គណបក្សសង្រ្គោះជាតិ បានចាត់ទុកការចាប់និង ឃុំខ្លួនលោក កឹម សុខា ២ឆ្នាំមកនេះ ថានាំឱ្យបែកបាក់ជាតិមិនអាចផ្សះផ្សាបាន

គណបក្សសង្រ្គោះជាតិ បានលើកឡើងថា ការចាប់ និងឃុំខ្លួនប្រធានគណបក្សរបស់ខ្លួនក្នុងរយៈពេល២ឆ្នាំនេះ ថាជាការធ្វើឡើងដោយអយុត្តិធម៌បំផុត ហើយវាជាការបង្ហាញឱ្យឃើញពីដំណើរនាំទៅរកការបែកបាក់ជាតិ មិនអាចផ្សះផ្សាបាន ហើយវាក៏បានក្លាយជាគម្រូដ៏អាក្រក់សម្រាប់អ្នកជំនាន់ក្រោយផងដែរ។ 

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ គណបក្សប្រឆាំងមួយនេះ បានរំលឹកអំពីព្រឹត្តិការណ៍ចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា កាលពីយប់ថ្ងៃទី ៣កញ្ញា ២០១៧ ទាំងបំពានច្បាប់ជាតិនិងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ 

សេចក្តីថ្លែងការណ៍នេះ បានចាត់ទុកការចាប់ខ្លួន និងឃុំខ្លួន លោក កឹម សុខា រយៈពេល២ឆ្នាំមកនេះ បានបង្ហាញឱ្យមតិជាតិ និងអន្តរជាតិមើលឃើញកាន់តែច្បាស់ថាមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ 

ស្របពេលជាមួយគ្នានេះ ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំខ្លួនក្នុងផ្ទះ លោក កឹម សុខា បានចេញថ្លែងសារនយោបាយដ៏កម្រមួយកាលពីថ្ងៃម្សិលមិញ ក៏បានណែនាំប្រាប់ឱ្យអ្នកនយោបាយទាំងអស់បញ្ឈប់ការយកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកវាសនាជាតិនិងរាស្ត្រជាឈ្នាន់ឬជារបាំងតទៅទៀតព្រោះថាខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ។

លោកបន្តថា ពេលនោះ សមត្ថកិច្ចបានបំបែករូបលោកចេញពីភរិយា ទាំងដែលភរិយាលោកមិនដឹងថាគេចាប់លោកយកទៅទីណា ហើយធ្វើអ្វីខ្លះទៅលើរូបលោកនោះឡើយ។ 

លោក បន្តថាសម្រែកលាយឡំនឹងទឹកភ្នែករបស់ភរិយាលោកនាយប់នោះ គឺជាការឈឺចាប់បំផុត ដែលអ្នកទាំងឡាយណាធ្លាប់ជួបប្រទះនឹងដឹងច្បាស់ ហើយរូបលោកក៏បានចាំច្បាស់នូវសម្រែករបស់អ្នកម្តាយនិងក្រុមគ្រួសារលោក នៅពេលឪពុករបស់ខ្លួនត្រូវបានក្រុមប្រដាប់អាវុធខ្មែរក្រហមចាប់យកទៅទាំងកណ្តាលអាធ្រាត្រកាលពីឆ្នាំ១៩៧៥។

លោក កឹម សុខាបន្តថា លោកបានដឹងហើយថា ជីវិតជាអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យនិងក្នុងតួនាទីជាមេដឹកនាំបក្សប្រឆាំងនេះ នឹងអាចនាំមកនូវគ្រោះថ្នាក់និងការឈឺចាប់រាប់មិនអស់។ 

តែទោះបីជាដឹងអំពីឧបសគ្គនិងគ្រោះថ្នាក់រាប់មិនអស់បែបនេះក្តី ប៉ុន្តែលោកស្ម័គ្រចិត្តធ្វើពលីកម្មជូនជាតិនេះ មិនមែនលោកមិនចេះខ្លាច មិនមែនលោកមិនដឹងពីគ្រោះថ្នាក់ ឬ មិនមែនព្រោះតែលោកល្ងង់នោះទេ។  តែលោកថានេះជា តួនាទីអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ។ 

សាររំលឹកខួបពីរឆ្នាំដដែលនេះ បញ្ជាក់ថាចៅហ្វាយឬថៅកែគេជាអ្នកចាំយកលទ្ធផលពីការងាររបស់យើង តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេនិងច្រើនជាងគេ ដើម្បីជាគម្រូដល់អ្នកគាំទ្រ។ អ្នកដឹកនាំដែលមានគុណធម៌ មិនដែលរុញច្រានឲ្យអ្នកគាំទ្រខ្លួនធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើឡើយ។ 

ជាមួយគ្នានេះ លោក តែងតែជ្រើសរើសយកនិងណែនាំឲ្យកូនខ្មែរ ធ្វើការតស៊ូរដោយអហិង្សា ទោះបីការតស៊ូនោះ ត្រូវធ្វើឲ្យលោករងគ្រោះក៏ដោយ ក៏លោកសុខចិត្តទទួល ក្នុងនាមជាអ្នកដឹកនាំម្នាក់ដោយមិនទុកឲ្យអ្នកគាំទ្រយកខ្លួនទៅពាំងជំនួសលោកជារៀងរហូតនោះទេ។

យ៉ាងណាក៏ដោយសម្រេចសម្រាបភាគីរដ្ឋាភិបាលលោកហ៊ុន សែន នៅតែបង្ហាញជំហថាការចាប់ និងឃុំខ្លួនលោក កឹម សុខាកន្លងមកគឺធ្វើឡើងដោយស្របច្បាប់ ហើយការឃុំខ្លួនក្នុងផ្ទះនោះ ក៏ជាការបន្តនីតិវិធីរបស់តុលាការប៉ុណ្ណោះ។ 

លោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនទាំងកណ្តាអាធ្រាតកាលពីថ្ងៃទី ៣ កញ្ញា ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្បែរព្រំដែនវៀតណាមក្នុងខេត្តត្បូងឃ្មុំ ក្រោមបទចោទ ថាក្បត់ជាតិ តាមការចង់បានរបស់លោកហ៊ុន សែន។ ប្រមាណ១ឆ្នាំក្រោយមក លោកត្រូវបានផ្លាស់មកឃុំខ្លួនក្នុងផ្ទះវិញ ក្រោមហេតុផលសុខភាពលោក កឹម សុខា។ 

កាលពីខែកុម្ភៈ សហរដ្ឋអាមេរិក បានថ្កោលទោសចំពោះការចាប់ និងបន្តឃុំខ្លួន លោក កឹម សុខា ដោយអះអាងថា លោកត្រូវបានគេចាប់ឃុំឃាំងជាង១ឆ្នាំ ដោយ «អយុត្តិធម៌» និងគ្មានភស្ដុតាងណាមួយសោះឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.