ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​​ត្រូវ​បានផ្តល់​សិទ្ធិ​ឲ្យ​បញ្ជូន​កម្មករ​ចំណាក​ស្រុកទៅ​ប្រទេស​ថៃ

រដ្ឋមន្ត្រីក្រសួង​​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បានមាន​ប្រសាសន៍​ថា ក្រសួង​កា​រ​ងារ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ​កាលពីម្សិលមិញ​ជាមួយ​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ចំនួន​៤០​ ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ទីភ្នាក់​ងារទាំង​នោះបញ្ជូន​​កម្មករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ផ្ដល់​ប័ណ្ណពលករ​ និង​ឯកសារ​ចាំបាច់​ទាំង​អស់​​ដែល​មាន​តម្លៃ​ត្រឹម​៤៩​ដុល្លារ​ប៉ុណ្ណោះ​។

កម្មករ​ចំណាក​ស្រុក​ខ្មែរ​ច្រើន​ជាង​២៤០.០០០​នាក់​​ ដែល​ភាគច្រើន​​គ្មាន​ឯកសារ​នោះ​ បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​ថៃ​នៅ​ខែនេះ​ ដោយ​សារ​បារម្ភ​អំពីការ​បង្ក្រាប​លើ​ពល​ករ​ខុស​​ច្បាប់​ពី​សំណាក់​យោធាថៃ​។ កាលពីសប្ដាហ៍​មុន​ រដ្ឋាភិបាល​បាន​បញ្ចុះ​តម្លៃ​លិខិត​ឆ្លង​ដែន​សម្រាប់​កម្មករ​ចំណាក​ស្រុ​ក​ពី​១២៤​ដុល្លារ​មក​ត្រឹម​៤​ដុល្លារ​ ដើម្បី​លើក​ទឹក​ចិត្ត​កម្មករ​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ​ដោយ​ស្រប​ច្បាប់។

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានមាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា តាម​កិច្ច​ព្រម​ព្រៀង​ថ្មីនេះ ទីភ្នាក់​ងារ​នានា​ នឹង​កំណត់​តម្លៃ​ថេរ​៤៩​ដុល្លារ​សម្រាប់​កម្មករ​​ដើម្បីទទួល​បាន​ប័ណ្ណពល​ករ​ និង​ឯកសារ​ដែល​ចាំបាច់​ដើម្បី​​បាន​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​​ប្រទេស​ថៃ​វិញ។ តម្លៃ​នេះ​ក៏នឹង​រួម​បញ្ចូល​ការ​ដឹក​ជញ្ជូន​ ព្រម​ទាំងថ្លៃ​អាហារ​ពេល​ធ្វើ​ដំណើរ​ផងដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “តម្លៃ​នេះ​ចំណាយ​លើ​សេវា​ រួម​មាន​លិខិ​ត​ឆ្លង​ដែនពលករ​៤ដុល្លារ​អាមេរិក ប័ណ្ណ​ពល​ករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​១០​ដុល្លា​រ​អាមេរិក​ ទិដ្ឋាកា​រការ​ងារ​នៅ​ស្ថាន​ទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​ចំនួន​២០​ដុល្លារ​អាមេរិក​ សោហ៊ុយ​ធ្វើ​ដំណើរ​ ១០​ដុល្លា​រ​និង​ប្រាក់​សម្រាប់​អាហារ​​ពេល​ធ្វើ​ដំណើរតាម​ផ្លូវ៥​ដុល្លារ “។ លោក អុិត សំហេង ​បានមាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​ពន្លឿន​ការ​វិល​ត្រឡប់​របស់​កម្មករ​ទៅ​ប្រទេស​ថៃវិញ​ ហើយ​លោក​បាន​បន្ថែម​ថា មានតែ​ក្រុមហ៊ុន​ស្រប​ច្បាប់​ប៉ុណ្ណោះ​នឹង​ផ្ដល់​សេវា​នេះ​។

លោក​បាន​បន្ថែម​ថា ” ក្រសួង​នឹង​តម្រូវឲ្យ​បណ្ដា​ក្រុម​ហ៊ុន​​ជ្រើស​រើស​ពល​ករ​ចែក​រំលែក​ព័ត៌មាន​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​កម្មករ និង​ក្រុ​ម​ហ៊ុន​ថៃ​ ជាមួយ​ក្រសួង​ការ​ងារ​”។

មុន​ពេល​លិខិត​ឆ្លង​ដែននិង​ទិដ្ឋាការ​ការ​ងារ​ត្រូវ​ដំណើរ​ការ​ កម្មករ​ទាំង​អស់​ ត្រូវ​ទទួល​កិច្ច​សន្យា​​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ឬតាម​រយៈ​ទីភ្នាក់​ងារ​ពី​ក្រុម​ហ៊ុនថៃ​ដែល​មាន​អាជ្ញាប័ណ្ណ​ ដែល​ចែង​ច្បាស់​អំពី​លក្ខខណ្ឌ​ការ​ងារ​ និង​ប្រាក់​ខែ​ស្រប​តាម​ច្បាប់​ថៃ​។

