ទោះ​​​ជា​​​មាន​​​ការ​​​បង្ក្រាប​​​ ពល​​​ករ​​​ចំណាក​​​ស្រុក​​​​​​នៅ​​​តែ​​​ជ្រើស​​​រើស​​​ផ្លូវ​​​ខុស​​​ច្បាប់​​​

ក្រុង​​​ប៉ោយ​​​ប៉ែត, ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​-ពេល​​​ដែលយុវជន​​​​ សុ ឃីម អាយុ​​​២៤​​​ឆ្នាំ​​​ មក​​​ពី​​​គ្រួសារ​​​កសិករ​​​ក្រីក្រ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​ បាន​​​សម្រេច​​​ចិត្ត​​​នៅ​​​ពេល​​​ថ្មី​​​ៗ​​​ថា គាត់​​​ចង់​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ប្រទេស​​​ថៃ​​​នោះ គាត់​​​មិន​​​ទាំង​​​បាន​​​ពិចារណា​​​ការ​​​ដាក់​​​ពាក្យ​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ និង​​​ការ​​​ឆ្លង​​​ព្រំ​​​ដែន​​​ស្រប​​​ច្បាប់​​​នោះ​​​ទេ​​​។Im-thumbnail

ផ្ទុយ​​​ទៅ​​​វិញ​​​គាត់​​​បាន​​​បង់​​​ប្រាក់​​​១៥​​​ដុល្លារ​​​ឲ្យ​​​មេខ្យល់​​​ ហើយ​​​បាន​​​ចូល​​​រួម​​​នឹង​​​អ្នក​​​ភូមិ​​​៩០​​​នាក់​​​ផ្សេង​​​ទៀត ​​​​​​ដែល​​​​សុទ្ធ​តែ​ចង់​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ។ កាល​​​ពី​​​សប្តាហ​​៍​​​មុន  ពួក​​​គេ​​​​​​​​​​​​​​​បាន​​​ដើរ​​​ទាំង​​​អស់​​​គ្នា​​​កាត់​​​ព្រៃ​​​ក្រាស់ ហើយ​​​បាន​​​លួច​​​ឆ្លង​​​ព្រំ​​ដែន​​​នៅ​​​ស្រុក​​​ម៉ាឡៃ​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។

លោក​​​ ឃីម បាន​​​និយាយ​​​ថា ” ពេល​​​យើង​​​ចូល​​​ដល់​​​ប្រទេស​​​ថៃ​​​ ទាហាន​​​ថៃ​​​ប្រហែល​​​១០​​​នាក់​​​បាន​​​រង​​​់​​​ចាំ​​​នៅ​​​ម្ខាង​​​ព្រំ​​​ដែន។  ពួក​​​គេ​​​បាន​​​បាញ់​​​បី​​​គ្រាប់​​​ទៅ​​​លើ​​​ ហើយ​​​បាន​​​ប្រាប់​​​យើង​​​ឲ្យ​​​នៅ​​​ស្ងៀម​​​”។ លោក​​​ ឃីម បាន​​​ក្រាប​​​​ទៅ​​​នឹង​​​ដី​​​ និង​​​បាន​​​សហ​​​ការ​​​ជា​​​មួយ​​​ទាហាន​​​ទាំង​​​នោះ​​​ ដែល​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​មន្ទីរ​ឃុំឃាំង​របស់​​​​នគរបាល។ លោក និង​​​ជន​​​ចំណាក​​​ស្រុក​​​ផ្សេងទៀត​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​​​​ឃាត់​​​ខ្លួន​​​មួយ​​​យប់​​​ មុន​​​ពេល​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​តាម​​​ច្រក​​​ទ្វា​​​រ​​​អន្តរ​​​ជាតិ​​​ប៉ោ​​​យ​​​ប៉ែត​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។

