រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ជួបជាមួយ​សមភាគី​ក្នុង​តំបន់

យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌​មាន​ថៃ​បាន​ឲ្យ​ដឹង​ថា លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​សំដែង​ការ​ជឿ​ទុក​ចិត្ត​លើ​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​យោធា​ថៃ ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​រវាង​មន្ត្រី​យោធា​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ទាំង​ពីរ ចាប់​តាំង​ពី​កងទ័ព​ថៃ​បាន​ដណ្តើម​អំណាច​ពីរ​ខែ​មក​ហើយ។

នាយឧត្តម​សេនីយ៍ ទៀ បាញ់ កាន់ដៃជាមួយ​​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ចាន់អូចា នៅ​ទី​ក្រុង​បាងកក​កាលពី​ម្សិលមិញ​ថា។​ Khaosod English
នាយឧត្តម​សេនីយ៍ ទៀ បាញ់ កាន់ដៃជាមួយ​​ឧត្តម​សេនីយ៍ ​ប្រាយុទ្ធ ចាន់អូចា នៅ​ទី​ក្រុង​បាងកក​កាលពី​ម្សិលមិញ​ថា។​ Khaosod English

យោង​តាម​គេហ​ទំព័រ​ព័ត៌មាន​ថៃ Khaosod English ឲ្យ​ដឹង​ថា នាយឧត្តម​សេនីយ៍ ទៀ បាញ់ បាន​ប្រាប់​ក្រុម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ រួម​ទាំង​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ចាន់អូចា នៅ​ទី​ក្រុង​បាងកក​កាលពី​ម្សិលមិញ​ថា លោក​ជឿ​ថា សកម្ម​ភាព​របស់​រដ្ឋាភិបាល​យោធា​ថៃ នឹង​នាំ​ទៅ​រក “សន្តិភាព​និង របៀបរៀបរយ” ហើយ​ថា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន “យល់​អំពី​ស្ថានការណ៍​នៅ​ប្រទេស​ថៃ​យ៉ាង​ច្បាស់”។

ពេលធ្វើ​មាតុនិវត្តន៍​ មក​ដល់​ភ្នំពេញ​វិញ​កាលពី​យប់​មិញ នាយឧត្តម​សេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ពលករ​ចំណាក​ស្រុក​និង​ការ​ពង្រឹងកិច្ច​សហ​ប្រតិបត្តិ​ការ​យោធា ក៏​ត្រូវ​បាន​លើក​មក​ពិភាក្សានៅ​ក្នុងកិច្ចប្រជុំដែរ។

កាលពី​ម្សិលមិញ​ដែរ គណៈ​ប្រតិភូ​ក្រសួង​មហា​ផ្ទៃ​មួយ​ក្រុម ដឹកនាំ​ដោយ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​វិល​ត្រឡប់​មក​ដល់​ក្រុង​ភ្នំពេញ​វិញ​ បន្ទាប់ពី​ការ​ចូលរួម​ជំនួប​កំពូលស្តីពី​សន្តិសុខ​រយៈ​ពេល​ពីរ​ថ្ងៃ ជាមួយ​ប្រទេស​ឡាវនិង​ប្រទេស​វៀតណាម។

លោក គៀត  ច័ន្ទថារិទ្ធ  អ្នក​នាំពាក្យ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នៅ​ក្រុង​ដាឡាត់ ប្រទេស​វៀតណាម បាន​ផ្តោត​លើ​បញ្ហា​ជាច្រើន នៅ​ក្នុងតំបន់​ដែល​គេ​ហៅ​ថា “ត្រី​កោណ​អភិវឌ្ឍន៍” ដែល​ប្រទេស​ទាំង​បី​មាន​ព្រំដែន​ប្រសព្វ​គ្នា៕ មានិត

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.