40.6 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

​បុរស​ពីរ​​​នាក់​​​បង​​​ប្អូន​​​ដែលធ្វើ​​​ទារុណ​​​កម្ម​​​ក្មេង​​​ប្រុស​​​លួច​​បេះ​​​​ដូងនិង​ថតរូប​​​​បង្ហោះ​​​​​​តាម​​​ហ្វេសប៊ុក​​​​​​ ត្រូវ​​​ចាប់​​​ខ្លួន​​​

បុរស​​​ពី​​​រនាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែងកាល​​​ពី​​​ថ្ងៃ​​​សុក្រ ពីបទ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ក្មេង​​​ប្រុស​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​​​ ដោយ​​​ការ​​​ចាប់​​​ក្បាល​​​ជ្រមុជ​​​ក្នុង​​​ទឹក​​​ពាង​​​បន្ទាប់​​​ពី​​​ក្មេង​​​នេះ​​​បាន​​​លួច​បេះ​​​​ដូង​​​បួន​​ផ្លែ​​​ពី​​​ដី​​​ចម្ការ​​​ពួក​​​គេ​​នេះ​​​បើ​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​មន្ត្រី​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​។ ហេង វណ្ណី អាយុ​​​២៨​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​ស្រុក​​​ពារាំងរួម​ជាមួយ​​​បង​​​ប្រុស​​​ឈ្មោះ​​​ ហេង ដាណេ អាយុ​​​៣៤​​​ឆ្នាំ បន្ទាប់​​​ពី​រូបគេ​​​​​​​បាន​​​បង្ហោះ​​​​​​លើ​​​គណនី​​​ហ្វេសប៊ុក​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ​នូវ​រូប​ថត​ដែល​​​បង្ហាញ​​​ពី​​ក្មេង​​​ប្រុស​នេះ​​​​ត្រូវ​​​ពួក​​​គេ​​​​ចាប់​ចង​​​ដៃ​​ទៅ​​​ក្រោយ​​​ និង​ជ្រមុជ​ក្បាលទៅ​ក្នុង​ទឹក​ពាង។រូប​​​ថត​​​មួយ​​​សន្លឹក​​​ទៀត​​​បង្ហាញ​​​ពី​​​បុរស​​​​​​ម្នាក់​​​​​បោច​​​សក់​​​ក្បាល​​​ក្មេង​​​ប្រុស​​​នេះ​​​ បន្ទាប់​​​ពី​​​ទាញ​​​ក្មេង​នេះ​​​ចេញ​​​ពី​​​ពាង​​​ទឹក​​​ធំ​​​មួយ​​​។ ​​​រូប​​​ភាព​​​ទាំង​​​នេះ​​​បាន​​សុស​សាយ​យ៉ាង​​​ឆាប់​​​រហ័ស ហើយ​​​សូម្បី​​​តែ​​​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​ចែក​​​រំលែក​​​រូប​​​ថត​​​ទាំង​​​នេះ​​​លើ​​​ទំព័រ​​​ ហ្វេ​​​សប៊ុក​​​របស់​​​ខ្លួន​​​​ដែរនិង​ថែម​ទាំង​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​ជន​​​ដែល​​​ធ្វើ​​​ទារុណ​​​កម្ម​​​​​​ក្មេង​​​ប្រុស​​​នេះ​​​ជា​​​បន្ទាន់ទៀត​ផង​​​​។ លោក​​​ អ៊ុំ វន្ថា អធិការ​​​នគរ​​​បាល​​​​ស្រុក​​​បាន​​​មានប្រសាសន៍​​​ថា នគរ​​​បាល​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​ហេតុ​​​ការណ៍​​​នេះ​​​តាម​​​ហ្វេ​​​ស​​​ប៊ុក ហើយ​​​ក៏​​​បាន​​​តាម​​​ចាប់​​​ខ​​​្លួន​​​ឈ្មោះ ហេង​​​ វណ្ណី ដល់​​​ឃុំ​​​កំពង់​​​ពពិល​​​​នៅ​ហាង​​​ជួស​​​ជុល​​​ទូរស័ព្ទ​​​​របស់​ពួកគេ​។ បច្ចុប្បន្ន​​​ពួកគេ​​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ហេង​​​ ដាណេ បាន​​​សារភាព​​​ថា រូប​គេ​​បាន​​​​ទៅ​​​ដល់​​​ចម្ការ​​​របស់​​​ខ្លួន​​​  ហើយ​​​ក៏​ឃើញ​​​ក្មេង​​​ប្រុស​​​នេះ​​​កំពុង​​​បេះ​​​ដូង​​​នៅ​​​លើ​​​ដើម​​​​​​​​​​​​​​​​​​។ រូប​​​គេ​​​បាន​​​ប្រាប់​​​ក្មេង​​​ប្រុស​​​នេះ​​​​ឲ្យចុះ​​​មក​​​ដីហើយ​​​បានចាប់​​​​ចង​​​ដៃ​​​របស់​​​វា​ទៅ​​​ក្រោយ​​​រួច​​​ចាប់​​​ក្បាល​​​ជ្រមុជ​​ទឹក​​​ពាង​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ជន​​​សង្ស័យ​​​ទី​​​២​​​គឺ ហេង វណ្ណី ជា​​​អ្នក​​​ឈរ​​​ពី​​​ក្រោយ​​​ចាំ​​​ថត​​​រូប​​ទាំង​​​នេះ​​​បង្ហោះ​តាម​​​ប្រព័ន្ធ​​​ទំនាក់​​​ទំនង​​​សង្គម។ អ្នកស្រី ឆន សុខ ​​អាយុ​៤៥ឆ្នាំ​ដែល​​​ត្រូវ​​​ជា​​​ម្តាយ​​​របស់​​​ក្មេង​​​ប្រុស​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​​​​មិន​​​បាន​​​ដឹង​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ធ្វើ​​​ទារុណ​​​កម្ម​​​កូន​​​ប្រុស​​​របស់​​​គាត់​​បែប​នេះ​ឡើយ​​​រហូត​​​ទាល់​​​តែ​​​នគរ​​​បាល​​​ទាក់​​​ទង​​​ទៅ​​​គាត់​​​ទើប​​​គាត់​​​ដឹង​​​។ អ្នកស្រី​​​និយាយ​​​ថា "ខ្ញុំ​​​គិត​​​ថា វា​​​​​ព្រៃផ្សៃ​​​ណាស់​​​ដែល​​​ពួកគេ​​​ធ្វើ​​​ទារុណ​​​កម្មវា​​ទោះ​បី​ជា​​វា​បាន​លួច​​​ដូង​ក៏​ដោយ​​​​។ ពួកគេ​​​គួរ​​​តែ​​​ព្រមាន​​​ និង​​​ណែ​​​នាំ​​​អប់រំ​​​វា​​​ទៅ​​​បាន​​​ហើយ"។ លោក​​​ស្រី​​​​​​ លឹម មុនី ប្រធាន​​​កម្ម​​​វិធី​​​សិទ្ធិស្ត្រី និង​​​កុមារ​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​នេះ​​​គួរ​​​តែ​​​ប្រឈម​​​​​ការ​​​ដាក់​​​ទោស​​​ធ្ងន់​​​ធ្ងរ​​​។ លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ថា "វា​​​ជា​​​ការ​​រំលោភ​សិទ្ធិ​​​កុមារ​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​ ​​​​​​​​​​​​ គ្មាន​​​សិទ្ធិ​ធ្វើ​​​ទារុណ​​​កម្ម​​​ក្មេង​​​ប្រុស​​​នេះ​​​ឡើយ​​​​។ ពួក​​​គេ​​​គួរ​​​តែ​​​ប្តឹង​​ទៅ​​​​នគរបាល​​​ដើម្បី​​​ឲ្យ​​​នគរ​​​បាល​​​ចាត់​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ ចំពោះ​​​អ្វី​​​ដែលក្មេង​​​ប្រុស​​​នេះ​​​បាន​​​ប្រព្រឹត្ត​​​"។ លោក​​​ ខេង ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ក៏បាន​​​​​​បង្ហោះ​​​រូប​​​ថត​​​នេះ​​​លើ​​​ទំព័រ​​​ហ្វេ​​​សប៊ុក​​​របស់​​​លោក​​​ដែរ​​​ ហើយ​​​លោក​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​បង​​​ប្អូន​​​នេះ​​មក​ផ្តន្ទាទោស​ចំពោះ​មុខ​​​ច្បាប់​​​។ ​​​លោក​​​បាន​​​មានប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា "មូល​​​ហេតុ​​​ដែល​​​ខ្ញុំ​​​បង្ហោះ​​​វា​​​ដោយសារ​​​តែ​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​សាហាវ​​​ព្រៃ​​​ផ្សៃ​​​ និង​​​អមនុស្ស​​​ធម៌​​​ដូច​​​ ប៉ុល​​​ ពត​​​អ៊ីចឹង​​​ ដូច្នេះ​​​ហើយ​​​យើង​​មិន​​​គាំ​​​ទ្រ​​​ពួកគេ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ពេញ​​​ចិត្ត​​​ចំពោះ​​​ទង្វើ​​​នេះ​​​ដែរ​​"៕សុខុម​​​    