បើ​​​ទោះ​​​ជា​​​យុទ្ធសាស្ត្រ​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ជួយ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ដោ​​យ​​​ស្រប​​​ច្បាប់​​​ក៏​​​ដោយ​​​ ក៏​​​ពល​​​ករ​​​រាប់​​​ពាន់​​​នាក់​​​នៅ​​​តែ​​​ឆ្លង​​​ព្រំ​​​ដែន​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ដដែល ដោយ​​​ពល​​​ករ​​​យ៉ាង​​​ហោច​​​ណាស់​​​៥.០០០នាក់​​​ត្រូវ​​​អាជ្ញាធរ​​​ថៃ​​​​​​​​​​​​​​​​​​​​​​​​ចាប់​​​បាន​​​និង​​​បញ្ជូន​​​មក​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មិថុនា គ្រាន់​តែ​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​មួយ​​​។ ខេត្ត​​​នេះ​​​មាន​​​ព្រំ​​​ដែន​​​រួម​​​ប្រវែង​​​​​១៥៣​​​គ​​​ីឡូម៉ែត្រ​​​​​​ជាមួយ​​​ប្រទេស​​​ថៃ​​​ ដោយ​​​មាន​​​ច្រក​​​ព្រំដែន​​​រាប់​​​រយ​​​ ទាំង​​​ស្រប​​​ច្បាប់​​​និង​​​ខុស​​​ច្បាប់​​​ អាច​​​ឲ្យ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ចូល​​​បាន​​​ដោយ​​​ងាយ​​​ស្រួល​​​។

ដើម្បី​​​ទប់ស្កាត់​​​ការ​​​ឆ្លង​​​ព្រំ​​​ដែន​​​ខុស​​​ច្បាប់​​​ រដ្ឋាភិបាល​​​បាន​​​បញ្ចុះ​​​តម្លៃ​​​លិខិត​​​ឆ្លង​​​ដែន​​​ពី​​​១២៤​​​ដុល្លារ មក​​​ត្រឹម​​​បួន​​​​​​ដុល្លារ​​​កាល​​​ពី​​​ខែ​​​មុន ប៉ុន្តែ ដំណើ​​​រការ​​​ដាក់​​​ពាក្យ​​​​​​នៅ​​​ស្មុគ​​​ស្មា​​​ញ​​​នៅ​​​ឡើយ​​​ និង​​​ប្រើ​​​ពេល​​​វេលា​​​យូរ​​​ ហើយ​​​ពល​​​ករ​​​ជា​​​ច្រើន​​​និយាយ​​​ថា ពួក​​​គេ​​​មិន​សូវ​យល់​​​​អំពី​​​របៀប​​​ដាក់​​​ពាក្យ​​​សុំ​​​ទេ​។

លោក ឃីម បាន​​​និយាយ​​​ថា លោក​​​មិន​​​ដឹង​​​ទាល់​​​តែ​​​សោះ​​​អំពី​​​ការ​​​ផ្តួច​​​ផ្តើម​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ផ្តល់​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ដល់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ បន្ទាប់​​​ពី​​​ការ​​​ហូរ​​​ចូល​​ដ៏​​​គំហុក​​​នៃ​​​ពល​​​ករ​​​ជិត​​​២៥០.០០០នាក់​​​កាល​​​ពី​​​ខែ​​​មុន​​​ពី​​​ប្រទេស​​​ថៃ​​​ ក្នុង​​​ពេល​​​មាន​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា ក្រុម​​​យោធា​​​ថៃ​​​បាន​​​ចាប់​​​ខ្លួន និង​​​ថែម​​​ទាំង​​​បាន​​​សម្លាប់​​​ពល​​​ករ​​​ដែល​​​គ្មាន​​​ឯកសារ​​​ទៀត​​​ផង​​​។ លោក ឃីម​​​ បាន​​​និយាយ​​​ថា ” ខ្ញុំ​​​មិន​​​ដែល​​​បាន​​​ឮ​​​អំពី​​​គោល​​​នយោបាយ​​​ណា​​​មួយ​​​ពី​​​រដ្ឋាភិបាល​​​ទេ​​​។ រដ្ឋាភិបាល​​​គួរ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​នេះ​​​ដល់​​​​​​ប្រជា​​​ជន​​​ក្នុង​​​ភូមិ​​​ និង​​​ឃុំ​​​​​​នានា”។

