បុរស​​​វៀតណាម​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពេល​​​​​​ផ្ញើ​​​តុក្កតា​​​ខ្លាឃ្មុំ​​​ផ្ទុក​​​គ្រឿង​​​ញៀន​​​

នគរបាល​​​​​​បាន​​​​​​ចាប់ខ្លួន​​​​​​បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ខណៈ​​​ពេល​​​ជន​​​នេះ​​​កំពុង​​​ប៉ុនប៉ង​​​ផ្ញើ​​​តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ធំ​​​ចំនួន​​​ប្រាំ​​​ដែល​​​មាន​​​ផ្ទុក​​​​​​សារធាតុ​​​​​​ស៊ូដូ​​​ហ្វេឌ្រីន​​​ (Pseudo-ephedrine) ជាង​​​​​​១២​​​គីឡូ​​​​​​ក្រាម​​​​​​ ជា​​​សារធាតុ​​​គីមី​​​ម្យ៉ាង​​​សម្រាប់​​​​​​ផលិត​​​​​​គ្រឿង​​​ញៀន​​​ ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ឆ្ពោះ​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី​​​​​​។​​​

បុរ​​​ស​​​ឈ្មោះ​​​ វ៉ាន វ៉ៃ អាយុ​​​៤៦​​​ឆ្នាំ​​​​​​ត្រូវ​​​បាន​​​​​​ឃាត់​​​ខ្លួន​​​​​​បន្ទាប់​​​ពី​​​​​​ការិយាល័យ​​​ប្រៃសណីយ៍​​​​​​ច្បារ​​​អំពៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​រាជធានីភ្នំពេញ​​​ មាន​​​​​​ការ​​​សង្ស័​​​យ​​​​​​ចំពោះ​​​​​​​​​តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ដែល​​​មាន​​​ទម្ងន់​​​ធ្ងន់​​​ខ្លាំង​​​​​​​​គួរ​​​​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ទាំង​​​នេះ​​​។

ឧត្តម​​​សេនីយ៍​​​ឯក​​​ មាស វីរិទ្ធ ប្រធាន​​​​​​អាជ្ញា​​​ធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​បុគ្គលិក​​​​​​នៅ​​​ការិយា​​​ល័យ​​​ប្រៃសណីយ៍​​​លើក​​​ខ្លា​​​ឃ្មុំ​​​ទាំង​​​នោះ​​​ឡើង​​​ វា​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​​​​ថា​​​ វា​​​មិន​​​មែន​​​ជា​​​តុក្កតា​​​ខ្លាឃ្មុំ​​​​​​សម្រាប់​​​ក្មេង​​​លេង​​​នោះ​​​ទេ​​​”។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្លា​​​ឃ្មុំ​​​ទាំង​​​នោះ​​​មាន​​​ផ្ទុក​​​​​​សារធាតុ​​​ស៊ូដូហ្វេឌ្រីន​​​ជាង​​​១២​​​គីឡូក្រាម​​​ ហើយ​​​គេ​​​អាច​​​ប្រើប្រាស់​​​វា​​​សម្រាប់​​​ផលិត​​​មេតំហ្វេតាមីន​​​​​​បាន​​​ប្រហែល​​​​​​​​​៨,៥គីឡូក្រាម​​​”។​​​

លោក​​​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ទាំង​​​នេះ​​​មាន​​​តម្លៃ​​​តែ​​​ប៉ុន្មាន​​​ដុល្លា​​​រ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ​​​​​​មេតំហ្វេតាមីន​​​នៅក្នុង​​​តុក្កតា​​​ទាំងនោះ​​​មាន​​​តម្លៃ​​​ប្រហែល​​​៨៥០.០០០​​​ដុល្លារ​​​ជា​​​តម្លៃ​​​​​​លក់​​​នៅ​​​តាម​​​ផ្លូវ​​​។ អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿងញៀន​​​បាន​​​​​​តាម​​​​​​ស្វែង​​​រក​​​​​​តុក្កតា​​​ក្មេង​​​លេង​​​​​​ដែល​​​​​​មាន​​​​​​ផ្ទុក​​​សារធាតុ​​​ញៀន​​​យ៉ាង​​​​​​ច្រើន​​​ដែល​​​គេផ្ញើ​​​តាម​​​ប្រៃសណីយ៍។

