តុលាការក្រុងភ្នំពេញ ចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៨នាក់ទៀត

តុលាការក្រុងភ្នំពេញ ក្រោមការដឹករដ្ឋាភិបាលលោក ហ៊ុន សែន បានចេញដីកាបញ្ជាឱ្យចាប់ខ្លួនអតីតប្រធានគណបក្សសង្រ្គោះជាតិ និងមន្ត្រីជាន់ខ្ពស់បក្សនេះចំនួន៨នាក់ទៀត។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានឱ្យដឹងថា ចៅក្រមស៊ើបសួរកាលពីថ្ងៃម្សិលមិញបានសម្រេចចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន៩ នាក់ ក្រោមបទចោទប្រកាន់ ឧបឃាត តាមមាត្រា ២៧ និង ៤៥១ នៃក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា ពាក់ព័ន្ធអង្គហេតុប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

អតីមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិទាំង ៩រូបនោះរួមមាន លោក សម រង្ស៊ី និងភរិយារបស់ខ្លួន អ្នកស្រី ជូឡុង សូមួរ៉ា ។ លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក ឡុង រី លោក អ៊ូ ច័ន្ធឬទ្ធិ និងលោក នុត រំដួល។

សេចក្តីប្រកាសព័ត៌មានដដែល ថា ការចោទប្រកាន់នេះពាក់ព័ន្ធ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។

ក្នុងសេចក្តីជូនព័ត៌មានបានបញ្ជាក់ថា ដីកាបង្គាប់ឱ្យចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីផងដែរ។

សេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសារព្រមានជាថ្មីទៀត ដល់លោក សម រង្ស៊ី ពីបទចង់ផ្តួលរំលំរាជបល្ល័ង្ក និងចង់ប្តូររបបតាមផែនការទុច្ចរិតរបស់ខ្លួន។ លើសពីនេះ លោក ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនអតីតសកម្មជនបក្សសង្រ្គោះជាតិទាំងឡាយណាដែលហ៊ានចេញមុខគាំទ្រឬ ធ្វើយុទ្ធនាការ គាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកាទៀតផង។

បន្ថែមពីនេះទៀត លោក ហ៊ុន សែន ក៏បានប្រកាសឱ្យក្រុមអ្នកគាំទ្រលោក ត្រៀមធ្វើយុទ្ធនាការយកបន្លាជួសបន្លាផងដែរ ដោយត្រូវនាំគ្នាធ្វើយុទ្ធនាការពិសារអំបុកនៅថ្ងៃទី ៩ វិច្ឆិកា ត្រៀមទប់ទល់នឹងក្រុមលោក សម រង្ស៊ី។

យ៉ាងនេះក្តី លោក សម រង្ស៊ី នៅតែអះអាងថា លោក និងថ្នាក់ដឹកនាំខ្លួន ត្រូវតែចូលមកប្រទេសកម្ពុជាឱ្យបាននៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខ ដើម្បីមករំដោះប្រទេសកម្ពុជាចេញពីក្រញាំដៃលោកហ៊ុន សែន៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.