ច្រក​របៀង​មួយ​កន្លែង​ដែល​កម្មករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ។ អេឡិច​​ ខុនស៊ីកលីអូ /ខេម​បូឌា​ ដេលី​ ​
ច្រក​របៀង​មួយ​កន្លែង​ដែល​កម្មករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ។ អេឡិច​​ ខុនស៊ីកលីអូ /ខេម​បូឌា​ ដេលី​ ​

យោង​​​តាម​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យដឹង​​​ថា គ្មាន​​​ពល​​​ករ​​​ណា​​​ម្នាក់​​​បាន​​​បញ្ចប់​​​​ដំណើរ​​​ការ​​​​សុំ​លិខិត​ឆ្លង​ដែន​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ ឬ​​​បាន​​​ឈាន​​​ដល់​​​ដំណាក់​​​កាល​​​ដាក់​​​ពាក្យ​​​សុំ​​​លិខិត​​​ឆ្លង​​​ដែន​​​ក៏​​​ទេ​ដែរ​​​ ចាប់​​​តាំ​​​ងពី​​ការ​​​ប្រកាស​​​ជួន​​​ដំណឹង​​​កាល​​​ពី​​​ថ្ងៃទី​​​២៤ ខែ​​​មិថុនា​​​មក។

ដើម្បី​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ ពល​​​ករ​​​ត្រូវ​​​​​​មាន​​​ការ​​​បញ្ជាក់​​​អំពី​​​ការ​​​ងារ​​​ពី​​​ទីភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​សិទ្ធិ​​​ឲ្យ​​​ ឬ​​​ពី​​​និយោជក​​​ថៃ​​​ ហើយ​​​យក​​​វា​​​មក​ក្រសួង​​​ការងារ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។

បន្ទាប់​​​មក​​​ក្រសួង​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​​​ផ្តល់​​​លិខិត​​​បញ្ជាក់​​​ដល់​​​ពល​​​ករ​​​ ដែល​​​ត្រូវ​​​យក​​​លិខិត​​​នោះ​​​ទៅ​ការិយា​​​ល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​ក្នុង​​​រាជ​​​ធានី​​​ ដើម្បី​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​។ ក្រោយ​​​មក​​​ទៀត​​​ ពល​​​ករ​​​ត្រូវ​​​ដាក់​​​ពាក្យ​​​ស​​​ុំ​​​ទិដ្ឋាការ​​​ការងារ​​​ថៃ។ ដំណើរ​​​ការ​​​ទាំង​​​មូល​​​អាច​​​ត្រូវ​​​ការ​​​ពេល​​​ជិត​​​៦០​​​ថ្ងៃទើប​បញ្ចប់​។

លោក ថាន គីម​​​សេង​​​ អគ្គនាយក​​​រង​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​លិខិត​​​ឆ្លង​​​ដែន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ “​​​មិន​​ទាន់​​​បាន​​​ទទួល​​​សំណើ​​​សុំ​​​លិខិត​​​ឆ្លង​​​ដែន​​​ណា​​​មួយ​​​ពី​​​ក្រសួង​​​ការ​​​ងារ​​​នៅ​​​ឡើយ​​​ទេ”។

លោក អាន ប៊ុន​​​ហាក់ ប្រធាន​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ TopManpower ជា​​​ក្រុម​​​ហ៊ុន​​​មួយ​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ចំនួន​​​ជិត​​​៥០​​​ ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​ពី​​​រដ្ឋាភិបាល​​​ ដើម្បី​​​ជួយ​​​បញ្ជូន​​​ពល​​​ករ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ការ​​​ណែ​​​នាំ​​​គ្រប់​គ្រាន់​ពី​​​រដ្ឋាភិបាល​​​នៅ​​​ឡើយ​​​ទេ។

