CATEGORY
ព័ត៌មានជាតិ
រោងចក្រកាត់ដេរមួយក្នុងខេត្តស្វាយរៀង កន្លែងដែលកម្មករជាង១០០នាក់បានដួលសន្លប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបាននិមន្តព្រះសង្ឃប្រាំមួយអង្គមកប្រោះព្រំបណ្តេញឧបទ្រពចង្រៃចេញពីរោងចក្រកាលពីម្សិលមិញ ហើយរោងចក្រនឹងបើកដំណើរឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីបានយល់ព្រមកែលម្អប្រព័ន្ធខ្យល់ចេញចូលក្នុងរោងចក្រ។
កម្មករនៅរោងចក្រកាត់ដេរ You Li International ដែលកាន់កាប់ដោយចិនតៃវ៉ាន់ក្នុងក្រុងបាវិតដែលកម្មករប្រហែល១.៨០០នាក់ ដេរសម្លៀកបំពាក់ឈុតក្នុងសម្រាប់ទីផ្សារប្រទេសជប៉ុននោះ បានដួលសន្លប់បន្ទាប់ពីឃើញកម្មករមួយចំនួនបានក្អួតចង្អោរ ដោយធុំក្លិនកាវ ពីរលើកដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រ និងថ្ងៃច័ន្ទ។
មន្ទីរការងារខេត្តបានបញ្ជាឲ្យបិទរោងចក្រនេះកាលពីថ្ងៃច័ន្ទ ដោយលើកឡើងពី "អាកាសធាតុក្តៅ និងខ្វះខ្យល់អុកស៊ីសែន" ចំពោះហេតុការណ៍នេះ។
កាលពីម្សិលមិញ លោក អ៊ូ សុធឿន អនុប្រធានមន្ទីរការងារខេត្តបានមានប្រសាសន៍ថា រោងចក្រនឹងបើកដំណើរការឡើងវិញនៅថ្ងៃេនះ ហើយមានរយៈពេលមួយសប្តាហ៍ដើម្បីដាក់កង្ហារបន្ថែម និងសម្អាតបង្គន់អនាម័យដើម្បីបំបាត់ក្លិនអាក្រក់។
កម្មករដែលបានដួលសន្លប់ទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្នុងក្រុងបាវិត។
លោក សុធឿន បានមានប្រសាសន៍ថា "ពួកគេមិនមានស្ថានភាពធ្ងន់ធ្ងរទេ។ ពួកគេភាគច្រើនបានចេញពីមន្ទីរពេទ្យវិញហើយនៅថ្ងៃេនះ"។
ដំបូងបុគ្គលិករដ្ឋបាលរោងចក្របានលើកឡើងថា រោងចក្រមិនទាន់សម្រេចថា តើត្រូវបើកប្រាក់ខែឲ្យកម្មករសម្រាប់ពេលឈប់សម្រាកនេះ ឬយ៉ាងណានោះឡើយ ប៉ុន្តែ លោក សុធឿន បានមានប្រសាសន៍ថា រោងចក្រនឹងបើកឲ្យ។
គេមិនអាចទាក់ទងបុគ្គលិករោងចក្រ ដើម្បីសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ពុធ ស្រីទូច កម្មការិនីនៅរោងចក្រនេះបាននិយាយថា អ្នកគ្រប់គ្រងបានយល់ព្រមបើកប្រាក់ខែដល់ពួកគេ។ កម្មការិនីរូបនេះបាននិយាយថា "រោងចក្របានសន្យាថា រោងចក្រនឹងមិនកាត់ប្រាក់ខែរបស់ពួកយើងសម្រាប់ថ្ងៃឈប់សម្រាកបន្ទាប់ពីមានការដួលសន្លប់ឡើយ។ យើងនឹងចូលធ្វើការវិញនៅថ្ងៃស្អែកដូចធម្មតា"។
