ជន​​​ជាតិ​​​រុស្សី​​​ម្នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​បើក​​​រថយន្ត​​​បុក​​​សិស្ស​​​ម្នាក់​​​ឲ្យ​​​ស្លាប់​​​

នគរ​​​បាល​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​កាល​​​ពី​​​ម្សិល​​មិញ​​​ថា បុរស​​​ជន​​​ជាតិ​​​រុស្សី​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ កាល​​​ពី​​​វេលា​​​ទៀបភ្លឺ​​​ឈាន​​​ចូល​​​ថ្ងៃ​​​អាទិត្យ​​​ ពី​​​បទ​​​​​​ធ្វើ​​​ឲ្យ​​​សិស្ស​​​អាយុ​​​២១​​​ឆ្នាំ​​​ម្នាក់​​​ស្លាប់​​​នៅ​​​ពេល​​​ជន​​​ជាតិ​​​រុស្សី​​​រូប​​​នេះ​​​បាត់​​​បង់​​​ការ​​​គ្រប់​​​គ្រង​​​លើ​​​រថយន្ត​​​របស់​​​ខ្លួន​​​ ខណៈ​​​បើក​​​បរ​​​ទាំង​​​ស្រវឹង​​​ ហើយ​​​បុក​​​ម៉ូត​​ូ​​​របស់​​​ជន​​​រងគ្រោះ​​​។

លោក កេត សុភា នាយ​​​រង​​​នគរ​​​បាល​​​ចរាចរ​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ហេតុ​​​ការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​ ដោយ​​​សារ​​​ជន​​​ជាតិ​​​រុស្សី​​​រូប​​​នេះ​​​បាន​​​បើក​​​បរ​​​ក្រោម​​​ឥទ្ធិពល​​​គ្រឿង​​​ស្រវឹង​​​ ហើយ​​​បាន​​​បើក​​បរ​​​ក្នុង​​​ល្បឿន​​​លឿន​​​ខ្លាំង​​​ណាស់​​​”។

លោក សុភា បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​នោះ​​​ថា មាន​​​ឈ្មោះ Denis Valov អាយុ​​​៣៦​​​ឆ្នាំ​​​ ជន​​​ជាតិ​​​រុស្សី​​​​​​ ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា បាន​​​ដឹក​​​អ្នក​​​ដំណើរ​​​ចំនួន​​​ពីរ​​​នាក់​​​នៅ​​​ពេល​​​រំលង​​​អាធ្រាត្រ​​​ហើយ​​​ពេល​​​នោះ​​​រថយន្ត​​​ម៉ាក Volvo របស់​​​ជន​​​ជាតិ​​​រុស្សី​​​រូប​​​នេះ​​​បាន​​​បុក​​​​​​របាំង​​​ពុះ​​​ចែក​​​ទ្រូង​​​ផ្លូវ​​​ ហើយ​​​ចូល​​​ទៅ​​​ចំណែក​​​ផ្លូវ​​​ម្ខាង​​​ទៀត​​​ ដោយ​​​បុក​​​​​​ម៉ូតូ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ស៊ុន ចំណាន អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​ធ្វើ​​​ដំណើរ​​​មក​​​ពី​​​មុខ​​​។

លោក សុភា បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ស៊ុន ចំណាន បាន​​​បាត់​​​បង់​​​ជីវិត​​​ដោយសារ​​​របួស​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ក្រុង​​​ព្រះ​​​សីហនុ ប្រហែល​​​៣​​​ម៉ោង​​​ក្រោយ​​​ពេល​​​កើត​​​ហេតុ​​​។​​​​​​​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឆ្លង​​​កាត់​​​តាម​​​ការ​​​ត្រួត​​​ពិនិត្យ​​​របស់​​​យើង​​​ រថយន្ត​​​នេះ ប្រហែល​​​ជា​​​បាន​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​ចន្លោះ​​​ពី​​​១១០ទៅ​​​១២០​​​គីឡូម៉ែត្រ​​​ក្នុង​​​១​​​ម៉ោង ព្រោះ​​​យើង​​​បាន​​​ឃើញ​​​​​​ស្នាម​​​ដាន​​​កង់​​​រថយន្ត​​​​​​​​​អូស​​​ប្រហែល​​​៥០​​​ម៉ែត្រ​​​”។