លោក ប៊ុន​​​ហាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា “ដំណើរ​​​ការ​​​នេះ​​​ចាំបាច់​​​ត្រូវ​​​មាន​​​ការ​​​ពន្យល់​​​ឲ្យ​​​ច្បាស់​​​”។ លោក​​​ ប៊ុន​​​ហាក់ បារម្ភ​​​ថា ​​​ពលករ​​​មួយ​​​ចំនួន​​​ ដែល​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​លោក​​​​​​អាច​​​ព្យាយាម​​​ចង់​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​បួន​​​ដុល្លារ​​​ដោយ​​​មិន​​​ទៅ​​​ប្រទេស​​​ថៃ​​​ធ្វើ​​​ការ​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​លោក​​​ខាត​​​ប្រាក់​​​ ព្រោះ​​​និយោជក​​​បង់ថ្លៃ​​​កម្រៃ​​​ជើង​​​សារ​​​ឲ្យ​​​លោក​​​សម្រាប់​​​ការ​​​ផ្តល់​​​ពល​​​ករ​​​។ លោក​​​ ប៊ុន​​​ហាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា ទី​​​ភ្នាក់​​​ងារ​​​របស់​​​លោក​​​មាន​​​ឈ្មោះ​​​ពល​​​ករ​​​ពីរ​​​បី​​​រយ​​​នាក់​​​ ប៉ុន្តែ​​​ មិនទាន់​​​បាន​​​ដំណើរ​ការ​​​​ពាក្យ​​​ស​​​ុំ​​​របស់​​​ពួក​​​គេ​​​ទេ​​​ ដោយ​​​សារការ​មិនស​ូវ​យល់​ច្បាស់​។ លោ​​​ក​​​បាន​​​ឲ្យដឹង​​​ទៀត​​​ថា “រដ្ឋាភិបាល​​​ចាំបាច់​​​ត្រូវ​​​បង្ហាញ​​​គោល​​​ការណ៍​​​​ណែ​​​នាំ​​​ដល់​​​ពល​​​ករ​​​ និង​​​ទី​​​ភ្នាក់​​​ងារ​​​នានា។ អ្វី​​​ដែល​​​ជា​​​ដំណាក់​​​កាល​​​​​​ទាំង​​​នោះ​​​?​​​​​​​​​​​​​​​​​​​”។

លោក​​​ គោស៊ុំ ​​​​​​សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្តួច​​​ផ្តើម​​​របស់​​​រដ្ឋាភិបាល​​​មិន​​​បាន​​​សម្រេច​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” វា​​​ជា​​​ការ​​​លំបាក​​​ ដែល​​​ក្រសួ​​​ង​​​ការងារ​​​តែ​​​ឯង​​​​​​ផ្តល់​​​លិខិត​​​បញ្ជាក់​​​ដល់​​​ពល​​​ករ​​​នោះ​​​។ ពួក​​​គេ​​​គួរ​​​ទុក​​​ការ​​​ងារ​​​នេះ​​​ឲ្យ​ស្រុក​​​ ឬ​​​នាយក​​​ដ្ឋាន​​​”។ លោក សារឿត បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ការ​​​ងារ​​​គួរ​​​ពិចារណា​​​ការ​​​ធ្វើ​​​វិមជ្ឈ​​​ការ​​​​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​ចេញ​​​លិខិត​​​ឆ្លង​​​ដែន​​​ដល់​​​ពល​​​ករ។ លោក​​​បា​​ន​​​បន្ថែម​​​ថា “មន្ត្រី​​​ស្រុក​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​មន្ទី​​​រ​​​ការ​​​ងារបាន​ ហើយ​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​មេ​​​ឃុំ​​​ និង​​​ប្រធាន​​​ភូមិ​​​បាន ពីព្រោះ​​​ពួក​​​គេ​​​ស្គាល់​​​ប្រជា​​​ជន​​​របស់​​​ខ្លួន​​​យ៉ាង​​​ច្បាស់​​​”។

លោក សាត សមុទ្រ អនុរដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ​​​​​​​​​​​​​​​​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​ រីឯ​​​ក្រុម​​​មន្ត្រី​​​​​​ក្រសួង​​​នេះ​​​ផ្សេង​​​ទៀត​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ។

ច្រក​របៀង​មួយ​កន្លែង​ទៀតដែល​កម្មករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ។ អេឡិច​​ ខុនស៊ីកលីអូ /ខេម​បូឌា​ ដេលី​ ​
ច្រក​របៀង​មួយ​កន្លែង​ទៀតដែល​កម្មករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ។ អេឡិច​​ ខុនស៊ីកលីអូ /ខេម​បូឌា​ ដេលី​ ​