ស្រីទូច ស្ថិតនៅក្នុងចំណោមកម្មករ៦០០នាក់ ដែលបានចូលរួមក្នុងពិធីសូត្រមន្តប្រោះព្រំនៅរោងចក្រដើម្បីឲ្យកម្មករត្រៀមខ្លួនត្រឡប់ចូលធ្វើការវិញ។
កម្មការិនីរូបនេះបាននិយាយថា "រោងចក្របានអំពាវនាវឲ្យពួកយើងចូលរួមក្នុងពិធីនោះនៅក្នុងរោងចក្រ ហើយបានប្រាប់ពួកយើងកុំឲ្យបារម្ភពីការដួលសន្លប់ ពីព្រោះពួកគេបានកែកុនបញ្ហាមួយចំនួនហើយ។ ពួកគេបាននិមន្តព្រះសង្ឃមកសូត្រធម៌ប្រោះព្រំដើម្បីបណ្តេញឧបទ្រពរួចហើយ"។
លោក សំ ចិន្តា តំណាងសម្ព័ន្ធសហជីពចលនាកម្មករនៅរោងចក្រនេះបានជំរុញឲ្យរោងចក្រអនុវត្តតាមបទដ្ឋានចាំបាច់ទាំងអស់។លោកបាននិយាយថា ប្រសិនបើរោងចក្រគ្រាន់តែធ្វើពិធីប្រោះព្រំ ហើយមិនកែកុនបញ្ហាឲ្យបានឆាប់រហ័សទេនោះ ស្ថានភាពនឹងមិនផ្លាស់ប្តូរឡើយ។ ខ្ញុំស្នើឲ្យរោងចក្រយកចិត្តទុកដាក់ដល់សុខភាពរបស់កម្មករផង ហើយកុំគិតតែកេងយកប្រយោជន៍ពីពួកគេ"៕សារុន
ជនជាប់ចោទជួញដូរគ្រឿងញៀន ច្រានចោលការចោទប្រកាន់អំឡុងសវនាការ
មួយឆ្នាំបន្ទាប់ពីបុរសជនជាតិវៀតណាមម្នាក់ត្រូវបានចាប់ខ្លួនពេលកំពុងព្យាយាមផ្ញើតុក្កតាខ្លាឃ្មុំដែលមានលាក់ស្យូដូហ្វេឌ្រីន (Pseudoephedrine) ជាសារធាតុគីមីម៉្យាងសម្រាប់ផលិតគ្រឿងញៀន ពីភ្នំពេញទៅកាន់ប្រទេសអូស្ត្រាលី បុរសវ័យ៤៧ឆ្នាំរូបនេះកាលពីម្សិលមិញ បានបង្ហាញមុខក្នុងតុលាការពីបទគម្រោងរត់ពន្ធគ្រឿងញៀនមួយទៀត ហើយបានច្រានចោលការចោទប្រកាន់ទាំងនេះ។
បុរសឈ្មោះ វ៉ាន វ៉ៃ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៤ពេលកំពុងប៉ុនប៉ងផ្ញើតុក្កតាខ្លាឃ្មុំធំៗចំនួនប្រាំ ដែលផ្ទុកទៅដោយស្យូដូហ្វេឌ្រីន ទម្ងន់១២គីឡូក្រាម ជាថ្នាំបន្ធូរតឹងច្រមុះម្យ៉ាងដែលជាទូទៅប្រើសម្រាប់ផលិតថ្នាំញៀនមេតាំហ្វេតាមីន។
មួយខែក្រោយមកកន្សែងពោះគោចំនួន៣៨ ជ្រលក់ត្រាំជាមួយអ្វីដែលនគរបាលបាននិយាយនៅពេលនោះថា កេតាមីន(Ketamine) ត្រូវបានរកឃើញរុំថង់ប្លាស្ទិកក្នុងអាផាតមិនមួយកន្លែងដែលជននេះបានស្នាក់នៅជាមួយបុរសម្នាក់ឈ្មោះ ឡេ វីឡាំ អាយុ៣០ឆ្នាំដែលបច្ចុប្បន្ននគរបាលកំពុងតាមចាប់ខ្លួន។
វរសេនីយ៍ទោ ឈូក គា មកពីនាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា “ ទទួលបានព័ត៌មានសម្ងាត់ពីភ្នាក់ងារនគរបាលថា ខណៈជាប់ពន្ធនាគារ វ៉ាន វ៉ៃ បានហៅ ឡេ វីឡាំ ឲ្យទៅជួយយកកន្សែងពោះគោទាំងនោះចេញពីកុនដូក្នុងខណ្ឌទួលគោកខាងលើនេះ ហើយបានសន្យាឲ្យជននេះ៣.០០០ដុល្លារ"។
