គណនី​ហ្វេសប៊ុក​ខ្លែង​ក្លាយ​ត្រូវ​បាន​ប្រើ​ ដើម្បី​ផ្សព្វផ្សាយ​រូប​ភាពកាត់​ត​របស់លោកស្រី មូរ សុខហួរ

អង្គភាព​​​ព័ត៌មាន​​​ និង​​​ប្រតិកម្មរហ័ស​​​របស​​់​​​រដ្ឋាភិបាល​​​ បាន​​​បដិសេធ​​​ថា ខ្លួន​​​មិនជាប់ទាក់​​​ទង​​​នឹង​​​ការ​​​ផ្សព្វផ្សាយ​​​រូប​​​ភាព​​​កាត់​​​តមួយ​​​សន្លឹក​​​របស់​​​សមាជិក​​​គណ​​​បក្ស​​​ប្រឆាំង​​​ គឺ​​​លោកស្រី មូរ សុខហួរ  ដែល​​​បាន​​​លេច​​​ឡើង​​​នៅ​​​លើ​​​គេហ​​​​​​ទំព័រ​​​ភ្ជាប់​​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ហ្វេស​​​ប៊ុក​​​ ​​​កាលពីថ្ងៃសៅរ៍ទេ។

​​​រូប​ភាព​​​នេះ​​​បង្ហាញ​​​ផ្ទៃមុខ​​​លោកស្រី​​​ មូរ សុខ​​​ហួរ ដែល​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​ភ្ជាប់​​​នឹង​​​ដង​​​ខ្លួន​​​របស់​​​ស្ត្រី​​​អាក្រាត​​​ពាក់​​​កណ្ដាល​​​កាយ​​​ម្នាក​​​់​​​​​​ និង​​​ដែល​​​សំដៅ​​​លើ​​​លោកស្រី​​​ថា  ជា​​​អតីត​​​មេបន​​​​​​ និង​​​ការងារ​​​របស់​​​លោកស្រី​​​ជា​​​សមាជិក​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ គឺ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ដែល​​​មាន​​​លោក​​​ សម​​​ រង្សុី​​​ ជាប្រធាន​​​។

លោក​​​ស្រី មូរ សុខហួរ​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​ស្រី​​​មាន​​​ការ​​​ខក​​​ចិត្ត​​​ណាស់​​​ដែល​​​​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ប្រើ​​​ឈ្មោះរបស់​​​​​​អង្គ​​​ភា​​​ព​​​ព័ត៌មាន​​​ និង​​​ប្រតិកម្ម​​​រហ័ស​​​នៃ​​​ទី​​​ស្ដី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​ ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ប្រើ​​​ហ្វេស​​​ប៊ុក​​​រាប់​​​សិប​​​នាក់​​​ដែល​​​បាន​​​ចែក​​​ចាយ​​​រូប​​​ភាព​​​​​​កាត់​​​ត​​​នេះ​​​ពីម្នាក់ទៅម្នាក់​​​។

លោក​​​ស្រី​​​​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​វា​​​​​ជា​​​លើក​​​ដំបូង​​​ ខ្ញុំ​​​បាន​​​បង្ខំ​​​ចិត្ត​​​មើល​​​វា​​​ ប៉ុន្ដែ​​​ខ្ញុំ​​​ត្រូវ​​​រក្សា​​​ភាព​​​រឹង​​​មាំ​​​ និង​​​គ្រប់​​​គ្រង​​​អារម្មណ៍​​​ខ្លួន​​​ឯង​​​ក្នុង​​​នាម​​​ជា​​​ស្ត្រី​​​ម្នាក់​​​ ព្រោះ​​​ខ្ញុំ​​​ស្ថិតនៅ​​​​​​​​​ក្នុង​​​ឆាក​​​នយោបាយ​​​។

​​​មិន​​​មែន​​​គ្រាន់​​​តែ​​​ជា​​​ការ​​​រើស​​​អើង​​​ភេទ​​​ទេ​​​ គឺ​​​ពួក​​​គេ​​​​​​មាន​​​ចេតនា​​​​​​សំដៅ​​​លើ​​​ថ្នាក​​​់​​​ដឹក​​​នាំ​​​កំពូល​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ សម្រាប់រូប​​​​​​ខ្ញុំ​​​ រូប​​​ភាព​​​បែប​​​នេះ​​​ស្ដែង​​​ឲ្យ​​​ឃើញ​​​ថា គូ​​​ប​​​ដិបក្ខ​​​​​​របស់​​​យើង​​​កំពុង​​​​​​ខ្លាច​​​យើង​​​​​​”។
លោក ឯក ថា អ្នក​​​នាំ​​​ពាក្យរបស់​​​​​​​​​អង្គភាព​​​ព័ត៌មាន​​​ និង​​​ប្រតិកម្ម​​​រហ័ស​​​មិន​​​បាន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ទេ​​​​​​ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​អំពី​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​​ប្រើ​​​ឈ្មោះ​​​​​​អង្គ​​​ភាព​​​របស​់​​​លោក​​​ និង​​​ដែល​​​មាន​​​ទាំង​​​រូប​​​ភាព​​​​​​របស់​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្ដី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ គឺ​​​លោក ផៃ ស៊ីផាន។