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​និយាយ​​​ថា រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​សើុប​​​អង្កេ​​​ត​​​ករណី​បាត់​​​ខ្លួន​​​ដោយបង្ខំ​​​

កាល​​​ពីម្សិលមិញ អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​គោរព​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​​ក្នុង​​​ឋានៈ​​​ជា​​​ភាគី​​​មួយ​​​នៃ​​​អនុ​​​សញ្ញា​​​អន្តរ​​​ជាតិ​​​ដើម្បី​​​ការ​​​ពារ​​​ពល​​​រដ្ឋ​​​គ្រប់​​​រូប​​​ពី​​​ការ​​​បាត់​​​ខ្លួន​​​ដោយ​​​បង្ខំ​​​ ហើយ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់​​​ចំពោះការ​​​បាត់​​​ខ្លួន​​​របស់​​​យុវជន​​​ ខែម សុផាត អាយុ​​​១៦​​​ឆ្នាំ​​​ ដែលគេ​​​​​​ឃើញ​ជា​​​លើក​​​ចុង​​​ក្រោយដេក​នៅ​​នឹង​ដី​ដោយ​មាន​របួស​និង​​ប្រឡាក់​ឈាម​​ជោក​​​ខ្លួន​​​អំឡុង​​​បាតុកម្ម​ហិង្សា​​​​កាល​​​ពី​​​ខែ​​​មករា​​​។    សូម​​​បញ្ជាក់​​​ថា នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ គឺ​​​ជា​​​ទិវា​​​អន្តរ​​​ជាតិ​​​នៃ​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាត់​​​ខ្លួន​​​​​​ដោយ​​​បង្ខំ​​​។ ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​កម្ពុជា ​​​បាន​​​លើ​​​ក​​​ឡើង​តាម​អីុម៉េល​មួយ​​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​យុវជន​​​ ខែម សុផាត​​ "​បាន​រង​​​ទុក្ខ​​​​​​មិនអាចថ្លែង​បាន​​​​" ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ចាត់​​​ "រាល់​​​វិធាន​​​ការ" ដើម្បី​​​តាម​​​ស្វែង​​​រក ​​​បង្ហាញ​​​ទ​ីតាំង​​​ និង​​​ដោះ​​​លែង​​​​​​អ្នក​​​ដែល​​​បាត់​​​ខ្លួន​​​ ហើយ​​​​ប្រសិន​បើ​ក្នុង​​​ករណី​​​ស្លាប់​​​​​​ ត្រូវ​​​បង្ហាញ​​​ទី​​​តាំង​​​ គោរព​ និង​​​ប្រគល់​​​សាកសព​​​មក​​​វិញ​​​"។ ។ ការិយាល័យ​នេះ​បាន​​​លើកឡើង​​​​បន្ត​​​ថា "ប្រសិន​​​បើ​​​​​​រក​​​ឃើញ​​​ថា ខែម សុផាត​​​ គឺ​​ជា​​​ករណី​បាត់​​​ខ្លួន​​​ដោយ​​​បង្ខំ អនុសញ្ញា​​​នេះ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា​​​ ប្រទេស​​​នេះ​​​ត្រូវ​​​តែ​​​នាំ​​​ខ្លួន​​​ជន​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​មក​​​ផ្តន្ទា​​​ទោស​​​"។ ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដាច​​​់​​​ដោយ​​​ឡែក​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​មជ្ឈ​​​មណ្ឌលសិទ្ធិ​​​មនុស្ស​​​កម្ពុជា និង​​​អង្គការ​​​អាដហុក​​​ បាន​​អំពាវ​​​នាវ​​​​​​​​​​​​​​​ឲ្យ​​​បណ្តា​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន រួ​​​ម​​​ទាំង​​​កម្ពុជា​​​ផង "បង្កើន​​​ការ​​​​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ដើម្បី​​​សើុប​​​អង្កេ​​​ត​​​ករណី​​​ទាំង​​​អស់​​​នេះ​​​ និង​​​ករណី​​​ទាំង​អស់​ផ្សេង​​​ទៀត​​​ដែល​​​មិន​​​ទាន់​​​ដោះស្រាយ​​​នៅឡើយ​​​ នាំ​​​ខ្លួន​​​ជន​​​ទទួល​​​ខុស​​​ត្រូវ​​​មក​​​ផ្តន្ទាទោស និង​​​ផ្តល់​​​សំណង​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ និង​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួកគេ​​​"៕សុខុម​​​​​​

ឱកាស​​​លើក​ទី​​​២​​​កំពុង​​​រង់​​​ចាំ​​​សិស្ស​​​៧៥​​​ភាគ​​​រយ​​​ដែល​​​ប្រឡង​​​ធ្លាក់​​​