លោកបានមានប្រសាសន៍ទៀតថា បន្ទាប់ពីនគរបាលដកហូតកន្សែងពោះគោទាំងនេះដែលក្នុងកន្សែងនីមួយៗមានទំហំ១,៨ម៉ែត្រគុណនឹង០,៩១ម៉ែត្រ ពួកគេបានកំណត់ដឹងថា កន្សែងទាំងនោះត្រូវបានជ្រលក់ត្រាំស្យូដូហ្វេឌ្រីន។ "បន្ទាប់ពីពិនិត្យមើលគ្រឿងញៀនរួច យើងបានបញ្ជាក់ថា ម្ស៉ៅផ្សំគ្រឿងញៀនទាំងនោះត្រូវបានជ្រលក់ត្រាំចូលក្នុងកន្សែងទាំងនោះ"។ លោកបានមានប្រសាសន៍បន្ថែមថា គីមីដែលប្រមូលបានមានទម្ងន់ត្រឹមតែជាង១២គីឡូក្រាមប៉ុណ្ណោះ។
ដំបូងឡើយអាជ្ញាធរកម្ពុជាបានចាប់ខ្លួន វ៉ាន វ៉ៃ ក្រោយពីទទួលបានព័ត៌មានសម្ងាត់ពីនគរបាលសហព័ន្ធអូស្ត្រាលីដែលបានជូនដំណឹងពួកគេថា តុក្កតាខ្លាឃ្មុំចំនួនប្រាំមួយប្រអប់មានផ្ទុកពេញទៅដោយស្យូដូហ្វេឌ្រីន បានចូលទៅដល់ប្រទេសនោះកាលពីខែធ្នូឆ្នាំ២០១៤។
ពេលបង្ហាញមុខក្នុងតុលាការកាលពីម្សិលមិញ ពីបទរក្សាទុកនិងរត់ពន្ធគ្រឿងញៀនពាក់ព័ន្ធនឹងកន្សែងពោះគោដែលដកហូតបាន វ៉ាន វ៉ៃ បានបដិសេធថា ខ្លួនមិនបានធ្វើអ្វីខុសទេ ដោយលើកឡើងថា ខ្លួនមិនមែនជាម្ចាស់កន្សែងពោះគោទាំងនោះទេ ហើយខ្លួនក៏មិនមែនជាអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួលអាផាតមិននោះដែរ។
វ៉ាន វ៉ៃ និយាយទៀតថា "ខ្ញុំមិនបានប្រព្រឹត្ត ទេ។ ផ្ទះនោះគឺ ឈ្មោះ ឡាំ ជាអ្នកជួលហើយខ្ញុំគឺជាសាក្សីដឹងឮនៅក្នុងកិច្ចសន្យាជួលនេះ"។
ក្រឡាបញ្ជីមួយរូបបានអានចម្លើយបំភ្លឺរបស់ម្ចាស់ផ្ទះជួលដែលបានលើកឡើងថា វ៉ាន វ៉ៃ "កម្រមកលេង" ផ្ទះនេះណាស់។លោក តុបឈុន ហេង ចៅក្រមជំនុំជម្រះ បានមានប្រសាសន៍ថា សាលក្រមផ្តន្ទាទោសនឹងត្រូវប្រកាសនៅថ្ងៃទី១៣ ខែមីនា៕សុខុម
ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅពេលព្យាយាមយកថ្នាំញៀនចូលពន្ធនាគារ
ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំបានឲ្យដឹងកាលពីម្សិលមិញថា សន្តិសុខនៅក្នុងពន្ធនាគារដែលមានការយាមកាមដ៏តឹងរ៉ឹងនៅក្នុងខេត្តត្បូងឃ្មុំបានចាប់ខ្លួនស្ត្រីអាយុ៣២ឆ្នាំម្នាក់ កាលពីព្រឹកថ្ងៃច័ន្ទ ខណៈស្ត្រីរូបនេះប៉ុនប៉ងយកម៉ាទឹកកកទម្ងន់៣៥ក្រាមចូលក្នុងពន្ធនាគារ ដោយលាក់នៅក្នុងអាវទ្រនាប់របស់ខ្លួន។
លោក គា សុវណ្ណា ប្រធានមណ្ឌលអប់រំកែប្រែទី៣ បានលើកឡើងថា...
នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា សាកសពស្ត្រីអាក្រាតកាយម្នាក់ដែលត្រូវគេប្រទះឃើញកាលពីថ្ងៃច័ន្ទ នៅ ក្នុងព្រៃមួយក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទំនងជាករណីរំលោភ ហើយសម្លាប់។
លោក សំ សុខា នាយប៉ុស្តិ៍ឃុំព្រៃនប់ បានមានប្រសាសន៍ថា បុរសដើររកឃ្មុំម្នាក់បានប្រទះឃើញសាកសពនេះនៅក្នុងព្រៃខាងក្រៅភូមិបត់សិរមាន់ ។ លោកបានមានប្រសាសន៍ថា "នៅវេលាព្រឹក បុរសម្នាក់បានដើររកឃ្មុំ ហើយបានធំុក្លិនស្អុយយ៉ាងខ្លាំង។ បុរសរូបនេះបានប្រទះឃើញសាកសពស្ត្រីម្នាក់ដែលមិនស្គាល់ឈ្មោះហើយបានរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន"។
លោក សុខា បានមានប្រសាសន៍ថា ស្ត្រីរូបនេះមិនមានសម្លៀកបំពាក់ជាប់ខ្លួនទេ លើកលែងតែស្រោមជើង ហើយត្រូវបានគេកាច់មែកឈើក្បែរនោះយកមកគ្រប។ លោក សុខា បានមានប្រសាសន៍ថា "គេបានកាច់មែកឈើយកមកគ្របសាកសព"។ លោកបានបន្ថែមថា ស្ត្រីរូបនេះប្រហែលជាត្រូវគេសម្លាប់២០ទៅ៣០ថ្ងៃមកហើយ។ យើងនៅតែមិនអាចកំណត់អត្តសញ្ញាណជនរងគ្រោះបានដដែល ពីព្រោះសាកសពហើម និងរលួយយ៉ាងខ្លាំង"។
លោក សុខា បានមានប្រសាសន៍ថា នគរបាលជឿថា ស្ត្រីរូបនេះត្រូវបានរំលោភ ពីព្រោះនាងគ្មានសម្លៀកបំពាក់ជាប់ខ្លួនទេ ហើយថានាងត្រូវបានរំលោភ ហើយសម្លាប់ ពីព្រោះដៃស្តាំរបស់នាងបានបាក់ និងបាក់ធ្មេញមួយចំនួនទៀតផង។
លោក សារ៉ាត់ វិជ្ជា ប្រធានការិល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃនគរបាលខេត្ត ដែលបានដឹកនាំការធ្វើកោសល្យវិច័យសាកសពបានយល់ស្របថា ស្ត្រីរូបនេះទំនងជាត្រូវបានរំលោភ ហើយសម្លាប់។
លោកបានមានប្រសាសន៍ថា "យើងបានពិនិត្យសាកសពរួចហើយ។ ជនសង្ស័យអាចម្នាក់ ឬច្រើននាក់់បានរំលោភ ហើយសម្លាប់នាងនៅកន្លែងផ្សេង ហើយបន្ទាប់មកបានយកសាកសពមកព្រៃនេះ ពីព្រោះយើងបានឃើញស្នាមជើង"។
លោក វិជ្ជា បានមានប្រសាសន៍ថា កាលពីម្សិលមិញ នគរបាលខេត្តបានចាប់ផ្តើមពិនិត្យមើលរបាយការណ៍អ្នកបាត់ខ្លួនម្នាក់នៅក្នុងស្រុកព្រៃនប់ និងម្នាក់ទៀតមកពីខេត្តកំពត ដើម្បីរកឲ្យឃើញថា តើជនរងគ្រោះរូបនេះត្រូវគ្នានឹងរបាយការណ៍ឬយ៉ាងណា។
លោកបានមានប្រសាសន៍ថា យើងកំពុងទាក់ទងទៅក្រុមគ្រួសារមួយចំនួននៅឡើយអំពីករណីនេះ"។ លោកបានបន្ថែមថា សាកសពស្ត្រីរូបនេះត្រូវបានបញ្ចុះកាលពីថ្ងៃច័ន្ទ នៅវត្តមួយក្នុងស្រុកព្រៃនប់ ។
លោក កុល ផល្លី ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោកមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ។លោកបានមានប្រសាសន៍ថា "ការស៊ើបអង្កេតរបស់យើងកំពុងវិវឌ្ឍទៅមុខអំពីករណីនេះ។ យើងមិនទាន់បានទទួលភ័ស្តុតាងណាមួយនៅឡើយទេ"៕សារុន
ការប្រគំតន្ត្រី Kazantip នៅកោះពស់ត្រូវបានលុបចោលទាំងស្រុង
អាជ្ញាធរខេត្តព្រះសីហនុបានផ្លាស់ប្ដូរគំនិតម្ដងទៀតចំពោះការប្រគំតន្ត្រី Kazantip ជាតន្ត្រីបែបសប្បាយភ្លើតភ្លើនហួសហេតុ ដោយដកព្រឹត្តិការណ៍នេះចេញពីកោះពស់ក្នុងក្រុងព្រះសីហនុជាលើកទី២ ហើយមានមន្ត្រីម្នាក់បានលើកឡើងថា ការធ្វើដូច្នេះគឺមិនចង់ឲ្យមាន "ទេសចរណ៍បែបមិនសមគួរ"។
យោងតាមលោក ឈិន សេងងួន...
