ក្រុមហ៊ុន​ចែកចាយ​ស្រាបៀរ​មាន​ជម្លោះទាក់ទិន​នឹង​សិទ្ធិ​លក់​ស្រាបៀរ​ហេណឺកេន

ការ​លក់​ចែកចាយ​ជា​ផ្លូវការ​នូវ​ស្រាបៀរ​ហេណឺកេន (Heineken) បាន​បង្ក​ជា​ជម្លោះ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន​ពីរ ហើយ​ថែម​ទាំង​មាន​​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពេញ​ទំព័រ​ចុះ​ក្នុង​កាសែត​ក្នុង​ស្រុក​ដើម្បី​ផ្សព្វផ្សាយ​ជម្លោះ​នេះ​ទៀតផង។

បន្ទាប់ពី​ក្រុមហ៊ុន អ៊ែតវ៉ូដ (Attwood Import Export, AIE) បាន​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​លេខ​នៅ​ខែ​នេះ អម​ដោយ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​ប្រកាស​ថា ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា Cambodia Brewery Ltd. (CBL) បាន​ទទួល​សិទ្ធិ​បន្ត​ពី ក្រុមហ៊ុនAIE ជាអ្នក​ចែកចាយ​ផ្លូវការ​ក្នុង​ស្រុក​នូវ​ស្រាបៀរ​ហូឡង់​នេះ​ហើយ​នោះ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា ខ្លួន​កើតទុក្ខ​មិន​សុខ​ចិត្ត ដោយសារ​គេ​មិន​បាន​ពិភាក្សា​ជាមួយ​ខ្លួន​ទាក់ទិន​នឹង​ការ​ប្រគល់​សិទ្ធិ​ឲ្យ​នេះ។

ក្រុមហ៊ុន​នេះ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា “AIE មិន​ប្រជែង​យក​សិទ្ធិ​ផ្តាច់​មុខ​ពី​ក្រុមហ៊ុន Heineken Asian Pacific Export Pte. (HAPE) ដើម្បី​ផលិត នាំចូល និង​ចែកចាយ​ស្រាបៀរ Heineken Lager ក្នុង​ប្រទេស​កម្ពុជា​ទេ។ ទោះជា​យ៉ាងនេះ​ក្តី AIE រំពឹង​ថា​នឹង​មាន​ការ​ជជែក​គ្នា​ក្នុង​ពេល​វេលា​សមស្រប​មួយ ក្នុង​នាម​ជា​ដៃគូ​យូរ​អង្វែង​ក្នុង​ការ​ចែកចាយ​ស្រាបៀរ​ម៉ាកហេណឺកេន​ក្នុង​ប្រទេស​កម្ពុជា”។

AIE ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ស្រា ហេនណឺស៊ី និង ស្មឺណុហ្វ (Smirnoff) នៅ​កម្ពុជា និង​ជាអ្នក​ចែកចាយ​តែ​មួយ​គត់​សម្រាប់​ស្រាបៀរ​នេះ​រយៈ​ពេល​១៧​ឆ្នាំ​មកហើយ រហូត​ដល់​ពេល​ដែល​ក្រុមហ៊ុន​ហេណឺកេន បាន​បង្កើន​ភាគហ៊ុន​៣៣,៥​ភាគរយ​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន CBL ដល់​បាន​១០០​ភាគរយ។

សេចក្តី​ប្រកាស​បាន​បន្ថែម​ថា “ខណៈ​ដែល AIE យល់​និង​គោរព​ការពិត​ដែល​ HAPE បាន​កាន់កាប់​បន្ត​នូវ​កម្ម​សិទ្ធិ​ពេញលេញ​លើ​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា (CBL) នៅ​កម្ពុជា ហើយ​ហេតុ​ដូច្នេះ​ ក្រុមហ៊ុន​នឹង​ទទួល​នូវ​ការ​ចែកចាយ​ស្រាបៀរ​ហេណឺកេន​បន្ត​ដោយ​ខ្លួន​ឯង​នោះ AIE មិន​រំពឹង​ថា សកម្មភាព​ខិតខំ​របស់​ខ្លួន​ចំពោះ​ផលិតផល​ម៉ាក​នេះ​ត្រូវ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ដោយ​គ្មាន​ការ​ពិចារណា​ហ្មត់ចត់​អំពី​ភាព​ជាដៃគូ​ក្នុង​ការ​ចែកចាយ​ស្រាបៀរ​ហេណឺកេន​យ៉ាង​ជោគជ័យ​ធ្វើ​ឡើង​ដោយ AIE ដែល​ជា​ដៃគូ​យូរ​អង្វែង​របស់​ខ្លួន”។

