ការ​​​ដាក់​​​ហិបសប្បុរសជន​​​របស់បក្សសង្គ្រោះជាតិ​​​ធ្វើ​​​​​​ឱ្យ​​​បក្ស​​​ប្រជាជនកម្ពុជា​​​រិះគន់​​​

ចៅសង្កាត់គណបក្សប្រឆាំងទើបជាប់ឆ្នោតថ្មីដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋដាក់ហិបសប្បុរសជននៅក្នុងការិយាល័យរបស់លោកដើម្បីបានថវិកាសម្រាប់សេវា សង្កាត់នោះ បានរងការរិះគន់ពីមន្ត្រីគណ បក្សកាន់អំណាច និងមន្ត្រីថ្នាក់លើ។

លោក សំ ជឿន ចៅសង្កាត់ទួលសង្កែ២មក ពីគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ ថា ហិបសប្បុរសជនដែលត្រូវបានដាក់កាលពីថ្ងៃសុក្រ ហើយបានយកចេញវិញពីរថ្ងៃក្រោយមក ត្រូវបានដាក់នៅទីនោះដោយ ប្រជាពលរដ្ឋដែលខឹងនឹងកង្វះថវិការដ្ឋ និងដោយសារការជំទាស់របស់លោក។

លោកបានសួរថា “ខ្ញុំមិនចង់ឱ្យមានវាទេ ប៉ុន្តែតើឱ្យខ្ញុំបញ្ឈប់សប្បុរសរបស់ពួកគាត់យ៉ាងម៉េច?”។លោកបានបន្ថែមថា ប្រជាពលរដ្ឋក៏បានផ្តល់តុការិយាល័យចំនួន៣ដល់ការិយាល័យសង្កាត់នេះផងដែរ។លោកបានបន្តថា “ថវិការដ្ឋនឹងមកដល់ឆាប់ៗ គ្រាន់តែវាយូរបន្តិច”។

កាលពីថ្ងៃសៅរ៍ លោក អ៊ុក ខេមា ចៅសង្កាត់រងទី២ដែលបានប្រកួតប្រជែងក្នុងនាមជាបេក្ខជនលេខរៀងកំពូលរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវអំពីហិបសប្បុរសជននេះ ដោយលើកឡើងថា លោក សំ ជឿន មិនបានពិភាក្សាពីការដាក់ហិបនេះជាមួយក្រុមប្រឹក្សាសង្កាត់ទេ។

លោក អ៊ុក ខេមា បានមានប្រសាសន៍កាលពីម្សិលមិញថា “ប្រសិនបើខ្ញុំមិនរាយការណ៍ ខ្ញុំអាចនឹងពាក់ព័ន្ធការសង្ស័យពីប្រជាពលរដ្ឋ ឬពីថ្នាក់លើជុំវិញថវិកានេះ”។

លោកបានបន្ថែមថា “ក្រសួងមហាផ្ទៃមានថវិកាសម្រាប់គាំទ្រការងាររដ្ឋបាលដោយសារកម្រៃដែលប្រមូលបានពីប្រជាពលរដ្ឋ ឧទាហរណ៍ដូចជាពេលពួកគាត់ផ្ទេរដីទៅឱ្យអ្នកផ្សេងជាដើម”។

លោក ជា ពិសី បានយល់ស្រប។ លោកបានថ្លែងថា “ខ្ញុំមិនចង់ចាត់ការភ្លាមទេ ហើយទុកឱ្យអាជ្ញាធរក្រុង និងក្រសួងមហាផ្ទៃមើលទៅ”។ លោកបានបន្ថែមថា សង្កាត់ចាំបាច់ត្រូវផ្ញើឯកសារនៃការចំណាយ ឬសំណើគម្រោង មុនពេលពួកគេទទួលបានកញ្ចប់ថវិការដ្ឋ។ លោកបានបន្តថា “វាមើលទៅដូចជាធ្វើសម្រាប់ខ្លួនឯង”។

លោក សំ ជឿន បានអះអាងថា រឿងនេះមិនមែនអ៊ីចឹងទេ ដោយលើកឡើងថា លោកបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន២២០ដុល្លារដើម្បីជួលការិយាល័យនៅក្នុងសង្កាត់នេះ ដែលត្រូវបានបំបែកចេញពីសង្កាត់ទួលសង្កែចាប់តាំងពីការបោះឆ្នោតកន្លងមក។

យោងតាមលោក សំ ជឿន បានឱ្យដឹងថា ស្មៀនសង្កាត់កំពុងរៀបចំឯកសារដើម្បីស្នើសុំថវិកាពីរដ្ឋាភិបាល។

លោកបានបន្ថែមថា ក្រុមប្រឹក្សាសង្កាត់នឹងជួបប្រជំុគ្នានៅថ្ងៃពុធដើម្បីពិភាក្សាពីហិបសប្បុរសជននេះ ដែលមិនទាន់ទទួលបានប្រាក់បរិច្ចាគមួយកាក់មួយសេននៅឡើយមុនពេលវាត្រូវបានយកចេញវិញកាលពីថ្ងៃអាទិត្យ។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានលើកឡើងនៅក្នុងអីុម៉េលថា ការប្រមូលថវិកានេះ “គឺជាវិធីរៃអង្គាសថវិកាស្របច្បាប់ ព្រោះថវិកាដែលប្រមូលបាននេះត្រូវបានប្រើសម្រាប់មូលហេតុផ្សេងៗ ហើយត្រូវបានចាត់ចែងប្រកបដោយតម្លាភាព និងគណនេយ្យភាព”៕ សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

 

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.