គេហទំព័រ​លក់​សំបុត្រ​រថយន្ត​ក្រុង​តាម​អុីនធើណិត​ត្រូវ​បាន​បើក​ជាលើក​ដំបូង​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ SEA Ventures បាន​បើក​ឲ្យ​មាន​ការ​លក់​សំបុត្រ​រថយន្ត​ក្រុង​​តាម​​អុីនធើណិត​​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​កម្ពុជា​កាលពីសប្ដាហ៍​មុន ដោយ​ចាប់​ដៃ​គូរ​​ជាមួយ​ក្រុម​ហ៊ុន​ចំនួន​ប្រាំពីរ ដែល​រួម​មាន​ដូច​ជា ក្រុម​ហ៊ុន​ Giant Ibis និង​ក្រុម​ហ៊ុន Mekong Express ជា​ដើម​ ដើម្បី​ឈាន​ទៅ​រក​ទីផ្សារ​ដ៏​ទូលំទូលាយ​មួយ​។

គេហទំព័រ​ CamboTicket.com ផ្ដល់​តារាង​នៃ​សេវា​កម្ម​រថយន្ត​ក្រុង​ក្នុង​ស្រុក និង​ឆ្លង​កាត់​ព្រំដែន​ ដោយ​មាន​ប្រាប់​ពី​ថ្ងៃ​​ត្រូវ​ចេញ​ដំណើរ​ រយៈ​ពេល​នៃ​ការ​ធ្វើ​ដំណើរ និង​​ឈ្មោះ​ក្រុម​ហ៊ុន​នីមួយៗ​​​ដែល​គ្រប់​គ្រង​ប្រតិបត្តិ​​ការ​ទាំង​នេះ​។ គេហទំព័រ​នេះ​​ត្រូវ​បាន​បើក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​ ហើយ​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​អាច​កក់​​សំបុត្រ​​រថយន្ត​ក្រុង​តាម​អុីនធើណិត​បាន​ ដោយ​បង់​ប្រាក់​តាម​​វីង ឬកាត​ធនាគារ​ ហើយ​អាច​ទទួល​បាន​សំបុត្រ​របស់​ខ្លួន​តាម​រយៈ​អុីម៉េល។

លោក Rahul Anand ស្ថាបនិក​​ក្រុម​ហ៊ុន​ SEA Ventures បាន​លើក​ឡើង​ថា គេហទំព័រ​នេះ​មាន​រថយន្តក្រុង​ដែល​ជាដៃ​គូ​​​ប្រហែល​២០០​គ្រឿង ដោយ​រត់​នៅ​លើ​ផ្លូវ​ចំនួន​៣០​ខ្សែ។ លោក​មាន​ផែន​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​រថយន្ត​ក្រុង​តូចៗ​ប្រហែល​៥០​ទៀត​នៅ​ថ្ងៃ​អនាគត។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​យើង​ចាប់​ដៃគូ​ជាមួយ​ក្រុម​ហ៊ុន​ធំៗ​រួច​ហើយ​នោះ បន្ទាប់​មក​​ក្រុម​ហ៊ុន​ផ្សេង​ៗ​ទៀត​នឹង​ធ្វើ​តាម​ ព្រោះ​ប្រសិន​បើ​ពួកគេ​មិន​ធ្វើ​តាម​ទេ ​ពួកគេ​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ចាប់​ផ្ដើម​នូវ​គំនិត​បែប​នេះ​។ យើង​មិន​មែន​ចង់​ប្រកួត​ប្រជែង​​ជាមួយ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​រថយន្ត​ក្រុង​នោះ​ទេ តែ​យើង​គឺ​ជា​អ្នក​ពង្រីក​មធ្យោបាយ​ចែក​ចាយ​​សេវា​កម្ម”។

លោក Anand បាន​លើក​ឡើង​ទៀត​ថា សេវា​កម្ម​វីង​​ដែល​កំពុង​មាន​ប្រជាប្រិយភាព​​អាច​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​គ្មាន​គណនេយ្យ​ធនាគារ និង​កាត​ឥណទាន​​អាច​មាន​លទ្ធភាព​ទិញ​សំបុត្រ​​រថយន្ត​តាម​អុីនធើណិត​បាន​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ” ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​​គឺ​វា​ក្មេងខ្ចី​មែន ប៉៉ុន្តែ​​វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​”។

លោក គាន គុនវុធ អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុម​ហ៊ុន​ VGS Travel&Tour ​ជា​ក្រុម​ហ៊ុន​ដៃគូ​ជាមួយ​ក្រុម​ហ៊ុន SEA Ventures ដែល​គ្រប់​គ្រង​គេហទំព័រ​ CamboTicket.com បាន​លើក​ឡើង​ថា គេហទំព័រ​នេះ​អាច​កាត់​បន្ថយ​ការ​លំបាក​ក្នុង​ការ​​ធ្វើ​ដំណើរ​មក​កាន់​​ភ្នាក់​ងារ​​ទេសចរណ៍​ ប៉ុន្តែ​វា​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​ដែល​មិន​ធ្លាប់​ទិញ​អ្វី​ៗ​តាម​អុីនធើណិត​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​របស់​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍​ថា ” វា​មាន​គុណវិបត្តិ​ខ្លះ​ក្នុង​ការ​​កក់​សំបុត្រ​រថយន្ត​ក្រុង​តាម​អុីនធើណិត។ ឧទាហរណ៍ ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម​ ប្រសិន​បើ​អតិថិជន​មិន​ផ្ដល់​អាសយដ្ឋាន​ទាក់​ទង​លម្អិត​ ឬព័ត៌មាន​ផ្សេងៗ​ឲ្យ​បាន​​ត្រឹម​ត្រូវ​នោះ​ទេ ​ក្រុម​ហ៊ុន​មិន​អាច​​ផ្ដល់​ដំណឹង​អំពី​ការ​ផ្លាស់​ប្ដូរ​កាលវិភាគ​​​​នៃ​ការ​ធ្វើ​ដំណើរ​ដល់​អតិថិជន​បាន​ឡើយ​”៕ ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ កង សុធា)​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.