កម្មករ​ចំណាក​ស្រុក​គិត​ថា មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈគ្មាន​ប្រយោជន៍​សម្រាប់ពួកគេ​

ស្រុក​ព្រៃឈរ, ខេត្តកំពង់ចាម/ស្រុក​ស្ទោង, ខេត្តកំពង់ធំ-អ្នកស្រី ឆែ ណយ ជា​​​កម្មករ​ចំណាក​ស្រុក​ម្នាក់​ ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ភូមិ​កំណើត​របស់​គាត់​​​វិញ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ក្នុង​សប្ដាហ៍​នេះ​ បាន​ច្បូត​សក់​កូន​ស្រី​អាយុ​៨​ឆ្នាំ​របស់​នាង​មិន​ឈប់​សោះ​។ ហើយ​គាត់​​​​បាន​ថើប​កូនស្រី​របស់​ខ្លួន​ស្ទើរ​គ្រប់នាទី​។training

អ្នកស្រី ណយ អាយុ​២៩​ឆ្នាំ​ ដែល​បាន​ចាក​ចេញ​ពី​ឃុំមៀន​​​ ទៅ​ប្រទេស​ថៃ​កាលពីខែ​ឧសភា​ ឆ្នាំ​២០១៣​ បាន​និយាយ​ថា ” ខ្ញុំ​នឹក​​​នាង​ខ្លាំង​ណាស់​។ ហេតុដូច្នេះហើយ ទើប​ខ្ញុំថើប​នាង​ហើយ​ថើប​ទៀត​។ ប៉ុន្តែ​មិន​យូរទេ​ ខ្ញុំ​នឹង​ត្រឡប​់ទៅ​ប្រទេស​ថៃវិញ​ហើយ។ ខ្ញុំត្រូវ​ការ​រក​ប្រាក់​ដើម្បីផ្គត់​​​ផ្គង់​​​នាង​”។

កម្មករ​ខ្មែ​រ​ចំណាក​ស្រុក​ជាង​១៥០.០០០​នាក់​ ដូចជា​អ្នកស្រី ណយ ជាដើម បាន​ចាក​ចេញពី​ប្រទេស​ថៃ​ក្នុង​សប្ដាហ៍​កន្លង​ទៅនេះ​ បន្ទាប់ពីមានការ​រាយការណ៍​អំពី​ការ​បង្ក្រាប​លើ​កម្មករ​ចំណាក​ស្រុក​ខុស​ច្បាប់​ពី​សំណាក់​រដ្ឋាភិបាល​យោធា​ថៃ​។ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ជំរុញ​ឲ្យពួកគេ​ទៅ​រៀន​សូត្រ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ប៉ុន្តែ​កម្មករ​ចំណាក​ស្រុក​ជាច្រើន​នៅតែ​មាន​គម្រោង​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារ​ថា កម្មករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​វិញ​គួរ​តែ​ជួយ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍​​ពេល​ថ្លែងសុន្ទរកថា​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​មួយ​ថា ” ប្រហែល​ជា​ពួកគេ​មាន​ជំនាញ​ខ្លះ​ពីប្រទេស​ថៃ​ ហេតុដូច្នេះ​ក្រសួង​ការ​ងារ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា នឹង​បណ្ដុះ​បណ្ដាល​​​​ពួកគេ​បន្ថែមក្នុង​រយៈ​ពេល​ខ្លី​។ ពួកគេ​អាច​ខិត​ខំ​រៀន​វិជ្ជាជីវៈ​ ហើយ​ស្វែង​រក​ការ​ងារ​នៅ​ក្នុង​ទីផ្សារ​ការ​ងារ​ ព្រោះ​ឥឡូវ​នេះ​ទីផ្សារ​ការ​ងារ​ខ្វះ​ខាត​​​កម្មករ​ ហេតុដូច្នេះ​យើង​បើក​ឱកាស​សម្រាប់​ពួកគេ​ ហើយ​ពួកគេ​អាច​ជួយធ្វើ​ឲ្យ​​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រសើរ​ឡើង​”។

