តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​មេ​សហជីព​៦​រូប​ឲ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​ជាង​២​ឆ្នាំ​

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ឬ​ហៅ​កាត់​ថា​  C-CAWDU​ លោក​អាត់ ធន់ ​កាលពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ ​បាន​សម្តែង​ការ​សោក​ស្តាយ​ និង​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​កាត់​ទោស​ឲ្យ​លោក​និង​មេ​ដឹកនាំ​សហជីព​៥​រូប​ទៀត​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​៦​ខែ​ និង​សង​ប្រាក់​ជាង​៣០​លាន​រៀល​ទៅ​ឲ្យ​មន្រ្តី​នគរបាល​ពីរ​រូប​ ដែល​ជា​ដើម​បណ្តឹង។​

តុលាការ​នៃ​របប​លោក​ហ៊ុន​ សែន ​កាលពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ ​បាន​សម្រេច​ឲ្យ​មេ​ដឹកនាំ​សហជីព​៦​រូប​ ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ ​ប៉ុន្តែ​ត្រូវ​បាន​ព្យួរ​ ពោល​គឺ​ពួក​គេ​មិន​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ឡើយ។​

មេ​សហជីព​ទាំង​នោះ ​រួម​មាន ​លោក​ជា មុនី ្ន​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ លោក​អាត់ ធន់​ ប្រធាន​សហជីព​C-CAWDU  ​លោក​ប៉ាវ ស៊ីណា ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​លោក​រ៉ុន ឈុន ​ ប្រធាន​សហភាព​សហជីព​កម្ពុជា​អ្នកស្រី​​យ៉ាង  សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា ​និង​​អ្នកស្រី​​ម៉ម ញឹម​  ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហ​កម្ម​កាត់ដេរ​កម្ពុជា។​

អ្នក​ទាំង​៦​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​កាលពី​អំឡុង​ឆ្នាំ​២០១៤​ ​នៅ​មុខ​សួន​កាណាឌីយ៉ា ​ស្ថិត​លើ​ផ្លូវ​វេងស្រេង។​
លោក​អាត់ ធន់​បាន​ប្រាប់​កាសែត​ The Cambodia Daily ​តាម​ទូរស័ព្ទ​ថា​ លោក​តែង​សង្ឃឹម​ថា​ តុលាការ​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ប៉ុន្តែ​អ្វីៗ​ខុស​ពី​ការ​គិត​របស់​លោក។ ​លោក​បន្ត​ថា​ ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​គឺ​ជា​ការ​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ចំពោះ​ទោស​កំហុស​ដែល​លោក​មិន​បាន​ប្រព្រឹត្ត។​ លោក​បន្ត​ថា​ សាលក្រម​នេះ​នឹង​ធ្វើ​ឲ្យ​លោក​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​សហជីព ​និង​សិទ្ធិ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ពលរដ្ឋ​ធម្មតា។​  លោក​អាត់ ធន់​អះអាង​ថា​ នៅ​ថ្ងៃពុធ​នេះ​ លោក​នឹង​ស្នើ​ទៅ​មេធាវី​របស់​លោក​ដើម្បី​រៀបចំ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.