ចាងហ្វាង​កាសែត ​The Cambodia Daily​ អះអាង​ថា គ្មាន​គម្រោង​​វិល​ទៅកម្ពុជា​វិញ​នោះ​ឡើយ​

ម្ចាស់​កាសែត​ The Cambodia Daily ​អ្នកស្រី ​Deborah Krisher Steele​ បាន​អះអាង​ជា​ថ្មីទៀត​ថា​ កាសែត​មួយ​នេះ​នឹង​មិន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ជា​ដាច់ខាត​ដរាប​ណា​ច្បាប់​របស់​កម្ពុជា​មិន​ទាន់​រឹងមាំ​ល្អ។​

ការ​បញ្ជាក់​ជំហរ​ចុង​ក្រោយ​របស់​ម្ចាស់​កាសែត ​The Cambodia Daily ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ​បាន​ ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​ម្ចាស់​កាសែត​ The Cambodia Daily ​ដែល​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិ​ការ​ និង​បាន​បិទ​គណនី​ធនាគារ​របស់​ខ្លួន​ ដោយ​សារតែ​ជំហរ​រិះគន់​រដ្ឋាភិបាល។​រដ្ឋាភិបាល​អះអាង​ថា​ សារ​ព័ត៌មាន​ The Cambodia Daily​បាន​ដំណើរ​ការ​អាជីវ​កម្ម​របស់​ខ្លួន​ចាប់​តាំងពី​ឆ្នាំ​២០០៧​មក​ ដោយ​មិន​បាន​បង់​ពន្ធ​នោះ​ឡើយ ​ហើយ​ថា​ ពន្ធ​ទាំងនោះ​មាន​ទឹក​ប្រាក់​ដល់​ជាង​ ៦​លាន​ដុល្លារ​អាមេរិក។​

ប៉ុន្តែ​អ្នកស្រី ​Deborah Krisher Steele​ ដែល​ជា​ម្ចាស់​កាសែត​ The Cambodia Daily​អះអាង​ថា​ រដ្ឋាភិបាល​កន្លង​មក​បាន​ចោទ​ប្រកាន់​     ស្ថាប័ន​កាសែត​របស់​អ្នកស្រី​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​បដិវត្តន៍​ពណ៌​រួមជា​មួយ​អង្គការ​អាមេរិកាំង​ដទៃ​ទៀត​ ហើយ​ក្រោយ​មក​រដ្ឋាភិបាល​បាន​ប្តូរ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ទៅ​លើ​បញ្ហា​ពន្ធដារ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​​Fresh News​ទៅ​វិញ​ ថា​ បើ​សារ​ព័ត៌មាន​មួយ​នេះ​មិន​ព្រម​បង់​លុយ​ចំនួន​៦​លាន​៣​សែន​ដុល្លារ​ ដល់​រដ្ឋាភិបាល​ទេ​ នោះ​រដ្ឋាភិបាល​នឹង​បិទ​កាសែត​មួយ​នេះ​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ជា​កំហិត។​ អ្នកស្រី​បន្ត​ថា​ បន្ទាប់​មក​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិ​ការ​ និង​បាន​បិទ​គណនី​ធនាគារ​របស់​កាសែត ​The Cambodia Daily​ដែល​ធ្វើឲ្យ​កាសែត​មួយ​នេះមិន​អាច​ដក​លុយ​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​បាន។​

អ្នកស្រី ​Deborah Krisher Steele ​បន្ត​ថា​ សមត្ថ​កិច្ច​នៃ​របប​លោក​ហ៊ុន សែន​ បាន​ហាម​មិ​នឲ្យ​លោក​Douglas Steele ​ដែល​ជា​ស្វាមី​របស់​អ្នកស្រី​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​រយៈ​ពេល​៦​ខែ​ដោយ​មិន​បាន​ជួប​មុខ​កូនប្រុស​របស់​អ្នក​ទាំង​ពីរ​ថែម​ទៀត។ ​ អ្នកស្រី​បន្ត​ថា​ រដ្ឋាភិបាល​បាន​ចោទ​អ្នកស្រី​ពីបទ​បរិហារ​កេរ្តិ៍​ថែម​ទៀត ​ហើយ​ថា​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​កាសែត ​The Cambodia Daily​គឺ​​ដោយសារ​តែ​កាសែត​មួយ​នេះ​ហ៊ាន​និយាយ​ពី​ការណ៍​ពិត​ និង​ហ៊ាន​រិះគន់​រដ្ឋាភិបាល។​

ទោះ​ជាយ៉ាង​ណាក៏​ដោយ​អ្នកស្រី​ប្រកាស​ថា​ ស្ថាប័ន​កាសែត ​The Cambodia Daily​នឹង​មិន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ​ទេ ​ដរាបណា​កម្ពុជា​នៅតែ​អនុវត្ត​នយោបាយ​ចាប់​ហើយ​ដោះលែង​វិញ​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដដែលៗ​ អំពើ​ពុករលួយ​ ការ​ប្រើ​ប្រាស់​ស្ថាប័ន​ពន្ធដារ​ និង​តុលាការ​ជា​ឈ្នាន់​ដើម្បី​គំរាម​កំហែង​ខាង​ផ្នែក​នយោបាយ​ដល់​ស្ថាប័ន​សារ​ព័ត៌មាន។ អ្នកស្រី​បន្ត​ថា​ សារ​ព័ត៌មាន​ The Cambodia Daily ​នឹង​បន្ត​ជីវិត​ទីពីរ​របស់​ខ្លួន​នៅលើ​បណ្តាញ​អ៊ិនធឺណេត​វិញ​ម្តង​ ហើយ​រហូត​មក​ទល់​ពេល​សារ​ព័ត៌មាន​មួយ​នេះ​កំពុង​ទទួល​ការ​ស្វាគមន៍​ និង​ការ​ចូល​មើល​ច្រើន​ពី​ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​ហ្វេសប៊ុក៕​​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.