តុលាការ​បើក​សវនាការ​រឿង​ក្តី​ជួញ​ដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​មួយ​ករណី​ទៀត

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់ ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​បញ្ជូន​​​ស្ត្រី​​​ប្រហែល​​​ជាង​​​១០​​​នាក់​​​ទៅ​​​ប្រទេស​​​ចិន​​​ ដោយ​ប្រាប់​​ពួក​​​​​​​គេ​​​​ថា ដើម្បី​​​ទៅ​​​រក​​​ការ​​​ងារ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​លក់​​​ពួក​​​គេ​​​បន្ត​​​ទៅ​​​ឲ្យ​​​បុរស​​​ដែល​​​បាន​​​រំលោភ​​​ពួក​​​គេ​​​ ជា​​​ករណី​​​ចុង​​​ក្រោយ​​​ក្នុង​​​ចំណោម​​​ករណី​​​ជា​​​ច្រើន​​​នាពេល​​​ថ្មី​​​ៗ​​​នេះ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រំលោភ​​​បំពាន​​​ស្ត្រី​​​នៅ​​​ក្នុង​​​ប្រទេ​​​សចិន​​​។

ជន​​​ជាប់​​​ចោទ​​​ឈ្មោះ ណេត ចេង​​​លី អាយុ​​​៣១​​​ឆ្នាំ​​​ និង​​​ប្តី​​​​​ឈ្មោះ តៅ យ៉េ​​​ហុង អាយុ​​​៣៥​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៣​​​ បន្ទាប់​​​ពី​​​ស្ត្រី​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​ចិន​​​វិញ​​​បាន​​​ធ្វើ​​​ពាក្យ​បណ្តឹង​​​ប្តឹង​​ប្តី​ប្រពន្ធ​នេះ។

ជន​​​រង​​​គ្រោះ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​ ដែល​​​មាន​​​អាយុ​​​២៩​​​ឆ្នាំ​​​បា​​​ន​​​ប្រាប់​​​តុលាការ​​​ថា នាង​​​ត្រូវ​​​បាន​​​ស្ត្រី​​​ម្នាក់​​​ឈ្មោះ​​​ រស់​​​ ស៊ីម មក​​​ទាក់​​​ទង​​​ និង​​​និយាយ​​​ថា មាន​​​ឱកាស​​​ការ​​​ងារ​​​ប្រាក់​​​ខែ​​​ខ្ពស់​​​សម្រាប់​​​ស្ត្រី​​​នៅ​​​លីវ​​​នៅ​​​ក្រុម​​​ហ៊ុន​​​ចិន​​​មួយ​​​ដែល​​​គាត់​​​បាន​​​ធ្វើ​​​ការ​​​​​​ឲ្យ​​​។ ជន​​​រង​​​គ្រោះ​​​បាន​​​និយាយ​​​ថា ប្តី​​​ប្រពន្ធ​​​ជាប់​​​ចោទ​​​នេះ​​​បាន​​​ធ្វើ​​​ជា​​​មេ​​ខ្យល់​​​នៅ​​​ក្នុង​​​រឿង​​​នេះ​​​ដោយ​​​​​​ឲ្យ​​​ប្រាក់​​​ទៅ​​​គ្រួសារ​​​នាង​​​ចំនួន​​​៥០០​​​ដុល្លារ​​​ និង​​​ជួយ​​​សម្រប​​​សម្រួល​​​ដល់​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​នាង​​​ទៅ​​​ប្រទេស​​​ចិន​​​ ដែល​​​នៅ​​​ទី​​​នោះ​​​នាង​​​ត្រូវ​​​គេ​​​ល​​​ក់​​​ទៅ​​​ឲ្យ​​​បុរស​​​ចិន​​​ម្នាក់ ហើយ​​​បន្ទាប់​​​មក​​​បុរស​​​នោះ​​​បាន​​​លក់​​​នាង​​​ទៅ​​​ឲ្យ​​​បុរស​​​ម្នាក់​​​ទៀត​​​។ ពួក​​​គេ​​​ទាំង​​​ពីរ​​​នាក់​​​សុទ្ធ​​​តែ​​​បាន​​​រំលោភ​​​នាង​​​។