លោក សំហេង បាន​ទទួល​ស្គាល់​ថា គោលការណ៍​ថ្មីនេះ​នឹង​មិន​អាចដោះស្រាយរាល់​បញ្ហា​នោះទេ​ ប៉ុន្តែ​បើ​ធ្វើ​បាន​ត្រឹម​ត្រូវ​ គោលការណ៍​ថ្មីនេះ​នឹង​កាត​់​បន្ថយ​​បាន​ច្រើន​នូវ​ការ​រំលោភ​សិទ្ធិ​កម្មករ​ខ្មែរ​ ពីព្រោះ​ពួកគេ​នឹង​ត្រូវ​ជួល​ឲ្យ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ” ប្រសិន​បើ​យើង​អនុវត្ត​កិច្ច​ការ​នេះ​បាន​ត្រឹម​ត្រូវ​ វា​នឹង​ជួយ​បន្ថយគ្រោះថ្នាក់ និង​ធ្វើ​ឲ្យកម្មករ​មាន​សុវត្ថិភាព​ជាង​មុន​”។

លោក ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ បាន​មាន​ប្រសាសន៍​ថា កម្មករ​ច្រើន​ជាង​២៤០.០០០​នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​ថៃ​គិត​មក​ត្រឹម​ថ្ងៃ​ម្សិលមិញ​ ខណៈដែល​កម្មករ​ប្រហែល​១០.០០០​នាក់​ប៉ុណ្ណោះ​បាន​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​វិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” នេះ​ជា​គោល​នយោបាយ​ដ៏ល្អមួយ​ ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​”។ លោក​បាន​បន្ថែម​ថា តម្លៃ​លិខិ​ត​ឆ្លង​ដែន​ និង​ប័ណ្ណ​ពល​ករ​ថ្លៃ​ហួស​ហេតុ​ បា​ន​បង្ខំ​ឲ្យ​ប្រជា​ជន​ខ្មែរ​ជាច្រើន​នាក់​​ចូលទៅ​​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ ជាញឹក​ញាប់​ធ្វើការ​ងារ​ដែល​ត្រូវ​គេ​កេង​ប្រវ័ញ្ច​។ លោក​បាន​បន្ថែម​ថា “កាលពីមុន​ ពេល​ពួកគេ​ទៅ​ធ្វើការ​នៅ​ទីនោះ ពួកគេ​ជាច្រើននាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​​នៅ​លើ​កោះ​ ហើយ​មិនទទួល​បាន​ប្រាក់​ខែ​ទេ។ អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ និង​ជាប់ពន្ធនាគារ​”។

ទោះ​ជា​យ៉ាង​ណា​ លោកស្រី ណាលី ពីឡូក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ចោទ​សួរ​​អំពី​សេចក្ដី​សម្រេច​របស​់​រដ្ឋាភិបាលក្នុង​ការ​​​ផ្ដល់​ឲ្យ​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​នូវ​ការ​គ្រប​់​គ្រង​លើ​ដំណើរ​ការ​នៃការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ហើយ​ក្រុម​ហ៊ុន​ជាច្រើន​មាន​ប្រវត្ត​ិ​សិទ្ធិ​មនុស្ស​មិន​ល្អ​ និ​ង​ជាប់​ចោទ​ថា​បាន​បញ្ជូន​កម្មករ​ទៅឲ្យ​គេ​ធ្វើបាប​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” ដោយ​សារ​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​​គ្រប់​គ្រង​វិស័យ​នេះ​ក្នុងពេលកន្លងមក​ និង​ការ​ដោះ​ស្រាយ​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​ពី​សំណាក់​ទីភ្នាក់​ងារ​បញ្ជូន​ពល​ករ​​នោះ​ វា​ជាទង្វើ​គួរ​ឲ្យ​ព្រួយ​បារម្ភណាស់​”។

លោក អាន ប៊ុនហាក់ នាយក​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ Top Manpower ​បាន​មាន​ប្រសាសន៍​ថា តាម​កិច្ច​ព្រម​ព្រៀង​នេះ​ ក្រុម​ហ៊ុន​​ជ្រើស​រើស​ពល​ករ​នឹង​មិន​យក​កម្រៃ​សេវា​ពី​កម្មករទេ និង​​ពឹង​ផ្អែក​លើ​ប្រាក់កម្រៃ​ពី​និយោជក​ថៃ​សម្រាប់​ការ​ជ្រើស​រើស​ពលករ​ខ្មែរ​។

