ការ​ព្យាករ​ក្នុងពិធី​ច្រត់ព្រះ​នង្គ័ល នៅ​​​ឆ្នាំ​នេះ ក្នុង​​​ក្រុង​​​កំពង់​​​ចាម​​​​គឺ​ គោ​ឧសភ រាជ​បរិភោគ​ពោត​ច្រើន

ក្រុង​កំពង់ចាម-គោ​ឧសភរាជ​ដែល​មាន​ពណ៌ត្នោត​​បាន​សម្លឹងមើល​ភាជន​៍ចំនួន​ប្រាំ​ពីរ​​ដែល​ដាក់​នៅ​ចំពោះ​មុខ​វា ហើយ​បន្ទាប់មក​បាន​ហិត​​ភាជន៍​មួយ​ដែលដាក់​ពោត។

គូរបស់វា​មិន​សូវ​ចាប់​អារម្មណ៍នឹង​អ្វី​ដែល​​​មាន​នៅ​ក្នុង​ភាជន៍ប្រាក់នោះទេ ដោយ​វា​ងាក​​ទៅ​បរិភោគ​ស្មៅ​ដែល​ដុះ​នៅ​ផ្ទាល់​ដី​នៅ​ក្នុង​​ពហុកីឡាដ្ឋាន​បាល់​ទាត់​​នោះ​ទៅវិញ។ ប៉ុន្តែ​ការដែល​គោ​ឧសភរាជ​ជ្រើស​រើស​បរិ​ភោគ​ពោត​តែ​មួយ​​មុខ​​នេះ​គឺ​មាន​ន័យ​ខ្លាំង​ណាស់​នៅ​ព្រះរាជពិធី​ច្រត់​ព្រះ​នង័្គល​ប្រចាំឆ្នាំ​កាលពី​ម្សិលមិញ​​ ​ព្រោះ​ជា​​​អាហារ​ដែលលោកគង់ កេង ជា​ហោរា​តាម​បែប​ព្រហ្មញ្ញសាសនា​ប្រចាំ​ព្រះ​បរម​រាជ​វាំង ដែល​​​ព្យាករ​ពី​ការ​ប្រមូល​
ផល​កសិកម្ម​នៅ​ឆ្នាំ​នេះ​ និង​ពី​សុខុ​មាលភាពទូទៅ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ចាត់​ទុក​ថាជា​អាហារ​ដែល​វា​ចូលចិត្ត​។

លោក​ គង់ កេង​ បាន​ប្រកាស​ប្រាប់​ដល់​កសិករ​រាប់​រយនាក់​ដែលបាន​ជួបជុំគ្នា​នៅ​ពហុ​កីឡាដ្ឋាន​ក្នុង​ក្រុង​កំពង់​ចាម​កាល​ពី​ម្សិល​មិញថា “ យើង​បាន​ព្យាករ​ថា​ នៅ​ឆ្នាំ​នេះ​​ យើង​នឹង​​​​ទទួលបាន​ទិន្នផល​ពោត​ខ្ពស់​ ពី​ព្រោះ​គោ​ឧសភរាជ​បរិភោគ​ពោត​ច្រើន”។

​ថ្វី​បើេ​មាន​វត្ត​មាន​របស់​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ និង​កសិករ​ក៏ដោយ ក៏មិន​មាន​ការ​ព្យាករ​ច្រើន​​សម្រាប់​ពិធីដែលធ្លាប់​ជានិមិត្ត​រូបដ៏អស្ចារ្យ​នេះដែរ។ បន្ទាប់​ពី​ពិធី​តាម​បែប​បុរាណ​បញ្ចប់​ទៅ​​ គោឧសភរាជ ដែល​តុបតែ​ង​លម្អ​ដោយ​ក្រណាត់​ពណ៌មាស ត្រូវ​លែង​ឲ្យ​ទៅ​ជ្រើសរើស​ស្រូវ ពោត សណ្តែក ល្ង ស្មៅ​ ទឹក និង​ស្រាស។

