ជប៉ុនចាប់ដៃសហភាពអឺរ៉ុបទប់ស្កាត់គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនវាយលុកចូលអាស៊ីនិងអឺរ៉ុប

ជប៉ុន និង សហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធរួមគ្នាមួយដើម្បីតភ្ជាប់អឺរ៉ុបមកកាន់អាស៊ីក្នុងការប្រជែងនឹងមហិច្ឆិតាចិននៃយុទ្ធសាស្រ្ដផ្លូវមួយខ្សែក្រវាត់មួយ។

នាយករដ្ឋមន្រ្ដីជប៉ុន Shinzo Abe និងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោក Jean-Claude Juncker បានចុះហត្ថលេខារួមគ្នានេះ កាលពីថ្ងៃទី២៨កញ្ញា នៅទីក្រុងព្រុចហ្សែលប្រទេសបែលហ្សិក។

កិច្ចព្រមព្រៀងនេះ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ចូន និង គម្រោងឌីជីថលដែលតភ្ជាប់អឺរ៉ុបនិងអាស៊ី គឺជាផ្នែកមួយនៃ

យុទ្ធសាស្រ្ត “Asia connectivity” នឹងត្រូវសម្ពោធនៅចុងឆ្នាំ២០១៩នេះគឺចំពេលពិភពលោកមានការព្រួយបារម្ភអំពីយុទ្ធសាស្រ្ដផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ក្នុងការស្ថាបនារថភ្លើងផ្លូវកំពង់ផែជុំវិញពិភពលោកដោយប្រើប្រាស់លុយរាប់រយពាន់លានដុល្លារក្នុងគម្រោងកម្ចីរបស់ចិន។

កិច្ចព្រមព្រៀងនេះ សម្រាប់ ជប៉ុន និង សហភាពអឺរ៉ុប បានសង្កត់ធ្ងន់នូវគម្រោងសំខាន់ៗដែលជម្រុញឱ្យមានស្ថេរភាពផ្នែកបរិស្ថាននិងតម្លាភាពហិរញ្ញវត្ថុ ដើម្បី បកស្បែកមុខនៃគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ ដែលធ្វើឱ្យមានការរិះគន់ថាចិនបានប្រើប្រាស់វាឱ្យក្លាយជាអន្ទាក់បំណុលដល់ប្រទេសមួយចំនួនហើយមិនអាចមានលទ្ធភាព សងប្រាក់កម្ចីទៅចិនវិញ ទាន់ពេលវេលា។

ប្រធានគណៈកម្មការអឺរ៉ុបថ្លែងថា ការភ្ជាប់ទំនាក់ទំនងនេះត្រូវតែមានស្ថេរភាពក្នុងអត្ថន័យនៃហិរញ្ញវត្ថុ ដោយត្រូវតែបន្សល់ឱ្យអ្នកជំនាន់ក្រោយ បានស្គាល់នូវអន្ដរទំនាក់ទំនងរបស់ពិភពលោក  អំពីបរិស្ថានដ៏ស្រស់ស្អាត តែ មិនមែនជាភ្នំនៃបំណុលឡើយ។ អ្វីដែលសំខាន់ក៏ជាចំណុចចាប់ផ្ដើមនៃការបង្កើតអន្ដរទំនាក់ទំនងរវាងប្រទេសនានាលើពិភពលោកមិនមែនជាការពឹងផ្អែកតែលើប្រទេសមួយប៉ុណ្ណោះ ដែលលោកចង់និយាយថា គឺប្រទេសចិន។

តែយ៉ាងណា ប្រធានគណៈកម្មការសហភាពអឺរ៉ុបទទូចថាការដែលជម្រុញឱ្យមានទំនាក់ទំនងផ្លូវតភ្ជាប់មក អាស៊ីគឺមិនមែនជាចេតនាប្រជែងនឹងគម្រោងផ្លូវមួយខ្សែក្រវាត់មួយនោះទេ តែមន្រ្ដីជាន់ខ្ពស់មួយរូបបែរជាគូសបញ្ជាក់ថាវាពិតណាស់ ជាការទប់ស្កាត់ គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដែលកំពុងវាយលុកចូលអាស៊ីនិងអឺរ៉ុប។

តាមប្រភពព័ត៌មាន Japan Times  ចិនថាពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងប្រទេសមានតំណភ្ជាប់ផ្លូវមួយខ្សែក្រវាត់មួយគឺកើនទឹកប្រាក់ដល់ទៅ៥ពាន់ពាន់លានដុល្លារ ហើយសម្រាប់ចិនត្រូវបានគេមើលឃើញថា យុទ្ធសាស្រ្ដផ្លូវមួយខ្សែក្រវាត់មួយនេះគឺជាការប្រើប្រាស់នូវអំណាចទន់ក្នុងការវិនិយោគផ្ទាល់ទៅដល់ប្រទេសនូវសាច់ប្រាក់ប្រមាណ៦០ពាន់លានដុល្លារ។

