នគរបាល​ចាប់ខ្លួន​កម្មករ​ចាំចម្ការ​ពីរនាក់ពី​បទ​សម្លាប់​ស្ត្រីម្ចាស់​ចម្ការ

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​​​ចំា​​​ចម្ការ​​​ជំទង់​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ពីបទ​​​ប្លន់​​​សម្លាប់​​អ្នកស្រី ថៃ ហ៊ួយ​​​ ជា​​​ម្ចាស់​​​ចម្ការ​​​ស្វាយ​​​ចន្ទី​​​មួយ​​​ដែល​​​សាក​​​សព​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​នៅ​​​​​​ក្នុង​​​អណ្តូង​​​​ទឹក​​​មួយ​​​នៅ​​​ក​​​្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។

លោក សេម ឃាង មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​ជាប់​​​ចោទ​​​ឈ្មោះ ឃន ឆាយ អាយុ​​​២០​​​​​​ឆ្នាំ និង​​​ ម៉ាន់ រ៉ូ អាយុ​​​១៩​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​មុន​​​ពេល​​​បញ្ជូ​​​ន​​​ករណី​​​របស់ពួក​​​គេ​​​ទៅតុលាការ​​​នៅ​​​ថ្ងៃ​​​ពុធ។

លោក​​​ សេម ឃាង ដែល​​​កម្លាំង​​​របស់​​​លោក​​​បាន​​​សហការ​​​ជាមួយ​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ក្នុង​​​​ករណី​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំងពីរ​​​នាក់​​​​​​នេះ​​​បាន​​​សារ​ភាព​​​ថា ពួកគេពិតជាបាន​​​សម្លាប់​​​អ្នកស្រី ​​​ថៃ​​​ ហ៊ួយ ដែល​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​នាក់​​​បាន​​​ចាំ​​​ចម្ការ​​​ឲ្យ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​មក​​​ហើយ​​​មែន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​ក៏​​​បាន​​​សារភាព​​​ថា បាន​​​ប្លន់​​​យក​​​ប្រាក់​​​ចំនួន​​​១.៥០០​​​ដុល្លារ​​​ពី​​​ផ្ទះ​​​របស់​​​គាត់​​​ផង​​​ដែរ​​​ ហើយ​​​បាន​​​គេ​​​ច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​តាម​​​ម៉ូតូ​​​ដែល​​​ប្លន់​​​បាន​​​នោះ​​​។

លោក សេម ឃាង បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​បាន​​​សារភាព​​​ថា ពួក​​​គេ​​​បាន​​​សម្លាប់​​​អ្នក​​​ស្រី ថៃ ហួ៊យ​​​  ប្លន់​​​យក​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​គាត់​​​ និង​​​​​​បាន​​​យក​​​សាក​​​សពទៅ​​​ទម្លាក់​​​ក្នុង​​​អណ្តូង​​​ទឹក​​​មួយ​​​មុន​​​ពេល​​​គេច​​​ខ្លួន​​​”។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​ជឿ​​​ថា បទ​​​ឧក្រិដ្ឋ​​​នេះ គឺ​​​ជា​​​ការ​​​គិត​ទុក​​​ជា​​​មុន​​​។

លោក កាំង​​​ គឹម​​​ហ៊ុយ​​​ ប្អូន​​​ប្រុស​​​របស់​​​អ្នកស្រី ថៃ​​​ ហួ៊យ បាន​​​និយាយ​​​​​​ថា លោក​​​​​ជឿថា ឈ្មោះ ឆាយ និង​​​ រ៉ូ គឺជា​​​ឃាត​​​ករ​​។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ដឹង​​​ថា ឆាយ និង​​​ រ៉ូ​​​​​​​​​​​​ បាន​​​សម្លាប់​​​បង​​​ស្រី​​​របស់​​​ខ្ញុំ​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​ជា​​​មនុស្ស​​​ដែល​​​ស្នាក់​​​នៅ​​​ជា​​​មួយ​​​គាត់​​​នៅ​​​ពេល​​​ហេតុ​​​ការណ៍​​​បាន​​​កើត​​​ឡើ​​​ង”។

សាច់​​​ញាតិ​​​របស់​​​អ្នកស្រី​​​ ថៃ  ហួ៊យ​​​ បាន​​​បើក​រថយន្ត​​កាត់​តាម​​​ផ្ទះ​​​អ្នកស្រី​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយមិន​ឃើញមាន​នរណា​​​ម្នាក់​​​នៅ​​​ផ្ទះ​​​ទេ។ ពួក​​​គាត​់បាន​​​​​​រាយ​​​ការ​​​ណ៍​​​ពី​​​អ្នកដែល​​​បាត់​​​ខ្លួនកាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ទៅ​​​នគរ​​​បាល​​​ស្រុក​​​​​​ ដែល​​​បាន​​​រក​​​ឃើញ​​​សាក​​​សព​​​អ្នក​​​ស្រី ថៃ​​​ ហួ៊យ​​​ នៅ​​​ថ្ងៃ​​​ដដែល​​​នោះ។

លោក គឹមហ៊ុយ បាន​​​និយាយ​​​ថា បង​​​ស្រី​​​របស់​​​គាត់​​​រស់​​​នៅ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ប៉ុន្តែ តែងតែ​​​មក​​​មើល​​​ចម្ការ​​​របស់​​​គាត់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​រហូត​​​ដល់​​​បួន​​​ដង​​​ឯណោះ​​​ក្នុង​​​មួយ​​​ខែ​​​។

លោក​​​បាន​​​និយាយ​​​ថា ជាមួយនឹង​​​ការ​​​ផ្តន្ទាទោស​​​ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​នឹង​​​ទាម​​​ទារ​​​សំណង​​​ជា​​​ប្រាក់​​​ចំនួន​​​១០០​​​លាន​​​រៀល​​​ ចំពោះ​​​ការ​​​សម្លាប់​​​អ្នក​​​ស្រី ថៃ​​​ ហួ៊យ ៕សារុន​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.