នគរបាល​​​សហព័ន្ធ​​​អូស្ត្រាលី​​​​​​បាន​​​ផ្ដល់​​​ព័ត៌មាន​​​ឲ្យ​​​​​​អាជ្ញាធរ​​​កម្ពុជា​​​ថា តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ចំនួន​​​ប្រាំមួយ​​​ប្រអប់​​​ដែល​​​មាន​​​ទម្ងន់​​​​​​ប្រមាណ​​​៧២,៩គីឡូក្រាម​​​ និង​​​មាន​​​ផ្ទុក​​​ថ្នាំ​​​ញៀន​​​នៅ​​​ក្នុង​​​នោះ​​​​​​បាន​​​ចេញ​​​ពី​​​កម្ពុជា​​​​​​ទៅ​​​ដល់​​​​​​ប្រទេស​​​អូស្ត្រាលី​​​តាម​​​រយៈ​​​​​​សេវា​​​ប្រៃសណីយ៍​​​ចាប់​​​តាំង​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៩​​​ ខែ​​​​​​ធ្នូ​​​មក​​​។

​​​ វរសេនីយ៍​​​ទោ អិន សុង​​​ អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង​​​​​​មហាផ្ទៃ​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ថ្នាំ​​​ញៀន​​​វេច​​​ខ្ចប់​​​​​​ផ្ញើ​​​តាម​​​ប៉ុស្ដិ៍​​​ប្រៃសណីយ៍​​​​​​គឺ​​​ ជា​​​វិធី​​​ចាស់​​​គំរឹល​​​ ប៉ុន្តែ​​​វា​​​ជា​​​យុទ្ធសាស្ត្រ​​​ថ្មី​​​ ដែល​​​​​​លាក់​​​ថ្នាំ​​​ញៀន​​​នៅ​​​ក្នុង​​​តុក្កតា​​​ក្មេង​​​លេង​​​ ហើយ​​​​​​ផ្ញើ​​​តាម​​​ប្រៃសណីយ៍​​​”។

តុក្កតា​​​ខ្លាឃ្មុំ​​​គឺ​​​គ្រាន់តែ​​​ជា​​​​​​វិធី​​​​​​ចុង​​​ក្រោយ​​​បំផុត​​​​​​សម្រាប់​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ជា​​​​​​អន្តរជាតិ​​​​​​ ពីព្រោះ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះនគរបាល​​​បាន​​​​​​ពុះ​​​ពារ​​​​​​តាម​​​ចាប់​​​ខ្លួន​​​​​​ជន​​​​​​ល្មើស​​​ដោយ​​​បាន​​​ចាត់​​​ទុក​​​​​​ប្រព័ន្ធប្រៃសណីយ៍​​​របស់​​​កម្ពុជា​​​​​​​​​ថា ជា​​​ចំណុច​​​​​​ខ្សោយ​​​ដែល​​​ត្រូវ​​​ពង្រឹង​​​។

កាលពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១២​​​ អតីត​​​ទាហាន​​​កង​​​​​​យោធពល​​​ខេមរភូមិន្ទ​​​ម្នាក់​​​ និង​​​ស្ត្រី​​​វៀតណា​​​ម​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ក្នុង​​​ការិយាល័យ​​​ប្រៃសណីយ៍​​​កណ្ដាល​​​ក្នុង​​​​​​រាជ​​​ធានីភ្នំពេញ​​​​​​ បន្ទាប់​​​ពី​​​​​​ប៉ុន​​​ប៉ង​​​ផ្ញើ​​​កញ្ចប់​​​​​​ធំមួយ​​​​​​ ដែល​​​មាន​​​កញ្ចប់​​​តូច​​​ៗ​​​ចំនួន​​​៦០០​​​កញ្ចប់​​​ ដែល​​​បិទ​​​ស្លាក​​​​​​ថា “យ៉ិន​​​ស៊ិន​​​ក្រហម​​​របស់​​​​​​កូរ៉េ​​​”។

ការវិភាគ​​​បង្ហាញ​​​ថា សារធាតុ​​​នៅ​​​​​​ក្នុង​​​កញ្ចប់​​​ទាំង​​​នោះ​​​មាន​​​ផ្ទុក​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអ៊ីន​​​ ហើយ​​​ជន​​​ទាំង​​​ពី​​​រ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​តុលាការ​​​សម្រេច​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​មួយ​​​​​​ជីវិត​​​​​​។​​​