ប៉ុន្តែ​ អ្នកស្រី​ ណយ ដែល​បាន​ចូលទៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ ​ដើម្បី​​ធ្វើ​ជា​កម្មករ​រៀប​អិដ្ឋ​ ហើយ​រក​ប្រាក់​បាន​ប្រហែល​៩,៥០​ដុល្លារ​ក្នុ​ង​មួយ​ថ្ងៃ​នៅទីនោះ​​​ ដែល​ជា​ប្រាក់​ឈ្នួល​មួយ​ខ្ពស់​ជាង​ប្រាក់​ឈ្នួល​នៅ​ប្រទេស​កម្ពុជា​ជិត​ពាក់​កណ្ដាលនោះ បាន​និយាយ​ថា មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​របស់​រដ្ឋាភិបាល​មិនមែន​ជា​ជម្រើស​ដែល​​​អាច​​​ឲ្យ​​​គាត់​​​រស់​​​បាន​​​នោះ​​​ទេ​​​។

អ្នកស្រី ណយ ដែលឥឡូវ​នេះ​មាន​គម្រោង​ស្វែង​រក​ការ​ងារ​បណ្តោះ​​​​អាសន្ន​ធ្វើមុនពេល​ត្រឡប់​ទៅ​ប្រទេស​ថៃ​នៅ​ពេល​ស្ថាន​ភាព​ស្ងប់​​​ទៅវិញ​នោះ បាន​និយាយ​ថា ” ខ្ញុំ​មិន​អាច​ទៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ទេ ប្រសិន​បើ​ខ្ញុំ​​​ទៅ​មជ្ឈមណ្ឌល​ ខ្ញុំ​នឹង​មិន​អាច​រក​ប្រាក់​សម្រាប់​គ្រួសារ​របស់​ខ្ញុំ​បាន​ឡើយ​​​​”។

កម្មវិធី​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ​ គឺ​ផ្ដល់​ដោយ​ឥត​គិត​ថ្លៃ​ ប៉ុន្តែ​អ្នកស្រី ណយ មិន​អាច​ទៅ​ទីនោះ​​ដោយ​គ្មានការ​ផ្ដល់​ប្រាក់​ខ្លះ​មក​ឲ្យ​អ្នកស្រី​បានទេ​ ហើយ​អ្នកស្រី​មិន​អាច​មាន​លទ្ធភាព​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​អ្នកស្រី​ទៅ​មជ្ឈមណ្ឌល​ដែល​ខ្វះ​មូលនិធិ​សម្រាប់​ធ្វើ​កន្លែង​ស្នាក់​នៅ​ឲ្យ​សិស្ស​បាននោះ​ទេ​។

មន្ទីរ​ការ​ងារ​ខេត្ត​កំពង់​ចាម និង​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា កម្មករ​ចំណាក​ស្រុក​ស្រប​ច្បាប់​ចំនួន​៥២១​នាក់​បាន​ចាក​ចេញ​ពីខេត្ត​នេះ​ទៅធ្វើការ​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១២​។ មន្ទីរ​ការ​ងារ​មិន​បាន​តាម​ដាន​ចំនួន​នៃ​កម្មករ​ចំណាក​ស្រុក​​ខុស​ច្បាប់​នោះទេ ប៉ុន្តែ​នគរ​បាល​បាន​បា៉ន់​ប្រមាណ​ថា មាន​កម្មករ​ចំណាក​ស្រុក​ជិត​៤.០០០​នាក់​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ខេត្ត​នេះ​វិញ​ក្នុង​សប្ដាហ៍​នេះ​។

