កូដកម្ម​ស្នាក់​នៅ​ផ្ទះ​ទទួល​ជោគ​ជ័យ​បន្តិច​បន្តួច​នៅក្នុង​​ថ្ងៃ​ដំបូង​

សហជីព​ពីរ​ដែល​បាន​អំពាវ​នាវ​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​ កាល​ពី​ម្សិលមិញ ទទួល​បាន​ជោគ​ជ័យ​បន្តិច​បន្តួច​​ ក្នុង​ការ​ចាត់​ចែង​ការ​ធ្វើ​កូដកម្ម​សម្រាប់​កម្មករ​ បន្ទាប់​ពី​សហជីព​ប្រាំ​មួយ​ផ្សេង​ទៀត​ ដែល​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​ និង​ម្ចាស់​រោង​ចក្រ​ បាន​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​តាម​ផែនការ​ធ្វើ​កូដកម្ម​នេះកាលពី​ថ្ងៃ​អង្គារ​។

មេដឹក​នាំ​សហជីព​នានា​ដែល​បាន​ជំរុញ​ឲ្យ​មាន​សកម្មភាព​បែប​នេះ​ បាន​ឲ្យ​ដឹង​ថា សមា​ជិក​របស់​ខ្លួន​នៅ​រោង​ចក្រ​ចំនួន​១៤​ បាន​ចូល​រួម​ធ្វើ​កូដកម្ម​នេះ​ ក៏​ប៉ុន្តែ កម្មករ​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​ធ្វើការ​​រៀង​ៗ​ខ្លួន​វិញ​នៅ​ក្បាល​ព្រលប់​ ដោយ​សារតែ​​​ខ្លាច​បាត់​បង់​ការងារ​។ កម្មករ​នៅ​រោង​ចក្រ​មួយ​បាន​បញ្ជាក់​ថា ពួកគេ​បាន​ធ្វើ​កូដកម្ម​​ដោយ​ជោគ​ជ័យ​កាលពី​ម្សិលមិញ។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ឬ​ហៅកាត់​ថា GMAC ​បាន​រាយការណ៍​ថា គ្មាន​រោង​ចក្រ​ណា​មួយ​នៅ​ក្នុង​ចំណោម​រោង​ចក្រ​ជាង​៤០០​ដែល​ជា​សមា ជិក​របស់​ខ្លួន​ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​កូដកម្ម​ទាំង​នេះ​ទេ។ គួរ​បញ្ជាក់​ថា ពី​​​ដំបូង ​សហជីព​បាន​លើក​ឡើង​ថា កូដកម្ម​ទាំង​នេះ​ នឹង​មាន​ការ​ចូល​រួម​ពី​កម្ម​ករ​រាប់​សែន​នាក់​នៅ​ទូទាំង​ប្រទេស​។

លោក កែន លូ អគ្គលេខាធិការ​សមាគម​ GMAC ​បាន​មាន​ប្រសាសន៍​ថា “មាន​សកម្ម​ភាព​កូដកម្ម​ខ្លះ​ៗ​ដែរ​ ប៉ុន្តែ មិន​មាន​ករណី​គួរ​ឲ្យ​កត់​សម្គាល់​ទេ​”។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ​​ បាន​លើក​ឡើង​ថា សហជីព​នៅ​រោង​ចក្រ​កាត់​ដេ​រ​ចំនួន​១៤​បាន​អំពាវ​នាវ​​ឲ្យ​ចូល​រួម​ធ្វើ​កូដកម្ម​។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “កម្មករ​មួយ​ចំនួន​បាន​ទៅ​រោង​ចក្រ​ ប៉ុន្តែ ពួកគេ​មិន​ធ្វើការ​ទេ​ ខណៈ​ដែល​កម្មករ​ជា​ច្រើន​ទៀត​នៅ​ផ្ទះ​ និង​មិន​ទៅ​ធ្វើការ​ទេ”។ អ្នកស្រី​ក៏​បាន​អះ​អាង​ផង​ដែរ​ថា កម្មករ​ប្រហែល​ជា​១០.០០០នាក់​បាន​ចូល​រួម​កូដកម្ម​។

វិស័យ​កាត់​ដេរ​បាន​ស្រូប​យកកម្លាំង​​កម្មករ​​ប្រ​ហែល​​៥០០.០០០នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ក្មេង​ដែល​បច្ចុប្បន្ន​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​១០០ ដុល្លារ​ក្នុង​មួយ​ខែ​។