នៅ​​​​​​ខែ​​​មេសា ក្នុង​​​ឆ្នាំ​​​ដដែល​​​ នគរបាល​​​ក្នុង​​​ទីក្រុង​​​មេលបឺនបាន​​​ចាប់​​​ខ្លួន​​​​​​ប្រជាជន​​​កម្ពុជា​​​ពី​​​រនាក់​​​ និង​​​រឹប​​​អូស​​​បាន​​​​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​ទឹក​​​ទម្ងន់​​​៦៥​​​គីឡូក្រាម​​​​​​ដាក់​​​នៅ​​​ក្នុង​​​កញ្ចប់​​​តូច​​​ៗ ដែល​​​បិទ​​​ស្លាក​​​ថា ប្រដាប់​​​ផ្លុំ​​​សក់​​​ ហើយ​​​ក្រោយមក​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា វា​​​មាន​​​ផ្ទុក​​​ហេរ៉ូអ៊ីន​​​​​​។​​​

ឧត្តមសេនីយ៍​​​ឯក​​​ មាស​​​ វីរិទ្ធ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​​​​​​​ [ជន​​​ជួញ​​​ដូរ​​​] តែង​​​តែ​​​ព្យាយាម​​​​​​ផ្លាស់​​​ប្ដូរ​​​យុទ្ធសាស្ត្រ​​​​​​របស់​​​ខ្លួន​​​។ សូម្បី​​​នៅ​​​ពេល​​​ពួក​​​គេ​​​ដេក​​​ [ជន​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​] តែងតែ​​​រិះរក​​​​​​មធ្យោបាយ​​​​​​ថ្មីៗ​​​ដើម្បី​​​បញ្ជូន​​​ថ្នាំ​​​ញៀន​​​ពីប្រទេស​​​កម្ពុជា​​​ទៅ​​​កាន់​​​ប្រទេស​​​ផ្សេង​​​ៗ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​​​​តុក្កតា​​​ខ្លាឃ្មុំ​​​ទាំង​​​នេះ​​​ថា “ប៉ុន្តែ​​​នគរបាល​​​​​​របស់​​​យើង​​​និង​​​បុគ្គលិកនៅ​​​តាម​​​ការិយាល័យ​​​ប្រៃសណីយ៍​​​នៅ​​​ពេល​​​នេះ​​​ត្រូវ​​​បាន​​​បណ្ដុះ​​​បណ្ដាល​​​ឲ្យ​​​ចេះ​​​រក​​​មើល​​​កញ្ចប់​​​​​​គួរ​​ឲ្យ​​​សង្ស័យ​​​ដែល​​​​​​មិន​​​ទំនង​​​”។

ឧត្តមសេនីយ៍​​​ឯក​​​ ខៀវ សុភ័ក្រ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​ជា​​​អគ្គលេខាធិការ​​​រង​​​នៃ​​​អាជ្ញាធរ​​​ជាតិ​​​​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​ថា លោក​​​មិន​​​បានដឹង​​​​​​ពី​​​ករណី​​​រត់​​​ពន្ធ​​​តុក្កតា​​​ខ្លាំ​​​ឃ្មុំ​​​ទាំង​​​នេះ​​​ទេ ប៉ុន្តែ​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​បង្កើត​​​​​​គំនិត​​​ច្នៃ​​​ប្រឌិត​​​របស់​​​ជន​​​ជាប់​​​ចោទ​​​នេះ​​​មិន​​​ធ្វើ​​​ឲ្យ​​​លោក​​​ភ្ញាក់​​​ផ្អើល​​​ទេ​​​។

លោក​​​បានមានប្រសាសន៍​​​ទៀត​​​ថា “ពួក​​​គេ​​​បាន​​​ធ្វើ​​​បែប​​​នេះ​​​យូរ​​​មក​​​ហើយ​​​។ ពេល​​​នេះ​​​គេ​​​ដាក់​​​វា​​​នៅ​​​ក្នុង​​​តុក្កតា​​​​​​ក្មេង​​​លេង​​​ កាល​​​ពី​​​១៥​​​ឆ្នាំ​​​មុន​​​ យើង​​​បាន​​​រក​​​ឃើញ​​​ករណី​​​ថ្នាំ​​​ញៀន​​​លាក់​​​នៅ​​​ក្នុងពោះ​​​​​​ត្រី​​​”៕ សុខុម

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.