ប្រសិនបើ​ គោ​ឧសភរាជ​បរិភោគ​ ស្រូវ​ ពោត សណ្តែក ល្ង ឬ​ស្មៅ វាជា​ប្រផ្នូល​ល្អ​សម្រាប់ការ​ដាំ​ដុះ​នៅ​ក្នុង​រដូវ​ធ្វើ​កសិកម្ម​
នៅ​ពេល​ខាងមុខ និង​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល។

ប្រសិនបើ​គោឧសភរាជ​ បរិភោគ​ទឹកខ្លះ នោះ​ការ​ព្យាករ​គឺ​ថា ប្រទេស​កម្ពុជា​អាច​មាន​ទឹក​ជំនន់ ហើយប្រសិនបើ​ គោ​បរិភោគ​ស្រាស​
នោះ​ មាន​ន័យថា​ នឹង​មាន​ភាព​អនាធិបតេយ្យ​​កើត​មាន​នៅ​តាម​ដងផ្លូវ។ ប៉ុន្តែ​វាហាក់ដូច​ជា គោឧសភរាជ​បាន​​បរិភោគ​តែ​ពោត​ប៉ុណ្ណោះ​។ គោ​ឧសភ​រាជ​បរិភោគ​ពោត​ និង​សណ្តែក​ នៅ​ពិធី​ច្រត់​ព្រះ​នង័្គល​កាល​ពី​ឆ្នាំ​មុន។​គោ​ក៏​បាន​បរិភោគ​ពោត​និង​សណ្តែក​ លាយ​ស្មៅ​ខ្លះ​ៗដែរ ​នៅ​ក្នុង​​ពិធី​ច្រត់​ព្រះ​នង័្គល​កាលពី​ឆ្នាំ​២០១១។ ចំណែក​ឯក្នុង​ឆ្នាំ​២០១០វិញ គោ​​ឧសភរាជ​បរិភោគ​ ពោត​ និង​សណ្តែក។

បើទោះ​ជា​គោ​ឧសភរាជ មិន​បាន​បរិភោគ​​ស្រូវ​កាលពី​ឆ្នាំមុន​ក៏ដោយ ក៏គេ​ឃើញថា ទិន្នផល​ស្រូវ​ឆ្នាំ​២០១២កើន​ឡើង​ដែរ​។​ស្រដៀង​គ្នា​នេះ​ដែរ​ នៅ​ក្នុង​ឆ្នាំ​២០១១ គោ​ឧសភ​រាជ​មិន​បាន​បរិភោគ​ទឹក​ទេ ប៉ុន្តែ​​ប្រទេស​កម្ពុជា​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ​រាប់​ទសវត្សរ៍ ដោយ​បំផ្លាញ​ផល​ដំណាំ​របស់​កសិករ​អស់​ជាច្រើន។

​នៅ​ពេល​​សួរ​ថា តើ​គោ​ឧសភ​រាជ​ជ្រើស​រើស​ខុស​ឬ ដោយ​សារ​ចំណង់​ចំណូល​ចិត្ត​របស់វា​គឺ​ពោត​នោះ លោក គង់​ កេង ហោរា​ប្រចាំ​ព្រះ​បរម​រាជ​វាំង​បាន​បដិសេធ​កា​ល​ពីម្សិល​មិញ។ លោកបាន​​មាន​ប្រសាសន៍ថា “ ការ​ព្យាករវាមិន​ត្រឹម​ត្រូវ​១០០ភាគរយទេ ជួន​កាល​វា​អាច​ខុសគ្នា​បន្តិចបន្តួច”។
លោក​បាន​បន្ថែម​ថា ការ​ព្យាករ​គឺ​ផ្អែក​តាម​អ្វី​ដែល​គោ​ឧសភរាជ​បាន​បរិភោគ។ មិន​មែន​តាម​អ្វី​ដែល​វា​មិន​បរិភោគ​នោះ​ទេ។ ​ពេល​សួរ​ថា តើ​គោ​ឧសភរាជ​ធ្លាប់​បរិភោគ​ស្រា​ ដែល​នាំ​ឲ្យ​មាន​ភាព​ចលាចល និង​វឹកវរ​ដែរ​ឬយ៉ាង​ណា​ លោក គង់​ កេង​ បាន​មាន​ប្រសា​សន៍​ថា គោ​ឧសភរាជ​បាន​បរិភោគ​ស្រា​អំឡុង​សម័យ​សង្គម​រាស្ត្រនិយម មុន​ពេល​ខ្មែរក្រហម​បាន​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥។​ដូច្នេះ​គោឧសភរាជ​ជ្រើសរើស​ត្រូវ។

