ក្នុង​ការ​សរសេរ​ព័ត៌មាន​អំពី​ជម្លោះ​ដីធ្លី មាន​ការ​ការពារ​ផល​ប្រយោជន៍​របស់​ចាងហ្វាង​កាសែត

ឃុំ​តេជោ​អភិវឌ្ឍន៍, ខេត្ត​កំពត- នៅ​តំបន់​មិន​សូវ​មាន​ប្រជាជន​រស់​នៅ​នេះ ស្ថិត​នៅ​តាម​ជាយ​ឧទ្យាន​ជាតិ​បូកគោ​ភាគ​ខាង​កើត ក្នុង​ស្រុក​ឈូក អ្នក​ភូមិ​កំពុង​ប្រញាយ​គ្នា​ដណ្តើម​កាន់កាប់​តំបន់​ដី​ខ្សាច់​និង​ស្ងួត​ហែង នៅ​ពេល​ដែល​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ប្រឹង​បង្កើន​ធ្វើ​ចម្ការ​ដូង​ប្រេង​របស់​ខ្លួន។

ដូច​ក្នុង​ជម្លោះ​ដី​ធ្លី​រាប់​រយ​មិន​ទាន់​ដោះ​ស្រាយ​ចេញ​ដែល​កើត​មាន​នៅ​ទូទាំង​ប្រទេស​ដែរ អ្នក​ភូមិ​អះអាង​ថា ការ​ស្នាក់​នៅ​រយៈ​ពេល​ដ៏​យូរ​ផ្តល់​សិទ្ធិ​ឲ្យ​ពួកគេ​រស់​នៅ​លើ​ដី​នោះ ចំណែក​ឯ​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច (ELC)​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល ដែល​ជម្នះ​លើ​ការ​អះអាង​កម្ម​សិទ្ធិ​ទាំង​នោះ។

ខណៈ​ដែល​ព័ត៌មាន​ក្នុង​ស្រុក​មិន​សូវ​រាយការណ៍​ច្រើន​អំពី​ឃំុ តេជោ​អភិវឌ្ឍន៍ កាសែត ខ្មែរ ថាមស៍ ដែល​ជា​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​ដែល​បាន​ចាប់​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​មុន បាន​ជាប់​ចិត្ត​នឹង​តំបន់​នេះ ​ដោយ​ចេញ​ផ្សាយ​ជាង​១២​អត្ថបទ​ដែល​មាន​១០.០០០​ពាក្យ​ទាក់ទិន​នឹង​ជម្លោះ​នៅ​ទី​នេះ។

កាសែត​នេះ​បាន​ចាត់​ថា អ្នក​ភូមិ​ទាំង​នោះ​ជា “អ្នក​ឱកាស​និយម” និង​ជា “អ្នក​ចាប់​យក​ដី” ដែល​ដឹកនាំ​ដោយ “​ក្រុម​អ្នក​ចាប់​យក​ដី” និង “អ្នក​ញុះញង់” ដែល​បង្ក “ការ​គំរាម​កំហែង​កាន់តែ​ធំ​ចំពោះ​កសិកម្ម​ធ្វើ​ចម្ការ​នៅ​ប្រទេស​កម្ពុជា”។

កាសែត​នេះ​ក៏​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​សរសេរ​ដោយ “ម៉ូហាន់ ធី” និយាយ​ថា ម្ចាស់​ដី​សម្បទាន គឺ វឺធឹស ហ្គ្រីន ផ្លែនថេសិន (Virtus Green Plantations) បាន​ជួយ​ជួសជុល​កំណាត់​ផ្លូវ​ប្រវែង​២០០​ម៉ែត្រ​ក្នុង​ឃុំ​ដាច់​ស្រយាល​នេះ ដើម្បី “ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ”។

ក៏​ប៉ុន្តែ អ្វី​ដែល​កាសែត ខ្មែរ ថាមស៍ មិន​បាន​លើក​យក​មក​និយាយ​នោះ គឺ​ថា ចាងហ្វាង​របស់​ខ្លួន គឺ​លោក ធី ម៉ូហាន់ ក៏​ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន វឺធឹស គ្រុប (Virtus Group) ជា​ក្រុមហ៊ុន​មេ​របស់ វឺធឹស ហ្គ្រីន ផ្លែនថេសិន​ដែរ។

