តុលាការក្រុងភ្នំពេញ សម្រេចបើកការស៊ើបអង្កេតសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរីវិញ ក្រោយដោះលែងឱ្យពួកគេបាននៅក្រៅឃុំជាង១ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបអង្កេតសំណុំរឿងរបស់អតីតបុគ្គលិកអាស៊ីសេរី២រូប ឡើងវិញ ដោយថាការស៊ើបអង្កេតកន្លងមកនៅមានភាពខ្វះខាតច្រើន។

ការសម្រេចនេះ ធ្វើឡើងក្នុងសវនាការជាសាធារណៈនៅថ្ងៃនេះ ដោយមានភាគីពាក់ព័ន្ធ សាម៉ីខ្លួន សង្គមស៊ីវិល ក្រុមអ្នកកាសែត និងអង្គទូតមួយចំនួនចូលរួមផងដែរ។

ក្នុងបន្ទប់សវនាការនោះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានប្រកាសសម្រេចបើកការស៊ើបអង្កេតលើសំណុំរឿង អតីតបុគ្គលិកអាស៊ីសេរីពីរនាក់ គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ដោយអះអាងថា ការស៊ើបអង្កេតកន្លងមកនៅមានចំណុចខ្វះខាត។

ចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បញ្ជាក់ថា ចំណុចខ្វះខាត  គឺតុលាការមិនបានសាកសួរអំពីព័ត៌មាននៅក្នុងឧបករណ៍ផ្ទុកទិន្នន័យ និងប្រភពឧបករណ៍មួយចំនួន ដែលអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរនាក់ បានប្រើសម្រាប់តំឡើងស្ទូឌីយ៉ូមួយរបស់ខ្លួននៅក្បែរការិយាល័យវិទ្យុអាស៊ីសេរី រាជធានីភ្នំពេញ។

លោក អ៊ឹម វណ្ណៈ បន្តថា តុលាការត្រូវបើកការស៊ើបអង្កេតឡើងវិញ ដោយលោកថា ដើម្បីពិនិត្យ និងវាយតម្លៃទៅលើទិន្នន័យ សម្ភារ:កុំព្យូទ័រ ឧបករណ៍បញ្ជូនសារដទៃទៀតក្នុងបន្ទប់ស្ទូឌីយ៉ូនោះ។ ក្រៅពីនេះ ក៏បើកការស៊ើបអង្កេតករណីសំណុំរឿងផលិតវីដេអូអាស                    អាភាស។

លើសពីនេះ លោកថា ការស៊ើបអង្កេតមួយទៀត គឺស្វែងរកអត្ថបទលោក យាង សុធារិន្ទ ដែលសរសេរចំនួន ២អត្ថបទចុងក្រោយផ្ញើទៅការិយាល័យកណ្តាលរបស់វិទ្យុនេះនៅសហរដ្ឋអាមេរិក។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំង ២រូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឱ្យអន្តរាយដល់កិច្ចការពារជាតិ។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយបង្ហាញការខកចិត្តជាខ្លាំងចំពោះ ការសម្រេចរបស់តុលាការនេះ។

ដោយឡែក លោក អ៊ួន ឈិន វិញ ក្រៅពីសម្តែងក្តីខកចិត្ត លោកស្នើឱ្យតុលាការសម្រេចសេចក្តីដោយភាពត្រឹមត្រូវ និងជៀសវាងលម្អៀងដោយអគតិទាំង៤  ដោយមិនត្រូវយកពួកគាត់ធ្វើជាចំណាត់ខ្មាំងនោះឡើយ។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព ដែលបានតាមដានករណីនេះ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដែលលំបាកមួយទៀតសម្រាប់ទាំងពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ។

អ្នកស្រីបន្តថា ភាពលំបាកនោះ គឺបន្ទាប់ពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលពួកគេបានឆ្លងកាត់ រាប់ទាំងការត្រូវបានឃុំខ្លួនអស់រយៈពេលជាង៩ខែ បន្ទាប់មកត្រូវឋិតក្រោមការត្រួតពិនិត្យរបស់តុលាការ ទោះបីជាពួកគាត់ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំក៏ដោយ។

អ្នកស្រីបន្ថែមទៀតថា នៅពេលនេះតុលាការសម្រេចបន្តនីតិវិធីស៊ើបអង្កេតទៀត នឹងធ្វើឲ្យពួកគាត់រស់នៅក្នុងសភាពខ្វល់ខ្វាយពីការចោទប្រកាន់។

ជាងនេះទៀត ភាពលំបាកនោះ គឺបន្ទាប់ពីកូនស្រីតូចរបស់ពួកគាត់ទាំងពីរបានសួរឪពុកខ្លួនក្រោយពេលចប់ការជំនុំជម្រះថា តើគេកាត់ក្តីយ៉ាងណាហើយ គេឈប់ចោទប៉ាហើយឬ? នៅពេលពន្យល់ប្រាប់ពីលទ្ធផល កូនស្រីពួកគេទម្លាក់ទឹកមុខយ៉ាងស្រងូតស្រងាត់។

អ្នកស្រី ចក់ សុភាព បានចោទសួរថា តើអ្វីជាយុត្តិធម៌ក្នុងរឿងនេះ?

លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១៤ វិច្ឆិកា ២០១៧ គឺ ពីរថ្ងៃមុនពេលរំលាយគណបក្សសង្រ្គោះជាតិ។ ពួកគេត្រូវបានតុលាការឃុំនៅពន្ធនាគារព្រៃសរ រយៈពេលជាង៩ខែ ក្រោយមកតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីចុងខែសីហា ២០១៨៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.