31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

មនុស្ស​​​បួន​​​នាក់​​​ត្រូវ​​ចោទ​​​ប្រកាន់់​​ក្នុង​​​ករណី​​​ព្រួត​​​សម្លាប់​​​មនុស្ស​​​នៅ​​​កំពង់​​​ស្ពឺ​​​​​​

នគរ​​​បាល​​​បាន​​​និយាយ​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា បុរស​​​បួន​​​នាក់​​​នឹង​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​ជុំ​​​វិញ​​​ការ​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​ព្រួត​​​វាយ​​​បុរស​​​មាន​​​សតិ​​​មិន​​​គ្រប់​​​ម្នាក់​​​​​​ និង​​​ដុត​​​​​​សម្លាប់​​​ទាំង​​​រស់​​​យ៉ាង​​​សាហាវ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​។ លោក យឹម​​​ វ៉ន នាយ​​​បុ៉ស្តិ៍​​​នគរ​​​បាល​​​ឃុំ​​​ត្រពាំង​​​គង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ភូមិ​​​ប្រហែល​​​៥០​​​នាក់​​​នៅ​​​ក្នុង​​​​​​ឃុំ​​​របស់​​​លោក​​​ បាន​​​ព្រួត​​​វាយ​​​បុរស​​​ម្នាក់​​​ឈ្មោះ​​​ ទួន ពុទ្រា អាយុ​​​២៨​​​ឆ្នាំ ដែល​​​ពួកគេ​​​សង្ស័យ​​​ថា​​​ជា​​​ចោរ​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្នក​​​ភូមិ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​រង​​​គ្រោះ​​​ពី​​​បទ​​​ព្យាយាម​​​លួច​​​គោ​​​មួយ​​​ក្បាល​​​ និង​​​ម៉ូតូ​​​​​​មួយ​​​គ្រឿង​​​​​​ នៅ​​​ពេល​​​អ្នក​​​ភូមិ​​​​​វាយ​​​ដំ​​​ជន​​​រង​​​គ្រោះ​​​រហូតដល់​​​ជន​​​រង​​​គ្រោះ​​​រង​​​របួស​​​ធ្ងន់​​​ ហើយ​​​អាជ្ញាធរ​​​ប្រហែល​​​ល១០​​​នាក់​​​បាន​​​ព្យាយាម​​​រារាំង​​​អ្នក​​​ភូមិ​​​"។ លោក​​​បាន​​​លើក​​​ឡើ​​​ង​​​ទៀត​​​ថា ពេល​​​នោះ​​​ ស្រាប់​​​តែ​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ងាក​​​ទៅ​​​រក​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​បាន​​​ព្យាយាម​​​ជួយ​​​អន្តរាគមន៍​​​។ លោក​​​បាន​​​​​​បញ្ជាក់​​​ថា "អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ឆ្កួត​​​ហើយ​​​ សូម្បី​​​យើង​​​ជា​​​នគរ​​​បាល​​​ ក៏​​​ពួក​​​គេ​​​នៅ​​​តែ​​​ចង់​​​សម្លាប់​​​ជន​​​រង​​​គ្រោះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​មក​​​ អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​​​​អូស​​​បុរស​​​នេះ​​​ចម្ងាយ​​​១៥០ម៉ែត្រ​​​ចូល​​​ទៅ​​​វាល​​​ស្រែ​​​ ចង​​​ជន​​​រង​​​គ្រោ​​​ះ​​​នឹង​​​ដើម​​​ត្នោត​​​ ហើយ​​​ដុត​​​ទាំង​​​រស់​​​។ ជន​​​សង្ស័យ​​​បី​​​នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​ កង​​​ សាន អាយុ​​​៣០​​​ឆ្នាំ ឈ្មោះ អឿន សាត អាយុ​​​២៦​​​ឆ្នាំ និង​​​ឈ្មោះ ភឿន ភឿន អាយុ​​​២៨​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ស្រុក​​​សំរោង​​​ទង​​​​​​នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។ លោក ចាន់​​​ ឌី មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​​​ចាប់​​​ខ្លួន​​​បាន​​​ជន​​​សង្ស័យ​​​ម្នាក់​​ទៀត​​​ឈ្មោះ​​​ អៀម សាហុន អាយុ​​​៣០​​​​​​ឆ្នាំ​​​ នៅ​​​ព្រឹក​​​ដដែល​​​នោះ​​​។ លោក ទួន ឆាយ ដែល​​​ត្រូវ​​​ជា​​​បង​​​ប្រុស​​​របស់​​​ជន​​​រង​​​គ្រោះ​​​បាន​​​និយាយ​​​ថា ទួន​​​ ពុទ្រា បាន​​​បាត់​​​ខ្លួន​​​ពី​​​ផ្ទះ​​​របស់​​​គាត់​​​​​​នៅ​​​ក្នុង​​​ស្រុក​​​អង្គ​​​ស្នួល​​​ ខេត្ត​​​កណ្តាល​​​ កាល​​​ពី​​​ប្រហែល​​​ពីរ​​​សប្តាហ៍​​​មុន​​​ ហើយ​​​ទើប​​​តែ​​​​​​ឈប់​​​លេប​​​ថ្នាំ​​​សរសៃ​​​ប្រសាទ​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប៉ុណ្ណោះ​​​។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា "យើង​​​បាន​​​បាត់​​​​​​វា​​​​​​ប្រហែល​​​ពីរ​​​សប្តាហ៍​​​មុន ហើយ​​​បន្ទាប់​​​មក​​​យើង​​​ក៏​​​បាន​​​​​​ដឹង​​​​​​ថា វា​​​​​​ស្លាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​។ មុន​​​ពេល​​​យើង​​​បាន​​​បាត់​​​​​​វា​​​ វាមិន​​​បាន​​​លេប​​​​​​ថ្នាំ​​​សរសៃ​​​ប្រសាទ​​​ទេ​​​។ អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ និង​​​ជន​​​សង្ស័យ​​​ដែល​​​ត្រូវ​​​​​​​​​បាន​​​ចាប់​​​ខ្លួន​​​​​​​​​​​​​​​​​ពិត​​​ជា​​​សាហាវ​​​ណាស់។ ទោះ​​​បី​​​​​​ជា​​​វាធ្វើ​​​អ្វី​​​មិន​​​ល្អ​​​ក៏​​​ដោយ​​​ ក៏​​​​​​គួរ​​​តែ​​​បញ្ជូន​​​វា​​​​​​​​​ទៅ​​​នគរ​​​បាល​​​ ពួកគេ​​​មិន​​​គួរ​​​សម្លាប់វា​​​នោះ​​​ទេ​​​ វា​​​អយុត្តិធម៌​​​សម្រាប់​​​ប្អូន​​​ប្រុស​​​​​​ខ្ញុំ​​​"។ ជន​​​សង្ស័យ​​​ទាំង​​​បួន​​​នាក់​​​នឹង​​​ត្រូវ​​​​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់ស​​​្ពឺ​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​សៅ​​​រ៍ ដើម្ប​ី​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់ នេះ​​​បើ​​​យោង​​​តាម​​​លោក ចាន់ ឌី និង​​​លោក សំ សាក់​​​ នាយ​​​រង​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​​​​ខេត្ត​​​ដែលបាន​​​លើ​​ក​​​ឡើង​​​ថា ​​​មន្ត្រី​​​មាន​​​សមត្ថកិច្ច​​​កំពុង​​​សើុប​​​អង្កេត​​​​​​តាម​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​អ្នក​​​ផ្សេង​​​ទៀត​​​ដែល​​​ចូល​​​រួម​​​ជា​​​មួយ​​​ក្រុម​​​ជន​​​ល្មើស​​​នេះ​​​៕សុខុម ​​  