ក្រម​សីលធម៌​កាសែត​ដែល​ទទួល​យក​ជា​ធម្មតា ចែងថា ផ្នែក​និពន្ធ​នៃ​កាសែត ត្រូវ​នៅ​ឯករាជ្យ​ពី​ផល​ប្រយោជន៍​ជំនួញ​របស់​ចាងហ្វាង​កាសែត។

លោក ម៉ាក ភាសិន ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ ហ្គ្រីហ្វីត ក្នុង​ប្រទេស​អូស្ត្រាលី និង​ជា​អ្នក​និពន្ធ​សៀវភៅ​ជាច្រើន​អំពី​ច្បាប់​និង​ក្រម​សីលធម៌​ព័ត៌មាន បាន​និយាយ​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា “តាម​ក្រម​សីលធម៌ គួរ​ឲ្យ​សង្ស័យ​ចំពោះ​កាសែត​មួយ​ដែល​ចេញ​ផ្សាយ​អត្ថបទ​ជួយ​ដល់​ផល​ប្រយោជន៍​រក​ស៊ី​របស់​ចាងហ្វាង​របស់​ខ្លួន ដោយ​ការ​មិន​បញ្ចេញ​ព័ត៌មាន​ឲ្យ​ត្រឹមត្រូវ​នោះ”។

ទន្ទឹម​នឹង​វា​ជា​រឿង​ចម្លែក​ចំពោះ​កាសែត​ដែល​ជួយ​ផ្សព្វផ្សាយ​ផលិតផល​នៃ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នោះ លោក ភាសិន បាន​និយាយ​ថា គេ​គួរតែ​ឲ្យ​អ្នក​អាន​យល់​ដឹង​អំពី​បរិបទ​ដែល​ពួកគេ​កំពុង​ទទួល​ព័ត៌មាន ហើយ​និពន្ធ​នាយក​គួរ​មាន​អំណាច​សម្រេច​ចុង​ក្រោយ​លើ​ខ្លឹមសារ​ក្នុង​ការ​ចេញ​ផ្សាយ។

“ក្នុង​បរិយាកាស​ប្រសើរ​បំផុត និពន្ធ​នាយក​ទទួល​បាន​ឯករាជ្យ​ភាព​ខ្ពស់​ក្នុង​ការ​សរសេរ​​​​រឿង ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ លម្អៀង ដើម្បី​​​ជា​ប្រយោជន៍​ដល់​សាធារណជន​ដែល​ខ្លួន​បម្រើ”។

លោក ចេមស៍ ប៊្រូក ជា​អគ្គ​និពន្ធ​នាយក​កាសែត ​ខ្មែរ ថាមស៍។ ពេល​​​​​សុំ​ឲ្យ​អត្ថាធិប្បាយ​អំពី “សេចក្តី​រាយការណ៍​ជា​បន្ត​​​​បន្ទាប់​​​ទាក់ទិន​នឹង​ជម្លោះ​​​​ដីធ្លី​​​នៅ​ខេត្ត​កំពត​របស់​កាសែត​នេះ លោក​បាន​បង្វែរ​សំណួរ​ទាំងអស់​ទៅ​លោក ម៉ូហាន់។

លោក​បាន​និយាយ​តាម​អីុម៉េល​ថា “អំពី​រឿង​នេះ ខ្ញុំ​នឹង​បញ្ជូន​ទៅ​ចាងហ្វាង”។

(ព័ត៌មាន​បន្ថែម៖ លោក ប៊្រូក ធ្លាប់​ធ្វើ​ជា​អគ្គ​និពន្ធ​នាយក​កាសែត ឌឹ ខេមបូឌា ដេលី មួយ​រយៈ​ពេល​ខ្លី​ក្នុង​ឆ្នាំ​២០១៤)។

លោក ម៉ូហាន់ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ក៏​ប៉ុន្តែ ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ថ្ងៃ​ទី​៧​ខែ​មេសា ចាងហ្វាង​រូប​នេះ​បាន​ការពារ​ការ​រាយការណ៍​របស់​កាសែត​លោក​​​​​​អំពី​ជម្លោះ​ដី​ធ្លី​​​​នៅ​​​តេជោ​អភិវឌ្ឍន៍​។