អ្នកស្រី សូ អាន អាយុ​៦២​ឆ្នាំ​ដែល​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​អ្នកស្រី​​ ណយ ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា គាត់​មាន​កូន​ ចៅ និង​សាច់​ញាតិ​ផ្សេង​ទៀត​ចំនួន​១១​នាក់​បាន​​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ស្រប​ច្បាប់។ ហើយ​គ្មាន​នរណា​ម្នាក់​​មាន​គម្រោង​ទៅ​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទេ បន្ទាប់ពី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នោះ។ អ្នកស្រី​បាន​និយាយ​ថា ” វា​មិន​អាច​ទៅរួច​ទេ យើង​ត្រូវ​ការ​ឲ្យ​ពួកគេ​គ្រប់​គ្នា​ធ្វើការ​។ ប្រសិន​បើ​មាននរណា​ម្នាក់​ទៅមជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ យើង​នឹង​បាត់​បង់​ប្រាក់ចំណូល​ ហើយ​យើង​មិន​អាច​មា​ន​លទ្ធភាព​ទ្រទ្រង់​គ្រួសារ​បាន​ទេ”។

អ្នកស្រី អាន បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​បន្ថែម​ពីលើ​ការ​រៀន​សូត្រវិជ្ជាជីវៈ​ដោយ​ឥត​គិត​ថ្លៃនោះ មនុស្ស​ម្នា​ជាច្រើន​ប្រហែល​ជា​នាំគ្នា​ទៅចុះ​ឈ្មោះ។

ប៉ុន្តែ​នៅ​ឯ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់​ចាម មន្ត្រី​​នៅ​ក្នុង​ខេត្ត​នេះ​​​ កំពុង​តែ​ខិត​ខំ​យ៉ាង​ខ្លាំង​ដើម្បី​​​​ធ្វើ​​​ឲ្យ​កម្មវិធី​ដែល​​​ពួក​​​គេ​កំពុង​ដំណើរ​ការ​សព្វ​ថ្ងៃ​អាច​បន្ត​ដំណើរ​ការ​បាន​តទៅមុខ​ទៀត​។

លោក អេង នូ​​​រ៉ា ប្រធាន​ការិយាល័យ​បណ្ដុះ​បណ្ដាល​នៅ​មជ្ឈ​​​មណ្ឌល​​​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នេះ​បាន​និយាយ​ថា ” យើង​គ្មាន​ធន​ធាន​គ្រប់​គ្រាន់​ទេ។ ទីផ្សារ​ដើរ​ទៅមុខ​លឿន​ណាស់​ ប៉ុន្តែ​យើង​មិន​អាច​តាម​ទាន់​នោះទេ។ យើង​​​គ្មាន​​​ឧបករណ៍​ទំនើបៗ​មួយ​ចំនួន​ឡើយ”។

មជ្ឈមណ្ឌល​ផ្ដល់​វគ្គសិក្សា​លើ​មុខ​វិជ្ជា​មួយ​ចំនួន​រួម​មាន​ មុខ​វិជ្ជាកាត់​ដេរ មុខ​វិជ្ជាកាត់​សក់​ធ្វើ​សក់ ជួសជុល​ម៉ូតូ និ​ង​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងៗ​ មុខ​វិជ្ជា​ចិញ្ចឹម​ត្រី​ និង​ការ​រៀន​សូត្រ​ភាសា​អង់​គ្លេស​។

ប៉ុន្តែ​លោក នូ​​​រ៉ា បាន​ឲ្យ​ដឹង​ថា ជួន​កាល​សិស្ស​ចាក​ចេញ​ពី​មជ្ឈមណ្ឌល​ទៅ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​មិន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ​ ដោយ​គ្មាន​ចំណេះដឹ​ង​ត្រឹម​ត្រូវ​ដែល​អាច​ជួស​ជុល​ម៉ូតូ​ ម៉ាស៊ីន​ត្រជាក់ ឬម៉ាស៊ីនបោក​ខោអាវទំនើប​ៗ​បាន​ឡើយ។

លោក​​​បាន​និយាយ​ថា ” យើង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​នៅជាមួយ​ពួកគេ​។ វគ្គ​សិក្សា​មាន​រយៈ​ពេល​​​ខ្លី​​​ពេក​​​”។