លោក​ អាង ជូលៀន សាស្ត្រាចារ្យ​នរ​វិទ្យា​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​បាន​មាន​ប្រសាសន៍ថា គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​ពិធី​ច្រត់ព្រះ​នង័្គលតាម​បែប​បុរាណ​បាន​ចាប់​ផ្តើម​តាំ​ងពីពេល​ណា​មក​ទេ ប៉ុន្តែ​វា​ចាប់​ផ្តើម​រាប់​សតវត្សរ៍មក​ហើយ ហើយ​ប្រទេស​ថៃ​មាន​ប្រពៃណី​ដូចគ្នា​ច្រើន។

លោក ជូលៀន មាន​ប្រសា​សន៍ថា“ ដោយ​​សារ​ព្រះ​មហាក្សត្រ​ជា​ម្ចាស់​ទឹកម្ចាស់ដី…​ភារកិច្ច​របស់​ព្រះ​អង្គ​គ​ឺ​ច្រត់​ព្រះ​នង័្គល ដូច្នេះ​ហើយមនុស្ស​គ្រប់​គ្នា​អាច​ភ្ជួរ​​ស្រែ​តាម​ព្រះ​អង្គ។​វាជា​និមិត្ត​រូប នេះ​គឺ​​ជា​ការ​រួម​មេត្រី​រវាង​ព្រះ​មហាក្សត្រ និង​ព្រះ​ធរណី ​ហើយ​ធរណី​​ជា​ស្ត្រី​ ដើម្បី​ផលិត​ផល​ដំណាំ​”។

ចំណែក​ឯក្នុង​ប៉ុន្មាន​សត​វត្សរ៍​មុនៗ ព្រះ​មហាក្សត្រ​បាន​ច្រត់​ព្រះ​នង័្គលដោយ​ព្រះ​អង្គឯង ដែល​ឥឡូវ​នេះ​ប្រពៃណី​នេះ​បាន​បាត់បង់​បន្តិច​ម្តងៗ។​ហើយ​ជា​រឿយៗ គេ​ជ្រើសតាំង​អ្នក​តំណាងព្រះ​មហាក្សត្រ​។ នៅ​​ក្នុង​ពិធី​កាលពី​ម្សិលមិញ​ អភិបាល​ខេត្ត​កំពង់​ចាម ជា​អ្នក​តំណាងព្រះ​មហាក្សត្រ។
លោក ជូលៀន បាន​មាន​ប្រសា​សន៍​ថា​ “ ព្រះ​បរមរ​​​តនកោដ្ឋ​ សម្តេចឪ” នរោត្ត​ម សីហនុ បាន​ច្រត់​ព្រះ​នង្គ័ល​ដោយ​ផ្ទាល់​ព្រះ​អង្គ​​បាន​តែ​មួយ​ដង ឬ​ពីរ​ដងប៉ុណ្ណោះ​។