វិសាលភាពនៃបម្រាមដ៏ចម្រូងចម្រាសលើអង្គការមិនមែនរដ្ឋាភិបាលដែល "ប្រមាថ" គណបក្សនយោបាយនៅក្នុងយុទ្ធនាការបោះឆ្នោតកាលពីម្សិលមិញ បានបន្តធ្វើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិខ្វែងគំនិតគ្នា អំឡុងពេលចរចាដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរបស់ប្រទេស ដោយក្រុមចរចាបានសម្រេចបញ្ជូនបញ្ហានេះទៅឲ្យមេដឹកនាំបក្សរបស់ពួកគាត់ដោះស្រាយ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលពេលនេះនឹងពិភាក្សាអំពីបម្រាមនេះជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ពាក្យថា "ប្រមាថ" ប្រហែលជាត្រូវលុបចេញដោយប្រើពាក្យផ្សេងជំនួសដែលមិនគម្រាមរារាំងការរិះគន់ជាសាធារណៈ។
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងលោក គួយ ប៊ុនរឿន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានដឹកនាំក្រុមចរចាទាំងពីរនៅក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ហើយបានរួបរួមគ្នាដើម្បីដាក់បញ្ចូលបម្រាមលើការប្រមាថដែលលោកទាំងពីរមានប្រសាសន៍ថា នឹងធ្វើឲ្យអង្គការមិនមែនរដ្ឋាភិបាលមានអព្យាក្រឹតភាព។
ប៉ុន្តែ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍បន្ទាប់ពីការចរចានៅឯរដ្ឋសភាកាលពីម្សិលមិញថា ពេលនេះគណបក្សកាន់អំណាចកំពុងជំរុញឲ្យចេញបម្រាបនេះដើម្បីអនុវត្តក្រោយការបោះឆ្នោត អំឡុងរាប់សន្លឹកឆ្នោត ហើយជាញឹកញាប់បណ្តាអង្គការសង្គមស៊ីវិលជួយឃ្លាំមើលនីតិវិធីដើម្បីទប់ស្កាត់ការលួចបន្លំក្នុងការបោះឆ្នោត។
លោកបានមានប្រសាសន៍ទៀតថា "ពេលនេះយើងមិនទាន់បានឈានដល់ការព្រមព្រៀងគ្នាទេ ពីព្រោះវាជាការប្រសើរក្នុងការសរសេរវាឡើងសម្រាប់រយៈពេលធ្វើយុទ្ធនាការបោះឆ្នោត ប៉ុន្តែពេលនេះវានឹងត្រូវចែងសម្រាប់ថ្ងៃបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត។ វាជាការពិបាកក្នុងការហាមឃាត់ពួកគេអំឡុងរយៈពេលនោះពី នូវអ្វីដែលពួកគេរកឃើញ។ សម្រាប់យុទ្ធនាការបោះឆ្នោត យើងគ្រាន់តែហាមឃាត់ពួកគេមិនឲ្យផ្តួចផ្តើមផែនការចូលរួមក្នុងយុទ្ធនាការ និងការផ្តល់សម្ភារ និងថវិកាដល់គណបក្សនយោបាយ"។
លោក ប៊ិន ឈិន បានមានប្រសាសន៍ថា ពេលេនះមិនទាន់មានភាពច្បាស់លាស់ថា តើរដ្ឋាភិបាល នឹងដាក់ទោសមេដឹកនាំសង្គមស៊ីវិលដែលគេចាត់ទុកថាបានប្រមាថគណបក្សនយោបាយឬយ៉ាងណាទេ។
លោកបានមានប្រសាសន៍បន្តថា "រហូតមកទល់ពេលេនះ យើងមិនទាន់បានគិតអំពីការដាក់ទោសពៃទេ។ ប៉ុន្តែ ដូចខ្ញុំបាននិយាយហើយថា ទាំងសង្គមស៊ីវិលក្នុងស្រុក និងសង្គមស៊ីវិលអន្តរជាតិ គួរតែមានជំហរអព្យាក្រឹត និងភាពឯករាជ។ ពេលនេះវានិយាយអំពីបញ្ហាបោះឆ្នោត រាប់សន្លឹកឆ្នោត និងការពង្រឹង បោះឆ្នោត និងការប្រកាសលទ្ធផល យើងក៏ចង់ឲ្យពួកគេរក្សាអព្យាក្រឹត និងមិនលម្អៀងផងដែរដូចអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតជាដើម។ យើងគ្មានបំណងបញ្ឈប់ពួកគាត់មិនឲ្យបញ្ចេញយោបល់នោះទេ បើសិនជាពួកគេអព្យាក្រឹត និងនិយាយការពិតពេលនោះនឹងមិនប្រឈមទោសឡើយ"។