អ្នកស្រី សុភ័ណ្ឌ បាន​ឲ្យ​ដឹងបន្ត​​ទៀត​ថា ទោះ​បី​ជា​​មាន​ការ​ចូល​រួម​តិច​ជាង​កម្រិត​រំពឹង​ទុក​ក៏​ដោយ សហជីព​របស់​អ្នកស្រីនិង​សហ​ព័ន្ធសហជីព​ជាតិ​​ នឹង​ជំរុញ​ឲ្យ​មានការ​ចូល​រួម​បន្ថែម​ដើម្បី​អំពាវ​នាវ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​តែ​បន្ត​ធ្វើកូដកម្ម​ ទោះ​បី​ជា​មាន​សហជីព​មួយ​ចំនួន​តូច​ចូល​រួម​ក៏​ដោយ។ យើង​នឹង​បន្ត​ធ្វើកូដកម្ម​ពី​ថ្ងៃ​ទី​១២ដល់​ថ្ងៃ​ទី​១៥ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ទណ្ឌិត​ទាំង​២១​នាក់​ដែល​បាន​ចូល​រួម​សកម្មភាព​តវ៉ា​ ហើយ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ហើយ​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​​របស់​កម្មករ​ និង​ដក​ពាក្យ​បណ្តឹងទាំង​អស់​ដែល​ប្រឆាំង​សហ​ជីព​របស់​យើង​”។

អ្នកស្រី ជាង ធីតា អ្នក​រៀប​ចំ​សហជីព​នៅ​​រោង​ចក្រ​កាត់​ដេរ​ គិន តៃ (Kin Tai) ក្នុង​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កម្ម​ករ​​​ប្រហែល​៦០០នាក់​បាន​ដើរ​ចេញ​ពី​រោង​ចក្រ​ បន្ទាប់​ពី​បាន​ចូល​ទៅ​កន្លែង​ធ្វើការ​កាល​ពី​ម្សិល មិញ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់​ពី​យើង​បាន​ពន្យល់​កម្មករ​អំពី​ចំណុច​ទាម​ទារ​របស់​យើង​ និង​បាន​ប្រាប់​ពួកគេ​ថា យើង​ត្រូវ​​តែលះ​បង់​ពេល​វេលា​របស់​យើង​កម្ម​ករ​​ទាំង​អស់​សប្បាយ​ចិត្ត​នឹង​ចូល​រួម​ជាមួយ​យើង​”។ អ្នក ស្រីបាន​ឲ្យ​ដឹងបន្ថែម​​ទៀត​ថា កម្មករ​ទាំង​នោះ​​នឹង​បន្ត​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​រហូត​ដល់​ថ្ងៃទី​១៧ ខែមីនា។ មេដឹក​នាំ​សហជីព​នៅ​រោង​ចក្រ​ផ្សេង​ៗ​ទៀត​ដែល​មាន​ផែនការ​ចូលរួម​ធ្វើ​កូដកម្ម​ផង​ដែរ​នោះ បាន​លើក​ឡើង​ថា ពួកគេ​ទទួល​បាន​ជោគ​ជ័យ​បន្តិច​បន្តួច​។

អ្នកស្រី សឹុម សុថា មេដឹកនាំ​សហជីព​នៅ​រោង​ចក្រ​កាត់​ដេរ​ Terratex Knitting & Garment ដែល​ស្ថិត​នៅ​ខណ្ឌ​មាន​ជ័យ​ បាន​លើក​ឡើង​ថា អ្នកស្រី​ និង​កម្មករ​បួន​នាក់​ផ្សេង​ទៀត​មាន​ផែនការ​ធ្វើ​កូដកម្ម​ដោយបិទ​ភ្លើង​នៅ​ក្នុង​រោង​ចក្រ​ ក៏​ប៉ុន្តែ ត្រូវ​បាន​ទប់​ស្កាត់​ពី​សំណាក់​គណៈ​គ្រប់គ្រង​របស់​រោង​ចក្រ​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “អ្នក​គ្រប់​គ្រង​ចិន​ និង​បុគ្គលិក​រដ្ឋបាល​​បាន​សួរ​យើង​ បន្ទាប់​ពី​យើង​ព្យាយាម​បិទ​ភ្លើង​ និង​ចង់​ចាក​ចេញ​ពី​រោង​ចក្រ​​ត្រឡប់​ទៅ​ផ្ទះ​យើង​វិញ”។