លោក​បាន​បន្ថែម​ថា នៅក្នុង​ទសវត្ស​រ៍ឆ្នាំ​១៩៦០ លោក​ជឿថា អតីត​ព្រះ​មហាក្ស​ត្រ​ នរោត្តម សីហនុ ឬ​សមាជិក​រាជវង្សានុវង្ស បាន​ប្រារព្ធពិធីនេះ​នៅ​មុខ​ប្រាសាទ​អង្គរធំ ក្នុង​ខេត្ត​សៀម​រាប។ ក្នុង​ឆ្នាំ​១៩៧០​ ប្រទេស​កម្ពុជា​បានឈប់​ប្រារព្ធ​ពិធី​ច្រត់​ព្រះ​នង្គ័ល​តែ​ម្តង ដោយ​សារ​ប្រទេ​សកម្ពុជា​បាន​ក្លាយ​ជា​សាធារ​ណរដ្ឋ​ក្រោម​ការ​ដឹកនាំ​របស់​ លន់ នល់។

ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធឡើង​វិញនៅ​ដើម​​ទសវត្សរ៍ឆ្នាំ​១៩៩០ បន្ទាប់​ពី​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ ​យាង​និវត្ត​មក​កាន់​ប្រទេស​ជាតិ​វិញពី​ការ​និរទេស​ព្រះ​កាយ​ ហើយរបប​រាជានិយម​បាន​កើតមានជាថ្មី។

តាម​ទំនៀម​ទម្លាប់ ពិធីនេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​វាល​ព្រះ​មេរុ គឺទីធ្លា​នៅ​ខាង​មុខ​សារមន្ទីរជាតិ​ ហើយ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​សម្រេច​នៅ​ឆ្នាំ​នេះ​ថា ត្រូវ​ផ្លាស់ប្តូរ​ការ​ប្រារព្ធពិធីនេះ​នៅ​ទូទាំង​ប្រទេស។

ឥឡូវ​នេះ​ វាលព្រះេមរុ​មាន​ស្មៅ​ដុះ​ពេញ​ហើយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ​​ បន្ទាប់ពី​​ត្រូវ​គេ​ប្រើ​ជា​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្តេចឪ​ នរោត្ត​ម សីហនុ។ ​ព្រះ​ពន្លា​​សម្រាប់​ទទួល​ភ្ញៀវទទេ​ស្អាត​ស្ថិត​នៅ​​ក្នុង​វាល​មេរុ​នោះ​​ ដោយ​​គ្មាន​​មូលហេតុ​​ច្បាស់​លាស់​ ដោយ​មិន​អាច​ប្រារព្ធ​ពិធី​​ច្រត់​ព្រះ​
ង្គ័ល​នៅ​ទី​នោះ​បាន​ឡើយ។

កាលពី​ម្សិលមិញ មុនពេល​ជ្រើស​រើស​អាហារ​​ពី​ភាជន៍ប្រាក់នោះ គោ​ឧសភរាជ​បី​នឹម បាន​បញ្ចប់​ការ​ច្រត់​ព្រះ​នង្គ័ល​បី​ជុំនៅ​ទី​ព្រះ​ស្រែ​។
នង្គ័លទី​១​ត្រូវបាន​ច្រត់​ដោយ​ លោក លន់ លឹមថៃ​ អភិបាល​ខេត្ត​កំពង់ចាម ដែល​ទើប​តែង​តាំង​ថ្មី ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌ មាស និង​ស្បែកជើង​ពណ៌មាសដែរ។

លោក លឹមថៃ អម​ដោយ​ភរិយា​របស់​លោក​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស្វាយ ​​និង​ទឹក​មាស ហើយ​ត្រូវ​គេ​បាំង​ក្លស់​​​ពណ៌​មាស​ដែរ ខណៈដែល​​លោក​ស្រីព្រោះ​គ្រាប់​ពូជ​ទៅ​លើ​ដី​ដែល​ទើប​ច្រត់​ព្រះ​នង្គ័ល​ថ្មី​ៗ។