លោក នុត សំអុល​​​ ទី​​​ប្រឹក្សា​​​គម្រោង​​​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​ប្រវេសន៍​​​ ដែល​​​បាន​​​និង​​​កំពុង​​​ជួយ​​​ពល​​​ករ​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​ករ​​​ចំណាក​​​ស្រុក​​​​​​ជា​​​ច្រើន​នាក់​​​​កំពុង​​​ជ្រើស​​​រើស​​​ការ​​​​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​មិន​​​បាន​​​ដឹង​​​អំពី​​​ប្រព័ន្ធ​​​ថ្មី​​​នេះ​​​ ឬ​​​មិន​​​បាន​​​យល់​​​ពី​​​វា​​​ឡើយ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “បញ្ហា​​​គឺ​​​ថា រដ្ឋាភិបាល​​​បាន​​​ប្រកាស​​​ការ​​​កែ​​​ប្រែ​​​ថ្មី​​​សម្រាប់​​​លិខិត​​​ឆ្លង​​​ដែន និង​​​​ដំណើរការ​​​ស្រប​​​ច្បាប់​​​ ប៉ុន្តែ គ្មាន​​​នរណា​​​ម្នាក់​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​ណា​​​មួយ​​​​​​ឡើយ”។ លោក សំអុល បាន​​​បន្ថែម​​​ថា ពល​​​ករ​​​ជាច្រើន​​​​​​នាក់​​​ធ្វើ​​​ចំណាក​​​ស្រុក​​​តាម​​​រដូវ​​​ ដោយ​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​ដើម្បី​​​ប្រមូល​​​ផល​​​ស្រូវ​​​ និង​​​បន្ទាប់​​​មក​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ។ លោក​​​បាន​​​ឲ្យដឹង​​​ថា ” ពួក​​​គេ​​​មាន​​​ពេល​​​ពីរ​​​បី​​​ខែ​​​ប៉ុណ្ណោះ។ ពួក​​​គេ​​​មិន​​​ចង់​​​រង់​​​ចាំ​​​ដំណើរ​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ឡើយ​​​”។

លោកស្រី យ៉ត ណាង​​​ មេឃុំ​​​ដំរី​​​នៅ​​​ខេត្ត​​​កំពង់​​​ធំ ជា​​​ទី​​​ដែល​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ច្រើន​​​​​​ជាង​​​១.០០០​​​នាក់​​​បាន​​​​​​ត្រឡប់​​​ទៅ​​​វិញ​​​កាល​​​ពី​​​ខែ​​​មុន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និង​​​កំពុង​​​ចាក​​​ចេញ​​​ជា​​ថ្មី​​​ម្តង​​​ទៀត​​​ដើម្បី លួច​​​ចូល​​​ប្រទេស​​​ថៃ​​​តាម​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​។ លោកស្រី ណាង បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ ចេះ​​​តែ​​​សួរ​​​ខ្ញុំ​​​ចង់​​​ដឹង​​​ពី​​​ព័ត៌​​​មាន​​​អំពី​​​របៀប​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ដំណើរ​​​ការ​​​​​​ធ្វើ​​​របៀប​ណា​នោះ​​​ទេ។ ខ្ញុំ​​​​​​មិន​​​ដឹង​​​​​​ប្រាប់​​​គេ​​​ថា យ៉ាង​​​ដូច​​​ម្តេច​​​ទេ។ ខ្ញុំ​​​មិន​​​ដឹង​​​ប្រាកដ​​​ថា ធ្វើ​​​របៀប​​​ណា​​​ឡើយ​​”។