លោក​បាន​និយាយ​ថា “មិន​មែន​ជា​ជម្លោះ​ផល​ប្រយោជន៍​ទេ។ យើង​កំពុង​រាយ​ការណ៍​ហេតុ​​​ការណ៍​​​ឲ្យ​​​​គេ​ដឹង​ពេល​វា​កើត​ឡើង។ អ្នក​ភូមិ​កំពុង​ព្យាយាម​ចាប់​យក​ដី។ គេ​ត្រូវតែ​ដឹង។ វា​តែងតែ​ជារឿង​មួយ​ម្ខាង។

លោក​បាន​បន្ថែម​ថា “ផល​ប្រយោជន៍​របស់​ខ្ញុំ​ជា​ផល​ប្រយោជន៍​របស់​ខ្ញុំ។ ចម្ការ​មិន​មែន​ជា​របស់​ខ្ញុំ​១០០​ភាគរយ​ទេ”។

ពីរ​ថ្ងៃ​ក្រោយ​មក គឺ​ថ្ងៃ​ទី​៩​ខែ​មេសា លោក ម៉ូហាន់ បាន​ចេញ​ផ្សាយ​អត្ថបទ​មតិ​មួយ​ទាក់ទិន​នឹង​ជម្លោះ​ដី​​​ធ្លី​​​នៅ​តេជោ​អភិវឌ្ឍន៍ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត​មិន​បាន​លាត​​​ត្រដាង​​​ឲ្យ​​​ដឹង​​​នូវ​​​​ផល​ប្រយោជន៍​របស់​លោក​ក្នុង​ជម្លោះ​នេះ​ទេ ថ្វីបើ​លោក​បាន​ទទួល​ស្គាល់​ថា “បាន​​​ដឹង​​ផ្ទាល់” ក្នុង “ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​​​ក៏ដោយ”។

ក្នុង​អត្ថបទ​នោះ លោក ម៉ូហាន់ បង្ហាញ​គំនិត​របស់​លោក​អំពី​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា​ជា​ទូទៅ ដោយ​បន្ទោស​ទាំង​អ្នកភូមិ ទាំង “អាជ្ញាធរ​មូលដ្ឋាន​អសមត្ថភាព” ហើយ​ក៏​និយាយ​ដែរ​ថា ម្ចាស់​សម្បទាន​ដី​សេដ្ឋកិច្ច “មិន​ទៀង​ត្រង់” មួយ​ចំនួន ធ្វើ​ឲ្យ​ខូច​ឈ្មោះ​​​​ដល់់​​​ម្ចាស់​ដី​សម្បទាន​ផ្សេង​ទៀត។

លោក​សរសេរ​ថា “ការ​វិនិយោគ​អាច​ខាត​នៅ​ទី​នេះ។ កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​អាច​មាន​ហានិភ័យ​ខ្លាំង​ឡើង ប្រសិនបើ​អាជ្ញាធរ​បន្ត​ប្រើ​របៀប​ដោះស្រាយ​មិន​​​សកម្ម​​​ក្នុង​​​ការ​​​​ដោះស្រាយ​ជម្លោះ​ដី​ធ្លី បន្ទាប់ពី​គេ​​​បណ្តោយ​​​ឲ្យ​​​ជម្លោះ​ទាំង​នោះ​​កើត​ឡើង”។

ពេល​ចុះ​ទៅ​ពិនិត្យ​ក្នុង​សប្តាហ៍​នេះ​នៅ​ឃុំ​តេជោ​អភិវឌ្ឍន៍ ដែល​បង្កើត​ឡើង​ដោយ​អនុក្រិត​ខែ​ឧសភា​ឆ្នាំ​២០១១ បី​ខែ​បន្ទាប់ពី​ក្រុមហ៊ុន វឺធឹស ហ្គ្រីន បាន​ទទួល​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ទី​នោះ អ្នក​ភូមិ​ទំនង​ជា​បាន​ពង្រីក​ការ​កាន់កាប់​ដី​ដោយ​ខុស​ច្បាប់​ចូលទៅ​​​ក្នុង​​​​ដី​សម្បទាន។ ដំណាំ​ទើប​ដាំ​ថ្មីៗ​ដុះ​លូតលាស់​ក្នុង​វាល​ទើប​កាប់​ឆ្ការ​​​ថ្មីៗ ហើយ​គល់​ឈើ​នៅ​ឆេះ​ងំ​​​ក្នុង​គំនរ​រងើក​ភ្លើង។