មជ្ឈមណ្ឌល​​​បណ្ដុះ​បណ្ដាល​វិជ្ជា​​​ជីវៈមាន​ជិត​៤០​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មជ្ឈមណ្ឌល​ទាំង​អស់​នោះ​អាច​បញ្ជូន​​​​​សិស្ស​​​​ឲ្យ​​​ទៅ​​​ធ្វើ​​​ការ​​​បាន​​​ត្រឹម​តែ​ប្រាំមួយ​កន្លែង​​​ប៉ុណ្ណោះ បន្ទាប់ពី​បញ្ចប់​​​ការ​សិក្សា​ពី​កម្មវិធី​ផ្ដល់​សេវា​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម ឬ​មេកានិច។

លោក សុខ សារ៉េម ប្រធាន​មជ្ឈ​​​មណ្ឌល​​​ការ​ងារ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​លោក​​​រក​ការ​ងារ​ឲ្យ​សិស្ស​​​​ដែល​​​បញ្ចប់​ការ​សិក្សា​បាន​តែ​បី​​​ឬ​​​បួន​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​សិស្ស​១០​នាក់​​ដែល​បញ្ចប់​ការ​សិក្សា​ដូច​គ្នា​​​នោះ​។ លោក​បាន​និយាយ​ថា “ជួន​កាល​ទោះបីជា​សិស្ស​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ហើយ​ក៏​ដោយ ប៉ុន្តែ​ពួកគេ​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប​់​ការ​ងារ​នោះ​​​ទេ​”។

រីឯ​​​មន្ត្រី​មក​ពី​ក្រុម​ប្រឹក្សា​ជាតិ​​​ផ្ដល់​វគ្គ​​​បណ្ដុះ​​​បណ្ដាល​វិជ្ជាជីវៈ​បាន​បដិសេធ​មិន​ផ្ដល់​ការ​សម្ភាស​ទាក់​ទិន​​​នឹង​បញ្ហា​​​នេះ​ឡើយ​។ លោក ហេង សួគ៌ អ្នក​នាំ​​​ពាក្យ​ក្រសួង​ការ​ងារ​បាន​ឲ្យ​ដឹង​ថា លោក​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ហើយ​មិន​អាច​ពិភាក្សា​អំពី​បញ្ហា​នេះ​បាន​ទេ​។

លោក សួគ៌ បាន​​​មាន​ប្រសាសន៍​ថា ” រដ្ឋាភិបាល​កំពុង​តែ​ខិត​ខំ​​​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​ជម្រើស​ដល់​កម្មករ​”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​មាន​”កញ្ចប់” បង្កើត​ការ​ងារ​រួច​ហើយ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​ឲ្យ​ដឹង​លម្អិត​ពី​​​បញ្ហា​នេះ​ទេ​។

លោក សូត្រ សាមុត អនុរដ្ឋលេខាធិការ​នៅ​ក្រសួង​ការ​ងារ​បាន​លើក​ឡើង​ថា កម្មករ​អាច​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​មជ្ឈមណ្ឌល​ក៏បាន​ ឬ​​​ធ្វើការ​នៅ​ក្នុង​ស្រុ​ក​ភូមិ​របស់​​​ខ្លួន​​​ក៏បាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​អាច​ធ្វើ​​​ស្រែ​​​បាន។ ប្រសិន​បើ​​ពួកគេ​ចង់​ធ្វើការ​នោះ មនុស្ស​ជា​ច្រើន​កំពុង​តែ​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ស្រែ​”។

ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​កំពង់​ធំវិញ នគរ​បាល​បាន​ឲ្យ​ដឹង​ថា កម្មករ​ចំណាក​ស្រុកជាង​៤.០០០​នាក់​បានត្រឡប់ទៅ​ស្រុក​ស្ទោង​វិញ ក្នុង​នោះ​មាន​ជាង​១.០០០​នាក់​មកពី​ឃុំ​ព្រះ​ដំរី​តែមួយគត់។ អ្នក​ភូមិនៅទីនេះ​ក៏មិន​ចាប់​អារម្មណ៍​លើ​មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែរ​។

