នគរបាលខេត្ត​​​បាត់​​​ដំបងចាប់ខ្លួន​បុរស​​​ម្នាក់​​​ដែល​​​ចាប់​​​រំលោភកុមារជា​​​បន្ត​​​បន្ទាប់

កាលពីថ្ងៃពុធ នគរបាលបានចាប់ខ្លួនបុរសម្នាក់ដែលជាប់សង្ស័យថាបានប្រព្រឹត្តអំពើចាប់រំលោភជាបន្តបន្ទាប់នៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើអនា ចារលើអនីតិជន ក្រោយពេលបែកធ្លាយរឿង បន្ទាប់ពីក្មេងស្រីរងគ្រោះវ័យជំទង់ម្នាក់បានប្រាប់នគរបាលថា នាងត្រូវបានបុរសរូបនេះចាប់រំលោភជាច្រើនលើកច្រើនសា។

ដែក ជា ដែលជាកសិករអាយុ៦០ឆ្នាំ  ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះដែលគាត់រស់នៅជាមួយប្រពន្ធ និងកូនបីនាក់នៅក្នុងឃុំខ្នាចរមាស ស្រុកបវេល បន្ទាប់ពីក្មេងប្រុសម្នាក់បានឃើញបងស្រីអាយុ១៦ឆ្នាំរបស់ខ្លួនត្រូវកសិកររូបនេះចាប់រំលោភកាលពីខែមុន នេះបើយោងតាមលោក តុំ សុជាតិ នាយប៉ុស្តិ៍ឃុំនេះ។

លោក តុំ សុជាតិ បានថ្លែងថា “ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ដែលត្រូវជាប្អូនប្រុសរបស់ជនរងគ្រោះបានឃើញសកម្មភាពនេះហើយបន្ទាប់មកវាបានប្រាប់ម្តាយមីងរបស់វាអំពីរឿងរ៉ាវដែលបានកើតឡើង”។លោកបានបន្ថែមថា ម្តាយមីងរបស់ក្មេងប្រុសរូបនេះបានប្រាប់នគរបាលឃុំអំពីហេតុការណ៍ចាប់រំលោភនេះកាលពីព្រឹកថ្ងៃពុធ។

ពេលសាកសួរ ក្មេងស្រីរងគ្រោះរូបនេះបានប្រាប់ថា នាងត្រូវ កសិករ ដែក ជា រំលោភជាច្រើនលើក។

លោក តុំ សុជាតិ បានលើកឡើងទៀតថា “នាងបាននិយាយថា ជននេះបានខ្ទប់មាត់និងច្របាច់កនាង”។បន្ទាប់ពីក្មេងស្រីរងគ្រោះដំបូងបានចេញមកប្រាប់រឿងរ៉ាវរួចគ្រួសារក្មេងស្រីបីនាក់ផ្សេងទៀតដែលមានអាយុចាប់ពី១១ឆ្នាំដល់១៥ឆ្នាំបានដាក់ពាក្យប្តឹងកសិករវ័យចំណាស់រូបនេះ។

នាយប៉ុស្តិ៍រូបនេះបានមានប្រសាសន៍ថា “ក្មេងរងគ្រោះសុទ្ធតែបានទៅមើលទូរទស្សន៍ នៅផ្ទះរបស់ជននេះ ហើយគាត់បានរំលោភពួកគេនៅក្នុងព្រៃក្បែរផ្ទះ”។ លោកបានបន្ថែម ថា ជនសង្ស័យរូបនេះបានប្រើលុយនិងការគំរាមដើម្បី ឲ្យក្មេងស្រីរូបនេះបិទមាត់។

លោកបានថ្លែងថា “គាត់បានប្រាប់ពួកគេថា ‘ អញឲ្យលុយអ្ហែង ហើយបើអ្ហែងហ៊ានប្រាប់ឪពុកម្តាយ អញនឹងសម្លាប់អ្ហែងចោល”’។

លោក តុំ សុជាតិ បានលើកឡើងបន្តទៀតថា បន្ទាប់ពីចាប់ខ្លួនកសិកររូបនេះរួច មន្ត្រីឃុំបាននិយាយថា ពួកគេបានឮពាក្យចចាមអារា៉មអំពីការចាប់រំលោភនេះតាំងពីមុនខែវិច្ឆិកាទៅទៀត ហើយបានជំរុញឲ្យអ្នកភូមិរាយការណ៍ហេតុការណ៍ទំាងនេះទៅនគរបាល។

លោកបានថ្លែងថា “អ្នកភូមិបានឮអំពីរឿងនេះ ប៉ុន្តែ ពួកគាត់មិនបានរាយការណ៍ទេ។ ពួកគាត់សើុបអង្កេតដោយខ្លួនឯង។ លោកបានបន្ថែមថា ដោយរកមិនឃើញ”សញ្ញា ឬតម្រុយ”នៃការចាប់រំលោភនោះ អ្នកភូមិបានសម្រេចថា គេប្រាប់ព័ត៌មានខុសដល់ពួកគាត់។

លោក អូន ខ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបងបានលើកឡើងថា ជនសង្ស័យបាននិយាយការពារខ្លួនឯងពេលត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកាលពីម្សិលមិញ ដោយអះអាងថា ក្មេងស្រីទាំងនេះស្ម័គ្រចិត្តរួមភេទជាមួយគាត់។

លោកបានមានប្រសាសន៍ថា “គាត់បានប្រាប់នគរបាលថា គាត់មិនបានរំលោភពួកនាងទេ។ គាត់បានហៅឲ្យពួកនាងមកដេកជាមួយ ហើយបន្ទាប់មកឲ្យលុយពួកនាង”។ លោកបានបន្ថែមថា ក្មេងស្រីរងគ្រោះក៏ត្រូវបានសាកសួរដែរកាលពីម្សិលមិញ។

លោក អូន ខ្វៃ បានលើកឡើងទៀតថា ក្មេងស្រីទាំងនេះបានប្រាប់ថា ការចាប់រំលោភនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ហើយថាវាកើតឡើងនៅផ្ទះជនសង្ស័យ នៅកន្លែងបញ្ចុះសពក្បែរនោះ និងនៅក្នុងព្រៃក្បែរៗនោះ។

លោកបានថ្លែងថា “ពួកគេត្រូវបានជននេះចាប់រំលោភជាច្រើនលើកច្រើនសា។ ក្មេងស្រីអាយុ១៤ឆ្នាំ និង១៦ឆ្នាំត្រូវបានរំលោភដំបូងនៅពេលនាងមានអាយុ១១ឆ្នាំ និង១៣ឆ្នាំ។ វាបានកើតឡើងតាំងពីឆ្នាំ២០១៣មកម្លេ៉ះ។ករណីរបស់ក្មេងស្រី អាយុ១១ឆ្នាំ និង១២ឆ្នាំបានកើតឡើងក្នុងឆ្នាំ២០១៥និង២០១៦។

អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា កំពុងតែសើុបអង្កេតករណីនេះ នេះបើយោងតាមលោក James McCabe នាយកប្រតិបត្តិការនៃអង្គភាពនេះ។

នាយកប្រតិបត្តិការរូបនេះបានលើកឡើងថា “វាទំនងជាអាចមានជនរងគ្រោះបន្ថែមទៀត”។ លោកបានបន្ថែមថា អង្គភាពការពារកុមារមិនដឹងថា មានការផ្ដន្ទាទោសណាមួយលើកសិកររូបនេះដែរឬក៏អត់នោះទេពីមុនមក៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Taylor O’Connell)

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.