តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​រ៉ាត់ រ័ត្នមុនី​ពីបទ​រើសអើង​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​រ៉ាត់ រ័ត្នមុនី ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ និង​ជាអ្នក​បកប្រែ​ឲ្យ​ភាព​យន្តឯក​សារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​ជាផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ ។​

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក​លី សុផាណា​បាន​ថ្លែង​តាម​បណ្តាញ​សង្គម​តេឡាក្រាម​កាលពី​ថ្ងៃទី​១៣​​ខែ​ធ្នូ​ថា ​លោក​រ៉ាត់ រ័ត្នមុនី​ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​ចោទ​ប្រកាន់​ពី​បទ​​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​តាម​មាត្រា ​៤៩៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​មាន​ស្ថាន​ទម្ងន់​ទោស។ ​លោក​បន្ត​ថា ​ប្រធាន​សហជីព​កម្មករ​សំណង់​​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ​ក្រោយ​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​នោះ។​

សមត្ថ​កិច្ច​ថៃ​បាន​ចាប់​ខ្លួន​លោក​រ៉ាត់ រ័ត្នមុនី ​កាលពី​ថ្ងៃ​ទី​៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​បាកក ​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ ពីបទ​ចូលរួម​ផលិត​ខ្សែ​វីដេអូ​ឯកសារ«ម្តាយខ្ញុំ​លក់​ខ្ញុំ»​របស់​បណ្តាញ​ព័ត៌មាន​Russia Today​(RT)។​

ក្រុម​សង្គម​ស៊ីវិល​អន្តរជាតិ​រិះគន់​ថា​ ភាគីថៃ​បាន​រំលោភ​ធ្ងន់ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ​ក្នុង​ការ​បញ្ជូន​លោក​រ៉ាត់ រ័ត្នមុនី​មកឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នោះ។​

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​​Human Rights Watch​អះអាង​ថា​ រដ្ឋាភិបាល​ថៃ​កំពុង​រំលោភ​ច្បាប់​អន្តរជាតិ​ដែល​ខ្លួន​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​ ហើយ​ត្រូវ​គោរព​នូវ​កាតព្វ​កិច្ច​របស់​ខ្លួន​មិន​បញ្ជូន​ជនណា​ម្នាក់​ដោយ​បង្ខំ​ទៅកាន់​ទីកន្លែង​ណាមួយ​ដែល​ស្ថិត​ក្នុង​ភាព​ប្រថុយ​ប្រថាន​ និង​ការ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អំពើ​ទារុណ​កម្ម​ ឬការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ណាមួយ​នោះ​ឡើយ៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.