ក្រុម​ម៉ុងតាញ៉ា​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​មកដល់​ក្រុង​ភ្នំពេញ

យោងតាម​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ក្រុម​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៣​នាក់​ ដែល​បាន​លាក់ខ្លួន​ពី​អាជ្ញាធរ ក្នុង​ព្រៃ​ខេត្ត​រតនគិរី​រយៈ​ពេល​ជាច្រើន​សប្តាហ៍ បាន​មក​ដល់​ក្រុង​ភ្នំពេញ​កាលពី​យប់​មិញ។

ក្រោយ​ម៉ោង​៦​ល្ងាច​បន្តិច រថយន្ត​អង្គការ​សហ​ប្រជាជាតិ​ពីរ​គ្រឿង​និង​រថយន្ត SUV មួយ​គ្រឿង​មកពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ បាន​មក​ដល់​ទីស្នាក់ការ​របស់​នាយក​ដ្ឋាន នៅ​ទល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

រថយន្ត​បាន​បត់​ចូល​ផ្លូវ​នាយកដ្ឋាន ហើយ​បាន​បង្កើន​ល្បឿន​កាត់​តាម​ខ្លោងទ្វារ​ចំហ ដែល​បិទ​វិញ​យ៉ាង​ឆាប់​រហ័ស​ដោយ​អ្នក​យាម ដែល​បាន​ហាមប្រាម​អ្នក​កាសែត​មិន​ឲ្យ​ចូល។

លោក​​​ស្រី វ៉ាន ហ៊ា លី (Wan-Hea Lee) តំណាង​​​ប្រចាំ​​​ប្រទេស​​​របស់​​​ការិយាល័យ​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​មនុស្ស​​​បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​កាលពី​យប់​មិញ​ថា “យើង​បញ្ជាក់​ឲ្យ​ដឹង​ថា [ក្រុមជន​ម៉ុងតាញ៉ា]​បាន​មក​ដល់​ដោយ​សុវត្ថិភាព”។

លោក​ស្រី លី បាន​បង្វែរ​សំណួរ​ជាច្រើន​ទៀត​ទៅ​ការិយាល័យ​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​មនុស្ស (UNHCR)។

លោកស្រី​ វីវៀន តាន (Vivian Tan) មន្ត្រី​ផ្នែក​ព័ត៌មាន​​ប្រចាំ​តំបន់​របស់​ UNHCR បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការិយាល័យ​របស់​លោក​ស្រី​នឹង​មើល​ខុស​ត្រូវ​ក្រុម​នេះ ប៉ុន្តែ​លោក​ស្រី​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ថែម​ទៀត​ថា​ពេលណា ឬ​ថាតើ​ពួកគេ​នឹង​ត្រូវ​រៀបចំ​បំពេញ​បែបបទ​សម្រាប់​ឋានៈ​ជន​ភៀស​ខ្លួន​នោះ​ទេ។

លោក​ស្រី​ តាន​ បាន​និយាយ​ថា “ជា​ទ្រឹស្តី យើង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ពួកគេ”។ លោក​ស្រី​បាន​បន្ថែម​ក្នុង​អីុម៉េល​ថា “នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នឹង​កត់ត្រា​ការ​អះអាង​របស់​ពួកគាត់ ហើយ​យើង​នឹង​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​ពួក​គាត់”។

ទាំង​មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ ទាំង​នាយកដ្ឋាន​អន្តោប្រវេសន៍​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ។

ការ​មកដល់​របស់​ក្រុម​ម៉ុងតាញ៉ា​ក្នុង​ក្រុង​ភ្នំពេញ កើត​មាន​ឡើង​បន្ទាប់ពី​មាន​ការ​គំរាម​កំហែង​​អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងខេត្ត​រតនគិរី ដែល​បាន​ប្តេជ្ញា​ថា​នឹង​បញ្ជូន​ក្រុម​នេះ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ។

កាលពី​ថ្ងៃ​សុក្រ អង្គការ​សហ​ប្រជាជាតិ​បាន​ខកខាន​ជា​លើក​ទី​៣​មិនអាច​ជួប​ជន​ម៉ុងតាញ៉ា បន្ទាប់ពី​នគរបាល​ប្រដាប់​អាវុធ​បាន​រារាំង​បេសកកម្ម​រួម​របស់​អង្គការ​សហ​ប្រជាជាតិ​និង​ក្រសួង​មហាផ្ទៃ មិន​ឲ្យ​ចូលភូមិ​ជនជាតិ​ចារ៉ាយ​ក្នុង​ខេត្ត​នេះ។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ជនជាតិ​ម៉ុងតានីញ៉ា​ទាំងអស់​១៣​នាក់​នៅ​ទី​បញ្ចប់​អាច​ជួប​ជាមួយ​គណៈ​ប្រតិភូ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ខេត្ត​ភាគឦសាន​នេះ​កាលពី​យប់​ថ្ងៃ​សៅរ៍។

