តុលាការ​ផ្តន្ទាទោស​ស្ត្រី​វៀត​ណាម​ម្នាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​២៨ឆ្នាំ​ពីបទ​ជួញ​ដូរ​ថ្នាំញៀន​​មេតំហ្វេតាមីន​

កាល​ពី​ម្សិល​មិញ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្ត​ន្ទាទោស​ស្ត្រី​ជន​ជាតិវៀត​ណាម ម្នាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២៨ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០.០០០ដុល្លារ​ បន្ទាប់ពី​ស្ត្រី​រូបនេះ​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​ជួញ​​ដូរ​ថ្នាំ​ញៀន​​ទម្ងន់​ជិត​ពីរ​គីឡូក្រាម​ពី​ប្រទេស​ឥណ្ឌា​ចូលមក​ប្រទេស​កម្ពុជា។

ង្វៀន ធីគឹមញី អាយុ​៤៧ឆ្នាំ​ ត្រូវ​បាន​ចាប់ ខ្លួន​នៅ​អាកាស​យានដ្ឋាន​អន្ត​រ​ជាតិ​ភ្នំពេញ​កាលពី​ខែ​កក្កដាបន្ទាប់ពី​នគរ​បាល​បាន​រក​ឃើញ​ថ្នាំញៀន​មេតំ​ហ្វេតា​មីន​បី​កញ្ចប់​​តូច ​មាន​ទម្ងន់​១,៥៤គីឡូក្រាម​​នៅក្នុង​វ៉ាលិស​របស់​គាត់​។

លោក ស៊ិន វិសាល ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាសសាល​ក្រម​ថា “តុលាការ​បាន​រកឃើញ​ថា ធីគឹម​ញី​ មាន​ពិរុទ្ធភាព​ពី​បទ​ជួញដូរ​មេតំ​ហ្វេ​តា​មីន​​ទម្ងន់​ជាង​១,៥គីឡូក្រាម​”។ ធីគឹមញី បាន​ប្រាប់តុលាការ​អំឡុ​ង​​ពេល​បើក​សវ​នាការ​ជំនុំជម្រះ​កាលពីថ្ងៃទី​២១ ខែ​មក​រា​ថា គាត់​​មិន​ដឹង​ថា មាន​ថ្នាំញៀន​នៅ​ក្នុង​វ៉ាលិស​របស់​គាត់​ទេ ហើយ​​​គាត់​​និយាយ​ថា​ ​គាត់​​យក​វ៉ាលិស​នោះ​មក​ភ្នំពេញ​ជំនួស​បុរស​ម្នាក់​នៅ​ប្រទេសឥណ្ឌា។

ក្រោយ​មក​​ គាត់​​បាន​សារភាព​ថា វ៉ាលិស​នោះ​ជា​របស់​​គាត់​​មែន ប៉ុន្តែ​បាន​អះ​អាង​​ថា ថ្នាំញៀន​នោះ​មិន​មែន​ជា​របស់​​គាត់​ទេ។ គាត់​បាន​និយាយ​ថា​ “ខ្ញុំ​បានយួរ​​វ៉ាលិស​នេះ​មែន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​នៅក្នុង​វ៉ាលិសនោះ​ឡើយ។ ថ្នាំញៀន​នេះ​មិន​មែន​ជា​របស់ខ្ញុំទេ”៕ សារុន   

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.