អ្នកស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “កម្មករ​អាច​ធ្វើកូដកម្ម​បាន តែ កន្លះ​ម៉ោង​ប៉ុណ្ណោះ ដោយ​សារ​ពួកគេ​ខ្លាច​បាត់​បង់​ការ​ងារ​ ពីព្រោះ​ពួកគេ​មាន​កិច្ច​សន្យា​ការ​ងារ​រយៈ​ពេល​ខ្លី​​​ជាមួយ​រោង​ចក្រ​”។

អ្នកស្រី ខន ហ៊ាន អាយុ​៣៣ឆ្នាំ កម្មករ​នៅ​រោង​ចក្រ​កាត់​ដេរ​ Shimano Cambodia ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ឲ្យ​ដឹង​ថា កម្មករ​បាន​បាត់​បង់សុទិ​ដ្ឋិនិយម​​ក្នុង​ការ​ធ្វើកូដកម្ម​ បន្ទាប់​ពី​បុគ្គលិក​រដ្ឋ​បាល​ និង​សន្តិសុខ​ចាប់​ផ្តើម​ដើរ​ល្បាត​នៅ​តាម​រោង​ចក្រ​​ និង​ថត​រូប​កម្មករ​ដែល​មិន​ធ្វើការ​។

អ្នកស្រី ហ៊ាន បាន​និយាយ​ថា “កម្មករ​​ចង់​ធ្វើកូដកម្ម​ ក៏​ប៉ុន្តែ សន្តិសុខ​រោង​ចក្រ​បាន​ដើរ​ចុះ​ដើរ​ឡើង​ និង​ថត​រូប​ដោយ​ប្រើ​កាំមេរ៉ា​។ កន្លះ​ម៉ោង​ក្រោយ​មក​ កម្មករ​យល់​ឃើញ​ថា ខ្លួន​ត្រូវ​បាន​គំរាម​កំហែង​ថា ប្រាក់​ខែ​របស់​ពួកគេ​នឹង​ត្រូវ​បាន​កាត់​ ហើយ​បន្ទាប់​មក​ក៏​ត្រឡប់​ទៅ​ធ្វើការវិញ​”។ មន្ត្រី​គ្រប់​គ្រង​នៅ​រោង​ចក្រ​ Kin Tai Terratex និង​រោងចក្រ​ Shimano ​មិន​អាច​ទំនាក់​ទំនង​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។

សហជីព​ប្រាំមួយ​ដែល​បាន​​ដក​ខ្លួន​ចេញ​នៅ​ដំណាក់​នៃ​កូដកម្ម​នេះ បាន​អះ​អាង​ថា ខ្លួន​នឹង​សម្រប​សម្រួល​កូដកម្ម​ទូទាំង​ប្រទេស​ បន្ទាប់​ពី​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៤ខែក្រោយ​។

បន្ទាប់​ពី​ដំណាក់​ដំបូង​នៃ​សកម្មភាព​កូដ​កម្ម​និង​បាតុកម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​​កាល​ពី​ចុង​ខែ​ធ្នូ និង​ដើម​ខែ​មករា ដែល​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​ទាហាន​ និង​កម្លាំង​កង​រាជអាវុធ​ហត្ថ ដែល​បាន​បាញ់ស​ម្លាប់​កម្មករ​ប្រាំ​នាក់​ និង​ធ្វើ​ឲ្យ​កម្ម​ករ​យ៉ាង​​​តិច​៤០នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​អ្នក​តវ៉ា​២៣​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​​នៅ​ខេត្ត​កំពង់​ចាម។ ក្រោយ​មក ​ទណ្ឌិត​ពីរ​នាក់​ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ម្ចាស់​រោង​ចក្រ​ប្រហែល​១៥០នាក់​​បាន​ដាក់​ពាក្យ​ប្តឹង​មេដឹក​នាំ​សហជីព​ប្រាំ​មួយ​​ដែល​នៅ​ពីក្រោយ​សកម្មភាព​កូដកម្ម​ទាំង​នោះ​។

កាលពី​សប្តាហ៍​មុន​ លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​គោល​ការណ៍​គ្មាន​ការ​​អត់​ឱន​ សម្រាប់​សហជីពទាំាង​ឡាយ​ណា​ដែល​ធ្វើ​កូដកម្ម​ដោយ​​មិន​គោរព​ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ សុធា 

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.