ការ​ប្រ​ឈម​មុខ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ត្រូវ​សម្រប​សម្រួល​តាម​របៀប​ណា

ក្នុង​រយៈ​ពេល​បី​ថ្ងៃ​​កន្លង​មក​នេះ​ គណ​បក្ស​​សង្គ្រោះ​ជាតិ​បាន​ធ្វើ​មហា​បាតុកម្ម​មួយ​ក្នុង​ចំណោម​មហា​បាតុកម្ម​សំខាន់ៗ​​ប្រឆាំង​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​មក​នេះ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ចាប់​​ដៃ​ជាមួយ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​​​ នៅចុងបញ្វប់នៃកិច្ច​ប្រជុំនៅឯ​រដ្ឋ​​សភា​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពីម្សិលមិញ​ ដែល​ជាកិច្ច​ប្រជុំ​លើក​ទី​២​ បន្ទាប់​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​កាល​ពីយប់​​ថ្ងៃ​អាទិត្យ​។ (ស៊ិវ ចាន់ណា)
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ចាប់​​ដៃ​ជាមួយ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​​​ នៅចុងបញ្វប់នៃកិច្ច​ប្រជុំនៅឯ​រដ្ឋ​​សភា​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពីម្សិលមិញ​ ដែល​ជាកិច្ច​ប្រជុំ​លើក​ទី​២​ បន្ទាប់​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​កាល​ពីយប់​​ថ្ងៃ​អាទិត្យ​។ (ស៊ិវ ចាន់ណា)

ប្រជា​ពល​រដ្ឋ​ជាង​២០.០០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​​ទីលាន​ប្រជាធិប​តេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​ អស់​រយៈ​ពេល​បី​ថ្ងៃ​សម្រាប់​ការ​បង្ហាញ​មុខ​ប្រចាំ​ថ្ងៃ​របស់​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំងគឺ លោក សម រង្ស៊ី និង​លោក​ កឹម សុខា។

ហើយ​ទោះបី​ជា​គណ​បក្ស​ប្រឆាំង​បង្ហាញ​ថា ខ្លួន​អាច​​ប្រមូល​អ្នក​គាំ​ទ្រ​ខ្លួនមក​ជួប​ជុំ​គ្នា​បាន​ច្រើន​ក៏​ដោយ​ ក៏​បាតុកម្ម​នេះ​មិន​បាន​ជំរុញ​​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​ឲ្យ​ស៊ើប​អង្កេត​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ កន្លងមកនេះ។​

លោក ណាង សុខណេត ជា​និសិ្សត​គិលា​នុបដ្ឋាក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​បាន​ចូល​រួម​នៅក្នុង​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​គាំ​ទ្រ​ជា​ច្រើន ដែល​បាន​មក​ចូល​រួម​នៅក្នុង​ទីលាន​ប្រជា​ធិប​តេយ្យ​ជាមួយ​នឹង​ការ​ទាម​ទារ​ជាក់​លាក់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​នេះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អះ​អាង​ថា ខ្លួន​បាន​ឈ្នះ​ ប្រសិន​បើ​គ្មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទេនោះ។

និស្សិត​រូប​នេះ​បាន​និយាយថា “ខ្ញុំ​គិត​ថា បាតុកម្ម​បី​ថ្ងៃ​នេះ​គ្មាន​ប្រយោជន៍​ទេ​ ពី​ព្រោះ​បាតុកម្ម​អហិង្សា​ទាំង​នេះ​មិន​អាច​បង្ខំ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​រកដំណោះ​ស្រាយ និង​យុត្តិ​ធម៌​ឲ្យ​យើងបាន​​ឡើយ”។ និស្សិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​សូម​អំពាវ​នាវ​ដល់​គណ​បក្ស​សង្គ្រោះ​ជាតិ​កុំ​ឲ្យ​ចូល​រួម​សម័យ​ប្រជុំ​រដ្ឋ​សភា ប្រសិនបើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​ផ្តល់​យុត្តិ​ធម៌​សម្រាប់​ការ​ទាម​ទារ​​របស់​អ្នក​តវ៉ា​ទេ​នោះ”។