ទោះជាយ៉ាងណា លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា លោកមិនយល់ថា ហេតុអ្វីបានជាគណបក្សនយោបាយទាំងពីរចង់ដាក់ចេញបម្រាមប្រមាថ។
លោកបានមានប្រសាសន៍បន្ថែមថា "គំនិតសំខាន់នៃយុទ្ធនាការបោះឆ្នោតដើម្បីផ្តល់សេរីភាពដល់អ្នកទាំងអស់គ្នា សង្គមស៊ីវិល អ្នកបោះឆ្នោត អ្នកនយោបាយ សម្រាប់ការពិភាក្សាផ្នែកនយោបាយ និងការសាកសួរ។ ហេតុអ្វីបានជាពួកគេកំពុងព្យាយាមកាត់បន្ថយសេរីភាពបញ្ចេញមតិអំឡុងយុទ្ធនាការ? អំឡុងរយៈពេលបោះឆ្នោត ពួកគេគួរតែជំរុញលើកទឹកចិត្តឲ្យបញ្ចេញមតិឲ្យបានច្រើន។ ពួកគេគួរតែលើកឡើងលម្អិតពីបទប្បញ្ញត្តិរើសអើងប្រភេទនេះលើអង្គការសង្គមស៊ីវិល។ ហេតុអ្វីបានជាពួកគេកំពុងតម្រង់ទៅលើអង្គការសង្គមស៊ីវិល? តើបញ្ហាប្រភេទណាខ្លះដែលបានកើតឡើងក្នុងពេលកន្លងមកដែលមានការប្រមាថនេះដែរ។
ក្រោយពីការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ អង្គការមិនមែនរដ្ឋាភិបាលមួយក្រុមដែលហៅខ្លួនឯងថា សម្ព័ន្ធភាពកំណែទម្រង់ការបោះឆ្នោត (អឺរ៉ា) បានបញ្ចេញរបាយការណ៍ទូលំទូលាយមួយឡើងវិញដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលល្អនៅកន្លែងដែលមានភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតកើតឡើងភាគច្រើនបំផុត។
ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញផ្សាយចម្លើយឆ្លើយតបកម្រាស់៤០ទំព័រដោយអះអាងថា អង្គការមួយចំនួនដែលពាក់ព័ន្ធ ធ្វើការជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចេញឥទ្ធិពលលើទស្សនរបស់សាធារណជនជុំវិញការបោះឆ្នោត និងរំលំផ្តួលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកជឿថា ភាពចម្រូងចម្រាសជុំវិញបទប្បញ្ញត្តិនឹងត្រូវដោះស្រាយ ប្រសិនបើគណបក្សទាំងពីរអាចរកពាក្យមួយមកជំនួសពាក្យ "ប្រមាថ" ដែលមិនអាចមានន័យថា "រិះគន់"។
លោកបានមានប្រសាសន៍ទៀតថា បញ្ហានៅត្រង់ពាក្យពេចន៍ប៉ុណ្ណោះ។ យើងមិនចង់ប្រើប្រាស់ពាក្យ "ប្រមាថ" ទេ។ យើងនឹងរកពាក្យមួយដែលស័ក្ដិសមជាងនេះ។ យើងមិនអាចជំរុញលើកទឹកចិត្តឲ្យប្រមាថទេ ប៉ុន្តែ ការរិះគន់ដើម្បីស្ថាបនាគឺមានប្រយោជន៍ ហើយយើងមិនគួររារាំងការរិះគន់ទេ។ នៅទីបញ្ចប់ យើងនឹងរកពាក្យស័ក្តិសម បានដើម្បីធានាសេរីភាពបញ្ចេញមិតិរបស់សង្គមស៊ីវិលដោយគ្មានផ្តល់ភាពស្ញប់ស្ញែងថា តើពួកគេចេះប្រមាថអ្នកដទៃ ឬធ្វើឲ្យអ្នកដទៃខឹង។ គណបក្សសង្គ្រោះជាតិនឹងមិនទទួលយកពាក្យ បទប្បញ្ញត្តិណាមួយដែលបំបិទមាត់សង្គមស៊ីវិលឡើយ"៕សុខុម
