គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បណ្តេញ​​​ជំនួយ​​​ការ​​​របស់​​​លោក កឹម សុខា ចេញ​​​ពីបក្ស​​​

ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​ ដែល​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ បាន​​​ចោទ​​​ប្រកាន់​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ថា មាន​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​​​​ដ៏ធំ​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​គណបក្ស​​​ប្រឆាំង​​​កាល​​​ពីម្សិលមិញ ។

លោកស្រី ឡាក់ សុភាព ជំនួយការផ្ទាល់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ  មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅរដ្ឋសភាជាតិកាលពីម្សិលមិញ។ ស៊ីវ ចាន់ណា
លោកស្រី ឡាក់ សុភាព ជំនួយការផ្ទាល់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន   នៅខាងក្រៅរដ្ឋសភាជាតិកាលពីម្សិលមិញ។ ស៊ីវ ចាន់ណា

លោក​​​ស្រី​​​ ឡាក់ សុភាព ដែល​​​ជា​​​សមាជិក​​​នៃ​​បក្ស​​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​លោក សម រង្ស៊ី​​​ បាន​​​បង្កើត​​​គណបក្ស​​​ជាតិ​​​ខ្មែរ​​​​​កាល​​ពី​​​ឆ្នាំ​​​១៩៩៥​​​មក​​​ ត្រូវ​​​បាន​​​បណ្តេញ​​​​​​ចេញ​​​ពី​​​បក្ស​​​ បន្ទាប់​​​ពី​​​​​​កិច្ច​​​ប្រជុំ​​​ជា​​​លើក​​​ទី​​​២​​​របស់​​​គណៈកម្មាធិការ​​​វិន័យ​​​នៃ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក អ៊ូ ច័ន្ទឫទ្ធិ​​​ សមាជិក​​​សភា​​​មណ្ឌល​​​ខេត្ត​​​កណ្តាល​​​ ដែល​​​ជា​​​ប្រធាន​​​គណៈ​​​កម្មាធិការ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដក​​​គាត់​​​ចេញ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​គាត់​​​លែង​​​មាន​​​​​​តួនាទី​​​​​​​​​នៅ​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទៀត​​​ហើយ​​​​​​។ អ្វី​​​ដែល​​​គាត់​​​បាន​​​ធ្វើ​​​​​ វា​​​ប៉ះ​​​ពាល់​​​ដល់​​​កិត្តិយស​​​របស់​​​មេ​​​ដឹក​​​នាំ​​​ និង​​​គណបក្ស​​​របស់​​​យើង។ ហេតុ​​​ដូច្នេះ​​​គណៈកម្មាធិការ​​​វិន័យ​​​មាន​​​សិទ្ធិ​​​បណ្តេញ​​​គាត់​​​ចេញ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា អ្វី​​​ដែល​​​គាត់​​​បាន​​​និយាយ​​​គឺ​​​តែង​​​តែ​​​មិន​​​ត្រឹម​​​ត្រូវ​​​ហើយ​​​មិន​​​ពិត​​​ឡើយ ហើយ​​​វា​​ [ឮ​សុះ​​​សាយ​​​​​​​​​​​​​] ពី​​​មនុស្ស​​​ម្នាក់​​​ទៅ​​​មនុស្ស​​​ម្នាក់​​​ ហើយ​​​នេះ​​​មិន​​​មែន​​​ជា​​​លើក​​​ទី១​​​នោះ​​​ទេ​​​ដែល​​​គាត់​​​បាន​​​ធ្វើ​​​ដូច្នេះ​​​។ ប្រសិន​​​បើ​​​គាត់​​​មិន​​​ពេញ​​​​​​ចិត្ត​​​​​​ចំពោះ​​​ការ​​​សម្រេច​​​នេះ គាត់​​​អាច​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​បាន​​​ក្នុង​​​រយៈពេល​​​ប្រាំពីរ​​​ថ្ងៃ​​​”។

លោក​​​ស្រី សុភាព ដែល​​​បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​របស់​​​បណ្តាញ​​​សង្គម​​​ “ខ្មែរ​​​ដើម្បីខ្មែរ​​​” ​​​ដឹកនាំ​​​​ដោយ​​​លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ឯករាជ្យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាលពីថ្ងៃ​​​សៅរ៍​​​ បាន​​​ចោទ​​​ប្រកាន់​​​លោក សម រង្ស៊ី ថា​​​បាន​​​ដក​យក​​​ប្រាក់​​​ដោយ​​​ខុស​​​ច្បាប់​​​រាប់​​​លាន​​​ដុល្លារ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា “នៅ​​​ថ្ងៃ​​​ទី​​​៥ [ខែធ្នូ]​​​ លោក កឹម សុខា បាន​​​រិះ​​​គន់​​​ថា ក្នុង​​​ទឹក​​​ប្រាក់​​​ចាប់​​​ពី​​​ប្រហែល​​​៣០​​​លាន​​​ដុល្លារ​​​ ឬ៤០​​​លាន​​​ដុល្លារ លោក សម រង្ស៊ី បាន​​​យក​​​អស់​​​២០​​​លាន​​​​​​ដុល្លារ​​​ទៅ​​​ហើយ​​​។ ខ្ញុំ​​​មិន​​​អាច​​​ចូល​​​រួម​​​ក្នុង​​​សង្គម​​​មួយ​​​ដែល​​​មាន​​​មេដឹក​​​នាំ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយបាន​​​​ឡើយ​​​”។