នាង​​​បាន​​​ប្រាប់​​​តុលាការ​​​ថា “គេ​​​បាន​​​លក់​​​ខ្ញុំ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​មួយ​​​ដូច​​​ជា​​​សត្វ​​​”។ នាង​​​បាន​​​បន្ថែម​​​ថា នាង​​​ទាម​​​ទារ​​​សំណង​​​ចំនួន​​​៣.០០០​​​ដុល្លារ​​​ និង​​​សុំ​​​ឲ្យ​​​យក​​​អ្នក​​​ទាំង​​​ពីរ​​ទៅ​​​ដាក់​​​គុក​​​”។

អ្នក​​​ស្រី​​​ ចេង​​​លី បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ ដោយ​​​និយាយ​​​ថា ជន​​​រង​​​គ្រោះ​​​ដែល​​​ចង់​​​រក​​​ការ​​​ងារ​​​ធ្វើ​​​រូប​​​នេះ​​​បាន​​​ទៅ​​​ពឹង​ពាក់​​​​អ្នក​​​ស្រី និង​​​ប្តី​​​អ្នក​​​ស្រី។ គាត់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​បាន​​​លក់​​​ពួក​​​គេ​​​ទេ​​​ ពួក​​​គេ​​​បាន​​​សុំ​​​ឲ្យ​​​​ខ្ញុំ​ជួយ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​”។

លោក​​​ យេ៉ហុង ​​​បាន​​​បដិសេធ​​​​​​ថា មិន​​​បាន​​​ដឹង​​​អំពី​​​ការ​​​លក់​​​ ឬ​​​ការ​​រំលោភ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​ទេ​​​ ដោយ​​​អះ​​​អាង​​​ថា គាត់​​​គ្រាន់​​​តែ​​​ជូន​​​ស្ត្រី​​​ទាំង​​​នេះ​​​ពី​​​អាកាស​​​យាន​​​ដ្ឋាន​​​ទៅផ្ទះ​​​មិត្ត​​​ភក្តិ​​​ម្នាក់​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​មក​​​ដល់​​​ក្រុង​​​សៀង​​​ហៃ។

ប្រសិនបើ​​​រក​​​ឃើញ​​​កំហុស​​​​​​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​​​ទាំង​​​ពីរ​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​១៥​​​ឆ្នាំ​​​ក្នុង​​​ម្នាក់​​​ៗ​​​។ លោក កោ វណ្ឌី​​​ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​​​បាន​​​​​​មាន​​​ប្រសាសន​​៍​​​ថា តុលាការ​​​នឹង​​​ប្រកាស​​​​សាល​ក្រម​នៅ​​​ថ្ងៃ​​​ទី​​​១៤​​​ ខែ​​​កញ្ញា។

កាល​​​ពី​​​ខែ​​​ឧសភា មនុស្ស​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​ករណី​​​ជួញ​​​ដូរ​​​ស្ត្រី​​​ពីរ​​​ករណី​​​ទៅ​​​ប្រទេស​​​ចិន​​​។ កាល​​​ពី​​​សប្តាហ៍​​​មុន​​​តុលាការ​​​បាន​​​បើក​​​សវនាការ​​​រឿង​​​ក្តី​​​ទី​​​៣​​​ដែល​​​មាន​​​ស្ត្រី​​​ម្នាក់​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​មនុស្ស​​​ម្នាក់​​​ទៀត​​​ទៅ​​​ប្រទេស​​​ចិន​​​ ដែល​​​នៅ​​​ទី​​​នោះ​​​គេ​​​បាន​​​លក់​​​នាង​​​ទៅ​​​ឲ្យ​​​ផ្ទះ​​​បន​​​ចំនួន​​​បី​​​កន្លែង៕​​​គឹម​​​ហឿន​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.