អ្នកស្រី ជៀន យ៉ កសិករ​នៅ​ក្នុង​ភូមិ​ឡឹក បាន​ធ្វើ​ដំណើរ​ចេញចូល​​​​រវាង​ប្រទេស​​​កម្ពុជា​និង​ថៃ អំឡុង​រដូវ​ធ្វើ​ស្រែ​។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែ​ប​នេះ​មាន​រយៈពេល​យ៉ាង​តិច​ប្រាំ​ឆ្នាំ​មក​ហើយ ព្រោះ​អ្នកស្រី​ចង់​រក​ប្រាក់​មក​​​សាង​សង់​ផ្ទះ​។

អ្នកស្រី យ៉ អាយុ​៣៥​ឆ្នាំ​ដែល​មាន​កូន​បី​​​នាក់​រូប​នេះ បាន​និយាយ​ថា “ប្រសិន​បើ​ខ្ញុំធ្វើ​ស្រែ​តែមួយ​មុខ​ ខ្ញុំ​រក​ប្រាក់​បាន​ត្រឹមតែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ​។ ខ្ញុំ​ត្រូវ​ការ​ប្រាក់​បន្ថែម​សម្រាប់​កូន​របស់​ខ្ញុំ​ សម្រាប់​សាង​សង់ផ្ទះ និង​បង់​ថ្លៃ​ភ្លើង​ ព្រម​ទាំង​ចំណាយ​លើ​ការ​ព្យាបាល​ផ្សេងៗ​ផង​ដែរ​”។

អ្នកស្រី យ៉ ប្ដី​និង​កូន​ប្រុស​អាយុ​១៧​ឆ្នាំ​របស់​គាត់​នៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​​​​នៅ​​​ឡើយ​​​ក្នុង​ខែនេះ ប៉ុន្តែ​អ្នកស្រី​បាន​ត្រ​ឡប​់​មក​ប្រទេស​កម្ពុជា​​​វិញ​ជាមួយ​កូន​ប្រុស​របស់​គាត់​ក្នុង​សប្ដាហ៍​នេះ​ ព្រោះ​​​ពួកគាត់​បាន​ចូល​​​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​។

ប្ដី​របស់​គាត់​ដែល​បាន​ចូល​ទៅ​​​ក្នុង​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​នោះ គឺ​ជា​អ្នក​ទ្រទ្រង់​គ្រួសារ​ ព្រោះ​គ្រួសារ​មិន​អាច​រស់​បានទេ​ ប្រសិន​បើ​គាត់​បាត់​បង់​ប្រាក់​ឈ្នួល​ដែលទទួល​បាន​ក្នុង​មួយ​ថ្ងៃ​១៥​ដុល្លារ ដោយសារ​ការ​ងារ​ជា​​​អ្នក​បើ​ក​ឡាន​ដឹក​គ្រឿង​សំណង់​។

អ្នកស្រី យ៉ ដែល​រក​ប្រាក់​បាន​៩,៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ពី​​​ការ​ងារ​ជា​​​អ្នក​លាយ​ស៊ីម៉ង់​ត៏​នៅ​ការដ្ឋានសំណង់​ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា ” ខ្ញុំ​មិន​មើល​ឃើញ​ថា មាន​ឱកាស​ការ​ងារ​នៅ​ទីនេះ​ទេ ទោះបីជា​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ក៏ដោយ​”។

លោក ទុន សុភ័ណ អ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិនៅ​អង្គការ​​ពល​កម្មអន្តរជាតិ (ILO) ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹ​ង​ថា មានកា​រ​ងារ​នៅ​ក្នុង​ប្រទេស​សម្រាប់​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់មក​វិញ​ ប៉ុន្តែ​ការ​ងារ​ទាំង​នោះ​ជាទូទៅ​​គឺ​​​ជា​​​ការ​​​ងារ​​​ដែល​​​គេ​​​មិនសូវ​ជា​ចាប់​អារម្មណ៍​​​។ លោក​ សុភ័ណ បាន​និយាយ​ថា ” បញ្ហា​នោះ​គឺ​នៅ​ត្រង់​ប្រាក់​ឈ្នួល​។ ប្រាក់​ឈ្នួល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាប​ជាង​ប្រាក់ឈ្នួល​នៅ​ប្រទេស​ថៃ​ឆ្ងាយ​​​ណាស់​”។