ក្រោយ​​​មក​​​​​​ លោក​​​ស្រី សុភាព​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​គ្រាន់​​​តែ​​​និយាយ​​​អ្វី​​​ដែល​​​លោក​​​ស្រី​​​បាន​​​ចង​​​ចាំ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើង​​​វិញ​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​លោក​​​ស្រី​​​បាន​​​អះ​​​អាង​​​ថា លោក​​​ស្រី​​​​​​មិន​​​មែន​​​ចោទ​​​ប្រកាន់​​​លោក សម រង្ស៊ី ថា​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​នេះ​ដោយ​​​ខ្លួន​​​លោក​ស្រី​ផ្ទាល់​ឡើយ​​​។

អំឡុង​សន្និសីទ​​​កាសែត​​​មួយ​​​នៅ​​​ខាង​​​មុខ​​​រដ្ឋសភា​​​កាល​​​ពីម្សិលមិញ​​​ លោក​​​ស្រី សុភាព បាន​​​លើក​​​ឡើង​​​ថា អំឡុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែធ្នូ​​​លោក កឹម​​​ សុខា បាន​​​ធ្វើ​​​ឲ្យ​​​​លោក​ស្រី​មានការ​​​តក់​​​ស្លុត​​​ ដោយ​​​សារ​​​លោក​​​បាន​​​យក​​​​​លោក​ស្រី​ធ្វើ​​​ជា​​​ប្រភព​​​នៃ​​​ការ​​​អ​​​ះ​​​អាង​​​របស់​​​លោក​​អំពី​ លោក​​​ សម រង្ស៊ី។

លោក​​​ស្រី សុភាព ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “មនុស្ស​​​ម្នាក់​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ខ្ញុំ​​​បាន​​​និយាយ​​​ថា​​​ លោក សម រង្ស៊ី បាន​​​ទទួល​​​ប្រាក់​​​ចំនួន​​​៤០​​​លាន​​​ដុល្លារ​​​ ហើយ​​​ដក​​​ទុក​​​២០​​​លាន​​​ដុល្លារ នេះ​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​។លោក​​​ កឹម សុខា បាន​​​លើក​​​ឡើង​​​​​​ពី​​​បញ្ហា​​​នេះ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ ហើយ​​​បន្ទាប់​​​មក​​​បាន​​​ឆ្លើយ​​​ដាក់​​​ខ្ញុំ​​​”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទាក់​​​ទិន​​​នឹង​​​លោក​​​ កឹម សុខា និង​​​លោក សម រង្ស៊ី ​​​ថា “ពួក​​​គាត់​​​​​​ទាំង​​​ពីរ​​​​​​​​​កំពុង​​​តែ​​​លេង​​​បាល់​​​ ហើយ​​​បន្ទាប់​​​មក​​​ស៊ុត​​​គ្រាប់​​​បាល់​​​នោះ​​​ដាក់​​​ខ្ញុំ​​​។ ខ្ញុំ​​​ទទួល​​​រង​​​ថ្ម​​​បាក់​​​ ហើយ​​​ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​រឿង​​​បែប​​​នេះ​​​បាន​​​ឡើយ​​​”។

លោកស្រី សុភាព បាន​​​បន្ត​​​អះ​​​អាង​​​ថា  គណៈកម្មាធិការ​​​របស់​​​ លោក អ៊ូ ច័ន្ទឫទ្ធិ​​​ គ្មាន​​​សិទ្ធិ​​​បណ្តេញ​​​លោក​​​ឡើយ​​​ ព្រោះ​​​លោក​​​ស្រី​​​គឺ​​​ជា​​​សមាជិក​​​​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​មួយ​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យោង​​​តាម​​​ច្បាប់​​​​​​ គណៈកម្មាធិការ​​​វិន័យ​​​មិន​​​អាច​​​បណ្តេញ​​​ខ្ញុំ​​​ចេញ​​​បាន​​​ទេ។ ដោយ​​​សារ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ត្រូ​​​វ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​សមាជ​​​ [របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ]​​​ នោះ​​​ ហេតុ​​​ដូច្នេះ​​​មាន​​​តែ​​​សមាជ​​​នេះ​​​ទេ​​​ដែល​​​អាច​​​បោះ​​​ឆ្នោត​​​បណ្តេញ​​​សមាជិក​​​គណៈកម្មាធិការ​​​​អចិន្ត្រៃយ៍​ណា​​​មួយ​​​”។

