ក្រដាសប្រាក់​​គំរូ​ថ្មី​ត្រូវ​បាន​ចេញ​ផ្សាយ ​ដើម្បី​ចូ​ល​រួម​ប្រារព្ធព្រះ​ពិធី​បុណ្យចម្រើន​ព្រះ​ជន្ម

យោង​តាម​សេចក្តីប្រកាស ​របស់​​ធនា​គារ​ជា​តិ​នៃ​កម្ពុជា​​ បាន​បង្ហាញថា ​ធនាគារ​កណ្តា​ល​​នេះ​ កាល​ពី​​ម្សិល​មិញ​ ​បាន​ចាប់​ផ្តើម​ដា​ក់​ឲ្យ​ក្រដាសប្រាក់​ប្រភេទ​១០.០០០​រៀ​ល​ (២​៥​ដុល្លារ​)​គំរូថ្មី​ ចរចា​ក្នុង​សេដ្ឋ​កិច្ច​​​របស់​ប្រទេសកម្ពុជា ដើម្បី​ចូ​ល​រួម​ប្រារព្ធ ព្រះ​ពិធី​បុណ្យ​ចម្រើន ​ព្រះ​ជ​ន្ម​ព្រះ​ម​ហា​ក្សត្រ នរោត្តម សីហមុនី ​លើ​ក​ទី​៦១​ ​ខាង​ពេល​ខាង​​មុខ​។​

​សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា​ “ ដើម្បី​ចូលរួម​ប្រារព្ធព្រះ​ពិធី​ ចម្រើន​ព្រះ​ជ​ន្ម​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី ដែល​នឹ​ង​យាង​ចូល​ព្រះ​ជន្មាយុ​ ៦១​ព្រះវស្សា​ (​នៅ​ថ្ងៃ​ទី​១៤​ខែ​ឧសភា​)​​ ​លោក​នាយក​រ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​អនុ​ញ្ញាតឲ្យ​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ដាក់​ឲ្យ​​ក្រដាសប្រាក់ប្រភេទ​១​០​.០០០​រៀល​គំរូថ្មី​ ចរចា​​ក្នុង​សេដ្ឋកិច្ច​របស់​ប្រ​ទេស​កម្ពុជា​”។ ​សេចក្តី​ប្រកាស​ដដែល​​បាន​បង្ហាញ​បន្ថែម​ទៀត​ថា ​លោក ​ហ៊ុន​ សែ​ន​ បាន​ចុះហត្ថ​លេខា​​លើ​អនុ​ក្រឹត្យរប​ស​់​រដ្ឋាភិបាល ​ដើម្បី​អនុម័តក្រដាសប្រាក់​​នេះ កាលពីថ្ងៃទី​៣០​ខែ​មេសា​។​

ក្រដាសប្រាក់ប្រភេទ១០.០០០​រៀល​គំរូថ្មី​​ ដែល​មាន​​បណ្តោយប្រវែង​​១៥០​មីល្លីម៉ែត្រ​ ​និ​ង​​​ទទឹងប្រវែង​៧៥​មីល្លីម៉ែត្រ​​នេះ នៅផ្នែក​កណ្តា​លត្រូវ​បានរំលេច​ឡើង​ នូវ​ព្រះ​ឆា​យា​ល័​ក្ខ​ណ៍ ​នៃ​អតីត​ព្រះ​ម​ហា​ក្សត្រ​ ព្រះ​បរម​រត​នកោដ្ឋ ​នរោត្ត​ម​សី​ហនុ​ ​និង​សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម​ ម​ុនីនាថ​ សីហនុ​។​
​នៅ​ផ្ទៃ​ខាង​ខ្នង​នៃ​ក្រដាសប្រាក់​នេះ​ រំ​លេ​ច​ចេញ​នូវ​ព្រះឆាយាល័ក្ខណ៍​ នៃ​ព្រះករុ​ណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ​នរោត្ត​ម​ សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុង​ពិ​ធី​ឡើង​គ្រង​រាជ្យ​។​

លោកស្រី​ ងួន​ សុខា អគ្គនាយិកា​ធ​នា​គារ​ជាតិ​នៃកម្ពុជា ​បាន​មាន​ប្រសាស​ន៍​ថា​ ក្រដាស​ប្រាក់គំរូ​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ទឹក​ចិត្ត​ប្រ​ជាជន​ឲ្យ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​រៀល​​​ ឲ្យ​បាន​ញឹក​ញាប់​ជាង​មុន ដើម្បី​កាត់​បន្ថយ​កា​រ​ពឹង​ផ្អែក​លើ​រូបិយ​​ប័ណ្ណ​ដុល្លារ​។ ​លោក​ស្រី​បាន​ថ្លែង​ថា “ យើង​ចង់​ជំរុញ​ការ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​
រៀល ​និងកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​​ដុល្លារ​ ​ក្នុង​ប្រតិ​បត្តិ​កា​រ​ធំៗ​”។​

រដ្ឋា​ភិបាល​កម្ពុជា​មាន​គោល​ន​យោបាយ​បដិ​ដុល្លា​​រូប​នីយកម្ម ​ក្នុង​សេដ្ឋកិ​ច្ចរបស់​ប្រទេស​កម្ពុជា​។ក៏ប៉ុន្តែ ​រហូត​មក​ទល់​ពេល​េនះ​ ស្ថាន​ភាព​ជាក់​​ស្តែង​ ការ​អ​នុ​វត្ត​គោល​នយោបាយ​នេះ​ ពិត​ជាជួ​បកា​រ​លំបាក​ ហើយ​ភាគ​ច្រើន​នៃ​មូល​ធន​ក្នុង​វិស័​យ​ធនាគារ​នៅតែ​ត្រូវ​បាន​ដាក់​ ជា​រូបិយ​ប័​​ណ្ណ​ដុល្លារ​របស់​សហ​រដ្ឋ​អាមេរិក​៕

ប្រែ​សម្រួល​ដោយ​ កង សុធា​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.