លោក លឹមថៃ​ បាន​មាន​ប្រសា​សន៍​កាល​ពី​ម្សិលមិញថា លោក​រីករាយណាស់​ដែល​ខេត្តរបស់លោក​មាន​ឱកាស​រៀប​ចំ​ពិធីនេះ​។ លោក​បាន​បន្ថែមថា ប្រជា​ពល​រដ្ឋ​ប្រហែល​៨៥ភាគរយនៅក្នុង​ខេត្ត​នេះ​ប្រកប​របរ​កសិកម្ម។ក្នុង​ចំណោម​កសិករ​ទាំងនោះ លោក ហ៊ុនសុផាត​ អាយុ៥០ឆ្នាំ​មក​ពី​ស្រុក​ត្បូង​ឃ្មុំ​​បាន​និយាយថា តាម​ធម្មតា លោកធ្វើ​តែ​ស្រែ​ តែ​នៅ​ឆ្នាំ​នេះ​លោក​នឹង​ដាំ​ពោតដែរ ​បន្ទាប់ពី​បាន​​ស្តាប់​ការ​ព្យាករ​របស់​​ហោរា​មក។ លោក​​និយាយថា “ ខ្ញុំពិតជា​ជឿ​ការ​ព្យាករ​នេះដូច្នេះ​ខ្ញុំ​នឹង​ចាប់​ផ្តើម​ដាំ​ពោត ហើយខ្ញុំ​​​សង្ឃឹម​ថា ខ្ញុំ​នឹង​ទទួល​បាន​ផល​ច្រើន​មិនខាន​​​”​​​។

លោក​បាន​បន្ថែម​ថា ពិត​មែន​ហើយ គោ​ឧសភរាជមិន​បាន​ផឹកទឹកគឺ​ជា​សញ្ញា​ល្អហើយ ពីព្រោះ​វា​មាន​ន័យថា​ មិន​មាន​ទឹក​ជំនន់ទេ។ លោក​ សុផាត បាននិយាយថា ក្នុង​ឆ្នាំ​២០១១​លោក​ខាតបង់​ផល​ដំណាំ​របស់​លោក៧០​ភាគរយដោយ​សារ​ទឹក​ជំនន់។

លោក យ៉ង សាំង​កុមារ ប្រធាន​មជ្ឈ​មណ្ឌល​​សិក្សា និង​អភិវឌ្ឍន៍កសិកម្ម​កម្ពុជា​​ (សេដាក)​បាន​មាន​ប្រសាសន៍ថា ពោត​ប្រហែលមិន​មែន
​ជា​ដំណាំ​ល្អ​ដែល​គួរ​ដាំ​ទេ។

លោក យ៉ង សាំង​កុមារ​ ​មាន​ប្រសាសន៍​ថា “ វាមិន​ពិបាកដាំ​ទេ…[ប៉ុន្តែ] វាក៏មិន​មែន​ជារបរ​មាន​​និរន្តរភាព​សម្រាប់​​កសិកររកស៊ី​បន្តិចបន្តួចដែរ” ដោយ​ពន្យល់ថា ទី​ផ្សារ​ពោតគ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ ដែល​ផលិត​ចំណីសត្វ​ ដូច្នេះ​ទី​ផ្សារ​នេះ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​តម្លៃ​ដែល​ក្រុមហ៊ុន​ទាំងនោះ​ចង់​ទិញ​ប៉ុណ្ណោះ។ ដោយ​ត្រូវ​បាន​សួរថា តើ​ការ​ព្យាករ​កាល​ពីឆ្នាំ​​មុន​សម្រាប់់ដំណាំ​ពោតត្រឹម​ត្រូវ​ឬយ៉ាង​ណានោះ លោក យ៉ង​ សាំង​កុមារ​ មាន ប្រសា
សន៍ថា​​ លោកមិន​មាន​តួលេខ​ប្រៀប​ធៀប​​​ក្នុង​ដៃទេ ប៉ុន្តែ ពោតដាំបាន​​តិច​ជាង​ស្រូវ៕

ប្រែសម្រួលដោយ សោម សារុន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.