លោក​​​​​​ស្រី សុភាព ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​តែ​​​កោះ​​​ប្រជុំ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ ដើម្បី​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​ ប្រសិន​​​បើ​​​ចង់​​​ដក​​​សមាជិក​​​ភាព​​​បក្ស​​​របស់​​​លោក​​​ស្រី។

លោក​​​ស្រី សុភាព បាន​​​មាន​​​ប្រសាសន៍​​​​​​ថា “ដើម្បី​​​បណ្តេញ​​​នរណា​​​មួយ​​​ចេញ​​​ពីបក្ស​​​ វាសនា​​​របស់​​​បេក្ខភាព​​​នោះ​​​​​​ត្រូវ​​​តែ​​​សម្រេច​​​ដោយ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ ដែល​​​មាន​​​សមាជិក​​​១២៣​​​រូប​​​។ ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ត្រូវ​​​​​​តែ​​​មាន​​​សំឡេង​​​ភាគ​​​ច្រើន​​​ ឬ​​​សំឡេង​​​ពីរ​​​ភាគ​​​បី​​​ដើម្បី​​​បណ្តេញ​​​ខ្ញុំ​​​ចេញ​​​។ ប្រសិន​​​បើ​​​ការ​​​សម្រេច​​​បណ្តេញ​​​ខ្ញុំ​​​ចេញ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​ការ​​​ចុះ​​​ហត្ថលេខា​​​របស់​​​​​​លោក អ៊ូ ច័ន្ទឫទ្ធិ​​​ នោះ ​​​អ៊ីចឹង​​​គាត់​​​គឺ​​​ជា​​​ជន​​​ផ្តាច់​​​ការ​​​ហើយ​​​”។

លោក​​​ ច័ន្ទ​​​ឫទ្ធិ​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី សុភាព​​​ មាន​​​ការ​​​យល់​​​ច្រឡំ ហើយ​​​ថា គណៈកម្មាធិការ​​​របស់​​​លោក​​​មាន​​​សិទ្ធិ​​​បណ្តេញ​​​សមាជិក​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “អ្វី​​​ដែល​​​គាត់​​​បាន​​​លើក​​​ឡើង​​​ គឺ​​​ជា​​​ការ​​​ស្រមើល​​ស្រមៃ​​​របស់​​​គាត់​​​ ហើយ​​​​​​វា​​​គ្មាន​​​អ្វី​​​ដែល​​​រំលោភ​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​ ឬ​​​លក្ខ​​​​ខណ្ឌ​​​បក្ស​​​ឡើ​​​យ​​​។ យើង​​​មាន​​​សិទ្ធិ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ដាក់​​​ទោស​​​ទណ្ឌ​​​លើ​​​សមាជិក​​​​​​បក្ស​​​​គ្រប់​លំដាប់​​​ថ្នាក់​​​ទាំង​​​អស់​​​”។

លោក​​​ មុត​​​ ចន្ថា នាយ​​​ខុទ្ទកាល័យ​​​របស់​​​លោក កឹម សុខា បាន​​​លើក​​​ឡើង​​​ថា ​​​ថ្វី​​​បើ​​​មាន​​​ការ​​​សម្រេច​​​ពី​​​គណៈកម្មាធិការ​​​វិន័យ​​​ក៏​​​ដោយ​​​ក្តី​​​ តែ​​​លោក​​​ស្រី សុភាព ​​​នៅ​​​តែ​​​ជា​​​ជំនួយ​​​ការ​​​របស់​​​លោក កឹម សុខា ដដែល​​​​​​នៅ​​​ក្នុង​​​ពេល​​​ឥឡូវ​​​។

លោក ចន្ថា បាន​​​មាន​​​ប្រសាសន៍​​​ថា “តំណែង​​​របស់​​​គាត់​​​ គឺ​​​នៅ​​​ដដែល​​​សិន​​​។ ខ្ញុំ​​​បាន​​​និយាយ​​​ជា​​​មួយ​​​ប្រធាន​​​គណៈកម្មាធិការ​​​វិន័យ​​​រួច​​​ហើយ​​​ ហើយ​​​គាត់​​​នៅ​​​មាន​​​ពេល​​​ប្រាំពីរ​​​ថ្ងៃ​​​ដើម្បី​​​ប្តឹង​​​ជំទាស់​​​​​​​​​នឹង​​​សេចក្តី​​​សម្រេច​​​នេះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​ក៏​​​កំពុង​​​តែ​​​រង់​​​ចាំ​​​លោក កឹម សុខា អនុប្រធាន​​​ទី​​​១​​​ត្រឡប់​​​មក​​​ពី​​​​អឺរ៉ុប​​​វិញ​​​ផង​​​ដែរ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​បញ្ហា​​​រឿង​​​នេះ​​​”៕ស៊ុយ​​​ឈាង​​​

 

© 2014 – 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.