លោក ធី បាន​និយាយ​ថា ក្រុម​ម៉ុងតាញ៉ា​៨​នាក់​បាន​ចេញ​ពី​ព្រៃ​ដោយ​ស្ម័គ្រ​ចិត្ត និង​បាន​ជួប​មន្ត្រី​សហ​ប្រជាជាតិ​ក្នុង​ឃុំ​សេដា​ស្រុក​លំផាត់ នៅ​ពេល​ដែល​ប៉ូលិស​ព្រំដែន​បាន​រក​ឃើញ​៥​នាក់​ផ្សេងទៀត​ក្នុង​ឃុំ​យ៉ាទុង​ស្រុក​អូរយ៉ាដាវ។

លោក​បាន​និយាយ​ថា ប៉ូលិស​បាន​ប្រគល់​ក្រុម​នេះ​ទៅ​អាជ្ញាធរ​ខេត្ត ដែល​បាន​បញ្ជូន​ពួកគាត់​បន្ត​ទៅ​មន្ត្រី​សហ​ប្រជាជាតិ​នៅ​យប់​នោះ។

ចាប់តាំងពី​មក​ដល់​ប្រទេស​ខ្មែរ ក្រុម​ចារ៉ាយ​ខ្មែរ​មួយ​ក្រុម ដែល​ជាក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​កុលសម្ព័ន្ធ​ប្រហែល​៣០​ដែល​បង្កើត​ក្រុម​ម៉ុងតាញ៉ា បាន​នឹង​កំពុង​លាក់​អ្នក​ស្វែង​រកសិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ព្រៃ​ក្នុង​ស្រុក​លំផាត់។

ក្រុម​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​បាន​និយាយ​ថា ពួកគាត់​រត់​ចេញ​ពី​ការ​សង្កត់​សង្កិន​ក្នុង​កណ្តាប់​ដៃ​រដ្ឋាភិបាល​វៀតណាម។

ក្រុម​ម៉ុងតាញ៉ា​វៀតណាម ដែល​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​ផ្តុំគ្នា​ក្នុង​តំបន់​ខ្ពង់រាប​របស់​ប្រទេស​វៀតណាម បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​យូរ​មកហើយ ព្រោះតែ​បាន​គាំទ្រ​ទាហាន​អាមេរិក​និង​បារាំង ក្នុង​សង្គ្រាម​លើក​ទី​១​និង​ទី​២​នៅ​ឥណ្ឌូចិន។

ម៉ុងតាញ៉ា​ភាគច្រើន​បំផុត​គោរព​សាសនា​គ្រិស្ទ​ខាង​ប្រូតេស្តង់ ដែល​អាជ្ញាធរ​វៀតណាម​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់ ដែល​ឈាន​ដល់​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ព្រះវិហារ​ម៉ុងតាញ៉ា ចាប់​តាំងពី​ឆ្នាំ​២០០១​មក។

ក្រុម​នេះ​រាប់ពាន់​នាក់​បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​កម្ពុជា​ជាង​មួយ​ទស្សវត្ស​បន្ទាប់​មក។ មនុស្ស​ប្រហែល​២.០០០​នាក់​បាន​តាំង​លំនៅ​ជាថ្មី​នៅ​សហរដ្ឋ​អាមេរិក ភាគច្រើន​ក្នុង​រដ្ឋ​ ណ័រ ខារ៉ូឡាយណា (North Carolina) ចំណែកឯ​អ្នក​នៅ​សល់​ពី​នោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ ពួកគេ​ជាច្រើន​នាក់​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ តាម​សេចក្តី​រាយការណ៍​ថា ត្រូវ​ជាប់​ពន្ធនាគារ​និង​ទទួល​រង​ទារុណកម្ម។

លោក​ ហ្វីល រ៉ូបឺត​​សុន (Phil Robertson) អនុ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​មាន​ប្រសាសន៍​ថា ការ​មកដល់​របស់​ក្រុម​ម៉ុងតាញ៉ា​ក្នុង​រដ្ឋធានី ជា​ជំហាន​សំខាន់​ទី១​ ប៉ុន្តែ​បាន​ព្រមាន​ថា បទ​ពិសោធន៍​លំបាក​ឈឺចាប់​របស់​ពួកគាត់​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

លោក​ ហ្វីល រ៉ូបឺត​​សុន បាន​ឲ្យ​ដឹង​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា “​នៅ​មាន​ដំណើរ​វែង​ឆ្ងាយ​ទៀតសម្រាប់​ក្រុម​នេះ ជាពិសេស​ជាមួយ​នឹង​ការ​កំណត់​ឋានៈ​ជន​ភៀសខ្លួន ដែល​ចាំបាច់​ត្រូវ​ធ្វើ​ដោយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា”។

“វា​សំខាន់​ណាស់​ដែលត្រូវ​មាន​ការ​កំណត់​ឋានៈ​ជនភៀសខ្លួន​មិន​លម្អៀង​និង​មាន​តម្លា​ភាព ហើយ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​ជិតស្និទ្ធ ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មាន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.