លោក ផៃ ស៊ីផាន បាន​​​អះអាង​​​ថា លោក​​​គ្មាន​​​ទំនាក​​​់ទំនង​​​អ្វី​​​ទាល់​​​តែ​​​សោះ​​​ជាមួយ​​​នឹង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ដែល​​​លោកបាន​​​​​​ហៅ​​​ថា ជា​​​ការ​​​លួច​​​ប្រើ​​​អត្តសញ្ញាណ​​​របស់​​​អ្នក​​​ដទៃ​​​នេះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “​​​ខ្ញុំ​​​នឹង​​​ស្វែង​​​រក​​​អ្នក​​​ប្រព្រឹត្តបែប​​​នេះ​​​ និង​​​ឲ្យ​​​អាជ្ញា​​​ធរ​​​បិទ​​​វា​​​ចោល​​​។ វា​​​មិន​​​មែ​​​ន​​​ជា​​​របស់​​​​​ខ្ញុំ​​​ឡើយ​​​​​​​​​ វា​​​គឺ​​​ជា​​​គណនី​​​ហ្វេស​​​ប៊ុក​​​ក្លែង​​​ក្លាយ”​​​។

លោក ស៊ីផាន​​​ បាន​​​ថ្លែង​​​បន្ដ​​​ថា “ រដ្ឋាភិបាល​​​​​​​​ក៏​​​មាន​​​ជំហរ​​​ប្រឆាំង​​​អ្នក​​​ដែល​​​កាត់​​​ត​​​រូប​​​ភាព​​​បែប​​​នេះ​​​ដែរ​​​។ ​​​វា​​​ជា​​​ទង្វើ​​​គ្មាន​​​សីលធម៌​​​ទេ” ដោយ​​​​​​​​បាន​​​បន្ថែម​​​ថា រូប​​​ភាព​​​របស់​​​លោក​​​ខ្លួន​​​ឯង​​​ រួម​​​ទាំង​​​រូប​​​ថត​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​ភរិយា​​​របស់​​​លោក​​​ គឺ​​​លោក​​​ស្រី ប៊ុនរ៉ានី ហ៊ុន​​​ សែន ក៏​​​ធ្លាប់​​​ត្រូវ​​​បាន​​​កាត់​​​ត​​​ក្នុង​​​ន័យ​​​ប្រមាថ​​​ ហើយ​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​​​ប្រព័ន្ធ​​​អុីនធើណិត​​​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ដែរ​​​។

គិត​​​ត្រឹម​​ល្ងាច​​​ថ្ងៃ​​​ម្សិលមិញ​​​នេះ​​​ មនុស្ស​​​៣៥​​​នាក់​​​បាន​​​ចែក​​​រំលែក​​​រូប​​​ភាព​​​ប្រមាថ​​​នេះ​​​ ហើយ​​​មនុស្ស​​​ជាង​​​១០០​​​នាក់​​​​​​ផ្សេងទៀត​​​បាន​​​បញ្ចេញ​​​មតិ​​​​​​របស់​​​ខ្លួន​​​ ភាគ​​​ច្រើន​​​គឺ​​​បាន​​​ស​​​​​ម្ដែង​​​កំហឹង​​​ចំពោះ​​​អ្នក​​​ផ្សព្វ​​​ផ្សាយ​​​រូប​​​ភាពបែប​​​​​​នេះ​​​ ហើយ​​​បាន​​​សម្ដែង​​​ការ​​​គាំ​​​ទ្រ​​​​​​របស់​​​ខ្លួន​​​ចំពោះ​​​លោក​​​ស្រី មូរ សុខហួរ​​​។

អ្នក​​​បញ្ចេញ​​​មតិ​​​ម្នាក់​​​បាន​​​សរសេរ​​​នៅ​​​លើ​​​ទំព័រ​​​​​​​​​នេះ​​​ថា “​​​លោកស្រី​​​ មូរ​​​ សុខហួរ​​​ ​​​គឺ​​​ជា​​​ស្ត្រី​​​ខ្មែរ​​​ តើ​​​ហេតុ​​​អ្វី​​​បាន​​​ជាអ្នក​​​​​​បង្ហោះ​​​រូប​​​ភាព​​​បែប​​​នេះ​​​? ​ម្ដាយ​​​របស់​​​អ្នក​​​ក៏​​​ជា​​​ស្រី​​​ដែរ​​​។ ហេតុ​​​អ្វី​​​បាន​​​ជា​​​អ្នក​​​ធ្វើដូច្នេះ​​​”។
អ្នក​​​បញ្ចេញ​​​មតិ​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​លើ​​​ទំព័រ​​​នេះ​​​​​​​បាន​​​សរសេរ​​​លេខ​​​ប្រាំពីរ​​​ ដែល​​​ជា​​​លេខ​​​រៀង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សម្រាប់​​​​​​​​​ការ​​​បោះ​​​ឆ្នោត​​​ នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា​​​ខាង​​​មុខ​​​នេះ​​​​​​ ដើម្បី​​​បង្ហាញ​​​ពី​​​ការ​​​សាមគ្គី​​​គ្នា​​​៕

(រាយការណ៍​​​បន្ថែម​​​ដោយ ផន បុប្ផា)​​​

ប្រែ​​​សម្រួល​​​ដោយ ស៊ុំ​​​ សុខភុំ​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.