ចំណូល​របស់ ហេឡូ កើនបាន ​២៧​ភាគរយ​ក្នុងត្រី​មាស​ដំបូង​

ក្រុម​ហ៊ុនអេហ្សៀតាគ្រុប (Axiata Group)ដែល​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​មាន ​មូលដ្ឋាននៅ​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ពុធ​ថា​ ប្រាក់ចំណូល​នៅ​ក្រុម​ហ៊ុន ហេឡូ​(Hello) ដែលបាន​ផ្តល់​សេវាទូរស័ព្ទ​ចល័ត​របស់ខ្លួន​នៅលើ​ទីផ្សារប្រទេស​កម្ពុជា​ បាន​កើន​ឡើង​២៧,៣ភាគរយ​ ពោលគឺកើនឡើង​ដល់​២,២១​លានដុល្លារ​ បើគិត​ត្រឹម​ដំណាច់​ត្រីមាស​ទី១​នៃឆ្នាំ​នេះ បើ​ធៀប​នឹង​អត្រា​ប្រាក់​​ចំណូល​របស់ខ្លួន​ក្នុងរយៈ​​​ពេល​ដូចគ្នា​ កាលពីឆ្នាំ​២០១១។

របាយ​ការណ៍​ហិរញ្ញវត្ថុ​ ដែល​ក្រុម​ហ៊ុនអេហ្សៀតា គ្រុប បាន​រៀបចំផ្ញើ​ទៅ​ផ្សារ​មូលបត្រ​ម៉ាឡេស៊ីបាន​បង្ហាញថា​ ចំនួន​​អតិថិជន​ ដែល​ប្រើប្រាស់សេវា​របស់ខ្លួន​ក្នុង​ត្រីមាស​ដំបូង​ កើន​ឡើង​ជិត​ទ្វេដង ពោល​គឺកើនឡើង​ពី១,១ លាននាក់ កាលពីឆ្នាំ​មុន ​មកពីរ​លាន​នាក់ ​នៅ​ត្រឹ​ដំណាច់​ខែ​មីនានៃ​ឆ្នាំនេះ។

ប្រាក់ចំណូល​មុនបង់ពន្ធកើន​ឡើង​ បាន​៩៤៨.០១៧ដុល្លារ​។លោកសាយ​ម៉ុនភឺគីន (Simon Perkins) ប្រធាននាយ​ក​ប្រតិបត្តិរបស់​ក្រុម​ហ៊ុ​ន​ ហេឡូអេហ្សៀ​តា (Hello Axiata) បាន​មានប្រសាសន៍ថា ក្រុម​ហ៊ុននៅ​តែ​មាន​សមត្ថភាព​ប្រកួត​ប្រ​ជែង​នៅ​លើ​ទីផ្សារកម្ពុជា​ដដែល​ ទោះបីជា​ទីផ្សារនេះមានសភាព​តឹង​តែង​យ៉ាងណាក៏ដោយ ពីព្រោះ​ក្រុម​ហ៊ុននេះ​បាន​ផ្តល់​ឲ្យអតិថិជនរបស់ខ្លួននូវ​តម្លៃ​សេវា​ថោក ហើយ​ទូរស័ព្ទ​អាច​ប្រើបាន​ស៊ីមកាត​រហូត​ដល់ទៅបី។

លោកបានមានប្រសាសន៍ថា “ផលិតផល​ទូរស័ព្ទ​របស់យើង​ទទួលជោគជ័យ​ខ្លាំង​នៅ​លើទីផ្សារ​។ យើង​ក៏​មាន​ផលិត​ផល​ទូរស័ព្ទម៉ាក Blackberry សម្រាប់​វាយ​លុកទីផ្សារ​​យ៉ាង​​ខ្លាំងក្លា ហើយផលិតផល​ទូរស័ព្ទ Blackberry ចេញថ្មី​​ នៅតែបន្ត​ដឹក​នាំ​ទីផ្សារ​​ផងដែរ”៕

ប្រែ​សម្រួ​លដោយកង​ សុធា

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.