តុលាការ​បើក​សវនាការ​ជំនុំជម្រះ​​រឿងក្តី​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​កំបាំង​មុខ​និង​មេធាវី​របស់​ពួកគាត់​ជុំវិញ​រឿងក្តី​តាំង​ពី​ឆ្នាំ​២០១១​​ ដែល​សវនាការ​នេះ​បាន​គ្រោង​ធ្វើភ្លាមៗ​កាលពី​សប្ដាហ៍​មុន។

លោក ចាន់ ចេង ដែល​បាន​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​មុន​ជា​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កណ្ដាល និង​លោក ជូង ជូងី ជា​មេធាវី​ដែល​ជារឿយៗ​ការ​ពារ​ក្តី​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​តុលាការ ​ត្រូវ​បាន​កោះ​ហៅ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ពួកគាត់​បាន​ជួយ​លោក មាស ប៉េង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កៀនស្វាយឲ្យរត់​ចេញ​ពី​ពន្ធនាគារ​។

មាន​តែ​លោក មាស ប៉េង ប៉ុណ្ណោះ​បាន​ចូល​រួម​សវនាការ​កាលពី​ម្សិលមិញ ចំណែកពួកគាត់​​ពីរ​នាក់​ទៀត​ដែល​បាន​ស្នើ​សុំ​ពន្យារ​ពេល​ ត្រូវ​បាន​ផ្តន្ទាទោស​កំបាំង​មុខ​។ លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សវនាការ​ដែល​មាន​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោងនោះ​​ លោក​ចៅក្រម​ គឹម ម៉េង បាន​សាកសួរ​ចុង​ចោទ​រូប​នេះ​ពាក់​ព័ន្ធ​នឹង​ការ​រត់ចេញ​​ពី​ពន្ធនាគាររបស់លោក។

លោក មាស ប៉េង បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ប្រាប់​តុលាការ​ថា ខ្ញុំ​មិន​បាន​រត់ចេញ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដើរ​ចេញពី​បន្ទប់​ពន្ធនាគារ​ ពីព្រោះ​សន្តិសុខ​មិន​បាន​រារាំង​ខ្ញុំ​ឡើយ។ ខ្ញុំ​គ្មាន​កំហុស​ទេ ហើយតុលាការ​​មិន​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ខ្ញុំ​នៅ​ពេល​នោះឡើយ​”។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០១១ លោក មាស ប៉េង បាន​​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល ដោយ​មាន​ជំនួយ​ពី​លោក ជូង ជូងី មេធាវី​របស់​លោក​ និង​លោក ចាន់ ចេង។ លោក មាស ប៉េង ត្រូវ​បាន​ចោទ​ប្រកាន់​​កាលពី​ខែ​មីនាថាបានញុះញង់​អ្នកភូមិ​ឲ្យ​ធ្វើ​ការ​ត​វ៉ាដោយ​ហិង្សា​ប្រឆាំង​​​ម្ចាស់ដី​ម្នាក់​ដែល​មាន​វិវាទដីធ្លីជាមួយ​ពួកគាត់​។

លោក មាស ប៉េង បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្រាប់​តុលាការ​ថា លោក​ត្រូវ​បាន​ចាប់​​​ខ្លួន​កាលពី​ខែ​កញ្ញាពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ជាច្រើន ប៉ុន្តែ​ថា តុលាការ​មិន​ដែល​ចេញ​ដីកា​ឃុំខ្លួន​រូប​លោក​ឡើយ ហើយ​ថា សន្តិសុខ​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​លោក​ចេញ​ពី​ពន្ធនាគារ​នៅពេលដែល​លោក​ ជូង ជូងី បាន​បង្ហាញ​ថា លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា ” តុលាការ​បាន​ចោទ​ប្រកាន់​ខ្ញុំ​ថា បាន​រត់ចេញ​ ប៉ុន្តែ​វា​មិន​មែន​ជាការ​ពិត​ទេ។ មេធាវី​ការ​ពារ​ក្ដី​របស់​ខ្ញុំ​បាន​សុំ​នាំ​ខ្ញុំ​ចេញ​ពី​បន្ទប់ពន្ធនាគារ​ ពីព្រោះ​មិន​មាន​ដីកាឃុំខ្លួន​ខ្ញុំទេ”។

លោក ​ជូង ជូងី បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយទេ​ ដោយ​លើក​ឡើង​ថា លោក​បាន​សុំ​ឲ្យ​មេធាវីរបស់​លោក​ស្នើ​សុំ​ពន្យារ​ពេល​ ពីព្រោះ​លោក​ជាប់​តំណាង​ឲ្យ​កូន​ក្ដី​ច្រើន​នាក់​​ទៀត​កាលពី​ម្សិលមិញ។ លោក​បាន​មាន​ប្រសាសន៍​ថា ” មេធាវី​ការពារ​ក្ដី​របស់​ខ្ញុំ​បាន​បញ្ជូន​សំណើ​ទៅ​តុលាការ​ស្នើ​សុំពន្យារ​ពេល ប៉ុន្តែ​ខ្ញុំ​មិន​ដឹងថា តើ​តុលាការបាន​ទទួលហើយ​​ឬក៏នៅទេ​”។

លោក ​ពុធ ធាវី មេធាវី​របស់​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ថា តើ​ហេតុអ្វីបាន​ជា​តុលា​ការ​បដិសេធ​មិនព្រម​ពន្យារ​ពេល​សវនាការ​នេះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ​”។

ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ ក្រុម​នេះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ​​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​រត់ចេញ​ពី​ពន្ធនាគារ ជួយ​ឲ្យ​អ្នក​ទោស​រត់​ និង​ផ្ដល់​មធ្យោបាយ​ដល់​អ្នក​ទោស​ឲ្យរត់​គេច​ខ្លួន​។

លោក ហុក វ៉ាន់ធីណា ប្រធាន​សាលាដំបូងខេត្ត​​បាន​និយាយ​ការ​ពារ​សេចក្ដី​សម្រេច​របស់​តុលាការ​ក្នុង​ការ​​គ្រោង​បើក​សវនាការ​ភ្លាមៗ​នេះ​ ថ្វីបើ​មាន​សំណើ​សុំ​ពន្យារ​ពេល​ក៏​ដោយ។ លោក​បាន​មាន​ប្រសាសន៍​ថា ” មិន​ថា មាន​សវនាការ​ ឬការ​ពន្យារ​ពេល​នោះ​ទេ គឺ​អាស្រ័យលើចៅក្រម​ដែល​ទទួល​បន្ទុក​រឿង​ក្ដីនេះ”៕ សារុន​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.