CBL បាន​និយាយ​ថា ជា​ផ្លូវការ វា​បាន​ក្លាយ​ជា​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ​លើស្រាបៀរ​​ម៉ាក​ហេណឺកេន កាលពី​ថ្ងៃទី​១​ខែ​មករា​ឆ្នាំ​នេះ ហើយ​ដោយ​មាន​សេចក្តី​ណែនាំ​ពី​ក្រសួង​ពាណិជ្ជ​កម្ម ក្រុមហ៊ុន CBL ត្រៀម​ខ្លួន​ដោះស្រាយ​វិវាទ​ដោយ​មេត្រីភាព។

រ៉ូឡង់ បាឡា អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន CBL បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា “ទាំង​ក្រុមហ៊ុន Attwood Import & Export និង​ក្រុមហ៊ុន Cambodia Brewery Limited បាន​ទទួល​សេចក្តី​ណែនាំ​ឲ្យ​ដោះស្រាយ​វិវាទ​នេះ​ដោយ​មេត្រីភាព។ ដូច្នេះ អាទិភាព​របស់​ក្រុមហ៊ុន​ CBL គឺ​ថា​ ត្រូវ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​សម្រេច​គោលបំណង​នេះ។

ក្រុមហ៊ុន Heineken Asian Pacific Export មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​សេចក្តី​អធិប្បាយ​ទេ។

កាលពី​ឆ្នាំ​២០១០ មជ្ឈមណ្ឌល​ស្រាវជ្រាវ​សាជីវកម្ម​ពហុជាតិ​ (Center for Research on Multinational Corporations) បាន​ចេញ​របាយការណ៍​មួយ​ដែល​បញ្ជាក់​ថា ស្រាបៀរ​ម៉ាក ហេណឺកេន រួម​ទាំង​ម៉ាក​ផ្សេងៗទៀត​ដែល​ស្ថិត​ក្នុង​ខ្សែស្រឡាយ​របស់​ខ្លួន​ដូចជា អានឆឺ និង​អាបេសេ​ជាដើម គឺ​ជា​ម៉ាកស្រាបៀរ​ឈាន​មុខ​គេ​លើ​ទៅ​ផ្សារ​កម្ពុជា។

ដោយ​ប្រើប្រាស់​តួលេខ​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ផងដែរ​ថា ១៥​ភាគរយ​នៃ​បរិមាណ​ស្រាបៀរ​នាំ​ចូល ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ហេណឺកេន ប៊្រូវើរី ក៏​ប៉ុន្តែ​មាន​តែ​១២​ភាគរយ​ប៉ុណ្ណោះ​នៃ​បរិមាណ​នាំ​ចូល​សរុប​ ត្រូវ​បាន​នាំ​យក​មក​តាម​ច្រក​ផ្លូវ​ការ ហើយ​ថា ក្រុមហ៊ុន AIE មិន​ដែល​នាំ​ចូល​ផលិតផល​នេះ​ស្រប​ច្បាប់​ជានិច្ច​ទេ។

របាយការណ៍​នេះ​មាន​ខ្លឹមសារ​ថា “ចំណុច​នេះ​បង្កប់​ន័យ​ថា ស្រាបៀរ​នាំ​ចូល​ពី​ក្រុមហ៊ុន​ហេណឺកេន​មិន​ដែល​ត្រូវ​បាន​នាំ​ចូលស្រប​តាម​បទប្បញ្ញត្តិ​ពន្ធ​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ជា​និច្ច​ទេ”៕មានិត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.