ព្រះ​​​សង្ឃ​​​វត្ត​​​សាមគ្គី​​​រង្សី​​​ស្នើ​​​សុំ​​​ឲ្យ​​​គណៈកម្មការ​​​បី​​​នៃ​​​រដ្ឋសភា​​​ចូល​​​រួម​​​ជា​​​មួយ​​​សាលា​​​រាជ​​​ធានី​​​នៅ​​​ក្នុង​​​ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​​​​វត្ត​​​នេះ​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ វត្ត​​​សាមគ្គីរង្សី​​​ ដែល​​​ស្ថិ​​​តក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ពី​​​សាលា​​​រាជ​​​ធានី​​​ជុំ​​​វិញ​​​ "សកម្មភាព​​​ប្រឆាំង​​​រដ្ឋាភិបាល​​​" បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​គណៈកម្មការ​​​ចំនួន​​​បី​​​នៃ​​​រដ្ឋ​​​សភា​​​ចូល​​​រួម​​​ជាមួយ​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​នៅ​​​ក្នុង​​​ការ​​​​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​វត្ត​​​នេះ​​​នៅ​​​រសៀល​​​ថ្ងៃ​​​អង្គារ។ ព្រះតេជគុណ ថាច់ ហាសំអាង ព្រះ​​​ចៅអធិការ​​​ស្តីទី​​​វត្ត​​​សាមគ្គី​​​រង្សី​​​ ដែល​​​ជឿ​​​ថា ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​នេះ​​​មាន​​​បំណង​​​បំភិត​​​​​​បំភ័យ ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា "អាត្មា​​​បាន​​​ផ្ញើ​​​លិខិត​​​ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​គណៈកម្មការ​​​ទី​​​១  គណៈកម្មការ​​​ទី​​​៧  និង​​​គណៈកម្មការ​​​ទី​​​១០  ឲ្យ​​​ចូល​​​រួម​​​ការ​​​ធ្វើ​​​អធិការកិច្ច​​​នេះ​​​។ អាត្មា​​​គិត​​​ថា នេះ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​លេស​​​ ដើម្បី​​​គំរាម​​​ព្រះ​​​សង្ឃ​​​ និង​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​វត្ត​​​កុំ​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​សង្គម​​​ដូច​​​ជា​​​បាតុកម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​រក​​​យុត្តិធម៌​​​ប៉ុណ្ណោះ​​​​​​"។ ក្រោយ​​​ពី​​​មាន​​ករណី​​​សាមណេរ​​​ចាក់​​​សម្លាប់​​​ភិក្ខុ​​​មួយ​​​អង្គ​​​នៅ​​​វត្ត​​​សាមគ្គី​​​រង្សី​​​កាល​​​ពី​​​ខែ​​​មុន សាលា​​​រាជ​​​ធានី​​​បាន​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដើម្បី​​​សើុប​​​អង្កេត​​​វត្ត​​​នេះ​​​ ដែល​​​ជា​​​វត្ត​​​មួយ​​​ក្នុង​​​ចំណោម​​​វត្ត​​​ចំនួន​​​តូច​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ដែល​​​មិន​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ហើយ​​​វត្ត​​​នេះ​​​ល្បី​​​ខាង​​​ផ្តល់​​​ជម្រក​​​​​ស្នាក់​​​នៅ​​​ដល់​​​​​​​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ដែល​​មក​​​តាម​​​បណ្តា​​​ខេត្ត​​​។ មន្ត្រី​​​បាន​​​ចោទ​​​ប្រកាន់​​​ព្រះ​​​សង្ឃ​​​គង់​​​នៅ​​​វត្ត​​​នេះ​​​​​​ថា បាន​​​រៀប​​​ចំ​​​ផែន​​​ការ​​​អបគមន៍​​​ ហើយ​​​បាន​​​គំរាម​​​បិទ​​​វត្ត​​​នេះ​​​ចោល​​​៕សុខុម​​​  

សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​ប្រហែល​​​ជា​​​ត្រូវ​​​ការ​​​ដើម​​​ទុន​​​ពី​​​ធនាគារ និង​​​រដ្ឋាភិបាល​​​​​​

សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា មាន​​​គម្រោង​​​ខ្ចី​​​ដើម​​ទុន​​​យ៉ាង​​​ហោច​​​ណាស់​​​៤០០.០០០​​​ដុល្លារ​​​សម្រាប់​​​យុទ្ធ​​​នាការ​​​ទីផ្សារ​​​អន្តរ​​​ជាតិ ប្រសិន​​​បើ​​​ខ្លួន​​​ប្រមូល​​​ប្រាក់​​​មិ​​​ន​​​​​​បាន​​​ចំនួន​​​​​​៧៧៧.០០០ដុល្លារ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​សម្រាប់​​​គម្រោង​​​នេះ​​​​​​តាម​​​រយៈ​​​ការ​​​ដាក់​​​តម្លៃ​​​នាំ​​​ចេញ​​​លើ​​​សមាជិករបស់​​​ខ្លួន​​​ទេ​​​នោះ នេះ​​​បើ​​​យោង​​​តាម​​​ប្រធាន​​​សហព័ន្ធ​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​ក្នុង​​​សន្និសីទ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​សហព័ន្ធ​​​អ្ន​​ក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​​​​ បាន​​​បោះ​​​ឆ្នោត​​​តម្រូវ​​​ឲ្យ​​​សមាជិក​​​របស់​​​ខ្លួន​​​បង់​​​ថ្លៃ​​​នាំ​​​ចេញ​​​០,៥០​​​ដុល្លារ​​​សម្រាប់​​​អង្ករ​​​សគ្រាប់​​​វែង​​​មួយ​​​តោន​​​ និង​​​មួយ​​​ដុល្លារ​​​សម្រាប់​​​អង្ករ​​​ក្រអូប​​​​​​មួយ​​​តោន​​​ដើម្បី​​​ប្រមូល​​​មូល​​​និធិសម្រាប់​​​ណែ​​​នាំ​​​អប់​​​រំ​​​ដល់​​​ប្រជា​​​កសិករ​​​នៅ​​​ក្នុង​​​ប្រទេស​​​ និង​​​ធ្វើ​​​យុទ្ធនាការ​​​ទីផ្សារ​​​អង្ករ​​​កម្ពុជា​​​នៅ​​​បរទេស​​​។ ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សុខ​​​ ពុទ្ធីវុធ ប្រធាន​​​សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា ​​​ហាក់​​​ដូច​​​ជា​​​មាន​​​មន្ទិល​​​ថា សហព័ន្ធ​​​នេះប្រហែលជា​​​​​​មិន​​​អាច​​​ប្រមូល​​​ប្រាក់​​​គ្រប់​​​ទេ​​​តាម​​​រយៈ​​​តម្លៃ​​​នាំ​​​ចេញ​​​តែ​​​មួយ​​​មុខ​​​។​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា "ចំនួន​​​ប្រាក់​​​ដែល​​​យើង​​​រំពឹង​​​ទទួល​​​បាន​​​ពីប្រភព​​​នេះ មាន​​​ត្រឹម​​​ប្រហែល​​​៣០​​​០.០០០ដុល្លារ​​​ប៉ុណ្ណោះ​​​​​​បើ​​​ផ្អែក​​​លើ​​​តួលេខ​​​នាំ​​​ចេញ​​​អង្ករ​​​ដែល​​​យើង​​​មាន​​​"។ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ការ​​​នាំ​​​ចេញ​​​អង្ករ​​​បាន​​​ឡើង​​​ដល់​​​៣៨៧.០៦១​​​តោន​​​។លោក សុខ ពុទ្ធីវុធ បាន​​​មាន​​​ប្រសាសន៍​​​ថា សហព័ន្ធ​​​ប្រហែល​​​ជា​​​ត្រូវ​​​ងាក​​​ទៅ​​​ពឹង​​​ធនាគារ​​​ពាណិជ្ជ​​​កម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ចេញ​​​ថ្លៃ​​​ចំណាយ​​​នេះ​​​​​​ ឬ​​​ប្រហែល​​​ជា​​​អាច​​​ងាក​​​ទៅ​​​ពឹង​​​បរទេស​​​ទៀត​​​ផង​​​។ លោក​​​បាន​​​លើក​​​ឡើ​​​ង​​​បន្ត​​​ថា ​​​​​​​​​​​​​"យើង​​​នឹង​​​ខ្ចី​​​ប្រាក់​​​នេះ​​​។ ខ្ញុំ​​​គិត​​​ថា​​​ មាន​​​ប្រភព​​​មូលនិធិ​​​បី​​​រួម​​​មាន​​​ទី​​​១​​​ឥណទាន​​​នៅ​​​ក្នុ​​​ងប្រទេស​​​ដូច​​​ជា​​​ធនាគារ​​​ពាណិជ្ជកម្ម ធនាគារ​​​ RDB ​​​ និង​​​ក្រសួង​​​ហិរញ្ញវត្ថុ ហើយទី​​​២​​​ ឥណទាន​​​ក្រៅ​​​ប្រទេស​​​រួម​​​មាន​​អង្គការ​​​ធំៗ​​​ជា​​​ដើម​​​។ ទី​​​៣​​​គឺ​​​ការ​​​វិនិយោគ​​​រួម​​​រវាង​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​ និង​​​បរទេស​​​។ នេះ​​​ក៏​​​ជា​​​ប្រភព​​​មូល​​​និធិ​​​មួយ​​​ដែរ"។ នៅ​​​ក្នុង​​​សន្និសីទ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដដែល​​​នេះ​​​ លោក ស៊ុន ចាន់​​​ថុល​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​ ​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ហិរញ្ញវត្ថុ​​​ និង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ នឹង​​​ខ្ចី​​​ឥណទាន​​​ចំនួន​​​៣០០​​​លាន​​​ដុល្លារ​​​ពី​​​ប្រទេស​​​ចិន​​​ ដើម្បី​​​​​​សាង​​​សង់​​​ឃ្លាំង​​​ និង​​​ឡ​​​ចំនួន​​​៤០​​​​​​សម្រាប់​​​កសិករ​​​សម្ងួត​​​ស្រូវ​​​របស់​​​ពួក​​​គាត់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ "យើង​​​នឹង​​​ចុះ​​​ហត្ថលេខា ​​ ជាមួយ​​​ធនាគារ​​​ China Exim Bank នៅ​​​ពេល​​​ឆាប់​​​ៗ​​​ ជា​​​មួយ​​​ថ្នាក់​​​ដឹក​​​នាំ​​​មក​​​ពី​​​ក្រសួង​​​ហិរញ្ញវត្ថុ​​​"។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ចំណាត់​​​ការ​​​នេះ​​​នឹង​​​ជួយ​​​បញ្ចៀស​​​រំហូរ​​​ស្រូវ​​​​​​ចេញ​​​ទៅ​​​ប្រទេស​​​ជិត​​​ខាង​​​ដូច​​​ជា ថៃ និង​​​វៀតណាម​​​ជា​​​ដើម​​​។ កង្វះ​​​ទុន​​​ឧស្សាហកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ធ្វើ​​​ឲ្យ​​​កសិករ​​​គ្មាន​​​លទ្ធភាព​​​កែ​​​ច្នៃ​​​អង្ករ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​សម្រាប់​​​​​​ការ​​​នាំ​​​ចេញ​​​ជា​​​យូរ​​​មក​​​ហើយ​​​ មាន​​​ន័យ​​​ថា​​​ ពួក​​​គាត់​​​បាត់​​​បង់​​​តម្លៃ​​​បន្ថែម​​​លើ​​​ដំណាំ​​​ស្រូវ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ជា​​​ញឹក​​​ញាប់​​​ពួក​​​គាត់​​​បាន​​​រង​​​សម្ពាធ​​​ពី​​​ឈ្មួញ​​​បរទេស​​​ឲ្យ​​​ទទួល​​​យក​​​តម្លៃ​​​ថោក​​​៕សុខុម  

មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន តវ៉ា​​​ចំពោះ​​​ការ​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​​​ដោះលែង​​​នៅ​​​ក្រៅ​​​ឃុំ​​​

កាល​​​ពី​​​ថ្ងៃសុក្រ តុលាការ​​​កំពូល​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​​ដោះលែងនៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​មួយ​​​រូប​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​ដែល​​​កំពុង​​​ជាប់​​​ឃុំ​​​បណ្តោះ​​​អាសន្ន​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ថា គាត់​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្្នុង​​​ហេតុការណ៍​​​​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​រវាង​​​បាតុករ​​​ និង​​​ក្រុម​​​សន្តិសុខ​​​ប្រដាប់​​​ដោយ​​​ដំបង​​​​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ទ​​ី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា។ ចៅ​​​ក្រម សាលី ធារ៉ា ​​​ក្នុង​​​ចំណោម​​​ចៅ​​​ក្រម​​​បួន​​​រូប​​​នៅ​​​​​​តុលាការ​​​កំពូល​​​​​​បាន​​​ពន្យល់​​​ពី​​​សេចក្តី​​​សម្រេច​​​េនះ​​​ថា លោក​​​ ស៊ុំ វុទ្ធី​​​ បាន​​​ដាក់​​​សំណើ​​​សុំ​​​​​​ដោះ​​​លែង​​​នៅ​​​ក្រៅ​​​ឃុំ​​​ចំនួន​​​ពីរ​​​លើក​​​មក​​​ហើយ កាល​​​​​​នៅ​​​តុលាការ​​​ជាន់​​​ទាប​​​ ហើយ​​​ថា សវនាការ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​​​​នឹង​​​បើក​​​ដំណើរ​​​ការ​​​​​​នៅ​​​ចុង​​​ខែ​​​។ នៅ​​​ពេល​​​គាត់​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​ លោក ស៊ុំ វុទ្ធី ដែល​​​ជា​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ "សោក​​​ស្តាយ​​​" ណាស់​​​ចំពោះ​​​ការ​​​សម្រេចនេះ។ លោក សំ សុគង់ មេធាវី​​​ការ​​​ពារ​​​លោក ស៊ុំ វុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​​​សម្រេច​​នេះ​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​ជា​​​ខ្លាំង​​​ដោយ​​​សារ​​​កូន​​​ក្តី​​​របស់​​​លោក​​​មាន​​​​​​បញ្ហា​​​សុខភាព​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​"គាត់​​​កំពុង​​​ប្រឈម​​​បញ្ហា​​​សុខភាព​​​​​​ គឺ​​​ការ​​​លើស​​​ឈាម និង​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​"។ លោក​​​ តាំង​​​ ស៊ុនឡាយ អនុ​​​ប្រធាន​​​​​​សាលា​​​ដំបូង​​​រាជ​​​ធាន​​​ី​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សវនាការ​​​ជំនុំជម្រះ​​​លោក សុ៊ំ វុទ្ធី និង​​​សកម្មជន​​​១០រូប​​​​​​ទៀត​​​ដែល​​​ជាប​​​់​​​ចោទ​​​ពី​​​បទ​​​ចូល​​​រួម​​​កុបកម្ម​​​អំឡុង​​​ការ​​​ចូល​​​រួម​​​បាតុកម្ម​​​កាល​​​ពី​​​ខែ​​​កក្កដា គ្រោង​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២៣​​​ ខែ​​​កុម្ភៈ៕សុខុម​​​​​​​​​  

