោះជំនួសនឹងត្រូវផ្តល់ពេលវេលាបន្ថែមដើម្បីរៀបគម្រោងផ្សេង ថា តើនឹងមានវិធានការអ្វីដើម្បីពង្រឹងការអនុវត្ត និងថា តើនឹងមានផលវិបាកអ្វីសម្រាប់ ស្ត្រីដែលកំពុងមានផ្ទៃពោះ និងអ្នកដែលនឹងត្រូវក្លាយជាឪពុកម្តាយនៅភាគីម្ខាងទៀតនៃប្រតិបត្តិការនេះនោះ។ អ្នកនាំពាក្យក្រសួងសុខាភិបាលនិងក្រសួង យុត្តិធម៌មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ កាលពីខែសីហា ក្រសួងកិច្ចការនារីបានជួបប្រជុំជាមួយសមាជិករដ្ឋាភិបាលនិងអង្គការសុខភាពមួយចំនួនដើម្បីពិភាក្សាពីការឆ្លើយតបរបស់ខ្លួនចំពោះរបាយការណ៍ដែលភ្នាក់ងារពពោះជំនួសបានមកកាន់ប្រទេសកម្ពុជា។ កាលពីចុងខែមុន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអំពាវនាវឱ្យមានបម្រាមលើការពពោះជំនួសនេះ ដោយចាត់ទុកថា វាជាទម្រង់នៃការជួញដូរមនុស្ស។ ប្រធានមន្ទីរសម្រាកព្យាបាលផ្នែកផ្តល់សេវាពពោះជំនួសដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភថា កន្លែងរបស់លោកនឹងត្រូវផ្តោតគោលដៅដោយអាជ្ញាធរនោះបានមានប្រសាសន៍ថា លោកមិនដឹងពីប្រកាសនេះទេ។ លោកបានលើកឡើងតាមអីុម៉េលថា       "យើងសង្ឃឹមថា លោក ម៉ម ប៊ុនហេង នឹងផ្តល់ពេលវេលាសមស្របដល់អ្នកដែលប្រាថ្នាចង់ក្លាយជាឪពុកម្តាយគេ ស្វែងរកអ្នកផ្សេងមកពពោះកូនរបស់ខ្លូនដែលមិនទាន់កើតជំនួសពួកគេ"។ លោកបានបន្ថែមថា "ប្រសិនបើយើងមិនអាចស្វែងរកវិធីតាមផ្លូវច្បាប់ដើម្បីជួយស្ត្រីពពោះជំនួសដែលកំពុងមានផ្ទៃពោះដោយខ្លួនយើងទេនោះ នោះយើងនឹងណែ នាំដល់អ្នកដែលប្រាថ្នាចង់ក្លាយជាឪពុកម្តាយនោះ ស្នើឱ្យស្ថានទូតរបស់ពួកគេជួួយ ហើយត្រៀមខ្លួនជួយ"។ លោក Sam Everingham ប្រធានក្រុមតស៊ូមតិដែលមានមូលដ្ឋានៅអូស្ត្រាលីឈ្មោះ...

​​អតីត​​​​​​ទាហាន​​​ពេទ្យ​​​មាន​​​ផែនការ​​​ប្រឆាំង​​​របប ​​​ប៉ុល ពត ឯ​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​​​​ស្តាប់​​​សក្ខីកម្ម​​​​​​