សិស្ស​​​ ឯក យុទ្ធារៈ  បាន​​​ទៅ​​​វិទ្យាល័យ​​​បាក់​​​ទូក​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​ដោយ​​​​​​​កាន់​​​ក្រដាស​​​តូច​​​មួយ​​​​​​មាន​​​សរសេរ​​​ឈ្មោះ​​​មិត្ត​​​ភក្តិ​​​ប្រាំ​​​ពីរ​​​នាក់។យុវជន​​​រូប​​​នេះ​​​ទៅ​​​ទី​​​នោះ​​​ដើម្បី​​​ស្រង់​​​លទ្ធផល​​​​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​របស់​​​មិត្ត​​​ភក្តិ​​​ ដែល​​​មិន​​​អាច​​​ទ្រាំ​​​​​​នឹង​​​ការ​​​ប្រកាស​​​លទ្ធផល​​​ដោយ​​​ផ្ទាល់​​​បាន។ យុទ្ធារៈ អាយុ​​​១៧​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​ត្រូវ​​​តែ​​​រឹង​​​មាំ​​​ក្នុង​​​ការ​​​​​​ស្រង់​​​លទ្ធ​​​ផល​​​នេះ ពី​​​ព្រោះ​​​មិត្ត​​​ភក្តិ​​​របស់​​​ខ្ញុំ​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​អារម្មណ៍​​​របស់​​​ពួក​​​គេ​​​បាន​​​​​​"។ ដោយ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​ប្រឡង​​​នៅ​​​ខែ​​​នេះ​​​បង្ហាញ​​​អ្នក​​​ដែល​​​អាច​ចូល​រៀន​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ និង​​​អ្នក​​​ដែល​​​នៅ​ចាំ​​​សាលា​​​នោះ សិស្ស​​​រាប់​​​រយ​​​នាក់​​​ដែល​​​បាន​​​មក​​​ជុំ​​​គ្នា​​​ស្តាប់​​​​​​លទ្ធផល​​​របស់​​​ខ្លួន​​​ មាន​​​អារម្មណ៍​​​ភ័យ​​​ផង​​​អរ​​​ផង​​​​​​យ៉ាង​​​ច្បាស់​​​។ ក្រសួង​​​អប់​​​រំ​​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​បេក្ខជន​​​​​​២៣.១២៦​​​នាក់​​​ក្នុង​​​ចំណោម​​​៨៩.៩៣៧​​​នាក់​​​នៅ​​​ទូទាំង​​​ប្រទេសបាន​​​ប្រឡង​​​ជាប់ ក៏​​​ប៉ុន្តែ មាន​​​តែ​​​សិស្ស​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​និង​​​ខេត្ត​​​កណ្ដាល​​​ប៉ុណ្ណោះ​​​​​​បាន​​​ដឹង​​​លទ្ធផល​​​រៀងៗខ្លួន​​​។ អត្រា​​​ប្រឡង​​​ជាប់​​​សរុប​​​២៥,៧ភាគរយ​​​ គឺ​​​ជា​​​អត្រា​​​ទាប​​​បំផុត​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៤​​​មក​​​ ដែល​​​ពេល​​​នោះ​​​មាន​​​តែ​​​១២​​​ភាគ​​​រយ​​​ក្នុង​​​ចំណោម​​​សិស្ស​​​២០.៨២៩​​​នាក់​​​ប៉ុណ្ណោះ​​​បាន​​​ប្រឡង​​​ជាប់​​​ ហើយ​​​ជា​​​អត្រា​​​ទាប​​​បំផុត​​​ទី​​​៣​​​ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៧៩​​​មក​​​។ នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ បេក្ខជន​​​៥.៥៧០​​​នាក់​​​ក្នុង​​​ចំណោម​​​បេក្ខជន​​​១៧.២៦០​​​នាក់ ​​​បាន​​​ប្រឡង​​​ជាប់ពោល​គឺ​ស្មើ​​​នឹង​​​៤៧​​​ភាគ​​​រយ​។ នៅ​​​ខេត្ត​​​កណ្តាល បេក្ខជន​​​១.៨៤៨​​​នាក់​​​ក្នុង​​​ចំណោម​​​បេក្ខជន​​​៩.៥៤០​​​នាក់​​​បាន​​​ប្រឡង​​​ជាប់​​​។នៅ​​​ទូទាំង​​​ប្រទេសមាន​សិស្ស​​​តែ​​​១១​​​នាក់​​​ប៉ុណ្ណោះ​​​ ទទួល​​​បាន​​​និទ្ទេស​​​ A។ លោក​​​ ហង់​​​ ជួន​​​ ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​ ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ទាំង​​​ស្រុង​​​ចំពោះ​​​​​​ការ​​​កែ​​​ទម្រង់​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​ ដែល​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​ការ​​​លួច​​​ចម្លង​​​ និង​​​អំពើ​​​ពុក​​​រលួយ​​​យូរ​​​មក​​​ហើយ​​​នោះបាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ភ្ញាក់​​​ផ្អើល​​​នឹង​​​លទ្ធផល​​​នេះ​​​ណាស់​​​"។ “ប៉ុន្តែ ចំណុច​​​វិជ្ជមាន​​​គឺ​​​ថា​​​ លទ្ធ​​​ផល​​​នេះ​​​ផ្ដល់​​​ឲ្យ​​​យើង​​​​​​នូវ​​​ព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាច្រើនអំពី​​​ថា​​​តើ​​​ត្រូវ​​​​​​ធ្វើ​​​ឲ្យ​​​ប្រព័ន្ធ​​​អប់រំ​​​ប្រសើរ​​​ឡើង​​​របៀប​​​ណា​​​។ យើង​​​បាន​​​​​​ដឹង​​​ថា ប្រព័ន្ធ​​​នេះ​ចាំបាច់​ត្រូវ​​​តែ​​​កែ​​​ប្រែពេល​ដែល​យើង​​​វិភាគ​​​លទ្ធផល​​​នេះ​​​ ហើយ​យើង​​​អាច​​​ដឹង​​​ថា ត្រូវ​​​​​​កែទម្រង់​​​កន្លែង​​​ណា​​​ឲ្យ​​​ពិត​​​ប្រាកដ​​​"។ នៅ​​​សាលា​​​បាក់​​​ទូកសិស្ស​​​ យុទ្ធារៈ បាន​​​ស្ដាប់​​​លទ្ធផល​​​របស់​​​មិត្ត​​​ភក្តិ​​​ខ្លួន​​​ម្ដង​​​មួយ​​​ៗ ហាក់​​​ដូច​​​ជា​​​ស្ដាប់​​​លទ្ធផល​​​របស់​​​ខ្លួន​​​អ៊ីចឹង​​​។ ការ​​​ហៅ​​​ឈ្មោះ​​​ដល់​​​ពាក់​​​កណ្ដាល​បញ្ជីយុវ​​​សិស្ស​​​រូប​​​នេះ គឺ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​សិស្ស​​​បី​​​នាក់​​​ ដែល​​​សុទ្ធ​​​តែ​​​ប្រឡង​​​ជាប់​​​ទាំង​​​អស់​​​។ បន្ទាប់​​​ពី​​​និទ្ទេស​​​ប្រឡង​​​ជាប់​​​នីមួយ​​​ៗ​​​ត្រូវ​​​បាន​​​គេ​​​ប្រកាស​​​ឲ្យ​​​ដឹងសិស្ស​​​រូប​​​នេះ​​​បាន​​​ហៅ​​​ទូរស័ព្ទ​​​ទៅ​​​មិត្ត​របស់​ខ្លួនដើម្បី​​​ប្រាប់​​​ដំណឹង​​​ល្អ​​​នេះ។ យុវ​​​សិស្ស​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា "ខ្ញុំ​​​នឹង​​​ទូរស័ព្ទ​​​ទៅ​​​​​​មិត្ត​​​ភក្តិ​​​ខ្ញុំ​​​ម្នាក់​​​ម្ដងៗ ដើម្បី​​​ប្រាប់​​​​​​ពួក​​​គេបន្ទាប់​ពី​​​ខ្ញុំ​​​បាន​​​ស្ដាប់​​​ឮ​​​និទ្ទេស​​​។ ប៉ុន្តែ មិត្ត​​​ភក្តិ​​​របស់​​​ខ្ញុំ​​​ក៏​​​នឹង​​​មក​​​សាលា​​​រៀន​​​ដែរ​​​ពេល​​​គេ​​​បិទ​​​លទ្ធផល​​​ ដើម្បី​​​មើល​​​ដោយ​​​ខ្លួន​​​ឯង​​​​​​"។ ប៉ុន្តែ នៅ​​​ពេល​ស្ដាប់​​​ឮ​​​ឈ្មោះ​​​ប្រឡង​​​ធ្លាក់​​​ទី​​​១យុទ្ធារៈ​​​ ក៏​​​មាន​​​ការ​​​ប្រែ​​​ប្រួល​​​មួយ​រំពេច។ទន់​​​​​​ជង្គង់​​​ភ្លាម​​​ វា​​​ហាក់​​​ដូច​​​ជា​​​​​​​​​ខ្លួន​​​ឯង​​​​​​ប្រឡង​​​ធ្លាក់​​​​​​អ៊ីចឹង​​​ យុវ​​​សិស្ស​​​នេះ​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​មិន​​​ចង់​​​ទូរ​​​ស័ព្ទ​​​ប្រាប់​វា​​​ថា វា​​​ប្រឡង​​​ធ្លាក់​​​ទេ​​​។ អ្នក​​​ដែល​​​ប្រឡង​​​ជាប់ខ្ញុំ​​​បាន​​​ទូរស័ព្ទ​​​ប្រាប់​​​ហើយ​​​ លើក​​​លែង​​​តែ​អ្នក​​​ដែល​​​ប្រឡង​​​ធ្លាក់​​​ ខ្ញុំ​​​អត់​​​និយាយ​​​អ្វី​​​ទាំង​​​អស់​​​ ហើយ​​​ចាំ​​​ឲ្យ​​​ពួក​​​គេ​​​មក​​​មើល​​​លទ្ធផល​​​ដោយ​​​ខ្លួន​​​ឯង​​​ទៅ​​​"។ សិស្ស​​​ម្នាក់​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​សាលា​​​​​​បានស្ដាប់​​​​​ឮ​​​ថា​​​ គាត់​​​​​​​​​ប្រឡង​​​ធ្លាក់មាន​ឈ្មោះ​អន ចាន់ភក្ត្រា​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ចាន់​​​​​​ភក្ត្រា មិន​​​ព្រួយ​​​ពេក​​​​​​ទេ ព្រោះ​​​សិស្ស​​​រូប​​​នេះ​​​​​​មាន​​​ឱកាស​​​ប្រឡង​​​លើក​​​ទី​​​២​​​ ដែល​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ បន្ទាប់​​​ពី​​​ដឹង​​​ច្បាស់​​​ថា អត្រា​​​ប្រឡង​​​ជាប់​​​នៅ​​​ឆ្នាំ​​​២០១៤​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​សាកល​​​វិទ្យាល័យ​​​នានា​​​គ្មាន​​​សិស្ស​​​ចូល​​​រៀន​​​នៅ​​​ឆ្នាំ​​​២០១៥​​​។ សិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​ប្រឡង​​​ធ្លាក់​​​ ប៉ុន្តែ ខ្ញុំ​​​មិន​ដឹង​​​ធ្វើ​យ៉ាងម៉េច​ទេ​​​ ពីព្រោះ​​​លទ្ធផល​​​បាន​​​ចេញ​​​ទៅ​​​ហើយ​​​។ ខ្ញុំ​​​នឹង​​ខំ​​ព្យាយាម​​រៀន ​​​ដើម្បី​​​ប្រឡង​​​លើក​​​ទី​​​២ទៀត"។ កាល​​​ពី​​​ម្សិល​​​មិញ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​អប់​​​រំ​​​ ហង់ ជួន ណារ៉ុន បាន​​​ពន្យល់​​​​​​ថា ​​​​​​​​​​​​​​​​​​ការ​​​ប្រឡង​​​លើក​​​ទី​​២​​​នឹង​​​ផ្ដោត​​​លើ​​​ "មុខ​​​វិជ្ជា​​​សំខាន់​​​បំផុត​​​បួន​​​" ពោល​​​គឺ​​​មុខ​​​វិជ្ជា រូប​​​វិទ្យា គីមីវិទ្យា គណិតវិទ្យា និង​​​ជីវវិទ្យា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មេរៀន​​​​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​​​​បង្ហោះ​​​តាម​​​អីុនធើណេត​​​ ហើយ​​​ថា ក្រសួង​​​អប់រំ​​​នឹង​​​បើក​​​ថ្នាក់​​​រៀន​​​​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​សម្រាប់​​​សិស្ស​​​មុន​​​ការ​​​ប្រឡង​​​លើក​​​ទី​​​២​​​នៅ​​​ខែ​​​តុលា​ខាងមុខ​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "សិស្ស​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​មាន​​​សិទ្ធិ​​​ចូល​​​ប្រឡង​​​លើក​​​ទី​​​២​​​ លើក​​​លែង​​​តែ​​​សិស្ស​​​ដែល​​​បាន​​​​​​លួច​​ចម្លង​​​ ”។ ​​​នៅ​​​ពេល​​​ការ​​​ហៅ​​​ឈ្មោះ​​​​​​ជិត​​​ចប់​​​នៅ​​​សាលា​​​បាក់​​​ទូក​​​  យុទ្ធារៈ សប្បាយ​​​រីករាយ​​​​​​លើក​​​ដៃ​​​ឡើង​​​លើ​​​ និង​​​ស្រែក​​​ហ៊ោ ខណៈ​​​ដែល​​​​​​ដឹង​ថា​ខ្លួន​ទទួល​បាន​និទ្ទេសC។ ប៉ុន្តែ នៅ​​​ក្បែរ​​​​​​​​​សិស្ស​​​រូប​​​នេះ គឺ​​​សិស្ស​​​អាយុ​​​១៨​​​ឆ្នាំឈ្មោះ ហុង​​​ គឹម​​​ហាប់ ដែល​​​លទ្ធផល​​​ដូច​​​គ្នា​​​នេះ​​​បាន​​​ធ្វើ​​ឲ្យ​​​រូប​​​គេ​​​​​​ស្រក់​ទឹក​ភ្នែក។ សិស្ស​​​រូប​​​នេះ​​​និយាយ​​​ទាំង​​​ទឹក​​​ភ្នែក​​​ថា “ឪពុក​​​ម្ដាយ​​​របស់​​​ខ្ញុំ​​​សង្ឃឹម​​​ថា ខ្ញុំ​​​នឹង​​​ទទួល​​​បាន​​​និទ្ទេសB។ ឥឡូវ​​​ខ្ញុំ​​​ទទួល​​​បាន​​​និទ្ទេសC​​​ ទៅ​​​វិញ​​​"។ យ៉ាង​​​នេះ​​​ក្ដីនិទ្ទេសC អាច​​​ឲ្យ​​​ គឹមហាប់ ចូល​​​រៀន​​​នៅ​​​សាកល​​​វិទ្យាល័យ​​​​​​វិទ្យាសាស្ត្រ​​​សុខាភិបាល​​​ ដែល​​​យុវសិស្ស​​​រូប​​​នេះ​​​មាន​​​ផែន​​​ការ​​​រៀន​​​សូត្រ​​​ដើម្បី​​​ក្លាយ​​​ជា​​​វេជ្ជ​​​បណ្ឌិត​​​ម្នាក់ប្រសិន​​​បើ​​​ខ្លួន​​​អាច​​​ប្រឡង​​​ចូល​​​ជាប់​​​នោះ។ សិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "មុន​​​ពេល​​​ខ្ញុំ​​​អាច​​ចូល​​​រៀន​​​នៅ​​​ទីនោះ​​​ ខ្ញុំ​​​ត្រូវ​​​ប្រឡង​​​​​​មួយ​​​លើក​​​ផ្សេង​​​ទៀត​​​ជា​​​មុន​​​"។ ប៉ុន្តែ សិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ខ្លួន​​​មាន​​​ការ​​​ជឿ​​​ជាក់​​​ថា បញ្ញា​ពី​កំណើត​​​របស់​​​ខ្លួន​​​អាច​​​នាំ​​​ឲ្យ​​​​ឈាន​​​ទៅដល់​​​ការ​​​ប្រឡង​​​លើក​​​បន្ទាប់​​​ទៀត​​​។ សិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​អំពី​​​លទ្ធផល​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា "ខ្ញុំ​​​ពិត​​​ជា​​​ភ្ញាក់​​​ផ្អើល​​​ណាស់​​​ដែល​​​ខ្ញុំ​​​ទទួល​​​បាន​​​និទ្ទេសC ពីព្រោះ​​​ខ្ញុំ​​​​​​ពិត​​​ជា​​​ឆ្លាត​​​មែន"៕​​​មានិត​​​​​​​​​​​​​​​​​​​​​​​​​​​  