លោក​​​ សុភា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ស៊ុន ចំណាន គឺ​​​ជា​​​សិស្ស​​​ថ្នាក់​​​ទី​​​១២​​​ម្នាក់​​​ ដែល​​​​​​រៀន​​​បណ្ដើរ​​​ធ្វើ​​​ការ​​​ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​បណ្តើរ​​​​​​ ដើម្បី​​​ជួយ​​​ផ្គត់​​​ផ្គង់​​​ជីវភាព​​​គ្រួសារ​​​។ ជន​​​សង្ស័យ Valov ដែល​​​ធ្វើការ​​​នៅ​​​សណ្ឋាគារ និង​​​ភោជនីយដ្ឋាន​​​​​​ផ្ទះ​​​ពស់​​​ ដែល​​​ជា​​​របស់​​​លោក​​​  Nikolai Doroshenko អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​រុស្សី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​កន្លែង​​​​​​ដែល​​​កើត​​​ហេតុ​​​​​ ជា​​​កន្លែង​​​នគរបាល​​​បាន​​​ប្រើ​​​ឧបករណ៍​​​វាស់​​​កម្រិត​​​ជាតិ​​​អាល់​​​កុល​​​ ដើម្បី​​​ធ្វើ​​​តេស្ត​​​​​​កម្រិត​​​ជាតិ​​​អាល់​​​​​​កុល​​​​​​​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​មាន​​​កម្រិត​​​ជាតិ​​​អាល់​​​កុល​​​ ០.៥៥​​​មីលីលីត្រ​​​។

បើ​​​យោង​​​តាម​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​របស់​​​ប្រទេស​​​កម្ពុជា​​​ អ្នក​​​បើក​​​បរ​​​​​​គឺ​​​តម្រូវ​​​មិន​​​ឲ្យ​​​មាន​​​កម្រិត​​​ជាតិ​​​អាល់​​​កុល​​​​​លើស​​​ពី​​​០.៥​​​មីលីលីត្រ​​​ឡើយ​​​។

លោក អីុ​​​ សុខា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​សង្ស័យ Valov នឹង​​​ត្រូវ​​​បញ្ចូន​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​​​​​​​​​​​​​​​​​​​ ដើម្បី​​​រង់​​​ចាំ​​​ឡើង​​​សវនាការ​​​ ហើយ​​​ថា នគរ​​​បាល​​​បាន​​​ធ្វើ​​​របាយការណ៍​​​ជូន​​​តុលាការ​​​​​​រួច​​​ហើយ​​​​​​​​​។

លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មាន​​​អារម្មណ៍​​​សោក​​​ស្តាយ​​​ណាស់​​​ចំពោះ​​​សិស្ស​​​រូប​​​នេះ ព្រោះ​​​គេ​​​នឹង​​​ត្រូវ​​​ចូល​​​រួម​​​ប្រឡង​​​បាក់​​​ឌុប​​​របស់​​​ខ្លួន​​​​​​ [កាល​​​ពី​​​ម្សិល​​​មិញ]”។

លោក រាម ច័ន្ទ​​​មុនី ព្រះរាជ​​​អាជ្ញា​​​រង​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​បញ្ចប់​​​ការ​​​សាក​​​សួរ​​​ជន​​​សង្ស័យ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ហើយ​​​បាន​​​បញ្ជូន​​​ជន​​​នេះ​​​ទៅ​​​ពន្ធ​​​នាគារ​​​ខេត្ត​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ​​​ដើម្បី​​​រង​​​់ចាំ​​​ការ​​​បើក​​​សវនាការ​​​។

បុគ្គលិក​​​ម្នាក់​​​នៅ​​​សណ្ឋាគារ និង​​​ភោជនីយដ្ឋាន​​​ផ្ទះ​​​ពស់​​​ បាន​​​បញ្ជាក់​​​​តាម​​​ទូរស័ព្ទ​​​ថា ជន​​​ជាតិ​​​រុស្សី​​​​​​ម្នាក់​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ​​​្លួន ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​បន្ថែម​​​ណា​​​មួយ​​​ឡើយ។

ស្ថាន​​​ទូត​​​រុស្សី មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​នោះ​​​ទេ​​​។ រីឯ​​​លោក Doroshenko វិញ​​​ក៏​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ដែរ​​​៕ស៊ុយ​​​ឈាង​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.