ប្រធានទាហានពេទ្យដែលមានទីតាំងនៅសមរភូមិតាមព្រំដែនវៀតណាមបានប្រាប់តុលាការខែក្រហមកាលពីថ្ងៃអង្គារអំពីរបៀបដែលលោកបែរប្រឆាំងនឹងរបបប៉ុល ពត ហើយវាយប្រហារប្រឆាំងកងទ័ពរបស់ខ្លួន បន្ទាប់ពីការបោសសម្អាតផ្ទៃក្នុងនៅភូមិភាគបូព៌ា។ សាក្សីដែលបង្ហាញឈ្មោះថា 2-TCW-1065 ដោយសារតែការជាប់ពាក់ព័ន្ធរបស់លោកក្នុងការស៊ើបអង្កេតបន្តទៀត បានផ្តល់សក្ខីកម្មនៅឯសវនាការរបស់មេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន ដែលក្នុងឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមនិងវៀតណាមបានពើបប្រយុទ្ធគ្នាទាក់ទងនឹងការកំណត់ព្រំដែនមិនច្បាស់លាស់ ហើយនៅតែមានជម្លោះរហូតដល់ខែឧសភា ឆ្នាំ១៩៧៨។ តាមបុរសម្នាក់ដែលបានរត់គេចខ្លួនពីកិច្ចប្រជុំដោយមានរបួសដោយការបាញ់ ហើយក្រោយមកបានប្រាប់សាក្សីថា ក្នុងអំឡុងពេលនោះ ប៉ុល ពត បានកោះហៅទាហានភូមិភាគបូពា៌ាគ្រប់លំដាប់ថ្នាក់មកប្រជុំ។សាក្សីដែលជាប្រធានមន្ទីរពេទ្យ១៥៦ក្នុងកងពលធំលេខ៤នៅពេលនោះបាននិយាយថា កិច្ចប្រជុំនោះមានឧបាយកល ដើម្បីប្រមែប្រមូលពួកកម្មាភិបាល ដែលបន្ទាប់មកត្រូវបានចាប់ខ្លួននិងសម្លាប់ចោល។ សាក្សីបាននិយាយថា "ប៉ុល ពតបានធ្វើរដ្ឋប្រហារនៅកម្ពុជា។ ខ្ញុំបានដឹងរឿងនេះពីមនុស្សម្នាក់ដែលត្រូវរបួសដៃ ហើយខ្ញុំដឹងថា ប៉ុល ពតបានក្បត់"។ សាក្សីបាននិយាយថា បន្ទាប់មកលោកបានកោះប្រជុំទាហានទាំងអស់ឲ្យសម្រេចលើការឆ្លើយតប។ លោកបាននិយាយថា "ដោយសារតែការប្រយុទ្ធគ្នាខ្លាំងពេក ខ្ញុំត្រូវដកថយ ដោយមានទាហាន៣០០នាក់មកជាមួយខ្ញុំ។ ហើយខ្ញុំបានរៀបគម្រោងវាយប្រហារ ប៉ុល ពត។ នៅពេលនោះ ខ្ញុំនិងទាហានខ្ញុំមិនបានវាយប្រហារកងទ័ពវៀតណាមទេ ប៉ុន្តែវាយកងទ័ពប៉ុល ពត"។ គេប្រាប់តុលាការថា សាក្សីនិងក្រុមរបស់លោកបានចូលដៃជាមួយវៀតណាមក្នុងឆ្នាំ១៩៧៨ បន្ទាប់ពីរកឃើញលិខិតមិនទាន់សញ្ញេមួយច្បាប់ ដែលសុំឲ្យពួកគេទាក់ទងគ្នា។ លោកបាននិយាយថា "ខ្ញុំបានពិភាក្សាជាមួយទាហានវៀតណាម ហើយគេអញ្ជើញខ្ញុំឲ្យទៅវៀតណាម ដើម្បីយកគ្រាប់រំសេវ"។ លោកបាននិយាយថា បន្ទាប់មក លោកបានសហការជាមួយវៀតណាម ដើម្បីបើកការវាយប្រហារប្រឆាំងខ្មែរក្រហម។ លោកបានផ្តល់សាក្សីថា "យើងចាប់ផ្តើមវាយប្រហារខ្មែរក្រហម.... គេត្រូវយល់ច្រឡំ"។ ក្នុងអំឡុងពេលសាកសួរដោយប្រធានអង្គជំនុំជម្រះ លោក និល ណុន សាក្សីត្រូវសួរឈ្លេចអំពីទំនាក់ទំនងរបស់គាត់ជាមួយមេភូមិភាគបូព៌ា សោ ភឹម ជាសាច់ញាតិសាច់ឆ្ងាយ ហើយជាពិសេសអំពីការសន្ទនារវាងអ្នកទាំងពីរក្នុងឆ្នាំ១៩៧៧ ដែលនៅពេលនោះអតីតទាហានពេទ្យបានប្រាប់ សោ ភឹម ថាប៉ុល ពតជាជនក្បត់។ លោកបាននិយាយថា "មានជម្លោះប្រដាប់អាវុធផ្ទៃក្នុង.... ហើយខ្ញុំបានគិតថា ប្រហែលមានអ្នកខ្លះក្បត់ ហើយខ្ញុំបានជជែកលេងជាមួយគាត់ថា គឺប៉ុល ពត។ ប៉ុន្តែគាត់បាននិយាយថា បើប៉ុល ពតក្បត់ ប៉ុល ពតនឹងប្រាប់គាត់ហើយ"។ សាក្សីបាននិយាយថា បន្ទាប់ពីរត់គេចពីការវាយប្រហារដោយកងទ័ពស្មោះត្រង់នឹងមេដឹកនាំថ្នាក់មជ្ឈិមក្នុងឆ្នាំ១៩៧៨ សោ ភឹម បានធ្វើអត្តឃាត ប៉ុន្តែមិនមែនមុននឹងប្រាប់អ្នកដែលស្និទ្ធនឹងគាត់ "ឲ្យក្រោកឈរឡើង"ទេ។ សក្ខីកម្មរបស់លោកនឹងបន្តថ្ងៃនេះ៕  

