ទំនិញ​ឆ្លងកាត់​តាម​កំពង់​ផែ​ស្វ​យ័ត​​ភ្នំ​ពេញ​កើន​ឡើង​ជិត​១៧​ភាគ​រយ

មន្ត្រី​កំពង់​ផែ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃពុធ​ថា​ ​បរិមាណ​ទំនិញ​ចេញ​ចូលមក​កម្ពុជា​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ​២០១២​​កើន​ឡើង​ជិត​១៧​ភាគ​រយ​ បើ​ប្រៀប​​ធៀប​ទៅ​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។

លោក​ អៀង​ វេងស៊ុន​ អគ្គនាយក​រង​កំពង់​​ផែ​ស្វយ័ត​ភ្នំ​ពេញ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១២​ កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​ទទួល​បាន​កុងតឺន័រ​តាម​បទ​ដ្ឋាន​សរុប​ចំនួន​៩៥.៣៣៣​កុង​តឺន័រ​ ដោយ​បាន​កើន​ឡើង​ពី​ចំនួន​៨១.៦៣១​កុងតឺន័រ​កាល​ពី​ឆ្នាំ​២០១១។

លោក​បាន​បន្ត​ទៀត​ថា​ ទាំង​ការ​នាំ​ចេញ​ និង​ការ​នាំ​ចូល​កាល​ពី​ឆ្នាំ​មុន​សុទ្ធ​តែ​មាន​ការ​កើន​ឡើង​ ហើយ​ផលិត​ផល​សម្រេច​ខាង​វិស័យ​កាត់​ដេរ​រួម​ចំណែក​ដល់​ទៅ​ចំនួន​៨០​ភាគ​រយ​នៃ​ការ​នាំ​ចេញ​សរុប​ ដោយ​ភាគ​ច្រើន​​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អា​មេរិក​ និង​សហភាព​អឺរ៉ុប។​ សម្ភារ​កសិកម្ម​រួម​ចំណែក​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​នាំ​ចូល។

លោក​មាន​ប្រសាសន៍​ថា​ “យើង​ឃើញ​ថា​ ​ការ​នាំ​ចូល​សម្ភា​រសំណង់​មាន​ការ​កើន​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​តម្រូវ​ការ​ពី​វិស័យ​សំណង់”។ លោក​បាន​បន្ថែម​ទៀត​ថា​ លោក​រំពឹង​ថា​ បរិមាណ​ទំនិញ​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​នឹង​បន្ត​កើន​ឡើង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា​ ការ​​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​នឹង​កើន​ឡើង​ ពីព្រោះ​តម្រូវ​ការ ​[នៅ​​ក្នុង​ស្រុក​ និង​នៅ​ឯ​បរទេស]​ នឹង​កើន​ឡើង​។​ ដរាប​ណា​ស្ថាន​ភាព​នៅ​តែ​ដូច​សព្វ​ថ្ងៃ​នេះ​ នោះ​វា​ [ទំនិញ]​ នឹង​មិន​ថយ​ចុះ​នោះ​ទេ​”៕​ កុក​ទៀន

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.