លោក សុភ័ណ បាន​លើក​ឡើ​ងទៀត​ថា កម្មករ​ចំណាក​ស្រុក​អាច​ស្វែងរក​ការងារ​នៅតាម​រោងចក្រ​បាន តែ​ពួកគេ​មិន​ចង់​​​ធ្វើ​​​នោះទេ​ ព្រោះ​ប្រាក់​ខែ​ទាប​ខ្លាំង​ណាស់​។ ពួកគេ​ក៏អាច​រក​ការងារ​ជា​អ្នក​ជួស​ជុល​គ្រឿ​ង​ម៉ាស៊ីន​ធុន​​​តូច​ផ្សេង​ៗ​បានផង​ដែរ ប៉ុន្តែ​ការ​ងារ​បែប​នេះ​គឺ​បើក​ចំហ​សម្រាប់​តែ​កម្មករ​មាន​ជំនាញ​។

លោក​ សុភ័ណ បាន​និយាយ​បន្ថែម​ទៀត​ថា យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​កម្មករ​ចំណាក​ស្រុកទាំង​អស់​នេះមាន​ជំនាញ​ថ្មី​។ ការ​ផ្ដល់​វគ្គបណ្ដុះ​បណ្ដាល​​គឺជារឿង​​ចាំបាច់​សម្រាប់​ស្វែង​រកការ​ងារ​ធ្វើ​”។

ប៉ុន្តែ​លោក ឯក ហ៊ាង ប្រធាន​មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នៅខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹ​ង​ថា មជ្ឈមណ្ឌល​របស់​លោក​កំពុង​តែ​ខ្វះ​គ្រូមាន​សមត្ថភាព​ដែល​អាច​បង្រៀន​ផ្នែក​មេកានិច​បាន​ ហើយ​វា​មា​ន​ភាព​លំបាក​នៅក្នុង​ការ​ទាក់​ទាញសិស្ស​មាន​វ័យ​ចំណាស់ៗ​ឲ្យ​មក​ចូល​រួម​វគ្គ​​​បណ្តុះ​​​បណ្តាល​​​ក្នុងមជ្ឈមណ្ឌល​។

លោក ហា៊ង បាន​និយាយ​ថា “ពួកគេ​ភាគច្រើន​ស្នើ​សុំ​ការ​ផ្គត់​ផ្គង់អាហារ​ និង​កន្លែង​ស្នាក់​នៅ​។ នេះគឺ​ជា​បញ្ហា​ ព្រោះយើង​គ្មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ការចង់​បាន​បែប​នេះ​ទេ”។

ត្រឡប់​មក​ភូមិ​របស់​អ្នកស្រី ណយ វិញ​ កូន​ស្រី​របស់គាត់​មិន​ចង់​ឃ្លាត​ពីគាត់​ឡើយ ដោយ​យក​មុខ​របស​់​នាង​ផ្អឹប​ជាប់​​​ពោះ​​​របស់​ម្ដាយ​នាង​រាល់​លើក​ ពេល​អ្នកស្រី​ ណយ ចេញ​ទៅ​​​ឆ្ងាយ​។

អ្នកស្រី​ ណយ បាន​និយាយ​ថា ខ្ញុំ​​​ចាក​​​ចេញ​​​ពី​​​នាង​ព្រោះ​​​ការ​ខ្វះខាត​។ ខ្ញុំ​​​ចង់​ផ្ដល់​អ្វី​ៗឲ្យ​នាង”៕ គឹមហឿន​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.