អ្នក​វិភាគ​នយោ​បាយ និង​មេ​ដឹក​នាំ​សង្គម​ស៊ីវិល​និយាយថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​ព្រម​សហ​ការ​នៅក្នុង​ការ​ស៊ើប​អង្កេត​ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ដល់​ជ័យ​ជម្នះ​របស់​ខ្លួន​ ក្នុង​ការ​បោះ​ឆ្នោត​នេះទេ ហើយ​បាន​​បន្ថែម​ទៀត​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ឥឡូវ​នេះ ត្រូវ​ប្រឈម​នឹង​បញ្ហា​ថ្មី​មួយ​ទៀត ចំពោះ​ការ​បំពេញ​ចិត្ត​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ ពេល​កំពុង​ធ្វើ​ការ​ចរចា​ដ៏​លំបាក​​។

លោក​ស្រី ធីតា ឃឹស ប្រធាន​គណៈ​កម្មា​ធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុងវិស័យ​នយោ​បាយ​ បាន​មាន​ប្រសាសន៍ថា “គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​បង្ហាញ​​សាច់​ដុំ​​របស់​ខ្លួន ប៉ុន្តែ គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​បាន​ផ្លាស់​ប្តូរ​គំនិត​​ទេ ពីព្រោះពួក​គេ​មិន​​សុំា​នឹង​ការ​គោរព​មតិ​សាធារណ​ជនឡើយ​”។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​​ប្រជាជន​កម្ពុជា​ទំនង​ជា​មិន​យល់​ស្រប​តាម​វិធាន​ការ​ណា​មួយ​ដែល​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​រាប់​ទសវត្សរ៍​របស់​ខ្លួន​នោះ​ទេ ដែល​មាន​ន័យ​ថា ជម្រើស​តែ​មួយ​គត់​របស់​​គណបក្ស​ប្រឆាំង​គឺ​ធ្វើ​មហា​បាតុកម្ម​។ លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “បើ​មិន​មាន​សម្ពាធ​ពិត​ប្រាកដ​ផ្នែក​សេដ្ឋ​កិច្ច​ទេ​នោះ​ ខ្ញុំ​មិន​គិត​ថា មាន​អ្វី​អាច​ប្តូរ​គោល​ជំហរ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បានទេ”។ លោក​ស្រី​បាន​បន្ថែមថា ការ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​ និង​ការ​ធ្វើ​ពហិការ​មិន​គាំ​ទ្រ​អាជីវកម្ម​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​កាន់​អំណាច​ អាច​ជា​ទម្រង់​​នៃ​ការ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ​។

សេណារីយោមួយ​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ គឺថា គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បន្ត​​គំរាម​ធ្វើ​មហា​បាតុកម្ម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅតាម​ខេត្ត ជា​វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ មុនពេល​គណ​បក្ស​នេះ​ព្រម​ព្រៀង​ចូល​រួម​នៅ ក្នុង​រដ្ឋ​សភា​ នេះ​បើ​យោង​តាម​លោក ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា។

លោក ព្រាប កុល បាន​មាន​ប្រសាសន៍ថា “​កាន់​តែ​ច្បាស់​​ទៀត​នោះ​ ខ្ញុំ​គិត​ថា ការ​ស៊ើប​អង្កេត​លើ​លទ្ធផលនៃការ​បោះ​ឆ្នោត​នេះ គឺ​ជា​ការ​ទាម​ទារ​ដ៏​លំបាក​។ ការ​​ទាម​ទារ​​នេះ​គឺ​ជា​លក្ខខ័ណ្ឌ​សម្រាប់​បង្កើត​រដ្ឋា​ភិបាល​ និង​រដ្ឋ​សភា​អាណត្តិ​ថ្មី​”។ លោក​បានមាន​ប្រសាសន៍​បន្ថែមទៀត​ថា “ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ច​ង់​តវ៉ា​​ជា​រៀង​រហូត​នោះ​ ពួក​គេ​អាច​បន្ត​ធ្វើ​ការ​តវ៉ា​ និង​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បាន​ ប៉ុន្តែ​​មាន​បរិយា​កាស​នយោ​បាយ​ដូច​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ”។

