ការ​​​រត់​ពន្ធ​​ជ័រ​កៅ​ស៊ូ​ឆ្លង​ដែន​​ គំរាម​កំហែង​ដល់​ការ​រើប​ឡើង​​របស់​​​ឧស្សាហ​កម្ម​កៅ​ស៊ូ

​យោង​តាម​​​ម្ចាស់​អាជីវកម្ម និង​​បណ្តា​អ្នក​ជំនាញ​ខាង​ឧស្សាហកម្ម​កៅ​ស៊ូបាន​ឲ្យ​​ដឹង​ថា ពាណិជ្ជកម្ម​កៅ​ស៊ូឆ្លង​ដែន​ខុស​ច្បាប់ កំពុង​​តែ​កាក់​កប​​​ខ្លាំ​ង​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​​​​តម្លៃ​​កៅ​ស៊ូ​នៅ​លើ​ទី​ផ្សារ​ពិភពលោក​ធ្លាក់​ចុះ​យ៉ាង​គំហុក ​ហើយ​វា​​​កំពុង​តែ​គំរាម​​កំហែង​​ដល់​ក្រុម​ហ៊ុន​​កែ​ច្នៃ​ស្រប​​ច្បាប់​​​​នានា​​​នៅ​ក្នុង​ប្រទេស​​។rubber

​នៅឆមាស​ទី​១ដើម​​ឆ្នាំ​នេះ​ តម្លៃ​កៅ​ស៊ូ​​ក្នុង​ស្រុក​​​បាន​ធ្លាក់​​ចុះ​ប្រហែល​៣០​ភាគ​រយ​ដោយ​សារ​តែសម្ពាធ​ពិភពលោក ធ្វើ​ឲ្យ​បណ្តា​រោង​ចក្រ​​​រក្សា​ខំ​​​ប្រតិបត្តិការ​បស់​ខ្លួន​ទាំង​ត្រដរ។

​​​​​​​​​ ហើយ​ខណៈ​​​ដែល​ពន្ធនាំ​ចេញ​កៅ​ស៊ូធម្មជាតិ​​​ត្រូវ​​​បាន​កំណត់​ន្លោះ​ពី​២​ភាគ​យ​ទៅ​១០​ភាគ​រយ ប្រទេស​​វៀតណាម ​បាន​​ចាត់​វិធាន​​​ការ​បន្ធូរ​​បន្ថយផល​​​ប៉ះ​ពាល់​លើ​កសិករ​ដាំ​កៅស៊ូ​របស់​ខ្លួន ដោយ​កាត់​បន្ថយ​ពន្ធ​នាំ​ចេញ​ពី​៥ភាគ​រយ​មក​នៅ​ត្រឹម​១ភាគ​រយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន មុន​ពេល​លើក​​​លែង​​​ពន្ធ​​​ទាំង​អស់​​កាល​ពី​​ថ្ងៃ​​​ទី​​​​២​ខែ​តុលា។

លោក ប្រាចាយ៉ា ជុំប៉ាស៊ុត (Prachaya Jumpasut) ​នាយក​គ្រប់​គ្រង​​​​ក្រុម​ហ៊ុន​ The Rubber Economist Ltd ​ជា​​​ក្រុម​ហ៊ុន​វិភាគ​​​អំពី​​ឧស្សាហ​កម្ម​​កៅស៊ូ​​​​ដែល​​​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ​បានមាន​ប្រសាសន៍​ថា ពាណិជ្ជកម្ម​កៅ​ស៊ូ​ខុស​ច្បាប់​​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ងាយ​នឹងធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​​ពន្ធ​​នាំ​ចេញ​ណាស់។

លោក​បាន​លើក​ឡើង​​នៅ​ក្នុង​អីុម៉េល​​​មួយ​ថា “ការ​រត់ពន្ធ​ពិត​ជា​កើត​មាន​​​មែន​​​រ​វាង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​​នៅ​ព្រំ​ដែន។ វា​ទំនង​ជា​​មាន​ច្រើន​​ជាង​នេះ​ ​នៅ​​​ពេលមាន​ការ​កែ​ប្រែ​ពន្ធ​​នាំ​ចេញ”។

លោក ហ្វីលីប ម៉ុននីន (Philippe Monnin) ទីប្រឹក្សា​​ផ្នែក​បច្ចេក​ទេស​​នៅ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង (French Development Agency) បាន​​លើក​ឡើង​ថា ​កសិករ​​ដាំ​កៅស៊ូកម្ពុជា ជា​ច្រើន​​បាន​បង្ខំ​ចិត្ត​លក់​​​កៅ​ស៊ូ​របស់​​ខ្លួន​ឲ្យ​ទៅ​​​ឈ្នួញ​កណ្តាល​ នៅ​​​ពេល​​​បណ្តា​រោង​ចក្រ​កែ​ច្នៃ​​​ក្នុង​ស្រុក​​គ្មាន​លទ្ធ​ភាព​ទិញ។

លោក​បាន​​មាន​ប្រសាសន៍​ថា “ដោយ​សារតម្លៃ​ធ្លាក់​ចុះ ​រោង​ចក្រ​មាន​​ប្រាក់​តិច​​តួច​សម្រាប់​​​ទិញ​​​ពីម្ចាស់​ចម្ការ​កៅ​ស៊ូ​តូចៗ​​​ដែល​រាល់​ថ្ងៃ​​ត្រូវ​ស្វែង​រក​អ្នក​លក់ ហើយ​ត្រូវ​​បាន​តម្រូវ​ឲ្យ​លក់​​ទៅឲ្យ​ឈ្មួញ​កណ្តាល​ដែល​លក់​​​ចេញ​​​បន្ត​​​​ទៅ​ថៃ និង​វៀតណាម”។