អ្នកភូមិ​​​ឡពាង​​​ត្រូវ​​​បាន​​​ដោះលែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​​​បណ្ដោះ​​​អាសន្ន

កាល​​​ពី​​​ថ្ងៃ​​​សុក្រ សាលាដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​បាន​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​ជា​​​បណ្ដោះ​​​អាសន្ន។ អ្នក​​​ភូមិ​​​ទាំង​​​នោះ​មាន​​​ជម្លោះ​​​ដី​​​ធ្លី​​​ជាមួយ​​​ភរិយា​​​របស់​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល។ ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​តវ៉ា​​​ជា​​​ហូរហែ​​​នៅ​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ។ លោក ពៅ វុទ្ធី ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​​​​កំពង់​​​ឆ្នាំ​​​ង បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សុក្រ​​​ថា "មនុស្ស​ទាំង​​​ប្រាំ​​​នាក់​ឥឡូវនេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ហើយ"។បី​​​នាក់​​​​​​ក្នុង​​​ចំណោម​​​បុរស​​​ទាំង​​​នោះ​​​ ឈ្មោះ ស្ងួន ញឿន ស្រ៊ុន ថា និង​​​ គុជ ហុក ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ខណៈ​​​ដែល​​​ពួក​​​គាត់​​​​​ព្យាយាម​​​ធ្វើ​​​ដំណើរ​​​​​​​​​​​​​​​​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ទាក់​​​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​ជម្លោះ​​​ដី​​​ធ្លី​​​ដ៏​​​រុាំរ៉ៃ​​​របស់​​​ខ្លួន​​​​​​ជា​​​មួយ​​​ក្រុមហ៊ុន ខេឌីស៊ី របស់​​​លោកស្រី​​​ ជា ខេងភរិយា​របស់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​។ បុរស​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ ឈ្មោះ ម៉ាង យ៉ាវ និ​​​ង សៀង ហេង ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កក្កដា ដោយសារ​ការ​​​តវ៉ា​​​មួយ​​​ប្រឆាំង​​​ក្រុមហ៊ុន ខេឌីស៊ី ដែល​​​បាន​​​ប្រែ​​​ក្លាយ​​​ទៅ​​​ជា​​​អំពើ​​​ហិង្សា។ ការ​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ បន្ទាប់​​​ពី​​​​​​លោក​​​ស្រី កែ ច័ន្ទ​​​មុនី សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មណ្ឌល​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​ បាន​​​ប្រាប់​​​ក្រសួង​​​យុត្តិ​​​ធម៌​​​ថា លោក​​​ស្រី​​​ចេញ​​​មុខ​​​ធានា​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ ដែល​​​នេះ​​​ជា​​​លក្ខខណ្ឌ​​​មួយ​​​ក្នុង​​​ចំណោម​​​លក្ខខណ្ឌ​​​បី​​​ដែល​​​ត្រូវ​​​ការ​​​ចាំបាច់ ដើម្បី​​​ធានា​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​​​បណ្តោះ​​​អាសន្ន​​​។ យោង​​​តាម​​​លោក សំ ប្រជា​​​មានិត ប្រធាន​​​ខុទ្ទកាល័យ​​​លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជា​​​លទ្ធ​​​ផល​​​ លោក​​​ អង្គវង្ស វឌ្ឍានា រដ្ឋ​​​មន្ត្រី​​​ក្រសួងយុត្តិធម៌បាន​​​ស្នើ​​​ឲ្យ​​​សាលា​​​ដំបូង​​​ខេត្ត​​​ពិនិត្យ​និង​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​នោះ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​​​បណ្តោះ​​​អាសន្ន​​​។​​​ លោក​​​ស្រី ច័ន្ទ​​​មុនី បាន​​​មាន​​​ប្រសាសន៍​​​ថាលោកស្រី​​​បាន​​​ធ្វើ​​​អន្តរាគមន៍​​​លើ​​​ករណី​​​នេះ​​​ដោយសារ​​​មាន​​​ការ​​​ផ្តល់​​​យោបល់​​​ ដែល​លោក​​​ស្រី​​​បាន​​​ទទួល​​​ពី​​​ "សហការី​​​ជា​​​ច្រើន​​​នាក់​​​" និង​​​បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​៦១​​​នាក់​​​បាន​​​ប្តឹង​​​ទៅ​​​លោក​​​ស្រីដោយ​​​សុំ​រក​​​ជំនួយ​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ដោះ​លែង​បុរស​​​ទាំង​​​នោះ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​ប្រើ​​​ឈ្មោះ​​​របស់​​​ខ្ញុំ​​​ក្នុង​​​នាម​​​ជា​​​សមាជិក​​​សភា​​​ម្នាក់​​​ដើម្បី​​​ធានា​​​ពួក​​​គេ​​​ ដូច្នេះ​​​ហើយ​​​អ្នក​​​ភូមិ​​​ជាប់​ពន្ធនាគារ​​​អាច​​​ត្រូវ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ជា​បណ្ដោះ​​​អាសន្ន​​​ ព្រោះ​​ខ្ញុំ​​​បាន​​​សន្យា​​​ថា នឹង​​​ជួយ​​​អ្នក​​​ភូមិ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​របស់​​​ពួកគាត់​​​"។ ទោះជាយ៉ាង​​​នេះ​​​ក្ដី លោក​​​ស្រី ច័ន្ទ​​​មុនី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ក៏​​​សង្ឃឹម​​​ដែរ​​​ថា ការ​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​នោះ​​​​​​នឹង​​​នាំ​​​ឲ្យ​​​ភរិយា​​​របស់​​​បុរស​​ទាំង​​​នោះ​និង​​​អ្នក​​​ជិត​​​ខាងឈប់​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ហើយ​​​ត្រឡប់​​​មក​​​ខេត្ត​​​កំពង់ឆ្នាំង​​​វិញ​​​។ អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​មាន​​​​​​គ្នា​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​បង្កើន​​​ការ​​​តវ៉ា​​​ចេញ​​​ពី​​​ទីតាំង​​​មួយ​​​នៅ​​​តំបន់​​​បឹង​​​កក់ ព្រោះតែ​​​ការ​​​ឃុំ​​​ឃាំង​​​បុរស​​​ទាំង​​​នោះ​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​១៤​​​ ខែ​​​សីហា​​​មក ដោយ​​​ធ្វើ​​​ឲ្យ​​​នគរ​​​បាល​​​និង​​​អាជ្ញាធរ​​​ខឹង​​​ជា​​​ខ្លាំង​​​។ លោក​​​ស្រី ច័ន្ទ​​​មុនី បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​ប្តី​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​គេ​​​ដោះ​​​លែង​​ដូច្នេះ​​​ខ្ញុំ​​​ស្នើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​នៅ​​​​​​រាជធានី​​​ភ្នំពេញ​​​ត្រឡប់​​​មក​​​ខេត្ត​​​វិញ​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​រឿង​​​ក្តី​​​នេះ​​​"។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា "ខ្ញុំ​​​នឹង​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​អាជ្ញាធរ​​​គ្រប់​​​ជាន់​​​ថ្នាក់​​​ទាំង​​​អស់​​​ដើម្បី​​​រក​​​ដំណោះស្រាយ​​​​​​សម​​​រម្យ​​​​​​ចំពោះ​​​រឿង​​​ដី​​​ធ្លី​​​នេះ​​​"។ ប៉ុន្តែ ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ពួក​​​គាត់​​​នឹង​​​ចាក​​​ចេញ​​​ពី​​​​​​រាជធានី​​​ភ្នំពេញ​​​ហើយ​​​ត្រឡប់​​​មក​​​ស្រុក​​​វិញ​​​តែ​​​ពេល​​​ណា​​​ បន្ទាប់​​​ពី​​​រឿង​​​ក្ដី​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​​​​ត្រូវ​​​ចិត្ត​​របស់​​​ខ្លួន​​​តែ​​​ប៉ុណ្ណោះ។ អ្នកស្រី​​​ អ៊ុំ សុភី ​​​​​​​​​ភរិយា​​​របស់​​​បុរស​​ម្នាក់​​​ដែល​បាន​​​នៅ​​​ក្រៅ​​​ឃុំ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្នក​​​ភូមិ​​​របស់​​​យើង​​​នឹង​​​ត្រឡប់​​​មក​​​វិញក្នុង​​​ករណី​​​ដែល​​​អាជ្ញាធរ​​​ និង​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ដី​​​ធ្លី​​​នេះ​​​ទាំង​​​ស្រុង​​​ឲ្យ​​​ពួក​​​យើង​​​ប៉ុណ្ណោះ"៕​​​មានិត  

