កម្ពុជា​និង​ថៃ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ឆ្លង​ដែន​ទៅវិញ​ទៅមក​​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​លោក​ថោង ខុន​អះអាង​ថា​ កម្ពុជា​និង​ថៃ ​បាន​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទាំង​សង្ខាង​ក្នុង​ការ​ទៅ​ កម្សាន្ត​នៅ​ខេត្ត​កោះកុង​ និង​ខេត្ត​ត្រាត​ រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ សមុទ្រ​របស់​កម្ពុជា​នៅ​ពេល​ខាង​មុខ។​

លោក​បន្ត​ថា ​ពលរដ្ឋ​ខ្មែរ​អាច​ឆ្លង​ទៅ​លេង​ខេត្ត​ត្រាត​របស់​ថៃ​បាន​ ដោយ​គ្រាន់​តែ​បង្ហាញ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​សមត្ថ​កិច្ច​ថៃ​ប៉ុណ្ណោះ ​ហើយ​ប្រសិន​បើ​ពួក​គេ​ចង់​បើក​រថយន្ត​ផ្ទាល់​ខ្លួន​ចូល​គឺ​ត្រូវ​មាន​បណ្ណ​សម្គាល់​យានយន្ត​ និង​បណ្ណ​បើកបរ។​ លោក​បន្ត​ថា ​ចំពោះ​ក្មេង​តូចៗ​ ត្រូវ​យក​ទៅ​ជាមួយ​នូវ​រូប​ថត​ ហើយ​មិន​ចាំបាច់​មាន​លិខិត​ឆ្លងដែន​ក៏​បាន។​

ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧​នៅ​ខេត្ត​កោះកុង​​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ខែ​ធ្នូ ​ក្រោម​ប្រធាន​បទ​ឆ្នេរស្អាត​ ពលរដ្ឋ​រមណីយ។​

កម្ពុជា​រំពឹង​ទុក​ថា ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​ប្រហែល​ យ៉ាង​តិច​៩​ម៉ឺន​នាក់។​

ខេត្ត​កោះកុង​មាន​រមណីយ​ដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​ ដូចជា​ រមណីយ​ដ្ឋាន​វិស្សមកាល​តារា​សាគរ​ តំបន់​អេកូទេសចរណ៍​ឆាយ​អារ៉ែង ​តាតៃ ​ព្រៃ​កោងកាង​ ឆ្នេរខ្សាច់​ប៉ាក់ខ្លង​ រមណីយដ្ឋាន​ចេតិយ​ឃុនឆាង​ និង​តំបន់​ជុំវិញ​ក្រុង​ខេមរ​ភូមិន្ទ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ឃ្លាំមើល​ធនធាន​ធម្មជាតិ​អះអាង​ថា​  រមណីយ​ដ្ឋាន​ជាច្រើន​ក្នុង​ខេត្ត​កោះកុង​កំពុង​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវ​កម្ម​យ៉ាង​គគ្រឹក​គគ្រេង​ស្ទើរ​គ្មាន​សល់​ពី​សំណាក់​ក្រុម​ឧកញ៉ា​មាន​អំណាច​គ្រាគ់ៗ​ ដែល​ស្និទ្ធ​ជាមួយ​បក្ស​កាន់​អំណាច៕​​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.