ក្រុម​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ពង្រីក​ទំហំ​នៃ​ការ​ស៊ើបអង្កេត

យោងតាមសារាចរមួយដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន រដ្ឋាភិបាលពង្រីកក្រុមការងារពិសេស ដែលបង្កើតនៅដើមឆ្នាំនេះ ក្នុងការកម្ចាត់ឫសគល់នៃការជួញដូរឈើខុសច្បាប់នៅខាងកើតប្រទេសកម្ពុជា ដើម្បីស្វែងរកបទល្មើសគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ។

រដ្ឋាភិបាលបានបង្កើតក្រុមការងារនេះ ក្រោមការបញ្ជារបស់លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីពាក់កណ្តាលខែមករា ដើម្បីបង្ក្រាបការស្តុកឈើខុសច្បាប់នៅទូទាំងខេត្តភាគខាងកើត។

សារាចរថ្មីរបស់លោកនាយករដ្ឋមន្ត្រី ដែលចុះហត្ថលេខាកាលពីថ្ងៃពុធ ពង្រីកទំហំក្រុមការងារនេះ ដែលរួមមានកិច្ចការផ្សេងទៀត មានដូចជាការបង្ក្រាបការបរបាញ់សត្វខុសច្បាប់និងការជីករ៉ែខុសច្បាប់។

សារាចរនេះមិនពន្យល់អំពីមូលហេតុដែលប្រទេសកម្ពុជាត្រូវការក្រុមការងារដើម្បីដោះស្រាយបទល្មើស ដែលភ្នាក់ងារសន្តិសុខនានារបស់ខ្លួនមានសិទ្ធិអំណាចដោះស្រាយហើយនោះ។ សារាចរក៏មិនបានលើកឡើងជាក់លាក់អំពីការបូមខ្សាច់ ដែលបានក្លាយជាព័ត៌មានជាតិសំខាន់ទេ ចាប់តាំងពីមានភាពមិនប្រក្រតីដ៏ច្រើនក្នុងតួលេខនាំចេញទៅប្រទេសសិង្ហបុរីត្រូវបានបញ្ចេញឲ្យដឹងនៅដើមឆ្នាំនេះ។

នាយឧត្តមសេនីយ៍ សៅ សុខា នៅតែទទួលខុសត្រូវចំពោះក្រុមការងារនេះនៅឡើយ ដោយអគ្គស្នងការរងនគរបាលជាតិ លោក ហ៊ូ សុគុណ ជាអនុប្រធានរបស់លោក។ សារាចរក៏បានបញ្ចូលអភិបាលខេត្តនីមួយៗ និងមន្ត្រីមួយចំនួនមកពីក្រសួងផ្សេងៗដែរ។

នាយឧត្តមសេនីយ៍ សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការកែប្រែនេះទេ។ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស បានបញ្ជាក់អំពីការពង្រីកក្រុមការងារនេះ ប៉ុន្តែបាននិយាយថា លោកមិនបានដឹងអំពីមូលហេតុដែលវាត្រូវបានធ្វើឡើងទេ។ លោកបានបង្វែរសំណួរទៅអ្នកនាំពាក្យរដ្ឋាភិបាល ដែលមិនអាចទាក់ទងបាន។

ក្នុងការបង្កើតដំបូង ក្រុមការងារនេះបានអះអាងថារឹបអូសបានឈើគ្មានអាជ្ញាបណ្ណប្រហែល៧០.០០០ម៉ែត្រគូបនៅទូទាំងភាគខាងកើតប្រទេស និងបានបញ្ជូនសំណុំរឿងពាក់ព័ន្ធមួយចំនួនទៅតុលាការ។ ទោះជាយ៉ាងនេះក្តី មិនទាន់មាននរណាត្រូវបានចោទប្រកាន់ក្នុងករណីណាមួយនៅឡើយទេ កុំថាឡើយដល់ទៅផ្ដន្ទាទោសនោះ។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លីនិងធនធានធម្មជាតិរបស់អង្គការអាដហុក បាននិយាយថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលដើម្បីពង្រឹងក្រុមការងារនេះគឺជាជំហានវិជ្ជមានមួយ ប៉ុន្តែវានឹងមានន័យបាន លុះត្រាតែមានការផ្តន្ទាទោសសិន។

លោកបាននិយាយថា “យើងនឹងឃ្លាំមើលគណៈកម្មាធិការនេះ ហើយប្រសិនបើ គេមិនធ្វើសកម្មភាពដោយទទួលខុសត្រូវ យើងនឹងប្តឹងទៅតុលាការ និងចោទពួកគេពីបទការពារពួកជនល្មើស”៕ និត

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.