កម្មករ​ក្រុមហ៊ុន​ ខេឌីស៊ី ដាក់​ញត្តិ​​​ប្រឆាំង​ការ​ដោះលែង​ក្រុម​​​អ្នក​ភូមិ​

កម្មករ​​​​​​ដែល​​​ធ្វើការ​នៅ​​​កន្លែង​​​ដែល​​​មាន​​​វិវាទ​​​​​​ដី​​​ធ្លី​​​រវាង​​​ក្រុម​​​​​​អ្នកភូមិ​​​នៅ​​​ក្នុង​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ និង​​​ក្រុម​​​ហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ភរិយា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​រ៉ែ និង​​​ថាមពល​​​ កាល​​​ពី​​​ម្សិល​មិញ​​​បាន​​​ធ្វើការ​តវ៉ា​​​ប្រឆាំង​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ជុំ​​​វិញ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​ការ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ។ កម្មករ​​​២៨​​​នាក់​​​បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ដើម្បី​​​តប​​​ត​​​ចំពោះ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗពី​​​សំណាក់​​​អ្នក​​​ភូមិ​​​មក​​​ពី​​​កន្លែង​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​នៅ​​​ក្នុង​​​ស្រុក​​​កំពង់​​​ត្រឡាច​​​ ​​​​​​ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះលែង​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខែ​​​នេះ​​​ និង​​​​​ចុង​​​ក្រោយ​​​ជុំ​​​វិញ​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដ៏​​​ហិង្សា។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ក្នុង​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​ដោយ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស និង​​​​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​នៅ​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​ហិង្សា​​​ជាមួយ​​​កម្មករ​​​មក​​​ពី​​​ក្រុម​​​ហ៊ុន ខេឌីស៊ី កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ខែ​​​កក្កដា​។ អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​​ទៀត​​​ដែល​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​សីហា ដោយ​​​ចៅ​​​ក្រម​​​សុើប​​​សួរ ញួង ចាន់ឌី ប៉ុន្តែ មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ឡើយ​​​ទេ។ កម្មករ​​​ក្រុមហ៊ុន​​​ ខេឌីស៊ី ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​សំណង់​​​២៥០​​​នាក់​​​ ដែល​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​ជួល​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បាន​​​ដាក់​​​ញត្តិ​​​ប្រឆាំង​​​ការ​​​ដោះ​​​លែង​​​ណា​​​មួយ​​​ទៅ​​​ក្រសួង​​​យុត្តិធម៌​​​ ការិយាល័យ​​​សហភាព​​​អឺរ៉ុប និង​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ យោង​​​តាម​​​ សិុន ឃឹម បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​បុរស​​​ប្រាំ​​​មួួយ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​រើស​​​ដោយ​​​កម្មករ​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី ឲ្យ​​​ធ្វើ​​​ជា​​​តំណាង​​​របស់​​​ពួក​​​គេ​​​នោះ​​​បាន​​​និយាយ​​​ថា  កាល​​​ពី​ម្សិលមិញ ពួក​​​គេ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ការិយាល័យ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ និង​​​អាដ​​​ហុក​​​ ព្រម​​​ទាំង​​​រដ្ឋ​​​សភា និង​​​ព្រឹទ្ធ​​​សភា។ គាត់​​​បាន​​​និយាយ​​​ថា "មូល​​​ហេតុ​​​ដែល​​​យើង​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ ហើយ​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​ទាំង​​​នេះ​​​គឺ​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​ស្ថាប័ន​​​ទាំង​​​នេះ​​​កុំ​​​អន្តរាគមន៍​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នកភូមិ​​​ទាំង​​​ប្រាំ​​​​នាក់​​​​ពី​​​ពន្ធនាគារ​​​​​​ ពីព្រោះ​​​ពួក​​​គាត់​​​គឺ​​​ជា​​​ពិរុទ្ធ​​​ជន​​​ពិត​​​ប្រាកដ​​​ ដែល​​​​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​វាយ​​​ពួក​​​យើង​​​"។ គាត់​​​បាន​​​បន្ថែម​​​ថា "សកម្ម​ភាព​​​របស់​​​យើង​​​ គឺ​​​ដើម្បី​​​ស្វែង​​​រក​​​យុត្តិធម៌​​​ជូន​កម្មករ​​​របស់​​​យើង​​​ ដែល​​​បាន​​​រង​​​របួស​​​ដោយ​​​សារ​​​មនុស្ស​​​ទាំង​​​នេះ​​​។ ពួក​​​គាត់​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សកម្ម​ភាព​​​ដ៏​​​ឃោរ​ឃៅ​​​មក​​​លើ​​​​ពួក​​​​យើង​​​ ខណៈ​​​ដែល​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​​​​ការដ្ឋាន"។ កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ប្រហែល​​​១០​​​នាក់​​​បាន​​​រង​​​របួស​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​កក្កដា បន្ទាប់​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ព្យាយាម​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​សង់​​​របង​​​កំណត់​​​ព្រំ​​​ដី​​​ ដែល​​​មាន​​​វិវាទ​​​ចាប់​​​តាំង​​​ពី​​​លោកស្រី ជា​​​ ខេង ភរិយា​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​បាន​​​មក​​ដល់​​​ដី​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ ហើយ​​​តាម​​​ព័ត៌​​​មាន​​​ថា ​​​បាន​​​ចាប់​​​យក​​​ដី​​​នេះ​។ ដោយ​​​មានការ​​​តវ៉ា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗពី​​​សំណាក់​​​ក្រុម​​​អ្នក​​​ភូមិ​​​ កាល​​​ពី​​​ម្សិលមិញ កម្មករ​​​ទាំង​​​នោះ​​​បាន​​​ធ្វើ​​​ដំណើរ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​តាម​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី ដោយ​​​កាន់​​​រូប​​​ថត​​​អ្នក​​​​​​រង​​​បួស​​​ដែល​​​ពួក​​​គេ​​​លើក​​​ឡើ​​​ង​​​ថា ដោយ​​​សារ​​​ស្នាដៃ​​​របស់​​​ក្រុម​​​អ្នក​​​ភូមិ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​កក្កដា ។ ពួក​​​គេ​​​បាន​​​មកដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​តែ​​​មួយ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ បន្ទាប់ពី​​​អ្នក​​​ភូមិ​​​ប្រហែល​​​៧០នាក់​​​មក​​​ពី​​​កន្លែង​​​ដី​​​ដែល​​​មាន​​​វិវាទ​​​បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​មួយ​​​ចំនួន ដែល​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ​​​បាន​​​ទៅ​​​នោះ។ អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​របស់​​​កម្មករ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រៀប​​​ច​​ំ​​​ដោយ​​​ក្រុម​​​នោះ។ អ្នក​​​ស្រី ខាត់​​​ សារួន ដែល​​​ប្តី​​​របស់​​​គាត់​​​ឈ្មោះ​​​ ស៊ាង ហេង ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​នោះ​​​ បាន​​​និយាយ​​​ថា "ក្រុមហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ស្ត្រី​​​មាន​​​អំណាច​​​រូប​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​សម្តែង​​​ឆាកល្ខោន​​​គ្រប់​​​ប្រភេទ​​​ដើម្បី​​​ចាប់​​​អ្នក​​​ភូមិ​​​​​​ដាក់​​​ពន្ធនាគារ ហើយ​​​ឥឡូវ​​​នេះ​​​ពួក​​​គេ​​​បាន​​​ជួល​​​បុរស​​​ទាំង​​​នេះ​​​ឲ្យ​​​សម្តែង​​​ល្ខោន​​​ផ្សេង​​​ទៀត​​​"។ លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេក​​​ទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្វាគមន៍​​​ការ​​​ដាក់​​​ញត្តិ​​​របស់ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា "ការសង្ស័យ​​​របស់​​​អ្នកស្រី សារួន ទៅលើ​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី អាច​​ជា​​​ការ​ត្រឹមត្រូវ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ញត្តិ​​​នេះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​​​​ដោយ​​​ឆន្ទៈ​​​របស់​​​កម្មករ​​​មែន​​​នោះ​​​ វា​​​ជា​​​ការ​​​ល្អ​​​ហើយ​​​ ពីព្រោះ​​​នេះ​​​គឺ​​​ជា​​​បរិយាកាស​​​ប្រជា​​​ធិបតេយ្យ​​​។ ប៉ុន្តែ យើង​​​បារម្ភ​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​អាយ៉ង​​​របស់​​​អ្នក​​​មាន​​​អំណាច​​​ដើម្បី​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​សម្រាប់​​​អ្នក​​​មាន​​​នោះ​​​"។ លោក សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា "លើស​​​ពី​​​នេះ​​​ទៅទៀត​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​ហិង្សា​​​បាន​​​បណ្តាល​​​ឲ្យ​​​ភាគី​​​ទាំង​​​សង​​​ខាង​​​រង​​​របួស ប៉ុន្តែ យើង​​​មិន​​​ច្បាស់​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​អាជ្ញាធរ​​​ និង​​​មន្ត្រី​​​តុលាការ​​​ចាត​់​​​វិធាន​​​ការ​​​ប្រឆាំង​​​តែ​​​ភាគី​​​​​​ម្ខាង​​​នៅ​​​ក្នុង​​​ជម្លោះ​​​នោះ​​​"។ លោក ឃឹម ដែល​​​ជា​​​តំណាង​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ​​​បាន​​​ច្រាន​​​​ចោល​​​ការ​​​សង្ស័យ​​​ដែល​​​ថា កម្មករ​​​ត្រូវ​​​បាន​​​​​​ភ្ជាប់ចំពោះការ​​​​ដាក់​​​ញត្តិ​​​នោះដោយ​​​ក្រុមហ៊ុន​​​ ខេឌីស៊ី ។ លោក ឃឹម បាន​​​និយាយ​​​ថា "ក្រុមហ៊ុន​​​មិន​​​បាន​​​គាំទ្រ​​​ពួក​​​យើង​​​ក្នុង​​​ការ​​​ដាក់​​​ញត្តិ​​​​​​ដើម្បីជំទាស់​​​ទៅ​​​នឹង​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ឡើយ"៕សារុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​នាំ​ក្មេងស្រី​គថ្លង់​ម្នាក់​ទៅ​លក់​នៅ​បនស្រី​

