ការ​ស្លាប់​របស់​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​

យោង​តាម​ក្រុម​មន្ត្រី និង​សាច់​ញាតិ​របស់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ដែល​បាត់​បង់​ជីវិត​បាន​ឲ្យ​ដឹង​ថា លោក​ ជ្រៀង សុផាន់ អភិបាល​រង​រាជធានី​​បាន​ផ្ដល់​​ប្រាក់​ចំនួន​១២.០០០​ដុល្លារ​ទៅ​ឲ្យ​គ្រួសារ​របស់​អតីត​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ធ្លាក់​​ចូល​ក្នុង​ប្រឡោះជណ្ដើរ​យន្ត​​មិន​ទាន់​សាង​សង់​រួច​នៅ​សណ្ឋាគារ​មួយ​​​​របស់​លោក ជ្រៀង សុផាន់ ក្នុង​រាជធានីភ្នំពេញ​។

លោក ហម មុត អាយុ​៣៩​ឆ្នាំ​ បាន​ធ្លាក់​ចូល​ក្នុង​ប្រឡោះ​ជណ្ដើរ​យន្ត​ដែល​គ្មាន​របាំង​ការ​ពារ​នៅ​សណ្ឋាគារ​ Midland​ ក្នុង​ខណ្ឌ​ទួលគោក កាលពី​​ពេល​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ​កក្កដា បន្ទាប់ពី​ត្រឡប់​ពី​ដើរ​លេង​ខាង​ក្រៅ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាន់​ខ្ពស់​ម្នាក់​បាន​លើក​ឡើង​​ក្រោយ​ថ្ងៃ​កើត​ហេតុ​ថា កង​កម្លាំង​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ ដោយចោទ​ប្រកាន់​លោក​ សុផាន់ ពីបទ​មនុស្ស​ឃាត​ដោយ​អចេតនា​​ក្នុង​ករណី​នេះ​។ ប៉ុន្តែ​ប្រពន្ធ​របស់​លោក​ ហម មុត គឺ​អ្នកស្រី ពុធ ស្រីមុំ បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា ករណី​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្រៅ​ប្រព័ន្ធ​​​តុលាការ​។

អ្នក​ស្រី​បាន​និយាយ​ថា ” ចំពោះ​ករណី​របស់​ប្ដី​ខ្ញុំ ខ្ញុំ​មិន​បាន​ប្ដឹង​ទៅ​តុលាការ​ទេ ព្រោះ​វា​គ្មាន​ប្រយោជន៍​។ ប៉ុន្តែ​ប្ដី​របស់​ខ្ញុំ​ស្លាប់​ដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​ម្ចាស់​សណ្ឋាគារ។ សព្វថ្ងៃ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សណ្ឋាគារ​នេះ​ ខ្ញុំ​ស្អប់​ម្ចាស់​វា​ខ្លាំង​ណាស់​”។

អ្នកស្រី​ ស្រីមុំ ដែល​មាន​កូន​បី​នាក់​អាយុ​ចាប់​ពី​៧​ឆ្នាំ​រហូត​ដល់​១៤​ឆ្នាំ បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី​បានទុក​ករណី​នេះ​ឲ្យ​លោក រ័ត្ន ស្រា៊ង ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ជា​អ្នក​ដោះ​ស្រាយ​ជំនួស​​ឲ្យ​គ្រួសារ​អ្នកស្រី​។

ឧត្តម​សេនីយ៍ទោ រ័ត្ន ស្រា៊ង បាន​បញ្ជាក់​ថា ករណី​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្រៅ​ប្រព័ន្ធ​​​តុលាការ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ឧត្តមសេនីយ៍ទោ ទេព ហន បងប្អូនជីដូន​មួយ​របស់​លោក ហម មុត និង​ជា​ឧត្តម​សេនីយ៍ផ្កាយពីរ​នៅ​ក្រសួង​ការ​ពារ​ជាតិ​។

ឧត្តម​សេនីយ៍ទោ ទេព ហន បាន​ឲ្យ​ដឹង​ថា លោក សុផាន់ បាន​ផ្ដល់​ប្រាក់ចំនួន​១២.០០០​ដុល្លារ​ ដើម្បី​ ” ជួយ​​ផ្គត់​ផ្គង់​ ” គ្រួសារ​របស់​លោក ហម មុត។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សោក​ស្ដាយ​ណាស់​ដែល​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ស្លាប់​​នៅ​ក្នុង​ហេតុការណ៍​នេះ​”។

នៅ​ព្រឹកដែល​គាត់​ស្លាប់​ លោក​ ហម មុត បាន​ត្រឡប់​ទៅ​សណ្ឋាគារ​ Midland វិញ​នៅ​ម៉ោង​ប្រហែល​៣ទៀប​ភ្លឺ។ បន្ទាប់​មក​លោក​បាន​បាត់​ពី​បន្ទប់​របស់​លោក​ ហើយ​​ពេល​​​ដល់​​​ម៉ោង​​​៥ទៅ​​​ហើយ​​​នៅ​​​តែ​​​មិន​​​ទាន់​​​ឃើញ​​​លោក​​ត្រឡប់​មក​វិញ​នោះ​​​​ គ្រួសារ​របស់​លោក​បាន​ចាប់​ផ្ដើម​ដើរ​រក​នៅ​ក្នុង​សណ្ឋាគារ ហើយ​បាន​រក​ឃើញ​សព​របស់​លោក​នៅ​បាត​ប្រឡោះ​ជណ្ដើរ​យន្ត​​។

រូប​ភាព​វីដេអូ​ដែល​បាន​មក​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​សណ្ឋាគារ​បាន​បង្ហាញ​ថា លោក​ ហម មុត កំពុង​ដើរ​តាម​ផ្លូវ​មួយ​ក្នុង​សណ្ឋាគារ​ ដោយ​ស្លៀក​តែ​ខោក្នុង​ ប៉ុន្តែ​វីដេអូ​នេះ​មិន​​បាន​មើល​ឃើញ​ពេល​លោក​​​​ធ្លាក់​ចូល​ប្រឡោះ​ជណ្ដើរ​យន្ត​ឡើយ៕ ស៊ុយឈាង​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.