ទោះ​ជាយ៉ាង​ណា លោក​បាន​មាន​ប្រសា​សន៍​ថា “គេ​អាច​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ចម្រុះ​ដើម្បី​ស្វែង​រក​ការពិត​ និ​ង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​នេះ ជាផ្នែក​មួយ​នៃ​យន្ត​ការ​សម្រាប់​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត”។ លោក​បាន​បន្ថែមថា គណ​បក្ស​​សង្គ្រោះ​ជាតិ​អាច​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​បន្ត​ចរចា​របស់​ខ្លួន​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

លោក អ៊ូ រិទ្ធី ម្ចាស់​ប្លក់​ (blog) នយោបាយ​ដ៏​លេច​ធ្លោ​ម្នាក់​បាននិយាយ​​ថា ទោះបី​ជា​គណបក្ស​សង្គ្រោះជាតិ​ ប្រហែល​ជា​ត្រូវ​បន្ធូរការ​ទាម​ទារ​របស់​ខ្លួន​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា នេះ​ក៏ដោយ ក៏​ពួក​គេ​នៅតែ​អាច​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​របស់​ខ្លួន​​​ទទួល​ស្គាល់​ថា ​ខ្លួន​ជា​អ្នក​​ឈ្នះ​ក្នុង​​ការ​បោះ​ឆ្នោត​នេះ​ដែរ។​

លោក​ រិទ្ធី បាន​និយាយ​ថា “អាច​នឹង​មាន​ការ​សម្រប​សម្រួល​ មិន​មែន​តាម​រយៈ​គណៈ​កម្មការ​ចម្រុះ​ឯក​រាជ្យ​នោះទេ ប៉ុន្តែ តាម​វិធី​ផ្សេង​ទៅ​វិញ​។ ក្នុង​ចិត្ត​របស់​ពួក​គេ​ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព្យាយាម​រក​វិធី​​ចែក​រំលែក​​អំណាច​ជាមួយ​គណ បក្ស​ប្រជា​ជន​កម្ពុជា​ ប៉ុន្តែ តាម​វិធីណា​មួយ​ដែល​ធ្វើ​ឲ្យ​​​អ្នក​គាំ​ទ្រ​របស់​ខ្លួនយល់​ស្រប​តាម​”។

លោក​ រិទ្ធី បាន​និយាយ​ថា ប្រសិន​បើ​លោក​ សម រង្ស៊ី និង​លោក កឹម សុខា អាច​ពន្យល់​ប្រាប់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ថា ការ​កែ​ទម្រង់​​ពិត​ប្រាកដ​នឹង​ជួយ​ឲ្យ​គណបក្ស​ប្រឆាំង​ទទួល​បាន​​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​អនាគត​នោះ​ ពួក​គេ​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ស្មោះ​ត្រង់​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​ជឿថា ការ​ចូល​រួម​នៅ​ក្នុង​រដ្ឋ​សភា​ គឺ​ជា​វិធី​ល្អ​បំផុត ដែល​មិន​ធ្វើ​ឲ្យ​បាត់​បង់​ប្រជា​ប្រិយ​ភាព​។

បក្ស​សង្គ្រោះ​ជាតិ​​ចាត់​ទុក​កិច្ច​សហ​​​​ការ​​នា​ពេល​អនាគត​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ថា ដោយ​សារខ្លួន​គោរព​ព្រះ​មហា​ក្សត្រ ​នរោត្តម​ សីហមុនី ដែល​គ្រោង​កោះ​ប្រជុំសភា​​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា។