មនុស្សពីរនាក់​ត្រូវ​បាន​​រកឃើញ​ថា មាន​ទោស​ពីបទ​ជួញដូរ​ក្មេងស្រី​គថ្លង់​​អាយុ​១៣​ឆ្នាំ​ម្នាក់​យក​ទៅ​លក់​នៅ​បនស្រី ហើយពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​​១៥​ឆ្នាំ ដោយ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ។ ឯម សុភា អាយុ​៤៤​ឆ្នាំ និង ឡុញ ចាន់...

កម្មករ​កាត​់ដេរ​នៅ​​​ខេត្ត​កំពង់​​​ឆ្នាំង​​​ធ្វើ​​​ការ​តវ៉ា​​​ប្រឆាំង​​​រោងចក្រ​

តំណាង​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដែល​​​បាន​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​វិវាទ​​​ការ​​​ងារ​​​បាន​​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ម្សិល​​​​​​ម​​ិញ​​​ ខណៈ​​​ដែល​​​សហ​សេវិក​​​របស់​​​ខ្លួន​​​ប្រហែល​​​១.០០០​​​នាក់​​​ទៀត​​​បាន​​​ហែ​​​ក្បួន​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​។ កម្មករ​​​ប្រហែល​​​៦០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​ត្រូវ​​​បាន​​​រារាំង​​​រយៈ​​​ពេល​​​ខ្លី​​​ពី​​​សំណាក់​​​នគរ​​​បាល​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​តាម​​​ផ្លូវ​​​ដែល​​​ពួក​​​គាត់​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ដាក់​​​ញត្តិ​​​នៅ​​​ភូមិគ្រឹះ​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ប៉ុន្តែ ទី​​​បំផុត​​​បាន​​​ទៅ​​​ដល់​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០ និង​​​៣០​​​នាទី​​​ព្រឹក​​​។ ក្រុម​​​នេះ​​​ដែល​​​មាន​​​ចំនួន​​​តិច​​​ជាង​​​កម្មករ​៥០០​​​នាក់​​​ដែល​​​សមាជិក​​​សហជីព​​រំពឹង​​​ថា នឹង​​​ចូល​​​រួម​​​​​នោះ​​​ តំណាង​​​ឲ្យ​​​កម្មករ​​​ប្រហែល​​​៣.០០០​​​នាក់​​​ដែល​​​ពី​​​ដំបូង​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​​​​រយៈ​​​ពេល​​​ជាង​​​១០​​​ថ្ងៃ​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​ដឹង​​​ថា ប្រាក់​​​ឧបត្ថម្ភ​​​ប្រចាំខែ​​​របស់​​​ខ្លួន​​​មិន​​​មាន​​​ក្នុង​​​​​បញ្ជី​​​បើក​​​ប្រាក់​​​ខែ​​​​​​កាល​​​ពី​​​ពេល​​​ថ្មីៗនេះ។ បើ​​​ទោះ​​​ណា​​​ជា​​​រោង​​​ចក្រ​​​បាន​​​សន្យា​​​ទូទាត់​​​​​​ប្រាក់​​​ដែល​​​បាត់​​​នោះ​​​នៅ​​​ខែ​​​ក្រោយ​​​ក៏​​​ដោយ​​​ ក៏​​​កម្មករ​​​ទាំង​​​នោះ​​​បាន​​​​​​ទាម​​​ទារ​​​១៧​​​ចំណុច​​​រួម​​​ទាំង​​​ការ​​​ដំឡើង​​​លុយ​​​ព្រីម ពី​​​១០​​​ដុល្លារ​​​ដល់​​​១៥ដុល្លារ​​​ផង​​​ដែរ​​​។ កម្មករ​​​ដែល​​​ធ្វើ​​​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​រយៈ​​​ពេល​​​ប្រហែល​​​១ម៉ោង​​​នៅ​​​ខាង​​​ក្រៅ​​​ភូមិ​​​គ្រឹះ​​​លោក​​​ ហ៊ុន សែន មុន​​​ពេល​​​លោក គង់ ចំរើន​​​ លេខា​​​ម្នាក់​​​នៅ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មក​​​ទទួល​​​ញត្តិ​​​របស់​​​ពួក​​​គេ​​​។ លោក ចំរើន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "មាន​​​គណៈ​​​កម្មាធិការ​​​ដើម្បី​​​ដោះស្រាយ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​យក​​​ញត្តិ​​​ទៅ​​​ឲ្យ​​​ពួកគេ​​​"។ កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye  ១.០០០នាក់​​​ទៀត​​​ដែល​​​មិន​​​អាច​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ហែ​​​ក្បួន​​​ចេញ​​​ពី​​​រោងចក្រ​​​នៅ​​​ក្នុង​​​ស្រុក​​​សាមគ្គី​​​មាន​​​ជ័យ​​​ ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​តាម​​​បណ្ដោយ​​​ផ្លូ​​វ​​​ជាតិ​​​លេខ​​​៥​​​ជាមួយ​​​សហ​​​សេវិក​​​របស់​​​ខ្លួន​​​។ លោក អេង វណ្ណា តំណាង​​​សម្ព័ន្ធ​​​សហជីព​​​ស្មារតី​​​កម្មករ​​​ខ្មែរ​​​បាន​​​អំពាវ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​នេះ។ លោក វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក​​​ទទួល​​​ស្គាល់​​​ថា ថ្មី​​​ៗ​​​នេះ​​​យើង​​​មាន​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ក្រុមប្រឹក្សា​​​អាជ្ញា​​​កណ្ដាល​​​ មន្ទីរ​​​ការងារ​​​ខេត្ត​​​ និង​​​​​​ក្រសួង​​​ការងារ​​​មក​​​ធ្វើ​​​ការ​​​ចរចា​​​ជាមួយ​​​តំណាង​​​នៃ​​​ភាគី​​​ទាំង​​​ពីរ​​​ ប៉ុន្តែ មិន​​​មាន​​​ដំណោះ​​​ស្រាយ​​​ឡើយ​​​"។ លោ​​​ក​​​ ង៉ែត រស្មី ប្រធាន​​​ផ្នែក​​​ធន​​​ធាន​​​មនុស្ស​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye បាន​​​មាន​ប្រសាសន៍​​​ថា  រោង​​​ចក្រ​​​នឹង​​​ពិនិត្យ​​​មើល​​​ការ​​​ទាម​​​ទារ​​របស់​​​កម្មករ​​​ ប៉ុន្តែ​​​ មិន​​​អាច​​​ដំឡើង​​​ប្រាក់​​​ខែ​​​បាន​​​ឡើយ​​​។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា "ពួកគេ​​​បាន​​​ទា​​​ម​​​ទារ​​​កន្លែង​​​សម្រាប់​​​បរិភោគ​​​អាហារ​​​នៅ​​​ក្នុង​​​រោងចក្រ។ យើង​​​នឹង​​​ពិចារណា​​​សាង​​​សង់​​​កន្លែង​​​នេះ​​​នៅ​​​ពេល​​​ក្រោយ​​​ ពីព្រោះ​​​រោង​​​ចក្រ​​​របស់​​​​យើង​​​ទើប​​​តែ​​​បាន​​​សាង​​​សង់​​​ប៉ុណ្ណោះ"។​​​​​​​​​​​​​​​​​​​ លោក​​​បាន​​​បន្ថែម​​​ថា រោង​​​ចក្រ​​​ក៏​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​កម្មករ​​​មាន​​​ផ្ទៃ​​​ពោះ​​​​​​ឈប់​​​សម្រាក​​​មួយ​​ថ្ងៃ​​​អំឡុង​​​ពេល​​​ទៅ​​​ពិនិត្យ​​​ផ្ទៃពោះ​​​ផង​​​ដែរ​​​។...

