ក្រុម​សហជីព​នៅ​កម្ពុជា​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​អ្នក​បក​ប្រែ​ឲ្យ​ភាពយន្ត​ឯកសារ​ម៉ែ​ខ្ញុំ​លក់​ខ្ញុំ​

សហភាព​សហជីព​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​លើ​លោក​រ៉ាត រ័ត្នមុនី​ ដែលជា​អ្នក​បក​ប្រែ​ក្នុង​ដំណើរ​ការ​ផលិត​ខ្សែ​ភាពយន្ត«ម៉ែខ្ញុំ​លក់ខ្ញុំ»។​

លោក​រ៉ុង ឈុន ​ដែល​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ​កាលពី​ថ្ងៃ​ទី​១១​ ​ខែ​ធ្នូ ​បាន​អះអាង​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​​រ៉ាត រ័ត្នមុនី​​មាន​សេរីភាព​ ដើម្បី​ឲ្យ​លោក​អាច​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។​

អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​លោក​រ៉ាត់ រ័ត្នមុនី​ ក្នុង​ប្រទេស​ថៃ​តាម​សំណើ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​​ពាក់ព័ន្ធ​នឹង​ការ​ជួយ​ដល់​ការ​ផលិត​ខែ្ស​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ​របស់​បណ្តាញ​ព័ត៌មាន​ Russia Today ​កាលពី​ខែ​តុលា។​

វីដេអូ​ឯកសារ​«ម្តាយខ្ញុំ ​លក់ខ្ញុំ» ​នេះ​បាន​រៀបរាប់​អំ​ពីក្មេងស្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ម្តាយ​របស់​នាង​លក់​ព្រហ្មចារីយ៍​ ដោយ​សារ​តែ​មាន​ជីវភាព​ខ្វះខាត។​ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ​ខ្សែ​ភាពយន្ត​នោះ​បាន​ផ្សព្វផ្សាយ​​ភូត​កុហក់​អំពី​កម្ពុជា ​និង​មាន​ចេតនា​ចង់​បំផ្លាញ​ដល់​វប្បធម៌​របស់​កម្ពុជា​ថែម​ទៀត។​

ទោះជាយ៉ាងណា​ក៏​ដោយ ​លោក​រ៉ុង ឈុន​សង្ឃឹម​ថា ​អាជ្ញាធរ​កម្ពុជា​ នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​លោក​រ៉ាត់ រ័ត្នមុនី​ ដើម្បី​កុំធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​របស់​ពលរដ្ឋ​កាន់តែ​រង​ការ​រិះគន់​ថា​ មាន​ភាព​អាក្រក់​ទៅៗ ​និង​ដើម្បី​បញ្ចៀស​ការ​ថ្កោល​ទោស​ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.