លោក រិទ្ធី​ បាន​និយាយថា “ប្រសិន​បើ​ក្នុង​ការ​ចរចា​គណ​បក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​ស្ថានីយ​ទូរទស្ស​ន៍​ផ្ទាល់​ខ្លួន កែ​រចនា​សម្ព័ន គ.ជ.ប. និង​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា​នោះ ខ្ញុំ​គិត​​​ថា​ វា​មិន​មាន​បញ្ហា​ជា​មួយ​យុវជន​និង​អ្នក​គាំទ្រគណ​បក្ស​សង្គ្រោះជាតិទូទៅ​នោះ​ទេ។​​ វា​បង្កើត​ស្ថានភាព​មួយ​ឲ្យ​ពួក​គេទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក ភ្លូក​ដី នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ”។

ទោះ​បី​ជា​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះជាតិ ប្រហែល​ជា​មិន​បាន​សម្រេច​នូវ​គោល​បំណង​របស់​ខ្លួន​ក៏​ដោយ​ ក៏​ពួក​គេ​បាន​បង្កើន​ការ​​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រជា​ជន​កម្ពុជា ឲ្យ​មាន​ការ​កែ​ទម្រង់​ និ​ង​​មាន​​មូល​ហេតុ​សម្រាប់​ការ​ធ្វើ​មហា​បាតុកម្ម​​ប្រឆាំង​រដ្ឋា​ភិបាល​ ដែល​គណ​បក្ស​ប្រឆាំង​អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​នេះ។

លោក​ កែម ឡី អ្នក​វិភាគ​នយោ​បាយ​បាន​មាន​ប្រសាសន៍​ថា “ការ​ធ្វើ​បាតុកម្ម​ មិន​មែន​គ្រាន់​តែ​ដើម្បី​ប្រាប់​អ្នក​ធ្វើ​សេចក្តី​សម្រេច​ឲ្យ​​ធ្វើ​អ្វី​មួយ​នោះទេ ប៉ុន្តែ​ ការ​ធ្វើ​បាតុកម្ម​ក៏​បង្កើត​​ឲ្យ​មាន​វប្ប​ធម៌​ថ្មី​មួ​យ សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ការ​ទាម​ទារ​របស់​ខ្លួន​ផង​ដែរ”។ លោក​បាន​បន្ថែមថា ​វិធី​សាស្ត្រ​នេះ​ទំនង​ជា​អាច​រាល​ដាល​ទូទាំង​ប្រទេស​ នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ពង្រឹង​ និង​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន។

លោក​បានបន្ថែម​ទៀត​ថា “បាតុករ​រៀន​ពី​មេរៀន​ ដែល​ពួក​គេ​អាច​ក្រោក​ឈរ​​ប្រឆាំង​នឹង​ស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​ ប្រសិន​បើ​ពួក​គេ​មិន​បំពេញ​ការ​ងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ទេ​នោះ។ វប្បធម៌​នេះ​នឹង​រីក​ដុះ​ដាល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​អនាគត​ ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះអ្នក​ធ្វើ​សេចក្តី​សម្រេច​ នៅពេល​ដែល​មាន​ការ​​បំពាន​ច្បាប់​ មាន​អំពើពុករលួយ និង​​មាន​ការ​រំលោភ​យក​ដីធ្លី”។

យោង​តាម​លោក​ស្រី ជា​ វណ្ណាត អ្នក​វិភាគនយោ​បាយ​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ការ​កែ​ទម្រង់​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិស្ងប់​​ចិត្ត ​អាច​នឹង​​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​លោក ហ៊ុន សែន នោះ ​នេះ ប្រហែល​​ជា​លើក​ដំបូង​ហើយ​ដែល​គណ​បក្ស​​សង្គ្រោះ​ជាតិ​​អាច​នាំ​មក​នូវ​ការ​បំបែក​អំណាច​ក្នុង​រដ្ឋា​ភិបាល​កម្ពុជា​។ លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “ឥឡូវ​នេះ​យើង​មាន​អំណាច​បី ដែល​សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​បុគ្គល​ម្នាក់​ គឺនាយករ​ដ្ឋ​មន្ត្រី។ ប៉ុន្តែ ប្រ​សិន​បើ​នៅក្នុង​រយៈ​ពេល​ប្រាំឆ្នាំ​ក្រោយ​នេះ យើង​មាន​ការ​ចូល​រួម​ពី​​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​សេចក្តី​សម្រេច​នានា​ ត្រូវ​ឆ្លង​កាត់​អង្គ​នីតិ​បញ្ញត្តិ​នោះ​ នឹង​មាន​ការ​​ចែក​រំលែក​អំណាច​​ហើយ​”។​