អភិបាល​រាជ​ធានី​លើក​សរសើរ​កង​រាជ​អាវុធ​ហត្ថ​ ដោយ​ផ្ដល់​អំណោយ​ជាប្រាក់​

កាលពី​ម្សិលមិញ លោក បា៉ា សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ បាន​ចែក​ប្រាក់​សរុប​៣០.០០០ដុល្លារ ​ដល់​កង​រាជអាវុធហត្ថ​ប្រហែល​១.០០០​នាក់​នៅ​ក្នុង​ពិធី​មួយ​ ដោយ​លើក​សរសើរ​ពីការ​បំពេញ​​​ការ​ងារ​ និង​គោរព​វិន័យ​...

ការ​ធ្វើ​ជំរឿន​ជនអន្តោប្រវេសន៍​បន្ត​ ខណៈ​​ជនជាតិវៀតណាម​ប្រហែល​១០០​នាក់​ទទួល​បាន​ប័ណ្ណរស់​នៅ​ស្រប​ច្បាប់​

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​​បាន​ចែក​ប័ណ្ណ​រស់​នៅ​ស្រប​ច្បាប់​សម្រាប់​ជនអន្តោប្រវេសន៍​ឲ្យជន​ជាតិវៀតណាម​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ពុធ និង​ម្សិលមិញ​ បាន​បន្ត​ធ្វើ​ជំរឿន​លើ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ធ្វើ​ជំរឿន​នេះ​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​អាទិត្យ ដោយ​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋានអន្តោប្រវេសន៍នៅ​ក្រសួង​មហាផ្ទៃ...

ស្ថានទូត​​​សិង្ហបុរី​​​ថ្កោល​​​ទោស​ការ​គប់​​​ពង​​​មាន់​​​ដាក់​​​ខ្លោងទ្វារ​​​ស្ថានទូត

កាល​​​ពី​​​ម្សិល​​​មិញ​​​ស្ថានទូត​​​សិង្ហបុរី​​​​ប្រចាំ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ថ្កោល​​​ទោស​​​ការ​​​គប់​​​ពង​​​មាន់​​​ដាក់​​​ខ្លោង​​​ទ្វារ​​​មុខ​​​របស់​​​ស្ថាន​​​ទូត​​​កាល​​​ពី​​​មួយ​​​ថ្ងៃ​​​មុន​​ពីសំណាក់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​ ដោយ​​​ហៅ​​​ទង្វើ​​​នោះ​​​ថា "មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ"។ អ្នក​​​ភូមិ​​​តំបន់​​​បឹង​​​កក់​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទាំង​​​អតីត​​​និង​​​បច្ចុប្បន្ន​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​មុខ​​​ស្ថាន​​​ទូត​​​នេះ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ទាម​​​ទារ​​​កុំ​​​ឲ្យ​​​ក្រុមហ៊ុន HLH Group បន្ត​​​ផែនការ​​​របស់​​​ខ្លួន​​​ដើម្បី​​​ទិញ​​​ដី​​​ទំហំ​​​១,៣៥ហិកតា​​​ ដែល​​​ក្នុង​នោះ​​​អ្នកភូមិ​​​ប្រហែល​​​៣.០០០គ្រួសារ​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ដោយ​​​បង្ខំ។ នៅ​​​ពេល​​​ក្រុម​​​អ្នក​​​តវ៉ា​​​ត្រូវ​​​បាន​​​រុញ​​​ច្រាន​​​ឲ្យ​​​ចេញ​​​ពី​​​ស្ថាន​​​ទូត​​​ដោយ​​​ក្រុម​​​សន្តិ​​​សុខ​​​ខណ្ឌ​​​ដូន​​​ពេញ គេ​​​ឃើញ​​​មាន​​​ផ្នែក​​​ពណ៌​​​លឿង​​​នៃ​​​ពង​​​មាន់​​​ប្រឡាក់​​​នៅ​​​ជាប់​​​ខ្លោង​​​ទ្វារ​​​របស់​​​ស្ថាន​​​ទូត​​​។ ស្ថាន​​​ទូត​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​ថា "ស្ថាន​​​ទូត​​​ចាត់​​​ទុក​​​ទង្វើ​​​នេះ​​​ថា ជា​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​។ យើង​​​នឹង​​​យក​​​បញ្ហា​​​នេះ​​​ទៅ​​​ពិភាក្សា​​ជាមួយ​​អាជ្ញាធរ​​​ខ្មែរ​​​ដែល​​​ពាក់​​​ព័ន្ធ​​​"។ ស្ថាន​​​ទូត​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា រដ្ឋាភិបាល​​​សិង្ហ​​​បុរី​​​មិន​​​​​​មាន​​​យុត្តាធិការ​​​ធ្វើ​​​អន្តរាគមន៍​​​ក្នុង​​​វិវាទ​​​ពាណិជ្ជកម្ម​​​ឯកជន​​​ឡើយ​​​។ លោក ឡុង​​​ ឌីម៉ង់ អ្នក​​​​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​មិន​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​អំពី​​​ការ​​​គប់​​​ពង​​​មាន់​​​ដាក់​​​ស្ថាន​​​ទូត​​​ ហើយ​​​ក៏​​​មិន​​​បាន​​​ឃើញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​នោះ​​​ដែរ ប៉ុន្តែ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក​បាន​​​បន្ទោស​​​ក្រុម​​​អ្នក​​​តវ៉ា​​​។ លោក ឡុង​​​ ឌីម៉ង់ បាន​​​មាន​​​ប្រសាសន៍​​​ថា "មនុស្ស​​​ទាំង​​​នោះ​​​គ្មាន​​​សីលធម៌​​​ និង​​​គ្មាន​​​ការ​​​អប់​​​រំ​​​ចំពោះ​​​ការ​​​​យក​​​ពង​​​មាន់​​​ទៅ​​​គប់​​​ស្ថាន​​​ទូត​​​បែប​​​នេះ។ យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​តាម​​​ច្បាប់​​​ប្រឆាំង​​​បុគ្គល​​​ណា​​​ដែល​​​មិន​​​គោរព​​​អធិបតេយ្យភាព​​​របស់​​​ស្ថាន​​​ទូត។ លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​នឹង​​​សើុប​​​អង្កេត​​ហេត​ុការណ៍​​​នោះ​​​។ លោក​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​ថា "យើង​​​ត្រូវ​​​ពិនិត្យ​​​និង​​​សិក្សា​​​រក​​​មូល​​​ហេតុ​​​ដែល​​​ពួក​​​គាត់​​​បាន​​​គប់​​​ពង​​​មាន​​​់​​​ដាក់​​​ស្ថាន​​​ទូត​​​ និង​​​ថា​​​ តើ​មាន​​​បញ្ហា​​​អ្វី​​​"៕សារុន​​​​​​​​​​​​​​​​​​​​​    

ព័ត៌មានថ្មីៗ