កម្មវិធី​បន្សាប​គ្រឿងញៀនថ្មី​តាម​សហគមន៍​ចាប់​ផ្តើម

មន្ត្រី​សាលា​ក្រុង​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ អំពី​ការ​ផ្តួចផ្តើម​ថ្មី​ដើម្បី​ជួយ​ស្តារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​ក្រុង​ភ្នំពេញ ដោយ​ផ្តល់​សេវា​ព្យាបាល​ដល់ពួកគេ​នៅ​តាម​មណ្ឌល​សុខភាព​មូលដ្ឋាន។​​​​​​

លោក ឈុំ វណ្ណរិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​នៅ​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​នេះ​នៅ​សាលា​រាជធានី​ថា កម្មវិធី​នេះ​នឹង​លើក​ទឹក​ចិត្ត​មន្ត្រី​សង្កាត់​ឲ្យ​ចុះ​ជួប​អ្នក​ញៀន​ថ្នាំ​ដែល​គេស្គាល់​ក្នុង​សង្កាត់​របស់​ខ្លួន និង​ពន្យល់ពួកគេអំពី​ជម្រើស​ព្យាបាល​ដែល​ផ្តល់ឲ្យ​នៅ​មណ្ឌល​សុខភាព​។

លោក វណ្ណរិទ្ធ បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​មូលដ្ឋាន​ត្រូវតែ​ស្វែង​រកអ្នកញៀនថ្នាំ និង​លើក​ទឹកចិត្ត​អ្នក​ទាំងនោះ​ឲ្យ​យល់ព្រម​ទទួល​យក​ប្រយោជន៍​ពី​សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព ហើយ​បុគ្គលិក​នៅ​តាម​មណ្ឌល​ទាំងនោះ ត្រូវ​ផ្តល់​ការព្យាបាល​ដល់ពួកគាត់”។ លោក​បាន​បន្ថែម​ថា ការ​ខំប្រឹងប្រែង​នេះ​ក៏​អាច​ជួយ​អ្នក​ញៀន​ថ្នាំ​ទទួល​បាន​ការងារ​ធ្វើ​ផងដែរ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី កែ គឹមយ៉ាន ក៏​បាន​ជំរុញមន្ត្រី​រាជការ​ស៊ីវិល​ឲ្យ​ទៅ​និង​នាំ​កូន​ៗ​របស់​ខ្លួន​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ដែរ ប្រសិនបើ​ចាំបាច់។

លោក គឹមយ៉ាន មាន​ប្រសាសន៍​ថា “យើងស្គាល់​មន្ត្រីនគរបាល មន្ត្រី​រាជអាវុធ​ហត្ថ និង​មន្ត្រី​រាជការ​ស៊ីវិល ដែល​ជា​អ្នកប្រើ​ថ្នាំញៀន ព្រមទាំង​កូនៗ​របស់​អ្នក​មាន​អំណាចខ្លះ ដូច្នេះ​ពួកគេ​គួរ​ទៅ​ព្យាបាលមុន​គេ”។

លោក​បាន​មាន​ប្រសាសន៍​ថា “[មណ្ឌល​សុខភាព] នឹង​រក្សា​ការ​សម្ងាត់”។

កម្មវិធី ដែល​នឹង​ចាប់​ផ្តើម​ជាផ្លូវការ​នៅ​ខែ​ក្រោយ​នេះ គឺជំរុញ​ទឹក​ចិត្ត​ពី​គម្រោងសហគមន៍​ស្រដៀងគ្នាមួយ ដែល​បាន​និង​កំពុង​ដំណើរការ​ដោយ​ជោគជ័យ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​តាំង​ពី​ឆ្នាំ​២០១០​មក ដែលជា​វិធី​មួយ​​បន្សាប​គ្រឿងញៀន​ដោយ​បង្ខំ ដែល​ត្រូវ​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់។

លោក ដេវិដ ហាឌីង ជាអ្នក​បន្សាប​គ្រឿងញៀន​នៅ​អង្គការ ហ្វ្រិន បាន​ស្វាគមន៍​ផែនការ​របស់​សាលា​ក្រុង។ លោក ហាឌីង បាន​មាន​ប្រសាសន៍​ថា “វា​ជា​សញ្ញា​វិជ្ជមាន​យ៉ាង​ពិត​ប្រាកដ ដែល​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថា ការ​ព្យាបាល​នៅ​តាម​សហគមន៍​ជា​វិធី​ដែល​ត្រូវ​ធ្វើ”។

លោក​មាន​ប្រសាសន៍​ថា “សព្វថ្ងៃ មាន​សេចក្តី​រំពឹង​លើ​មណ្ឌល​បន្សាប​ថ្នាំញៀន​ដោយ​បង្ខំ ដែល​ជា​ជម្រើស​តែ​មួយ​គត់​ផ្តល់​ដោយ​រដ្ឋាភិបាល​នៅ​ពេលនេះ ដូច្នេះ​យើង​មើល​ឃើញ​ថាវា​ជា​ជំហាន​វិជ្ជមាន​មួយ ដែល​គេកំពុង​ស្វះស្វែង​រក​របៀប​ផ្សេងវិញ”។

“នៅ​ក្រុង​ភ្នំពេញ មាន​អង្គការ​មួយ​ចំនួន​ដែល​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ប្រើ​គ្រឿងញៀន គឺ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់ ការ​​​បន្សាប​​​គ្រឿង​​​ញៀន និង​ការ​ស្តារនីតិ​សម្បទាជាដើម ប៉ុន្តែ​​​វា​​​នៅ​​​មាន​​​កម្រិតនៅឡើយ ដូច្នោះ​​​ការ​​​នាំ​​​យក​​​កម្មវិធី​​​បែប​​​នេះ​​​មក​​​អនុវត្ត នៅ​​​ភ្នំពេញ គឺជា​​​រឿង​​​មួយគួរ​​​ឲ្យ​​​រីក​​​រាយ៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.