លោក​ស្រី​បានបន្ថែម​ថា “ប៉ុន្តែ ការ​ពង្រឹង​​ស្ថាប័ន ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នោះ​មាន​​ឥទ្ធិពល​ស្មើ​​គ្នា​ គឺ​ជាការ​លំបាកណាស់ ពីព្រោះ​វា​នៅ​តែ​នាយករ​ដ្ឋ​មន្ត្រី​ដដែល ដែល​បាន​គ្រប់​គ្រង​ប្រទេស​នេះ​​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ​។ នាយក​រដ្ឋ​មន្ត្រីរូបនេះ​ពិបាក​នឹង​បន្ទាប​ខ្លួន​​ឯង​ដើម្បី​ស្តាប់​ និង​ធ្វើ​ការតាម​បែប​ប្រជា​ធិប​តេយ្យណាស់”។

ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុង​ហៃ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម ដែល​នៅ​ក្នុង​នោះ​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​មាន​ជំនឿ​ថា អាច​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​កែ​ទម្រង់​តាម​ការ​ទាម​ទារ​របស់​ខ្លួន​នោះ​ ធ្វើ​ឲ្យ​គាត់​មាន​សុទិដ្ឋិនិយម​ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​ពិត​ប្រាកដ​ដើម្បី​គ្រប់​គ្រង​ប្រទេស​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​នេះ។

លោក ឡៅ ម៉ុង​ហៃ បាន​មាន​ប្រសាសន៍​ថា “គណបក្ស​ប្រឆាំង​មាន​ឥទ្ធិ​ពល​ជាង​ពី​មុន​ហើយ​​មាន​ប្រជាពលរដ្ឋ​នៅពី​ក្រោយ។ គណ​​បក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​សភា និង​ក្រៅរដ្ឋ​សភា​តាម​ទស្សន​ និ​ង​ការ​​ចង់​បាន​​រប​ស់​ប្រជា​ជន”។

លោក​បាន​មាន​ប្រសាសន៍ថា ទោះ​បី​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​បង្ខំ​ឲ្យ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា សហការ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​​លើ​ការ​បោះ​ឆ្នោត​នេះ​ក៏​ដោយ ក៏​ជ័យ​ជម្នះ​ធំ​បំផុត​សម្រាប់​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​មាន​​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​បែប​ប្រជា​ធិបតេយ្យ​ ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញដែរ។ លោក​បាន​មាន​ប្រសាសន៍ថា “គណ​បក្ស​សង្គ្រោះ​ជាតិ​ពិបាក​នឹង​ទទួលបាន​អ្វីដែល​​ប្រជា​​ជន​ចង់​បាន​ណាស់​។ ពួក​គេ​ស្ថិត​នៅ​  ​ក្នុង​​​គោល​ជំហ​ដ៏​លំបាក​។ ប៉ុន្តែ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​អ្វី​មួយ​រួច​ហើយ​។ ពួក​គេ​បាន​ទទួល​សិទ្ធិ​ធ្វើ​បាតុកម្ម​ទាំង​នេះ​ សិទ្ធិ​ក្នុង​ការ​​បញ្ចេញ​មតិ និង​សិទ្ធិ​ជួប​ជុំគ្នា”៕

(រាយការណ៍​បន្ថែម​ដោយ អូន ភាព)
ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.