ក្រុម​​​​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​ឯករាជ្យ​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​មុនការ​​​បោះ​​​ឆ្នោត​​​​​​​​​

មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យភាគច្រើននៅតែមានគំនិតវិជ្ជមានអំពីថ្ងៃបោះឆ្នោត ដែលមានបញ្ហាច្រើនដោយសារស្ថានភាពមុនថ្ងៃបោះឆ្នោត ប៉ុន្តែមិនបានប្រកាសថា វាសេរី និងយុត្តិធម៌។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់បានចេញផ្សាយលទ្ធផលផ្លូវការចុងក្រោយនៅឡើយទេ។ ប៉ុន្តែ គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលរាយការណ៍ថា គណបក្សប្រជាជនកម្ពុជាកាន់អំណាចបានឈ្នះប្រហែល៧០ភាគរយនៃឃុំសង្កាត់ទាំង១.៦៤៦ទូទាំងប្រទេស ហើយ ឃុំ សង្កាត់នៅសេសសល់ស្ទើរទាំងអស់បានទៅលើគណបក្សសង្គ្រោះជាតិ។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាឆ្លើយសំណួរអំពីការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ នៅសន្និសីទកាសែតមួយនៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាឆ្លើយសំណួរអំពីការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ នៅសន្និសីទកាសែតមួយនៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ប្រជាពលរដ្ឋខ្មែរប្រហែល៧លាននាក់បានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺច្រើនជាងការបោះឆ្នោតកន្លងមក។ បើទោះជាចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតខ្ពស់ក៏ដោយ ក៏ “អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍” ជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនប្រហែល១៤.០០០នាក់ទៅទូទាំងប្រទេសនៅថ្ងៃបោះឆ្នោតបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងស៊ើបអង្កេតថាតើហេតុអ្វីបានជាអ្នកបោះឆ្នោតជិត៩០០.០០០នាក់ដែលបានចុះឈ្មោះរួចហើយមិនបានទៅបោះឆ្នោត។

នៅសន្និសីទសារព័ត៌មានមួយក្នុងរាជធានីភ្នំពេញ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា ពួកគេសង្ស័យថា ភាគច្រើននៃអ្នកដែលមិនបានទៅបោះឆ្នោតគឺកម្មកររោងចក្រកាត់ដេរ ដែលមករស់នៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន និងពលរដ្ឋខ្មែរមួយចំនួនទៀតដែលទៅធ្វើការក្រៅប្រទេស។

នៅមុនការបោះឆ្នោត រដ្ឋាភិបាលដែលបានច្រានចោលការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិឱ្យជួយដល់ពលករចំណាកស្រុកថាមិនអាចធ្វើបានដែលខុសពីការអនុវត្តកន្លងមក មិនបានបញ្ជាឱ្យរោងចក្រកាត់ដេរទាំងអស់ផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់និយោជិតរបស់ខ្លួនបានឈប់សម្រាកធ្វើដំណើរទៅកាន់ឃុំ សង្កាត់នៅស្រុកកំណើតរបស់ខ្លួូន និងត្រឡប់មកវិញ។ ក្រសួងការងារបានបដិសេធមិនពន្យល់អំពីការកែប្រែនេះឡើយ។

លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ហេតុអ្វីបានជារដ្ឋាភិបាលមិនព្យាយាមរកវិធីឱ្យគាត់មានលទ្ធភាពទៅចូលរួមការបោះឆ្នោត?”។

អំឡុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ ដែលយើងឃើញថា គណបក្សប្រជាជនកម្ពុជាបានបាត់បង់សំឡេងឆ្នោតយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើលនោះ កម្មកររោងចក្រកាត់ដេរក៏មានចំនួនមួយភាគធំនៃអ្នកចូលរួមការជួបជុំហែក្បួនរបស់គណបក្សប្រឆាំង។

អង្គការតម្លាភាពកម្ពុជា (TIC) បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនជាង៤០០នាក់កាលពីថ្ងៃអាទិត្យ។

នៅសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយទៀតកាលពីព្រឹកម្សិលមិញ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាក៏បានលើកឡើងអំពីកង្វល់មួយចំនួននៅមុនការបោះឆ្នោតផងដែរ រួមមានច្បាប់ថ្មីដែលដាក់ការរឹតត្បិតបន្ថែមទៀតទៅលើអង្គការមិនមែនរដ្ឋាភិបាល ការធ្វើវិសោធនកម្មច្បាប់ដែលផ្ដល់អំណាចថ្មីលើសលប់ដល់រដ្ឋាភិបាលឲ្យមានសិទ្ធិរម្លាយគណបក្សនយោបាយ និងការព្រមានឥតឈប់ឈររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីសង្គ្រាម បើគណបក្សប្រជាជនកម្ពុជាចាញ់ដែលលោកបានបន្ទោសចំពោះការបង្កើត “បរិយាកាសបំភិតបំភ័យ”។

លោកបានមានប្រសាសន៍ថា ដោយសារបរិយាកាសនេះនៅមុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ការបោះឆ្នោតមិនអាចត្រូវបានប្រកាសថា “សេរី និងយុត្តិធម៌១០០ភាគរយ” បានឡើយ។

កាលពី២ឆ្នាំមុន មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណបក្សប្រឆាំងមួយចំនួន រួមទាំងតំណាងរាស្ត្រពីររូប ក៏ត្រូវបានចាប់ខ្លួនផងដែរតាមការចោទប្រកាន់មួយចំនួនដែលមជ្ឈដ្ឋានទូទៅយល់ឃើញថាជាហេតុផលនយោបាយ។ មន្ត្រីមួយចំនួនទៀតនៅមានសេរីភាព ប៉ុន្តែរឿងក្ដីទាំងនេះនៅបើកចំហ ឬការស៊ើបអង្កេតនៅតែរង់ចាំពួកគេ រួមទាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។

ប៉ុន្តែទាំងអង្គការតម្លាភាពកម្ពុជា និងអង្គការបន្ទប់ស្ថានការណ៍ភាគច្រើននៅតែមានគំនិតវិជ្ជមានអំពីថ្ងៃបោះឆ្នោត ដោយរង់ចាំរបាយការណ៍ចុងក្រោយ ហើយមិនរាប់បញ្ចូលនូវអ្វីដែលពួកគេចាត់ទុកថា ជាការរាយការណ៍តិចតួចអំពីភាពមិនប្រក្រតី។

អង្គការបន្ទប់ស្ថានការណ៍បានដាក់ពាក្យបណ្ដឹងរួចហើយទៅ គ.ជ.ប អំពីអ្នកសង្កេតការណ៍១២នាក់ ដែលខ្លួនលើកឡើងថាត្រូវបានគាបសង្កត់ឱ្យបោះបង់ភារកិច្ចរបស់ខ្លួននៅយប់មុនថ្ងៃបោះឆ្នោតពីសំណាក់នគរបាល និងមន្ត្រីមួយចំនួនទៀតក្នុងស្រុកលើកដែក ខេត្តកណ្ដាល។

គ.ជ.ប បានលើកឡើងថា ខ្លួននឹងស៊ើបអង្កេតករណ៍នេះ។លោក រស់ ចន្ថា អធិការនគរបាលស្រុកបានបដិសេធការចោទប្រកាន់ទាំងនេះ។

អង្គការបន្ទប់ស្ថានការណ៍នេះក៏បានលើកឡើងផងដែរកង្វល់មួយចំនួនអំពីឃុំ សង្កាត់ ចំនួន១៩នៅទូទាំងប្រទេសដោយការិយាល័យបោះឆ្នោតមួយចំនួន ដែលអ្នកបោះឆ្នោតភាគច្រើនគឺជាទាហាន។

អំឡុងរយៈពេលចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំមុន គណបក្សសង្គ្រោះជាតិបានតវ៉ាអំពីឃុំ សង្កាត់មួយចំនួនតូចដែលអនុញ្ញាត ឱ្យទាហានចុះឈ្មោះបោះឆ្នោតបើទោះជាពួកគេមិនរស់នៅ និងធ្វើការនៅទីនោះក៏ដោយជាការរំលោភច្បាប់បោះឆ្នោត។ គណ បក្សប្រឆាំងបារម្ភថា គណបក្សប្រជាជនកម្ពុជាដែលរក្សាកម្លាំងរឹងមាំលើទាហាន នឹងប្រើប្រាស់ទាហានមិនត្រឹមត្រូវដើម្បីបង្កើនសំឡេងឆ្នោតនៅតាមឃុំ សង្កាត់។

នៅពេលនោះ គ.ជ.ប បានទទួលស្គាល់ថា ការចុះឈ្មោះទាំងនេះគឺជាកំហុស ប៉ុន្តែបាននិយាយសម្រាលបញ្ហានោះ ដោយលើកឡើងថា ទាហានទាំងនោះប្រហែលជាត្រូវបានចាត់តាំងឱ្យទៅកាន់ឃុំ សង្កាត់ ទាំងនោះនៅថ្ងៃបោះឆ្នោតដើម្បីការពារសន្តិសុខ។

កាលពីថ្ងៃអាទិត្យ ក្រុមអ្នកសង្កេតការណ៍រាយការណ៍ថា បានឃើញទាហានរាប់រយនាក់ត្រូវគេដឹកតាមរថយន្តចូលទៅក្នុងឃុំពីរនៃខេត្តសៀមរាប គឺឃុំតាសៀម និងឃុំបឹងមាលាពីខាងក្រៅមក។ ក្នុងឆ្នាំ២០១២ ឃុំតាសៀមទៅលើគណបក្សប្រឆាំង និងឃុំមួយទៀតបានទៅលើគណបក្សប្រជាជនកម្ពុជា។យោងតាមលទ្ធផលបឋមរបស់ គ.ជ.ប នៅឆ្នាំនេះបានឱ្យដឹងថា គណបក្សទាំងពីរបានផ្លាស់ប្ដូរឃុំគ្នាវិញម្តង។

នៅសន្និសីទសារព័ត៌មានរបស់អង្គការបន្ទប់ស្ថានការណ៍កាលពីម្សិលមិញ លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលកំពុងស៊ើបអង្កេតឃុំ សង្កាត់ មួយចំនួនដើម្បីរកឱ្យឃើញពីភាពមិនប្រក្រតីនៃការបោះឆ្នោត ប៉ុន្តែមិនទាន់រកឃើញនៅឡើយទេ។ លោកបានថ្លែងថា បញ្ហានេះគួរតែត្រូវបានដោះស្រាយកាលពីឆ្នាំមុននៅពេលអ្នកបោះឆ្នោតទាំងនោះត្រូវបានចុះឈ្មោះ។

អង្គការបន្ទប់ស្ថានការណ៍ក៏បានកត់សម្គាល់ផងដែរពីករណីនៅតាមការិយាល័យបោះឆ្នោតមួយចំនួន ដែលមិនបានបូកសរុបសំឡេងឆ្នោតនៅថ្ងៃបោះឆ្នោតឱ្យបានច្បាស់លាស់ ហើយមិនបានប្រកាសពីសំឡេងឆ្នោតដែលរាប់ចុងក្រោយជាសាធារណៈ។ អង្គការតម្លាភាពកម្ពុជាបានកត់សម្គាល់ពីករណីនៃ “បុគ្គលគ្មានការអនុញ្ញាតស្របច្បាប់” ដែលភាគច្រើនជាអ្នកនយោបាយក្នុងមូលដ្ឋាន ដើេរទៅមកតាមការិយាល័យបោះឆ្នោតអំឡុងពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោតការិយាល័យបោះឆ្នោតមួយចំនួនដែលបើកដំណើរការយឺតយ៉ាវ ហើយអ្នកបោះឆ្នោតដែលមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវរកឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតមិនឃើញជាដើម។

បើទោះជាដូច្នេះក្ដី អង្គការទាំងពីរបានលើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់ទាំងនេះមានភាពប្រសើរជាងឆ្នាំ២០១២៕ សារុន (រាយការណ៍បន្ថែមដោយ Brendan O’Byrne)

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.