អ្នក​​​ស្រី ភូ កែវ អាយុ​​​២០​​​ឆ្នាំ​​​ និង​​​ប្តី​​​របស់​​​អ្នកស្រី ឈ្មោះ លី ស៊ីណាត​​​ អាយ​​​ុ​​​២១​​​ឆ្នាំ បាន​​​​​​ធ្វើ​​​ការ​​​ជា​​​កម្មករ​​​សំណង់​​​នៅ​​​ប្រទេស​​​ថៃ មុន​​​មាន​​​រដ្ឋ​​​ប្រហារ​​​។ ពួកគេ​​​បាន​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​បា​​​ន​​​ព្យាយាម​​​ឆ្លង​​​ម្តង​​​ទៀត​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​ចាប់​​​។ អ្នកស្រី​​​ កែវ ដែល​​​រស់​​​នៅ​​​ក្នុង​​​ស្រុក​​​ថ្ម​​​ពួក​​​ ខេត្ត​​​បន្ទាយ​​​មានជ័យ​ ​​​និង​​​មាន​​​ផែនការ​​​​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ជាថ្មី​​​ទៀត​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​បាន​​​និយាយ​​​ថា “ទៅ​​​ទី​​​​​​នោះ​​​ដោយ​​​​​​​​​​​​​​​​ខុស​​​ច្បាប់​​​គឺ​​​ស្រួល​​​ជាង​​​ និង​​​លឿន​​​ជាង​​​”។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ចង់​​​បាន​​​លិខិត​​​ឆ្លង​​​ដែន ហើយ​​​ខ្ញុំ​​​បាន​​​ឮ​​​តាម​​​វិទ្យុ​​​ថា វា​​​មាន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​ទៅ​​​សួរ​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ ហើយ​​​ពួក​​​គេ​​​បាន​​​និយាយ​​​ថា វា​​​ថ្លៃ​​​១៥០​​​ដុល្លារ​​​”។  អ្នកស្រី​​​ទំនង​​​ជា​​​មិនបាន​​​ធ្វើ​​​តាម​​​របៀប​​​ត្រឹម​​​ត្រូវ​​​ទេ​​​​​​ មុន​​​ពេល​​​ស្នើ​​​សុំ​​​លិខិត​​​ឆ្លងដែន​​​បួន​​​ដុល្លារ​​​នោះ​។ អ្នក​​​ស្រី កែវ​​​ បាន​​​និយាយ​​​ថា “ខ្ញុំ​​​ចង់​​​ឲ្យ​​​ពួក​​​គេ​​​មក​​​ជួយ​​​យើង​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ក្នុង​​​ភូមិ​​​របស់​​​យើង​​​”។

នៅ​​​ចម្ងាយ​​​តែ​​​ពីរ​​​បី​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​ ច្រក​​​ខុស​​​ច្បាប់​​​ជា​​​ច្រើន​​​មាន​​​នៅ​​​តាម​​​បណ្តោយ​​​​​​ស្ទឹង​​​បត់​​​ ជា​​​ស្ទឹង​​​មួយ​​​នៅចន្លោះ​​​ប្រទេស​​​កម្ពុជា​​​ និង​​​ថៃ​​។ ច្រក​​​មួយ​ក្នុង​ចំណោម​ស្រក​ទាំង​នោះ​​​​ស្ថិត​​​នៅ​​​អែប​​​ការិយាល័យ​​​នគរបាល​​​ការពារ​​​ព្រំដែន​​​ស្ទឹង​​​បត់។

មន្ត្រី​​​នគរបាល​​​ព្រំ​​​ដែន​​​ម្នាក់​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​ ដែល​​​សុំ​​​មិន​​​​​​ប្រាប់​​​ឈ្មោះ​​​ ពីព្រោះ​​​គាត់​​​ពាក់​​​ព័ន្ធ​​​​​​ក្នុង​​​សកម្មភាព​​​​​​ខុស​​​ច្បាប់​​​ បាន​​​ពន្យល់​​​ថា រាល់​​​យប់​​​​​​ ពល​​​ករ​​​ពី​​​៣០​​​នាក់​​​ទៅ​​​៥០​​​នាក់​​​បាន​​​ឡើង​​​ជិះ​​​ទូក​​​ និង​​​ក្បូន​​​​​​ទាញ​​​ដោយ​​​​​​ខ្សែ​​​ពួរ​​​​​​​​​​​​​​​​​​ ដើម្បី​​​ឆ្លង​​​ទឹក​​​​​​ ម្នាក់ៗ​​​ចំណាយ​​​ប្រហែល​​​បី​​​ដុល្លារ។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​អាច​​​នាំ​​​អ្នក​​​ទៅ​​​ដល់​​​ទី​​​នោះបាន​​​​ ពីព្រោះ​​​នគរ​​​បាល​​​នៅ​​​ទី​​​នោះ​​​ស្គាល់​​​ខ្ញុំ​​​”៕មានិត​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.