រដ្ឋាភិបាល​​ចង់​បាន​​ការ​ទទួល​ខុសត្រូវ​ចំពោះ​​ការ​ការ​ពារ​កុមារ​​​ច្រើន​ជាង​មុន​

ការខ្វះតួនាទីដែលកំណត់ច្បាស់លាស់សម្រាប់អាជ្ញាធរ និងក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលពាក់ព័ន្ធក្នុងការ ការពារកុមារ កំពុងរារាំងការឆ្លើយតបចំពោះការរំលោភបំពានលើកុមារ ការកេងប្រវ័ញ្ច និងការមិនយកចិត្ត ទុកដាក់ ជាអ្វីមួយដែលរដ្ឋាភិបាលសង្ឃឹមថា នឹងកែតម្រង់ដោយមានអនុក្រឹត្យថ្មីមួយដែលពង្រឹងច្បាប់ ដែលមានស្រាប់។ ក្រសួងសង្គមកិច្ចកំពុងព្រាងអនុក្រឹត្យមួយដែលនឹងកំណត់ស្ដង់ដារអប្បបរមា និងដាក់ចេញយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវរបស់នាយកដ្ឋាន អាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលនានាដែលមានភារកិច្ចការពារកុមារ។ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាទទួលខុសត្រូវចំពោះកុមារ ជាស្ថាប័នរដ្ឋមានភារកិច្ចការពារសិទ្ធិកុមារ បានមានប្រសាសន៍ក្នុងបទបង្ហាញនៃសេចក្ដីព្រាងកាលពីថ្ងៃសុក្រថា ការខ្វះកាតព្វកិច្ចច្បាស់លាស់ជាញឹកញាប់បាននាំឱ្យមានការអនុវត្តច្បាប់ទន់ខ្សោយ។ លោកស្រី សុភាព បានមានប្រសាសន៍បន្ទាប់ពីការប្រជុំជាមួយរដ្ឋាភិបាល និងអ្នកតំណាងអង្គការក្រៅរដ្ឋាភិបាលថា "យើងបានឃើញមានការខ្វះចន្លោះក្នុងច្បាប់ដែលមានស្រាប់ដើម្បីការពារកុមារ។...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចង់​បាន​ច្បាប់​ហាម​ការ​មាន​ផ្ទៃ​ពោះ​ជំនួស

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចង់បានបម្រាមមួយលើការមានផ្ទៃពោះជំនួសបែបរកស៊ី ដោយហៅកិច្ចការនេះ ដែលស្ត្រីកម្ពុជាម្នាក់ផ្តល់កំណើតកូនរបស់ឪពុកម្តាយផ្សេង ថាជាទម្រង់នៃការជួញដូរ ដែលសមត្ថកិច្ចគួរត្រូវស៊ើបអង្កេត។ ថ្លែងកាលពីថ្ងៃពុធក្នុងបទបង្ហាញគោលការណ៍ណែនាំថ្មីរបស់ក្រសួងស្តីពីការស្មូមកូនចិញ្ចឹមក្នុងស្រុក លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់សមាជិករដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញច្បាប់ថា ជនបរទេសរាប់ពាន់នាក់បានធ្វើដំណើរមកប្រទេសកម្ពុជា និងបានចំណាយលើអ្នកជំនួសដើម្បីពពោះកូនរបស់ពួកគេ។ លោកបានមានប្រសាសន៍ថា "យើងត្រូវការច្បាប់នេះដើម្បីទប់ស្កាត់ការមានផ្ទៃពោះបែបនេះ ពីព្រោះខ្ញុំដឹងថា ទង្វើនេះនឹងមិនបំពេញសេចក្តីត្រូវការរបស់បុគ្គលទេ ប៉ុន្តែខ្ញុំខ្លាចក្រែងថា គេប្រើវាជាទម្រង់នៃការជួញដូរទៅវិញ"។ លោកបានមានប្រសាសន៍បន្ថែមថា "យើងមិនចង់ឃើញការជួញដូរប្រភេទនេះក្នុងប្រទេសរបស់យើងទេ"។ លោក វង្សវឌ្ឍានា បានមានប្រសាសន៍ថា លោកបានស្រាវជ្រាវតាមអីុនធឺណិតអំពីការមានផ្ទៃពោះជំនួស និងឪពុកម្តាយដែលចង់បានរបៀបនេះ...