នគរបាល​ចាប់ខ្លួន​បុគ្គលិក​កាស៊ីណូម្នាក់​ពីបទ​ចាប់បង្ខាំង​អ្នកលេង​ល្បែង​

កាល​​​ពីថ្ងៃ​​​សុក្រ នគរ​​​បាល​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​ចាប់​​​ខ្លួន​​​បុគ្គលិក​​​​​​កាស៊ីណូ​​​ Roxy ក្នុង​​​ក្រុង​​​បាវិត​​​ ដែល​​​តាម​​​ចោទ​​​ពី​​​បទចាប់បង្ខាំង​​​អ្នក​​​លែង​​​ល្បែង​​​ម្នាក់​​​ដែល​​​មិន​​​អាច​​​រក​​​ប្រាក់​​​សង​​​បាន​​​ចំនួន​​​១០.០០០ដុល្លារ​​​ ដែល​​​កាស៊ីណូ​​​បាន​​​ឲ្យ​​​នាង​​​ខ្ចី។ លោក ម៉ៅ ភិន​​​ភិរម្យ​​​ នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​បាវិត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ង្វៀន ធីហួង​​​ផា អាយុ​​​៣២​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម ដែល​​​ធ្វើ​​​ការ​​​នៅ​​​កាស៊ីណូ​​​នេះ​​​បាន​​​ឲ្យជន​​​រង​​​គ្រោះ​​​ខ្ចី​​​ប្រាក់​​​ ហើយ​​​បាន​​​ចាប់​​​នាង​​​បង្ខាំង​​​ក្នុង​​​បន្ទប់​​​មួយនៅ​​​កាស៊ីណូ​​​នេះ​​​នៅ​​​ពេល​​​នាង​​​ចាញ់​​​ប្រាក់​​​អស់ ហើយ​​​មិនអាច​​​រក​​​ប្រាក់​​​សង​​​បាន​​​។ លោក ភិនភិរម្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រងគ្រោះ​​​ឈ្មោះ ត្រួង​​ ធីង្វៀន អាយុ​​​៣៣​​​ ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​សញ្ជាតិ​​​អូស្ត្រាលី​​​ត្រូវ​​​បាន​​​បង្ខំឲ្យទូរស័ព្ទ​​​ទៅ​​​សាច់​​​ញាតិ​​​របស់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​ ហើយ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​សង​​​បំណុលនោះ​​​ជំនួស​​​នាង​​​។ ប៉ុន្តែ ជា​​​ជាង​​​យក​​​ប្រាក់​​​មក​​​ជា​​​មួយ ​​​សាច់​​​ញាតិ​​​បាន​​​សុំ​​​ឲ្យ​​​ក្រសួង​​​មហាផ្ទៃ​​​កម្ពុជា​​​ជួយ​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​អំពី​​​ករណី​​​ចាប់​​​បង្ខាំង​​​នេះ ពីព្រោះ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគ​​​របាល​​​ព្រហ្មទណ្ឌ​​​ក្រសួង​​​មហាផ្ទៃ​​​ បន្ទាប់​​​ពី​​​ជន​​​រង​គ្រោះ​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​គ្រួសារ​​​នាង​​​ឲ្យ​យក​​​ប្រាក់​មក​​​សង​​​​​​​ម្ចាស់​​​បំណុល​​​។ នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​សហការ​​​ជាមួយ​​​ការិយាល័យ​​​របស់​​​ខ្ញុំ​​​​​​ ហើយ​​​បាន​​​ឃាត់​​​ខ្លួន​​​ស្ត្រី​​​រូប​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​"។ លោក​​​ ភិន​​​ភិរម្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ធី​​​ង្វៀន ត្រូវ​​​បាន​​​ដោះ​​​លែង​​​នៅ​​​ថ្ងៃ​​​ដដែល​​​ ប៉ុន្តែ​​​ មិន​​​ដឹង​​​ថា ហេតុការណ៍​នេះ​​​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​ណា​​​នោះទេ​​​ ឬ​​​ថា តើ​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​ធ្វើ​​​បាប​​​អំឡុង​​​ការ​​​ចាប់​​​បង្ខាំង​​​ ឬ​​​យ៉ាង​​​ណា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ ថា ធីង្វៀន បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀតណាម​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​នាង​​​វិញ​​​ហើយ​​​។ នាយ​​​ប៉ុស្តិ៍​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ករណី​​​បែប​​​នេះ​​​គ្មាន​​​អ្វី​​​ចម្លែក​​​ក្នុង​​​ក្រុង​​​បាវិត​​​ឡើយ​​​ ដែល​​​កាស៊ីណូ​​​ភាគ​​​ច្រើន​​​បាន​​​ល្បួង​​​អ្នក​​​លែង​​​ល្បែង​​​ជន​​​ជាតិ​​​វៀតណាម​​​នៅ​​​តាម​​​ព្រំដែន​​​ឲ្យ​មកលេង​ជាប់​​​មិន​ដាច់​​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា ករណី​​​ភា​​គ​​​ច្រើន​​​ត្រូ​​​វបាន​​​ដោះ​​​ស្រាយ​​​មុន​​​ពេល​​​នគរ​​​បាល​​​មក​​​អន្តរាគមន៍​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ឃើញ​​​ថា មាន​​​ករណី​​​បង្ខាំង​​​មនុស្ស​​​ជា​​​​​​ច្រើន​​​ ប៉ុន្តែ ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ បន្ទាប់​​​ពី​​​ក្រុម​​​គ្រួសារ​​​បង់​​​ប្រាក់​​​ដល់​​​ម្ចាស់​​​បំណុល​​​"។ លោក អិុន បូរ៉ា នាយ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ធីហួង​​​ផា ត្រូវ​​​បាន​​​នាំ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ស្ត្រី​​​រូប​​​នេះ​​​មិន​​​ទាន់​​​បាន​​​ចោទ​​​ប្រកាន់​​​នៅឡើយ​ទេ​​។ ឥឡូវ​​​នេះ​​​នាង​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​​​នៅ​​​​​​ក្រសួង​​​មហាផ្ទៃ។ យើង​​​កំពុងសហការ​​​ជាមួយ​​​ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​សាក​​​សួរ​​​នាង​​​"៕សារុន​​​​​​  

