កម្មករ​ខ្មែររាប់​ពាន់នាក់​ធ្វើដំណើរត្រឡប់ទៅធ្វើការ​នៅ​ប្រទេសថៃវិញ

កម្មករ​ខ្មែរ​រាប់ពាន់នាក់​បាន​ធ្វើ​ដំណើរត្រឡប់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃវិញហើយ​ដោយសារ​ការសម្រុក​ចាកចេញពី​ប្រទេស​នេះ​បាន​បញ្ចប់ និង​​​សូម្បីតែ​​​នៅ​​​ពេល​​​ដែល​​​​រដ្ឋាភិបាល​កម្ពុជា​​​បាន​​​បង្កើន​​​ចំនួន​​​​ការ​ងារ​ទ្វេដង​សម្រាប់​អ្នក​ដែលបាន​វិល​ត្រឡប់មកវិញដែលចង់ស្វែងរក​ការ​ងារ​ធ្វើ​នៅ​ទីនេះក៏ដោយ។

កម្មករ​ខ្មែរ​ជាង​២៤០.០០០នាក់​បាន​សម្រុក​ចាកចេញពី​ប្រទេសថៃក្នុងរយៈពេល​ពីរ​បីសប្តាហ៍កាលពី​ដើម​ខែ​នេះចំពេល​មាន​ពាក្យ​ចចាមអារ៉ាមថា ទាហានថៃ​បាន​បាញ់​និង​ចាប់​ខ្លួន​កម្មករ​ខុសច្បាប់​​បន្ទាប់ពី​ការ​ផ្តួ​លរំលំ​រដ្ឋាភិបាល​ក្រុង​បាងកក​កាលពី​ខែមុន ហើយ​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក។

ក្រៅ​​​ពី​​​ការ​ប្រឹងប្រែង​នៅ​តាមព្រំដែន​កម្ពុជា-ថៃដើម្បី​ជួយ​ដល់​អ្នក​វិល​ត្រឡប់​មកវិញ និង​​​ជួយសម្រួល​ឲ្យ​កម្មករ​​វិលត្រឡប់ទៅ​ស្រុក​កំណើត​​របស់ខ្លួនវិញនៅតាម​បណ្តា​ខេត្ត​នានានោះ រដ្ឋាភិបាល​បានកាត់​បន្ថយ​ត​ម្លៃ​ធ្វើ​លិខិតឆ្លងដែន និង​ប័ណ្ណការ​ងារ​ដើម្បី​ឲ្យ​ពួកគេ​ត្រឡប់ទៅធ្វើការ​ងារ​ចាស់របស់ខ្លួនវិញ​ឲ្យ​បាន​ឆាប់។

លោក គោស៊ុំ សារឿត​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានមានប្រសាសន៍កាលពី​ម្សិល​មិញ​ថា កម្មករ​ប្រហែល​១០.០០០នាក់​បានធ្វើ​ដំណើរវិលត្រឡប់ទៅ​ប្រទេស​ថៃ​វិញ​ដោយ​មាន​ឯកសារចាំបាច់​ក្នុង​ដៃកាលពីសប្តាហ៍មុន។

មន្ត្រីក្នុងស្រុកមួយចំនួន​បានរាយការណ៍ថា អ្នក​វិល​ត្រឡប់មកវិញដែលធុញទ្រាន់នឹងការ​រង់​ចាំ​ឯកសារ​ចាំបាច់​​​បាន​ធ្វើដំណើរទៅ​ព្រំដែន​វិញ​​​ដោយ​​​មាន​ផែន​​​ការ​​​​ឆ្លង​ចូលប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ទៀត​​។ ប៉ុន្តែ​លោក សារឿត បានមាន​ប្រសាសន៍ថា លោក​មាន​ជំនឿថា ពួក​គេ​នឹង​​​មិន​​​អាច​​​ឆ្លងកាត​់​ទេ។ លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំមិន​បារម្ភទេ។ ថៃ​តឹង​រ៉ឹង​ណាស់ឥឡូវនេះ។ គេ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ខុស​ច្បាប់​ឆ្លងព្រំដែន​ទេ”។

លោក សុ៊ុន សំអាត​ ប្រធាននគរបាល​អន្តោប្រវេសន៍នៅ​ច្រកទ្វារ​​​ព្រំ​​​ដែន​​​​អន្ត​រជាតិ​ប៉ោយប៉ែត​​ក្នុងខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍ថា​ ពលរដ្ឋ​​​ខ្មែរ​​​ប្រហែល​​​២.០០០នាក់​បាន​ឆ្លង​ដែន​​ចូលប្រទេសថៃក្នុងរយៈពេល​បីថ្ងៃមកនេះ ប៉ុន្តែលោកមិន​ដឹងថាតើ​មាន​ប៉ុន្មាននាក់​ជា​កម្មករ​ចំណាកស្រុក​ឡើយ។

ទន្ទឹមនឹង​នោះដែរ ទីភ្នាក់ងារ​ការ​ងារ​ជាត​ិ​​លើកឡើង​ថា ឥឡូវ​នេះ​​​​គេ​​​រក​​​ការ​ងារ​​​បាន​​​​ចំនួន​៣៧.០០០​​សម្រាប់​អ្នក​វិល​ត្រឡប់​មក​​​វិញ​​​ដែលចង​់​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា គឺ​​​​កើន​​​ឡើង​​​ជា​ង​ទ្វេដង​ពី​ការ​ងារ​ចំនួន​១៦.០០០ដែលខ្លួន​​​បាន​បញ្ជាក់​កាលពី​ថ្ងៃពុធ​សប្តាហ៍មុន។

លោក ហុង​ ជឿន ប្រធាន​ទីភ្នាក់ងារ​នេះបាន​មាន​ប្រសាសន៍ថា “នៅពេល​ពួកគេ​ត្រឡប់ម​ក​តាម​ច្រកទ្វារ​ប៉ោយប៉ែត​ យើង​បានសួរ​ពួកគេ​ថា តើ​ពួកគេ​ចង់​ធ្វើអ្វី។ យើង​មាន​ការ​ងារ​ចំនួន​៣៧.០០០សម្រាប់​ពួកគេ​ ហើយ​មាន​ច្រើន​ជាង​នេះទៀត”។ ដើម្បី​ជួយ​ផ្គូផ្គង​កម្មករ​ជាមួយ​ការ​ងារ​ទាំងនោះ លោក ជឿន បានមាន​ប្រសាសន៍ថា ​ព័ត៌មាន​លម្អិតអំពីឱកាស​​​ការងារ​​​នេះ​នឹង​ត្រូវ​បញ្ជូនទៅ​មន្ទីរការ​ងារ​ខេត្ត​និង​កន្លែង​​​ធ្វើ​​​ការ​ចំនួន​ប្រាំពីរ​​​កន្លែង​​​​នៅ​ទូទាំង​ប្រទេស៕សារុន​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.