អ្នក​ភូមិ​ភាគ​ច្រើន​បាន​អះអាង​ថា ពួក​គេ​បាន​មក​រស់នៅ​ក្នុង​តំបន់​នោះ​អស់​រយៈ​ពេល​១០​ឆ្នាំ​ឬ​ជាង​១០​ឆ្នាំ​មក​ហើយ ​តែ​អ្នក​ខ្លះ​បាន​និយាយ​ថា ពួកគេ​បាន​មក​ដល់​ក្នុង​ឆ្នាំ​២០១២ ឬ​២០១៣ មុន​ពេល​ទទួល​ស្គាល់​កាល​បរិច្ឆេទ​ទាំង​នោះ​​​​ថា​​​មិន​​​ពិត តាម​ការ​ណែនាំ​ពី​អ្នក​ភូមិ​ផ្សេងទៀត​ដែល​ចូលរួម​ស្តាប់។

ខ្លះ​បាន​អះអាង​ថា ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ដែល​គេ​បញ្ជូន​មក​កាលពី​ឆ្នាំ​២០១២​ដើម្បី​កំណត់​ព្រំ​ដី​តាម​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាក​ចេញ​ទៅ​ចូល​ឆ្នាំ​​​ខ្មែរ ​ដោយ​បាន​សន្យា​ថា​​​នឹង​​​វិល​​​មក​​​វិញ ប៉ុន្តែ​​​មិន​​​បាន​​​វិល​​​មក​​​វិញ​​​ទេ។

លោក​ស្រី អិច កយ ប្រធាន​ភូមិតេជោ​​​ពង្រ កន្លែង​ដែល​មាន​ការ​ដណ្តើម​កាន់​កាប់​ដី​ជាច្រើន បាន​និយាយ​ថា មិន​អាច​ដឹង​​​ចំនួន​​​​អ្នក​មក​ថ្មី​ទាំង​អស់​ដែល​ចូល​ក្នុង​តំបន់​នេះ​ទេ។

លោក​ស្រី​បាន​និយាយ​នៅ​ផ្ទះ​របស់​លោក​ស្រី​កាលពី​ថ្ងៃ​អង្គារ​ថា “​មាន​ប្រជាជន​ជាង​៤០០​គ្រួសារ​កំពុង​តតាំង​[នឹង​ក្រុមហ៊ុន វឺធឹស ហ្គ្រីន]។ ខ្ញុំ​ទទួល​ខុស​ត្រូវ​តែ​ចំនួន​១០០​​​គ្រួសារ​​​ទេ តើ​ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ទាំង​អស់​យ៉ាង​ម៉េច​កើត?”។

លោក​ស្រី កយ បាន​ក្លាយ​ជា​គោលដៅ​របស់​មនុស្ស​ក្នុង​តំបន់​នោះ ដែល​ជឿ​ថា ក្រុមហ៊ុន វឺធឹស ហ្គ្រីន ​បង់​លុយ​ឲ្យ​លោក​ស្រី​ដើម្បី​​​​រារាំង​​​ការ​ទាមទារ​ដី​របស់​ពួកគេ។ ប្រធាន​ភូមិ​រូប​នេះ​ក៏​ជា​មនុស្ស​សំខាន់​ចំពោះ​សេចក្តី​រាយការណ៍​ជាច្រើន​របស់​កាសែត ខ្មែរ ថាមស៍ ពី​តេជោ​អភិវឌ្ឍន៍​ដែរ ដោយ​កាសែត​នេះ​បញ្ជាក់​​​​ការ​អះអាង​របស់​លោក​ស្រី ដែល​ថា​អ្នក​ភូមិ​ស្តាប់​តាម​ការ​ញុះញង់​ពី​សំណាក់​ក្រុម “អនាធិបតេយ្យ” មួយ​ចំនួន​ក្នុង​ចំណោម​ពួកគេ។

