តុលាការ​​​ចោទ​​​ប្រកាន់​​​មនុស្ស​​​បី​​​នាក់​​​ពី​​​បទ​​​សម្លាប់​​​ស្ត្រី​​​ជន​​​ជាតិ​​​ភាគតិច​​​ព្នង ​​​ម្នាក់​​​ថា​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​សាលា​ដំបូង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​សៅរ៍​បាន​​​ចោទ​ប្រកាន់​មនុស្ស​បី​នាក់​​ពី​បទ​សម្លាប់​ស្ត្រី​អាយុ​៣២​ឆ្នាំ​ម្នាក់​យ៉ាង​​​ព្រៃ​​​ផ្សៃ ដែល​​​ពួកគេ​ជឿ​ថា ចេះ​​​អំពើ​អាប​ធ្មប់ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដ៏​​​អាថ៌​កំបាំង​ជា​ច្រើននាក់​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ចំណែក​ជនសង្ស័យ​ទី៤​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​​។

យោង​តាម​លោក ឈិន សំបូរ អធិការ​រង​នគរ​បាល​ស្រុក​បាន​ឲ្យ​ដឹង​ថា​ លោក ចក់ ណែម អាយុ​២៦​ឆ្នាំ និង​លោក ត្រៃ អេន អាយុ​៥៦​ឆ្នាំ​ និង​អ្នកស្រី យ៉យ អន អាយុ​៥៨​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​បទ​សម្លាប់​អ្នកស្រី អ៊ុំ ផាតមុំ ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​​​មកពី​​ខេត្ត​មណ្ឌលគិរី​ កាលពី​ល្ងាច​មុន​នៅ​ក្នុង​ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ។

លោក សំបូរ បាន​មាន​ប្រសាសន៍​ថា ជន​​​សង្ស័យ​​​ទាំង​នេះ​សារភាព​ថា បាន​សម្លាប់​ស្ត្រី​រូប​នេះ​ ដែល​​ពួកគាត់​បាន​បន្ទោស​ទៅ​លើ​មនុស្ស​ឈឺ​ស្លាប់​ជាច្រើន​​​នាក់​នៅ​ក្នុង​តំបន់​។

លោក​បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​ទាំង​នេះ​បាន​ប្រាប់​នគរ​បាល​ថា ជនរងគ្រោះ​ជា​អ្នក​ចេះ​អំពើ​អាប​ធ្មប់ ហើយ​ថា កូនក្មេង​ជាច្រើន​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​ដោយ​សារ​​ស្ត្រី​​​រូប​នេះ​”។លោក​បាន​បន្ថែម​ថា នគរ​បាល​កំពុង​ស្វែង​រក​ជនសង្ស័យទី៤​ដែល​គេ​គិត​ថា ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​មនុស្ស​ឃាត​នេះ​ដែរ​។

លោក សៅ ទួន ជំទប់​​​ឃុំ​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី អ៊ុំ ផាតមុំ ដែល​បាន​រៀបការ​ជាមួយ​បុរស​ជា​កសិករ​ម្នាក់​ បាន​នៅ​ផ្ទះ​​​តែ​ម្នាក់​ឯង​នៅ​ពេល​ជនសង្ស័យ​ទាំង​នេះ​​មកដល់ ហើយ​​​បាន​ចងដៃ​ បិទមុខ និង​វាយ​គាត់​មុន​ពេល​នាំ​​​គាត់​ទៅ​​​ចម្ងាយ​ប្រហែល​២គីឡូម៉ែត្រ​ ដោយ​វាយ​បំបាក់​ក​ ហើយ​យក​ទៅទម្លាក់​ចោល​ក្នុង​ថ្លុក​ទឹក​មួយ​​នៅ​ក្បែរ​ផ្លូវ​។

លោក សៅ ទួន បាន​មាន​ប្រសាសន៍​ថា ” ក​​​របស់​ជនរងគ្រោះ​​បាន​បាក់​​បន្ទាប់ពី​គាត់​ត្រូវ​បាន​នាំ​ចេញ​ពី​ផ្ទះ​របស់​គាត់ ហើយ​បន្ទាប់​មក​​គាត់​ត្រូវ​បាន​គេ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ថ្លុក​ទឹក​មួយ”។ លោក​បាន​បន្ថែម​ថា ប្ដី​របស់​ជនរងគ្រោះ​ទៅ​ធ្វើ​ការ​នៅ​ឯ​​​ស្រែ​នៅ​ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​គេ​ចាប់​នោះ​។

លោក ចាន់ សុផល្លា ប្រធាន​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត​ក្រចេះ​បាន​មាន​ប្រសាសន៍​ថា លោក អេន និង​អ្នកស្រី អន ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃសៅរ៍ ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​​​ទោស ដែល​ក្នុង​នោះ​ពួកគាត់​ត្រូវប្រឈមការ​​ជាប់​ពន្ធ​នា​​​គារ​រហូត​ដល់​៣០​ឆ្នាំ​។ អ្នក​ទាំង​បី​កំពុង​ត្រូវ​ឃុំ​​​ខ្លួន​​​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​ដដែល​នោះ​។ លោក ទី សុវិន​​​ថាល់ ព្រះរាជ​អាជ្ញា​​​អម​សាលា​ដំបូង​ខេត្ត​បាន​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​នេះ​៕ សារុន​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.