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមានគម្រោងកោះអញ្ជើញមន្ត្រីរដ្ឋាភិបាលបួនរូបឲ្យមកកាន់សភាដើម្បីកំណត់ថា តើតំបន់នៃភ្នំបូកគោក្នុងខេត្តកំពតដែលភ្ញៀវទេសចរជនជាតិវៀតណាមប្រើប្រាស់សម្រាប់ពិធីបន់ស្រន់បួងសួងនោះ អាចប្រែក្លាយជាកន្លែងវប្បធម៌របស់ជនជាតិខ្មែរបានឬយ៉ាងណា។
លោក យ៉ែម បុញ្ញឫទ្ធិ សមាជិកសភាគណបក្សប្រឆាំង ដែលលោកក៏ជាប្រធានគណៈកម្មការរដ្ឋសភាទទួលបន្ទុកកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ដែរនោះ កាលពីសប្តាហ៍មុនបានធ្វើដំណើរទៅកាន់ភ្នំនោះដើម្បីពិនិត្យមើលតំបន់ដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរជនជាតិវៀតណាមនេះដោយសារមានផ្នូរធ្វើពីថ្មដែលគេជឿថា ជារបស់ដូនតាពួកគេនោះ។
សមាជិកសភារូបនេះមិនបានជួបភ្ញៀវទេសចរជនជាតិវៀតណាមណាម្នាក់ឡើយ អំឡុងការធ្វើដំណើររបស់លោកនៅទីនោះ ប៉ុន្តែ បានរកឃើញផ្នូរដែលគេអះអាងថា សម្រាប់ធ្វើពិធីបន់ស្រន់បួងសួងនោះ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា ឥឡូវនេះលោកនឹងព្យាយាមប្រែក្លាយតំបន់នេះទៅជាកន្លែងសាសនា និងវប្បធម៌សម្រាប់ប្រជាជនខ្មែរ។
លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា យើងនឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមកពិភាក្សាថា តើត្រូវគ្រប់គ្រងតំបន់ទេសចរណ៍នេះដើម្បីបម្រើដល់អត្តសញ្ញាណខ្មែរដោយរបៀបណា។
លោកបានបន្ថែមថា "គណៈកម្មការនេះកំពុងរៀបចំរបាយការណ៍ ហើយនឹងរកពេលវេលាស័ក្តិសមណាមួយដើម្បីកោះអញ្ជើញរដ្ឋមន្ត្រីទាំងនោះមកពិភាក្សាពីការគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំបូកគោនេះ"។
លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា គម្រោងនោះអាចមានការសាងសង់ពុទ្ធប្បដិមាដើម្បីឲ្យប្រជាជនខ្មែរគោរពបូជា ដែលលោកបានលើកឡើងថា ក៏អាចមានការគោរពដល់ផ្នូរធ្វើពីថ្មទាំងនោះផងដែរ។
លោកបានមានប្រសាសន៍ថា "វាជាការល្អណាស់ក្នុងការដាក់តម្កល់ពុទ្ធប្បដិមា ដើម្បីគោរពបូជានៅទីនេះ ។ យើងមិនទាន់ប្រាកដថា តើផ្នូរទាំងនេះជាផ្នូររបស់ជនជាតិវៀតណាម ឬយ៉ាងណានោះឡើយ ពីព្រោះប្រជាជនខ្មែរច្រើនណាស់បានស្លាប់នៅទីនេះ។
គ្មានរដ្ឋមន្ត្រីណាម្នាក់ក្នុងចំណោមរដ្ឋមន្ត្រីទាំងនោះអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានឡើយ។ ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋមន្ត្រីទាំងនោះទំនងជាមិនគាំទ្រការអំពាវនាវរបស់លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យអន្តរាគមន៍ដើម្បីប្រែក្លាយកន្លែងទេសចរណ៍នោះឡើយ។
លោកបានមានប្រសាសន៍ថា "នៅក្នុងរដ្ឋធម្មនុញ្ញ យើងមិនរើសអើងសាសនា ឬវប្បធម៌ណាឡើយ។ អ្វីដែលប្រឆាំងសេរីភាពសាសនា រដ្ឋាភិបាលមិនគាំទ្រឡើយ"។ លោកបានបន្ថែមថា "ភ្ញៀវទេសចរនាំមកនូវកំណើនសេដ្ឋកិច្ច មិត្តភាព និងពិពិធភាព ហើយវប្បធម៌ដ៏សម្បូរបែប គឺសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ យើងមិនលើកទឹកចិត្តឲ្យនរណាម្នាក់ប្រមាថក្រុមណាមួយឡើយ"។
ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិជាច្រើនចេញមកពីចលនាតស៊ូក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានប្រឆាំងរបបលើកបន្តុបដោយវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានប្រើប្រាស់វោហារសាស្ត្រប្រឆាំងជនជាតិវៀតណាមជាយូរមកហើយដើម្បី កសាងទុននយោបាយ៕សារុន
ក្រសួងពាក់ព័ន្ធមិនទាន់កំណត់ពេលដោះស្រាយបញ្ហាស៊ីនទ្រីនៅឡើយទេ
មន្ត្រីបាននិយាយថ្ងៃនេះថា ក្រសួងបរិស្ថានមិនទាន់បានកំណត់ពេលវេលា ដើម្បីពិភាក្សាអំពីការសើរើសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនស៊ីនទ្រីក្នុងការប្រមូលសំរាមសម្រាប់រយៈពេល២៥ឆ្នាំបន្តទៀតនៅឡើយទេ ក្រោយពីក្រុមហ៊ុនប្រមូលសំរាមមួយនេះមានបញ្ហាជាច្រើននោះ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ក្រសួងបរិស្ថានមិនទាន់កំណត់ពេលវេលាដើម្បីជួបប្រជុំជាមួយក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងក្រុមហ៊ុនស៊ីនទ្រីនៅឡើយទេ។
កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីបានប្រកាសនៅក្នុងលិខិតមួយថា ខ្លួនពិចារណាឲ្យមានការលុបចោលសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនស៊ីនទ្រីក្នុងការប្រមូលសំរាម ដោយសារតែក្រុមហ៊ុននេះ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹងនិងពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងការប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងបានមានប្រសាសន៍ថា...
កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសុំអន្តរាគមន៍ជួសមុខឲ្យលោក Alex Gonzalez-Davidson សកម្មជនការពារបរិស្ថាន ដោយស្នើឲ្យក្រសួងមហាផ្ទៃកែប្រែសេចក្ដីសម្រេចរបស់ខ្លួនដែលមិនព្រមពន្យារទិដ្ឋាកាឲ្យជនជាតិអេស្ប៉ាញរូបនេះជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីខែកញ្ញា។
លោក...
ប៉ូលិសបញ្ជាក់ថាមានជនសង្ស័យទី២ក្នុងការវាយប្រហារទាក់ទិននឹងកម្រៃកាហ្សានធីប
ប៉ូលិសនៅក្រុងព្រះសីហនុកាលពីថ្ងៃច័ន្ទបានបញ្ជាក់ថា បុរសទី២បានរងរបួសក្នុងការវាយប្រហារហិង្សាលើមនុស្សមួយក្រុម ដែលមានទាំងអ្នកគ្រប់គ្រងក្រុមហ៊ុនចាត់ចែងលក់សំបុត្រសម្រាប់ការប្រគំតន្ត្រីកាហ្សានធីប (Kazantip) នៅសណ្ឋាគារនិងកាស៊ីណូ ឃ្វីនកូ នៅយប់ថ្ងៃសុក្រ។
បុរសរុស្ស៊ីពីរនាក់ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ពីបទចូលរួមក្នុងការវាយប្រហារនោះ ត្រូវជាប់ចោទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មកាលពីល្ងាចថ្ងៃច័ន្ទ។
យោងតាមប៉ូលិសបានឲ្យដឹងថា ការវាយប្រហារនៅក្នុងសណ្ឋាគារនោះបានកើតឡើងនៅម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃសុក្រ...