បើ​ទោះជា​រូបថត​របស់​លោក​ស្រី កយ មាន​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​កាសែត ខ្មែរ ថាមស៍​នៅ​ដើម​ខែ​នេះ​ក៏​ដោយ ក៏​លោក​ស្រី​បាន​និយាយ​ថា លោក​ស្រី​មិន​ដែល​បាន​ឮ​អំពី​កាសែត​នេះ​ទេ និង​មិន​បាន​ដឹង​ថា​បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​ណាខ្លះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤​មក​នោះ​ទេ។

លោក ជឹម សឿន មេឃុំ​តេជោ​អភិវឌ្ឍន៍ ក៏​ត្រូវ​បាន​កាសែត​នេះ​ដក​ស្រង់​សម្តី​ដែរ ដោយ​បាន​ព្រមាន​ដាស់​តឿន “ក្រុម​ជន​អនាធិបតេយ្យ” ចំពោះ​ការ​ប៉ុនប៉ង​ដណ្តើម​កាន់កាប់​ដី​ក្រុមហ៊ុន ប៉ុន្តែ​បាន​និយាយ​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិន​ដែល​បាន​និយាយ​ជាមួយ​អ្នក​កាសែត ខ្មែរ ថាមស៍ ទេ។

លោក​បាន​និយាយ​ថា “ទេ ខ្ញុំ​មិន​ដែល​បាន​និយាយ​ជាមួយ​អ្នក​កាសែត​ទេ ហើយ​ខ្ញុំ​មិន​ស្គាល់​កាសែត​នោះ​ទេ។ ខ្ញុំ​គិត​ថា ខ្មែរ ថាមស៍ ចុះ​​​ផ្សាយ​សម្តី​របស់​ខ្ញុំ​ដោយ​គ្មាន​ការ​ពិត ពីព្រោះ​ខ្ញុំ​មិន​ដែល​និយាយ​ជាមួយ​កាសែត​ណាមួយ​ឡើយ”។

យោងតាម​លោក ភាសិន អ្នក​ជំនាញ​ក្រម​សីលធម៌​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ កាសែត ខ្មែរ ថាមស៍ បញ្ជាក់​​​សម្តី​​​គេ​​​ខុស ក្នុង​​​ពេល​​​ដែល​​​​​​​​​ចាត់​​​ទុក​​​អ្នក​​​ភូមិ​​​ជា​​​មនុស្ស​​​អាក្រក់ ដើម្បី​​​ជា​​​ផល​​​ប្រយោជន៍​​​នៃ​​​​​​​ការ​​​រកស៊ី​​​​​​របស់​​​ចាហ្វាង​​​កាសែត​​​នោះ កាសែត​​​អាច​​​នឹង​​​លំបាក​​​​​រក្សា​​​​​​បាន​​​នូវ​​​ចំនួន​​​អ្នក​​​អាន។​​​​​​

លោក​បាន​និយាយ​ថា “ភាព​គួរ​ជឿ​ជាក់​របស់​កាសែត​មួយ​អាច​ត្រូវ​បំផ្លាញ​ដោយ​ការ​ចុះ​ផ្សាយ​​​​របស់​ខ្លួន ដោយ​មិន​​​បាន​​​លាត​​​ត្រដាង​​​ឲ្យ​​​គេ​​​ដឹង​​​នោះ សាច់​​​​រឿង​ជំរុញ​​​​ឲ្យ​​​មាន​​​​ផល​ប្រយោជន៍​ការ​​​រកស៊ី”។

“រឿង​​​នេះ​​​គឺ​ដោយសារ​​​តែ​​​អ្នក​អាន​បាត់ការ​​​ជឿ​ទុក​ចិត្ត​លើ​កាសែត នៅ​​​ពេលណា​ដែល​​​គេ​ដឹង​ថា កាសែត​នោះ​ទទួល​​​បាន​​​​ផល​ប្រយោជន៍​​​​ដែល​​​គេ​ផ្តល់​ឲ្យ ក្នុង​អត្ថបទ​ចេញ​ផ្សាយ ដោយ​គ្មាន​តម្លា​ភាព​​​ទាក់ទង​​​នឹង​​​រឿង​​​នោះ”៕ និត

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.