រដ្ឋាភិបាល​កាត់​បន្ថយ​តម្លៃ​ប្រើប្រាស់​ទឹក​សម្រាប់​ពលករ​ចំណាក​ស្រុក

ក្រុម​មន្ត្រី​បាន​និយាយ​ថា បន្ទាប់ពី​ការ​ផ្តួចផ្តើម​គំនិត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ឲ្យ​បញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​ពលករ​ចំណាក​ស្រុក​មក រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កំណត់​អត្រា​តម្លៃ​ទឹក​ថ្មី​សម្រាប់​ពលករ​និង​និស្សិត​ដែល​រស់​នៅ​ក្នុង​បន្ទប់​ជួល។ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ទប់​ស្កាត់​ម្ចាស់​ផ្ទះ​ជួល​មិន​ឲ្យ​កេង​ចំណេញ​ពី​ការ​លក់​ទឹក​បន្ត រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.) និង​សាលា​ក្រុង​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ដាក់​កម្រិត​ថា​ម្ចាស់​ផ្ទះ​ជួល​ត្រូវ​បង់​ថ្លៃ​ប៉ុន្មាន​ក្នុង​ទឹក​មួយ​ម៉ែត្រ​គូប...

ត​ុលាការ​ដោះ​លែង​គ្រូពេទ្យ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ធ្វើ​បាប​កូន​ចិញ្ចឹម

នគ​​​របាល​​​បាន​​​និយាយ​​​ថា កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​ខេត្ត​​​កំពត​​​បាន​​​ដោះ​​​លែង​​​គ្រូ​​​ពេទ្យ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ក្នុង​​​ក្រុង​​​កំពត​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​អ្នក​​​ជិត​​​ខាង​​​បាន​​​រាយ​​​ការណ៍​​​ថា គាត់​​​បាន​​​​​ធ្វើ​​​បាប​​​កូន​​​ស្រី​​​ចិញ្ចឹម​​​របស់​​​ខ្លួន​​​អាយុ​​​១៥​​​ឆ្នាំ​​​។ លោក អេង វណ្ណា នាយ​​​ប៉ុស្តិ៍​​​សង្កាត​់​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ខែម ទិត្យ អាយុ​​​៤២​​​ឆ្នាំ ជា​​​គ្រូពេទ្យ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ក្នុង​​​ក្រុង​​​កំពត​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុង​​​សង្កាត់​​​ក្រាំង​​​អំពិល​​​ កាល​​​ព​​​ី​​​រសៀល​​​ថ្ងៃ​​​ពុធ​​​។ លោក វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​នាំ​​​គាត់​​​មក​សាក​​​សួរ​​​ ពី​​​ព្រោះ​​​អ្នក​​​ជិត​​​ខាង​​​ក៏បាន​​​រាយ​​​ការណ៍​ផងដែរ​​​ថា គាត់​​​បាន​​​ធ្វើ​​​ទារុណ​​​កម្ម​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​"។ លោកស្រី សេង សេរីរដ្ឋា ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​នគរ​​​បាល​​​សាក​​​សួរ​​​ក្មេង​​​ជំទង់​​​រូប​​​នេះ​​​ បន្ទាប់​​​ពី​​​ចាប់​​​ខ្លួន​​​លោក ខែម​​​ ទិត្យ នាង​​​បាន​​​និយាយ​​​ថា ​​​ក្មួយ​​​ប្រុស​​​របស់​​​ឪពុក​​​ចិញ្ចឹម​​​នាង ដែល​​​ក៏​​​បាន​​​រស់​​​នៅ​​​ជា​​​មួយ​​​គ្នា​​​ដែរនោះ​​​បាន​វាយដំនាង​​​​។ ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្មួយ​​​ប្រុស​​​របស់​​​គ្រូពេទ្យ​​​នេះ បាន​​​វាយ​​​​​​ក្មេង​​​ស្រី​​​នេះ​​​ ហើយ​​​វាយ​​​នាងដើម្បី​​​ប្រដៅ​​​​​ ពី​​​ព្រោះ​​​នាង​​​បាន​​​លួច​​​លុយ​​​"។ លោកស្រី​​​បាន​​​បន្ថែម​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​សារភាព​​​ថា នាង​​​បាន​​​លួច​​​លុយ​​​ពី​​​ផ្ទះ​​​នេះ​​​បួន​​​លើក​​​មក​​​ហើយ​​​​​​។ លោកស្រី សេរី​​​រដ្ឋា បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​លោក​​​ ខែម ទិត្យ​​​ កាល​​​ពីម្សិលមិញ ពីព្រោះ​​​ពួក​​​គេ​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី ចោទ​​​ប្រកាន់​​​គាត់​​​ឡើយ​​​។ លោក​​​ស្រីបាន​​​បន្ថែម​​​ថា ឥឡូវ​​​នេះ ក្មេង​​​ស្រី​​​រូប​​​នេះ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​មើល​​​ថែ​​​របស់​​​ជីដូន​​​នាង​​​៕សារុន​​​  