មន្រ្តីជាន់ខ្ពស់អឺរ៉ុបនោះបានិយាយថា ចិនគឺជាអ្នកមកដាស់តឿនអឺរ៉ុបថាត្រូវមានអ្វីមួយដែលកំពុងធ្វើប៉ុន្ដែចិនបានប្រើប្រាស់សម្រាប់គោលបំណងភូមិសាស្រ្ដនយោបាយច្រើនជាង។

សហភាពអឺរ៉ុបបានផ្ដល់នូវកម្ចីដ៏ធំសម្បើម  រួមមានទាំងការផ្ដល់សម្បទាន ជំនួយក្នុងការអភិវឌ្ឍនៅជុំវិញពិភពលោក ប៉ុន្ដែសហភាពអឺរ៉ុបមានដែនកំណត់នូវភាពជោគជ័យនៃការបង្កើតឥទ្ធិពលដោយគិតអំពីបញ្ហាសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាធំ។

មជ្ឈដ្ឋានផ្សេងៗ ទាំងសហភាពអឺរ៉ុប និងជប៉ុន រំពឹងថា សហភាពអឺរ៉ុបនឹងអាចដើរតួនាទីកាន់តែសំខាន់ក្នុងនយោបាយ និងគម្រោងទំនាក់ទំនងអាស៊ីដោយយុទ្ធសាស្ត្រទប់ឥទ្ធិពលចិន។ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោក Jean-Claude Juncker បានបង្ហាញមហិច្ឆិតាថាបើពិភពលោកកាន់កាប់ដោយអាមេរិក និង ចិនគឺត្រូវតែមាន កន្លែងជាច្រើនទៀតនៃពិភពលោកដើម្បីសម្លឹងមើលមហាអំណាចអឺរ៉ុបផងដែរ ។

លោកបន្តថាសហភាពអឺរ៉ុបគឺត្រូវតែបង្ហាញជំហររួមគ្នានូវយុទ្ធសាស្រ្ដស៊ីជម្រៅណាមួយឱ្យបានប្រាកដមែន ជាពិសេស ជាមួយប្រទេសជប៉ុន ។តែលោកថាពេលនេះ សហភាពអឺរ៉ុបត្រូវប្រឈមនឹងការសម្រុកវិនយោគដ៏គំហុក  របស់ចិននៅអឺរ៉ុបខាងកើត។ ទោះជាយ៉ាងណា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន កំពុងវាយលុក ចូលទៅកាន់ប្រទេស និងអង្គការអន្តរជាតិជាង១៥០នៅទូទាំងពិភពលោក ក្នុងនោះមានទាំងប្រទេសមួយចំនួននៃសមាជិករបស់សហភាពអឺរ៉ុបផងដែរ។

ប៉ុន្តែ គំរោងនេះ ក៏កំពុងរងនូវការរិះគន់ថា ប្រទេសកូនបំណុលចិន បានធ្វើអោយខូចធ្ងន់ធ្ងរ នូវបរិស្ថាន និងសម្បត្តិធម្មជាតិ ជាខ្លាំងនៃប្រទេសកូនបំណុលទាំងនោះ។

នៅក្នុងតំបន់អាស៊ី មានប្រទេសខ្លះ បានធ្លាក់ក្នុងបំណុលចិន ដោយរើខ្លួនមិនរួច ហើយទីបំផុត ចិនរឹបអូសសំណង់ឧស្សាហកម្មយកមកស្ថិតក្នុងភាគហ៊ុន របស់ខ្លួន ក្នុងរយៈពេលជួល ៩៩ឆ្នាំ។  ប្រទេសទាំងនោះ គេអាចរាប់ប្រទេសស្រីលង្កា ប៉ាគិស្ថានជាដើម។

ដោយឡែកកោះម៉ាល់ឌិវ តាមរយៈរដ្ឋាភិបាល ថ្មី គឺប្រទេសឥណ្ឌា បាន សម្រេចអោយ ប្រទេសកោះតូចមួយ ខ្ចី១៥០០លានដុល្លារដើម្បី បង្វិលសងចិនវិញ ព្រោះ រដ្ឋាភិបាលថ្មីប្រទេសកូនកោះនេះ ជាមិត្តរបស់ឥណ្ឌា។

ជាមួយគ្នានេះ ជប៉ុន និងឥណ្ឌា បានចុះកិច្ចព្រមព្រៀង នឹងគ្នា កាលពីដើមឆ្នាំ២០១៩នេះ សម្រេចទប់ស្កាត់ មហិច្ឆិតារបស់ចិនផងដែរ ដោយផ្ដល់អោយ ស្រីលង្កានូវប្រាក់កម្ចីពាន់លានដុល្លារ ដើម្បី បង្វិលសងទៅចិនវិល គឺដើម្បីទប់ស្កាត់ មហាប្រទេសធំនេះ ក្នុងការរឹបអូសយកទីក្រុងកំពង់ផែមួយទៀតរបស់ស្រីលង្កា៕  

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.