ក្រុមគ្រួសារដែល​ជាប់ចោទ​ថា បាន​រំលោភបំពាន​ក្មេងស្រី​នៅ​មាន​សេរីភាព​

សមាជិក​​​បី​​​នាក់​​​នៃ​​​គ្រួសារ​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​មួយ​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភបំពាន និង​​​បង្ខាំង​​​ក្មេង​​​ស្រី​​​អាយុ​​​​​១៨​​​ឆ្នាំ​​​ម្នាក់​​​រយៈ​​​ពេល​​​៨​​​ឆ្នាំ និង​​​ប្អូន​​​ប្រុស​​​អាយុ​​​១២​​​ឆ្នាំ​​​របស់​​​នាង​​​​​​រយៈ​​​ពេល​​​ពី​​រ​​​ឆ្នាំ​​​ក្នុង​​​ផ្ទះ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​នោះ​​​ នៅមាន​​​សេរីភាព​​​នៅ​​​ឡើយ​​​​​​កាល​​​ពី​​​ម្សិល​មិញ ខណៈ​​​ដែល​​​នគរបាល​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​កំពុង​​​រង់​​​ចាំ​​​សេចក្តី​​​សម្រេច​​​របស់​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​​​​ថា តើ​​​​​​ត្រូវ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ ឬ​​​អត់។

លោក​​​ សឿង ហឿង ជាមេ​​​គ្រួសារ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ផ្ទះ​​​គ្រួសារ​​​នេះ ជាមួយ​​​ចុង​​​ភៅ​​​និង​​​សន្តិសុខ​​​ម្នាក់​​​ទៀត​​​ នៅ​​​ពេល​​​ដែល​​​នគរ​​​បាល​​​បាន​​​មក​​​ដល់​​​ជាមួយ​​នឹង​​​ដីកា​​​ឆែក​​​ឆេរកាលពីថ្ងៃពុធ។ លោកត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​​​​ក្នុង​​​ថ្ងៃ​​​នោះដដែល​​​ បន្ទាប់​​​ពី​​​មេធាវី​​​របស់​​​លោក​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា លោក​​​មាន​​​សុខភាព​​​មិន​​​ល្អ​​​។

​​​លោក អ៊ាវ​​​ រិទ្ធ ប្រធាន​​​ការិយាល័យ​​​នៅ​​​នាយក​​​ដ្ឋាន​​​​​​នគរបាល​​​ព្រហ្មទណ្ឌ​​​នៃ​ក្រសួង​​​មហា​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  គី ទៀង ជា​​​ចុង​​​ភៅ​​​ និង​​​លោក យឹម ប៊ុន​​​ធឿន ជា​​​អង្គរក្ស​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​​​ហៅ​​​មក​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិល​​​​​​មិញ ហើយ​​​គ្រោង​​​នឹង​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​នៅ​​​ថ្ងៃ​​​នេះ។

លោក​​​ រិទ្ធ​​​ បាន​​​បន្ថែម​​​ថា លោក​​​ ហឿង មិន​​​ទាន់​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ មេធាវី​​​របស់​​​លោក​​​បាន​​​សន្យា​​នាំ​​​លោក​​​ទៅ​​​ប៉ុស្តិ៍​​​នគរបាល​​​នៅ​​​ពេល​​​គ្រាន់​​​បើ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​អ្នក​​​ស្រី តាំង ស៊ឹម​​​រ៉ុង ប្រពន្ធ​​​របស់​​​លោក ហឿង និង​​​កូន​​​ប្រុស​​​ពីរ​​​នាក់​​​ឈ្មោះ សឿង រដ្ឋា​​​ និង​​​ សឿង រតនា ហើយ​​​ សឿង​​​ រតនា ដែល​​​ត្រូវ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចាប់រំលោភ​​​ក្មេង​​​ស្រី​​​នោះ​​​ នឹង​​​នៅ​​​មាន​​​សេរីភាព​​​ដដែល ​​​លុះ​​​ណា​​​តែ​​​តុលាការ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​។

លោក រិទ្ធ បាន​​​និយាយ​​​ថា លោក​​​មិន​​​អាច​​​បញ្ជាក់​​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​​​ក្នុង​​​ស្រុក​​​ដែល​​​រាយ​ការណ៍​​​ថា លោក រតនា ដែល​​​ជា​​​ឧត្តម​​​សេនីយ៍​​​ផ្កាយ​​​មួយ​​​ក្នុង​​​ជួរ​​​កង​​​យោធពល​ខេមរភូមិន្ទ ប៉ុន្តែ បាន​​​​​​លើក​​​ឡើង​​​ថា នគរ​បាល​​​បាន​​​រក​​​ឃើញ “ឯក​សណ្ឋាន​​​ឧត្តម​​​សេនីយ៍​​​យោធា និង​​​ឯកសណ្ឋាន​​​នគរ​​​បាល​​​ និង​​​កាំភ្លើង​​​ខ្លីម៉ាក Beretta ដោយ​​​មាន​​​គ្រាប់​​​ជា​​​ច្រើន ​​​នៅ​​​ពេល​​​ដែល​​​ពួក​​​​​​គេ​​​បាន​​​ឆែក​​​ឆេរ​​​ផ្ទះ​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ”។

នគរបាល​​​បាន​​​ជួយ​​​​សង្គ្រោះ​​​ក្មេង​​​ស្រី​​​អាយុ​​​១៨​​​ឆ្នាំ​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​បន្ទាប់​​​ពី​​​ម្តាយ​​​របស់​​​នាង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរបាល​​​ និង​​​មួយ​​​​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ប្អូន​​​ប្រុស​​​អាយុ​​​១២​​​ឆ្នាំ​​​របស់​​​នាង​​​បាន​​​រត់​​​គេច។

អ្នក​​​ទាំង​​​ពីរ​​​បាន​​​អះ​​​អាង​​​ថា ទទួលរង​​​ការ​​​រំលោភ​​​បំពាន​​​ទាំង​​​ផ្លូវ​​​កាយ​​​និង​​​ផ្លូវចិត្ត​​​ពី​​​ក្រុម​​​គ្រួសារ​​​នេះ​​​។ លោក​​​ មាស ស៊ីថុន មេធាវី​​​របស់​​​លោក ហឿង កាល​​ពី​​​ម្សិលមិញ​បាន​​​​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា “ខ្ញុំ​​​គិត​​​ថា តុលាការ​​​​នឹង​យល់​​​ថា កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​គ្មាន​​​កំហុស​​​ទេ។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​ជា​​​នគរបាល​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ ពី​​​ព្រោះ​​​វា​​​មើល​​​ទៅ​​​​​​ហាក់​​​ដូច​​​ជា​​​ពួក​​​គេ​​​ប្រព្រឹត្តបទ​​​ឧក្រិដ្ឋ​​​មុន​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​អ៊ីចឹង​​​”៕សារុន​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.