ប្រធាន​មជ្ឈ​មណ្ឌល​ជាត​ិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ចូលនិវត្ត​ចំពេល​មាន​ ការ​ផ្ទុះឡើងនូវ​មេរោគ​អេដស៍

លោក ម៉ម ប៊ុនហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បន្ទាប់ពី​​​មើលឃើញ​​​ការ​​​វិវឌ្ឍ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ទសវត្សរ៍​​​ក្នុង​​​ការ​​​ប្រយុទ្ធនឹង​​​មេរោគ​​​អេដស៍​​​​/ជំងឺ​​​អេដស៍​​​ ដែល​​​ផ្តល់​​​មូល​​​និធិ​​​ដោយ​​​ប្រទេស​​ផ្តល់​​​ជំនួយ​​​ ប្រធាន​​​មជ្ឈ មណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើ​​​ស្បែក​​​ និង​​​កាម​​​រោគ​​​ បាន​​​ចូល​​​និវត្ត​​​ចំ​​​ពេល​​​ដែល​​​មាន​​​ការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​មេរោគ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ដែល​​​មិន​​​ធ្លាប់​​​មាន​​​ព​​ី​​​មុន​​​មក​​​។ ទោះជា​​​យ៉ាង​​​ណា​​​ លោក ម៉ម ប៊ុនហេង​​​ បាន​​​អះ​​​អាង​​​ថា ការ​​​ចូល​​​និវត្ត​​​របស់​​​លោក មាន ឈីវុន ដែល​​​ជា​​​ប្រធាន​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍​​​ សើ​​​ស្បែក​​​ និង​​​កាម​​​រោគ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៨​មក ដោយ​សារ​​តែអាយុរបស់លោក​​​ ហើយ​​​មិន​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​​​​ផ្ទុះឡើង​​​នូវ​មេរោគអេសដ៍​កាល​​​ពី​​​ពេល​​​ថ្មី ៗ​​​នេះ​​​ឡើយ ដែល​​​ក្នុង​​​នោះ​​​អ្នក​​​ភូមិ​​​២៣០​​​នាក់​​​ក្នុ​​​ង​​​ឃុំ​​​រកា​​​​​ត្រូវបាន​​ធ្វើ​​​តេស​្ត​​​​​​រក​​​ឃើញ​​​មាន​​​ផ្ទុកមេរោគ​អេដស៍​​​​​​ចាប់​​​តាំង​​​ពី​​​ចុង​​​ខែ​​​វិច្ឆិកា​​​មក​​​។ លោក ម៉ម ប៊ុន​​​ហេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​គាត់​​​ចាស់​​​ គាត់​​​ត្រូវ​​​ចូល​​​និវត្ត​​​អ៊ីចឹង​​​ហើយ​​​"។ លោក​​​វេជ្ជបណ្ឌិត​​​ ឈីវុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​លា​​​ឈប់​​​១០​​​ថ្ងៃ មក​​​ហើយ​​​ ដោយ​​​សារ​​​អាយុ​​​របស់លោក​​​​ ដែល​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ចូល​​​វិវត្ត​​​របស់​​​ខ្ញុំ​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ផ្ទុះ​​​ឡើង​​​នូវ​​​មេរោគ អេដស៍​​​ឡើយ​​​។ ៦០​​​ឆ្នាំ​​​គឺ​​​ជា​​​អាយុ​​​ចូល​​​និវត្ត​​​។ ហេតុ​​​អ្វី​​​បាន​​​ជា​​​អ្នក​​​ត្រូវ​​​សួ​​រ​​​អាយុ​​​របស់​​​ខ្ញុំ? វា​​​ជា​​​បញ្ហា​​​របស់​​​ខ្ញុំ​​​"។ លោក​​​វេជ្ជ​បណ្ឌិត​​​ មាន​​​ ឈីវុន នឹង​​​ត្រូវ​​​ជំនួស​​​ដោយ​​​លោក លី ពេញ​​​ស៊ុន ដែល​​​ជា​​​អនុ​​​ប្រធាន​​​របស់​​​លោក​​​យូរ​​​មក​​​ហើយ​​​ ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា អតីត​​​ប្រធាន​​​រូប​​​នេះ​​​នឹង​​​បន្ត​​​បម្រើ​​​ការ​​​ក្នុង​​​តួ​​​នាទី​​​ជា​​​ទី​​​ប្រឹក្សា​​​។ លោក​​​វេជ្ជបណ្ឌិត​​​ លី ពេញ​​​ស៊ុន បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក ឈីវុន បាន​​​ចូល​​​និវត្ត​​​ប៉ុន្តែ គាត់​​​នៅ​​​តែ​​​ជា​​​ទីប្រឹក្សា​​​ក្រសួង​​​សុខាភិបាល​​​ដដែល​​​។ គាត់​​​នៅ​​​តែ​​​ចូល​​​រួម​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​ជា​​​មួយ​​​ក្រសួង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​ក្នុង​​​ឃុំរកា"។ ចាប់​​​តាំង​​​ពី​​​ផ្ទុះ​​ឡើង​​​ កាល​ពី​​​ខែ​​​ធ្នូ លោក​​​វេ​​​ជ្ជបណ្ឌិត​​​ ឈីវុន បាន​​​ដឹក​​​នាំ​​​ការ​​​ប្រឹង​​​ប្រែង​ឆ្លើយត​ប​​​​​របស់​​​រដ្ឋាភិបាល​​​រួម​​​ទាំង​​​ការ​​​ស្ទង់​​​មតិ​​​ដែល​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ខែ​​​មុន បាន​​​រក​​​ឃើញ​​​ថា ​​​ភាគ​​​ច្រើននៃ​មេរោគ​​​នេះ​​​ទំនង​​​ជា​​​ឆ្លង​​​តាម​​​ការ​​​ចាក់​​​ថ្នាំ​​​ ឬ​​​ការ​​​ព្យួរ​​​សេរ៉ូម​​​។ ក្នុង​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​ ចាប់​​​តាំង​​​ពី​​​លោកវេជ្ជបណ្ឌិត​​​ ឈីវុន បាន​​​ធ្វើ​​​ជា​​​ប្រធាន​​​មជ្ឈ​មណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើស្បែក និង​​​កាម​​​រោគ​​​ អត្រា​​​ឆ្លង​​​មេរោគ​​​អេដស៍​​​បាន​​​ថយ​​​ចុះ​ជាលំដាប់​ពីកម្រិត​​​ឆ្លង​​រាល​​​ដាល​​​កាល​​​ពី​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​ នៅ​​​ពេល​​​មេរោគ​​​អេដស៍ និង​​​ជំងឺ​​​អេដស៍​​​បាន​​​ឆ្លង​​​ដល់​​​ប្រជា​​​ជន​​​ខ្មែរ​​​១,៧​​​ភាគ​​​រយ​​​ ចាប់ពីអាយុ​​​១៥​​​ឆ្នាំ​​​ដល់​​​៤៩​​​ឆ្នាំ​​​ មក​​​តិចជាង​​​០,៧​​​ភាគ​​​រយ​​​សព្វ​​​ថ្ងៃ​​​នេះ​​​។ ​​​​​​​​​ទោះ​​​ជា​​​យ៉ាង​​​ណា បន្ទាប់​​​ពី​​​ពឹង​​​ផ្អែក​​​លើ​​​ការ​​​ឧបត្ថម្ភ​​​ពី​​​អន្តរ​​​ជាតិ​​​ស្ទើរតែទាំងស្រុង​​​​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​មក រដ្ឋាភិបាល​​​ប្រឈម​​​នឹង​​​ការ​​​កាត់​​​មូល​​​និធិ​​​​​​ពី​​​ម្ចាស់​​​ជំនួយ​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ម្ចាស់​​​ជំនួយ​​​ធំៗ​​ រួម​​​មាន​​​មូលនិធិសាកល​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ របេង និង​​​គ្រុន​​​ចាញ់​​​ ដែល​​​បាន​​​ផ្តល់​​​ប្រាក់​​​២៥២​​​ដុល្លារ​​​ចំពោះ​​​ការ​​​ប្រយុទ្ធ​​​នឹង​មេរោគ​​​អេដស៍​/ជំងឺ​​​អេដស៍​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៣​​​មក​​​៕សារុន​​​​​​  

លោក​ ប៉ែន សុវណ្ណ​ ត្រឡប់​មក​ពី​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​វិញ​ហើយ​

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា លោក ប៉ែន សុវណ្ណ សមាជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជាអតីត​នាយក​រដ្ឋមន្ត្រី​...

អង្គការ​ក្លូបលវីតណេស​ ភ្ជាប់​ឧកញ៉ាឈ្មួញឈើ​ ទ្រី ភាព ទៅ​​នឹង​​របរ​កាប់​ឈើខុស​ច្បាប់​​ដ៏ធំនៅ​កម្ពុជា​

នៅ​ក្នុង​របាយការណ៍​ថ្មីមួយ​ អង្គការ​​​ក្លូបលវីតណេស (Global Witness) ដែល​ជា​អង្គការ​សិទ្ធិ​បរិស្ថាន​របស់​ចក្រភព​អង់គ្លេស ​បាន​ដាក់​​ឧកញ៉ា​ឈ្មួញឈើ​ ទ្រី ភាព ឲ្យ​ស្ថិត​នៅ​ចំកណ្ដាល​នៃ​ប្រតិបត្តិ​ការ​​កាប់​ឈើ​ខុស​ច្បាប់​ដ៏ធំ​ដោយ​មានការ​ឃុប​ឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល...

ព័ត៌មានថ្មីៗ