ការជំនុំជម្រះក្ដីអតីតបុរសខ្លាំងនៃប្រទេសម៉ាឡេស៊ី ករណីពុករលួយនិងបំពានអំណាចរដ្ឋចាប់ផ្ដើមហើយ

សំណុំរឿងពុករលួយរាប់រយលានដុល្លារ ដែលត្រូវបានចោទថាបានលួចទ្រព្យសម្បត្តិជាតិ ចាប់ផ្ដើមជំនុំជម្រះហើយ នៅថ្ងៃពុធទី៨ ខែសីហានេះនៅ តុលាការជាន់ខ្ពស់ក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។ អតីតបុរសខ្លាំងរូបនេះ គឺអតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់។ បុរសរូបនេះ ត្រូវបានទាញទម្លាក់ពីអំណាច ដោយកម្លាំង ប្រជាជនតាមរយៈការបោះឆ្នោតសភាកាលពីខែឧសភា ឆ្នាំ២០១៨។ 

តាមសារព័ត៌មានម៉ាឡេស៊ី The Strait Times ចុះផ្សាយថា លោក ណាជីប ត្រូវបានសមត្ថកិច្ចនាំខ្លួន មកកាន់តុលាការនៅថ្ងៃពុធ ទី២៨ ខែសីហា ក្រោមបទចោទ ២១ករណី ពាក់ព័ន្ធនឹងការលួចផ្ទេរប្រាក់របស់រដ្ឋពីធនាគារ1MDB ចំនួន ៥៥០លាន ដុល្លារអាមេរិក និងពីបទចោទផ្សេងៗទៀត ក្នុងនោះមានទាំង ការបំពានអំណាចរដ្ឋផងដែរ។

រដ្ឋអាជ្ញាលោក Gopal Sri Ram និយាយថា លោកណាជីប បានបំពានតួនាទីរបស់ខ្លួនក្នុងឋានៈជា ប្រធានធានាគារ1MDB ហើយថារដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ របស់ លោក ណាជីប បានប្រើប្រាស់អំណាច បញ្ជាអោយមានការដកប្រាក់ពីធានាគារ 1MDB ដោយខុសច្បាប់។

ចាប់តាំងពីលោកណាជីប អស់អំណាច ក្រោយពីការបោះឆ្នោតសភាថ្ងៃទី៩ឧសភាឆ្នាំ២០១៨មក  បុរសខ្លាំង រូបនេះ ត្រូវបានតុលាការ ម៉ាឡេស៊ី ដាក់អោយស្ថិតក្រោមការត្រួតពិនិត្យព្រោះតែលោក ជាប់ចោទ ក្នុងសំណុំរឿងនេះ។ លោកណាជីប និងសហការី របស់លោកគឺលោក Jho Low ត្រូវលោករដ្ឋអាជ្ញា Sri Ram ចោទមួយករណីទៀតគឺករណី លាងលុយ។ លោករដ្ឋអាជ្ញាចោទថា គេបានរកឃើញបួនលើកមកហើយ ដែលបុរសពីររូបនេះ បានលួចផ្ទេរលុយពីធនាគារ 1MDB មក បញ្ជូលក្នុង គណនីរបស់ខ្លួន។

លោកណាជីប គឺជាមេដឹកនាំ នៃអតីតគណបក្សកាន់អំណាចបារិសាន់។ បក្សនេះ បានចាញ់ឆ្នោត ហើយ រងទុក្ខទោស ដោយសារការប្រព្រឹត្តអំពើពុករលួយ។ យ៉ាងណា ទាំងលោកណាជីប និង គណបក្សរបស់លោក បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថា ជាការសងសឹករបស់បក្សកាន់អំណាចសព្វថ្ងៃ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំ លោកមហាធាមហាម៉ាត។

