រថយន្ត​ អង្គរ​ត្រូវ​បាន​ដាក់​បង្ហាញ​ម្តង​ទៀត​នៅក្នុង​ឆ្នាំ​នេះ​បន្ទាប់​ពី​មាន​បញ្ហា​បច្ចេកទេស​រួច​មក

បន្ទាប់​ពី​បាន​ពន្យារ​ពេល​ផលិត​រថយន្ត​អង្គរជា​ទ្រង់​ទ្រាយ​ធំ​ ដោយសារ​តែ​មាន​បញ្ហា​​បច្ចេក​ទេសខាង​ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ និង​ប្រព័ន្ធ​បិទ​បើក​ទ្វារ​រួច​មក​ កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ បាន​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​ ហើយ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ ដែល​​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​កំហុស​បច្ចេក​ទេស​របស់​រថយន្ត​អង្គរ​កាល​ពី​មុន។

 ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ បាន​ដាក់​បង្ហាញ​រថយន្ត​អង្គរម៉ូដែល​ថ្មី​ នៅតាម​បណ្តោយ​​​មហាវិថី​ព្រះ​មុនីវង្ស​​ កាលពីម្សិលមិញ។ Phok Dorn/The Cambodia Daily
ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ បាន​ដាក់​បង្ហាញ​រថយន្ត​អង្គរម៉ូដែល​ថ្មី​ នៅតាម​បណ្តោយ​​​មហាវិថី​ព្រះ​មុនីវង្ស​​ កាលពីម្សិលមិញ។ Phok Dorn/The Cambodia Daily

លោក​ស្រី​ សៀង​ ចាន់ហេង​ នាយិកា​ក្រុម​​​ហ៊ុន ហេងអភិវឌ្ឍន៍​ បាន​មាន​ប្រសាសន៍​​នៅ​ឯ​កន្លែង​ដាក់​តាំង​រថយន្ត​អង្គរ​តាម​បណ្តោយ​​​មហាវិថី​ព្រះ​មុនីវង្ស​​ ថា​“ យើង​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន​ ចាវ​ លឿង​ អុីន​ធើ​ប្រាយ​ គ្រុប​ (Lau Leong Enterprise Group)​ ដើម្បី​ឲ្យ​ផ្តល់​គ្រឿង​អគ្គិសនី​សម្រាប់​រថយន្ត​អង្គរ​ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ គាត់​មាន​រោង​​ចក្រ​ផលិត​រថយន្ត​មួយ​នៅ​​​ហុងកុង។​ ក៏​ប៉ុន្តែ​ នៅ​ពេល​ខ្ញុំ​ទៅ​ដល់ហុងកុង​ ដើម្បី​​មើល​រោង​ចក្រ​របស់​គាត់​…​ខ្ញុំ​មាន​ការ​ខក​ចិត្ត​យ៉ាងខ្លាំង គឺ​គាត់​គ្មាន​រោង​ចក្រ​ទេ​”។

រថយន្ត​អង្គរ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ប្រើ​​​ថាម​ពល​អគ្គិសនី​ ហើយ​បណ្តោយ​ និង​ទទឹង​រថយន្ត​មាន​ប្រវែល​ស្ទើរ​តែ​ប្រហាក់​ប្រហែល​​គ្នា។​ រថយន្ត​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​លើក​ទី១​កាល​ពី​ឆ្នាំ​២០១១​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ ចុះ​កិច្ច​ព្រៀម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ Chau Leong​ ដើម្បី​សាង​សង់​រោង​ចក្រ​ផលិត​រថយន្ត​មួយ​កន្លែង​នៅ​ ក្រុង​តាខ្មៅ។​ ក៏​ប៉ុន្តែ​ ការ​ផលិត​រថយន្តបាន​ជាប់​គាំង​ នៅ​ពេល​អ្នក​រចនា​រថយន្ត​មិន​អាច​ដំឡើង​ប្រព័ន្ធ​ដំណើរ​ការ​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​ ដើម្បី​បញ្ឆេះ​​ម៉ាស៊ីន​ និង​បើក​ទ្វារ​រថយន្ត​បាន។

លោក​ស្រី​ ចាន់ហេង​ មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ ផលិត​រថយន្ត​តែ​មួយ​គ្រឿង​គត់​ ដែល​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ​កាល​ពី​ម្សិល​មិញ។

លោក​ ញាណ ផល្លឹក​ អ្នក​រចនា​ផលិត​រថ​យន្ត​​អង្គរ​ ​ថ្លែង​ថា​ ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​កំពុង​សម្លឹង​រក​ឱកាស​វិនិ​យោគ​​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​ បើទោះ​ជា​លោក​បាន​បដិសេធ​មិន​​បង្ហាញ​នូវ​ក្រុម​ហ៊ុន​ណា​មួយ​ ដែល​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​ចង់​វិនិយោគ​ជា​មួយ​ក៏​ដោយ។​​ លោក​បាន​ឲ្យ​ដឹង​ថា​ “ យើង​កំពុង​សម្លឹង​រក​ឱកាស​វិនិយោគ​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​”។

រថយន្ត​ម៉ូដែល​ថ្មី​នេះ​មើល​ទៅ​មាន​ភាព​ខុស​ប្លែក​ពី​រថយន្ត​មុន​ ដោយ​មាន​ដំបូល​រឹង​មាំ​ ទ្វារ​បើក​ឡើង​លើ​ ដែល​មើល​ទៅ​មាន​លក្ខណៈ​​ជា​រថយន្ត​ស្ព័រ​ទំនើប។​ រថយន្ត​នេះ​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​មុន​ដែរ​ ពោល​គឺ​មាន​តម្លៃ​១០.០០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។

លោក​ ផល្លឹក​ ​មាន​ប្រសាសន៍​ថា​ “យើង​នៅ​តែ​ប្រើ​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​ សម្រាប់​បើក​ទ្វារ​ និង​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត…​ហើយ​អ្នក​​ចំណាយ​ពេល​សាក​ត្រឹម​តែ​បី​ម៉ោង​ប៉ុណ្ណោះ​ ហើយ​អ្នក​អាច​បើក​បាន​ចម្ងាយ​៣០០​គីឡូ​ម៉ែត្រ។​ វា​ពិត​ជា​ធូរថ្លៃ​ជាង​ប្រើ​សាំង”។​ លោក​​បាន​បន្ថែម​ទៀត​ថា​ ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍន៍​​មាន​ផែន​ការ​ចេញ​បង្ហាញ​ម៉ូដែល​ចំណុះ​​បី​កៅ​អីនៅ​ខែ​មិថុនា​ ហើយ​ក៏​មាន​ផែន​ការ​ផលិត​ម៉ូដែល​បួន​កៅអី ប្រាំ​មួយ​កៅអី និង​១២​កៅ​អីផង​ដែរ​នៅ​ពេល​ខាង​មុខ។

លោក​ ផល្លឹក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មិន​ទាន់​ច្បាស់​ទេ​​ថា​ តើ​ក្រុម​ហ៊ុន​មាន​គោល​បំណង​ដាក់​លក់​រថយន្ត​នៅ​លើ​ទីផ្សារ​ចំនួន​ប៉ុន្មាន​គ្រឿង​នោះ​៕កុក​ទៀន

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.