ទោះ​បី​ជា​​​តម្លៃ​​បាន​​ចាប់​ផ្តើម​រើប​ឡើង​​​បន្ទាប់​ពី​​បណ្តា​ប្រទេស​​​ផលិត​កៅ​ស៊ូ​ធំៗ​នៅ​អាស៊ី បាន​​ព្រម​​ព្រៀង​​កំណត់​តម្លៃ​អប្បបរមា​​​កាល​ពី​ខែ​តុលា​ក្តី ក៏​​បណ្តា​ម្ចាស់​រោង​ចក្រ​​និយាយ​ថា ខ្លួន​នៅ​តែ​មិន​អាច​ប្រកួត​ប្រជែង​​ជា​មួយ​អ្នក​ទិញ​នៅ​ក្នុង​ទី​ផ្សារ​ខ្មៅ​​​​ដែល​​កំពុង​សម្លឹង​​មើល​រក​​​ឱកាស​កេង​ចំណេញ​ពី​ការ​លើក​​​លែង​​​ពន្ធ​​​របស់​ប្រទេស​វៀតណាម។

លោក ឃុន ម៉េង ប្រធាន​ក្រុម​ហ៊ុន​​ផលិត​កៅ​ស៊ូ ​ឃុន ម៉េង គ្រុប ​បាន​​មាន​​ប្រសាសន៍​​​ថា លោក​​​បាន​​បង្ខំ​ចិត្ត​​​បញ្ឈប់​ការងារ​​​កម្ម​ករ​៧០​​នាក់​ក្នុង​ចំណោម​កម្មករ​១០០​នាក់​​របស់​លោក​ដោយ​សារ​​​តែ​លោក​​ទិញ​​កៅ​ស៊ូ​​មិន​បាន។

លោក​​បាន​មាន​​ប្រសាសន៍​បន្ថែម​ទៀត​ថា “ការ​រត់​ពន្ធ​កៅ​ស៊ូ​ទៅ​កាន់​ប្រទេស​វៀតណាម ​​ធ្វើ​ឲ្យ​រោង​ចក្រ​របស់​យើង​ពិបាក​ទិញ​​កៅ​ស៊ូ​ពី​កសិករ។ យើង​បាន​​កាត់​បន្ថយ​ប្រតិ​បត្តិការ​ពី​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មក​នៅ​​ចន្លោះ​ពី​​៥ម៉ោង​ទៅ​៨​ម៉ោង​ក្នុង​មួយ​​ថ្ងៃ​”។

លោក​ស្រី ហ៊ិន ភាកា ម្ចាស់​​រោង​ចក្រ​ផលិត​កៅ​ស៊ូ​ លី សុខគីម នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ បាន​​មាន​ប្រសាសន៍​ថា ​លោក​ស្រី​បង់​ពន្ធ​ជិត​១០០​ដុល្លារ​សម្រាប់​ការ​នាំ​ចេញ​កៅ​ស៊ូ​​ក្នុង​​​មួយ​តោន ​ធ្វើ​ឲ្យ​លោក​ស្រី​មិន​​​អាច​ទិញ​​​ក្នុង​​​តម្លៃ​ដូច​នៅ​​​លើ​​​ទី​​​ផ្សារ​​​ខ្មៅ​​​បាន។ លោក​ស្រី​បាន​​​មា​ន​​ប្រសាសន៍​ទៀត​ថា “យើង​ត្រូវ​បង់​ពន្ធ ចំណែក​ឯ​ពួក​គាត់​​​អត់​​ទេ។ បើ​យើង​​ទិញ​ពី​កសិករ​ដោយ​ឲ្យ​តម្លៃ​ដូច​គ្នា​ ​យើង​នឹង​ខាត”។

សូម្បី​​មន្ត្រី​រដ្ឋាភិបាល​​ក៏​ទទួលស្គាល់​ដែរ​ថា ឧស្សាហ​​​កម្ម​​​កៅ​ស៊ូ ដែល​ជា​​​ផ្នែក​មួយ​ដ៏សំខាន់​នៃ​គោល​នយោបាយ​កសិកម្ម​របស់​ខ្លួន កំពុង​​​រង​ការ​គំរាម​កំហែង។

លោក ប៉ុល សុផា ​អគ្គនាយក​រង​​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម​​ នៃ​ក្រសួង​កសិកម្ម បាន​​​មាន​ប្រសាសន៍​ថា អគ្គនាយកដ្ឋាន​របស់​លោក​មិន​​អាច​ដោះ​ស្រាយ​​បញ្ហា​​​ទីផ្សារ​ខ្មៅ​​បាន​ទេ។លោក​​បាន​លើក​ឡើង​បន្ត​ថា “អគ្គនាយកដ្ឋាន​កសិកម្ម​គ្មាន​សមត្ថកិច្ចបញ្ឈប់​សកម្ម​ភាព​រត់​ពន្ធ​ទាំង​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​​គឺជា​អ្នក​ទទួល​បន្ទុក​​ចាត់​​វិធាន​ការ”៕ សុខុម​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.