ទោះជាយ៉ាងណា គ្រួសាររបស់លោកណាជីប បានក្លាយជាមហាសេដ្ឋី តែរយៈពេល ១០ឆ្នាំប៉ុណ្ណោះ នៃអំឡុងលោកណាជីបកាន់អំណាច។ ក្នុងករណីនេះ សូម្បី ភរិយា និងកូនរបស់លោកក៏ត្រូវបាន តុលាការធ្វើការចោទប្រកាន់ ហើយកំពុងដាក់អោយស្ថិតនៅក្រោមការត្រួតពីពិនិត្យដោយតុលាការ។

មានប្រទេសជាច្រើនទៀតកំពុងស្រាវជ្រាវ និងស៊ើបអង្កេតទ្រព្យសម្បត្តិរបស់គ្រួសារលោកណាជីបនៅបរទេស ហើយក្នុងនោះ មានទាំង ប្រទេសសិង្ហបុរី និងសរដ្ឋអាមេរិកជាដើម។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក សង្ស័យថា ប្រាក់ ៤ពាន់ ៥រយលានដុល្លារអាមេរិកជារបស់ ធនាគារ1MDB ត្រូវបានគណៈរដ្ឋមន្ត្រីរបស់លោកណាជីប ប្រើប្រាស់ដោយមិនត្រឹមត្រូវ គ្មានតម្លាភាព ហើយក្នុងនោះ ៧រយលានដុល្លារ ត្រូវបានលួចផ្ទេរចូលទៅគណនីរបស់គ្រួសារលោកណាជីប។

ខណៈការជំនុំជម្រះក្ដី ករណីលោកណាជីបកំពុងប្រព្រឹត្តទៅ គឺពលរដ្ឋម៉ាឡេស៊ី មានអារម្មណ៍ សាទរ នឹងដំណើររឿងក្ដីនេះ។ ពួកគេម្នាក់ៗ គិតថា លោកណាជីបនឹងគ្រួសាររបស់លោក រួមទាំងអតីតមន្ត្រីរបស់ លោកនឹងត្រូវតែមានទោសធ្ងន់ធ្ងរ។

លោកនាយករដ្ឋមន្ត្រី មហាធា កាលពីពេលថ្មីៗនេះ បានប្រាប់អ្នកសារព័ត៌មានថា អាណត្តិរបស់លោកគឺជាការដឹកនាំដោយ សា្អតស្អំ បើមន្ត្រីណាមិនអាច ទទួលយកបានគឺសូមដើរចេញពីតំណែង។ លោកបន្តថា អំពើពុករលួយ គឺជាមហារីកសង្គម។

នេះជាលើកដំបូងហើយ ដែលប្រទេសម៉ាឡេស៊ី បើកការជំនុំជម្រះក្ដីអតីតមេដឹកនាំរបស់ខ្លួន គឺលោកណាជីបរ៉ាហ្សាក់ ដែល អតីតបក្សប្រឆាំងចោទថា បុរសខ្លាំងម្នាក់នេះ បានដឹកនាំប្រទេសទៅរករបប  អត្ថាធិបតេយ្យ បក្សពួកនិយម ពុករលួយ ហើយនាំអោយសង្គម  ម៉ាឡេស៊ីជួបរឿងអយុត្តិធម៌យ៉ាងខ្លាំង។

ក្រុមប្រឆាំង និងសង្គមស៊ីវិល ជាច្រើននាក់ត្រូវបានអតីតរដ្ឋអំណាចរបស់លោកណាជីប ចាប់ឃុំខ្លួន ដោយសារពួកគេបានធ្វើបាតុកម្ម បណ្ដេញលោកចេញពីអំណាចពាក់ព័ន្ធនឹងរឿងអាស្រូវមួយនេះ ហើយសូម្បីលោកនាយករដ្ឋមន្ត្រីមហាធា ក៏លោកណាជីប ត្រៀមប្ដឹងទៅតុលាការដែរ ពីបទបរិហារកេរ្តិ៍លោក។ ប៉ុន្តែដោយសារលោកមហាធា ជានាយករដ្ឋមន្ត្រីឈ្នះឆ្នោត ដែលនាំឲ្យលោក ណាជីប ក្លាយជានាយករដ្ឋមន្ត្រីលួចលុយជាតិរាប់រយលានដុល្លារដូច្នេះ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.