លោក​ ប៊ុនហាក់ បានមាន​ប្រសាសន៍​ថា កម្មករ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​​រង​ការ​រំលោភ​បំពានតិច​ជាង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​នៅទីនោះ​លក្ខខណ្ឌការ​ងារ​សម្រាប់​អ្នក​បម្រើ​ការ​ងារ​តាម​ផ្ទះ​អន់ណាស់​ រហូត​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ភ្នាក់​ងារ​ជ្រើស​រើស​​ពលករ​កាលពី​ខែ​តុលា ឆ្នាំ​២០១១​ ឲ្យ​បញ្ឈប់​បញ្ជូន​ស្ត្រីបម្រើការ​តាម​ផ្ទះ​ទៅ​ធ្វើការ​នៅទីនោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជាទូទៅ​ ប្រទេស​ថៃ​មិន​ដូច​ប្រទេស​ម៉ាឡេស៊ីទេ ពីព្រោះ​ប្រភេទ​ការ​ងារ​ដែលពួកគេ​ទៅធ្វើ​គឺនៅ​ក្នុ​ង​រោងចក្រ​ ដែល​ខុស​គ្នា​ពី​ការ​ងារ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​”។

ក៏ប៉ុន្តែ​ លោក អានឌី ហល ជាអ្នកស្រាវ​ជ្រាវ​ និ​ង​ជា​សកម្មជន​សិទ្ធិ​ចំណាក​ស្រុក​មាន​មូល​ដ្ឋាន​នៅ​ក្រុង​បាង​កក បាន​និយាយ​ថា ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ថៃ​បាន​រាយការណ៍​អំពីការ​រំលោភ​បំពា​ន​ជាច្រើន​ពីសំណាក់​ក្រុម​ហ៊ុន​បញ្ជូន​ពល​ករ​។ លោក​បាន​មាន​ប្រសាសន៍​ថា ផែន​ការ​របស់​រដ្ឋាភិបាល​ក​ម្ពុជា​នឹង​បង្កើន​ការ​គ្រប់​គ្រង​ ដែល​ក្រុម​ហ៊ុន​ឯកជន​មាន​ស្រាប់​លើ​កម្មករ​ចំណាក​ស្រុក​។

លោក​បាន​បន្ថែម​ថា ” ក្រុម​ហ៊ុន​បញ្ជូន​ពល​ករ​ខ្មែរ​ជាច្រើន​មាន​ប្រវត្តិ​មិន​ល្អ ហើយ​ភាគ​ច្រើន​នៃ​កម្មករ​ខ្មែរ​ដែល​ខ្ញុំបាន​ជួបនៅ​ប្រទេស​ថៃ​រាល់​ថ្ងៃ​ នៅ​ពេល​​ពួក​គេ​កំពុង​ធ្វើ​ការនោះ​ បាន​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​​ជំពាក់​បំណុលគេ​ ហើយ​លិខិត​ឆ្លង​ដែន និង​កាត​អេធីអិម ត្រូវ​បាន​ដក​ហូត​ដើម្បី​ធានាការ​បង់​បំណុល​”។ លោក​បាន​បន្ថែម​ថា ការ​សុំ​ការ​គាំទ្រ​ពីអង្គការ​អន្តររដ្ឋាភិបាល​ឲ្យ​ត្រួត​ពិនិត្យ​កម្មវិធីនេះ​ គួរ​តែ​ជា​អាទិភាព​ ពីព្រោះ​ការ​ត្រួ​ត​ពិនិត្យ​របស់​រដ្ឋាភិបាល​ពីមុន​មក​សឹង​តែ​មិន​​មា​ន​ទេ។

លោក ប្រេដ ឌីក​សុន ប្រធាន​ក្រុមការ​ងារ​នៅ​​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​នៅ​ក្រុង​ប៉ោយ​ប៉ែត ទីដែល​កម្មករ​ភាគ​ច្រើន​​បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ បាន​និយាយ​ថា អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ កំពុង​ស្វែង​រក​មូលនិធិ​ដើម្បី​ជួយ​រដ្ឋាភិបាល​ដែលជួបការ​លំបាក​មួយ​ចំនួន​ រួមមាន​ទំាង​ការ​ជួយ​កម្មករ​ឲ្យ​ទទួល​បាន​ឯកសារ​សម្គាល់​ខ្លួន​ដែល​ពួកគេ​ត្រូវ​កា​រ​ចាំបាច់​ដើម្បី​ត្រឡប់​ទៅ​ប្រទេស​ថៃវិញ។ លោក​បាន​មាន​ប្រសាសន៍​ថា ” តម្លៃ​ខ្ពស់​នឹង​ដំណើរ​ការ​យូរ​គឺ​ជា​ការ​រារាំង​​កម្មករ​មិន​ឲ្យ​​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់”៕ មានិត​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.