នគរបាល​ឆ្មក់ចូល​ហាង​ជួស​ជុស​ម៉ូតូដែល​កែ​ម៉ូតូ​ទិញពី​ចោរលួច​និង​ប្លន់​បាន​ទៅ​ជា​ម៉ូតូ​ប្រភេទ​មួយថ្មី​

កាលពី​ថ្ងៃច័ន្ទ នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​១១​នាក់​ក្នុង​ខណ្ឌដង្កោ ពីបទ​ប្រើ​ប្រាស់​ហាង​ជួស​ជុល​ម៉ូតូ​មួយ​​ដើម្បី​កែ​ម៉ូតូ​ដែល​ទិញពី​ចោរ​លួច​ប្លន់​បាន​ទៅ​ជាម៉ូតូ​ប្រភេទ​មួយថ្មី​ ដោយ​កែ​លេខ​តួលេខម៉ាស៊ីន និង​ចាប់​ស្លាក​លេខ​ថ្មី។

លោក យួន យ៉ាណូ ចៅសង្កាត់​ជើង​ឯក​បាន​មាន​​ប្រសាសន៍ថា នៅ​ក្នុង​ការ​ឆ្មក់​ចូល​ហាង​ជួសជុលម៉ូ​តូ​​ស្ថិត​នៅ​ជាយ​ក្រុង​ភាគ​ខាង​ត្បូង​រាជ​ធានីភ្នំពេញ នគរ​បាល​រឹបអូស​បាន​ម៉ូតូ​១៤គ្រឿង​ ដែល​ពួកគេ​និយាយ​ថា ជាម៉ូតូ​ត្រូវ​បាន​លួច​ និង​ប្លន់​ ព្រមទាំង​ស្លាក​លេខ​២១​បន្ទះ និង​ប័ណ្ណ​សម្គាល់​ទោចក្រយាន​យន្ត​១៨​ប័ណ្ណ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ឃាត់​ខ្លួន​បុរស​១១​នាក់​បន្ទាប់ពី​សហការ​ជាមួយ​ព្រះរាជ​អាជ្ញា​ ដើម្បី​​​ចុះ​បង្ក្រាប​ទីតាំង​នោះ​កាលពី​ថ្ងៃ​ច័ន្ទ”។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​បាន​ឃ្លាំ​មើល​ហាង​នេះអស់​​រយៈ​ពេល​​៥​ខែ​។

ឈ្មោះ ស្រឿង ចន្ធី អាយុ​២៨​ឆ្នាំ​ ជាម្ចាស់​ហាង​ជួស​ជុល​ម៉ូតូ​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​បុគ្គលិក​១០​នាក់ទៀត​ ដោយ​ជាប់​សង្ស័យ​ពីបទ​ទទួល​ផល​ចោរកម្ម​។

យោងតាម​លោក យ៉ាណូ បាន​ឲ្យ​ដឹង​ថា ហាង​នេះ​បាន​ទិញ​ម៉ូតូ​លួច​ និង​ប្លន់​ពីក្រុម​​ចោរ​ក្នុង​តម្លៃ​ថោក​។ បន្ទាប់​មក​ពួកគេ​បាន​កែ​លេខតួ​លេខ​ម៉ាស៊ីន​ដើម្បី​ធ្វើ​ឲ្យ​ម៉ូតូ​នោះ​ក្លាយ​ជា​ម៉ូតូ​ប្រភេទមួយ​ថ្មី​ ហើយ​ចាប់​ស្លាក​លេខ​ថ្មី​ស្រប​​ច្បាប់​។

លោក យ៉ាណូ​ បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បាន​កែលេខ​តួ​លេខ​ម៉ាស៊ីន​ម៉ូតូ​នីមួយ​ៗ​​ បន្ទាប់​ពីពួកគេ​ទទួល​បាន​ម៉ូតូ​ទាំង​នោះ​”។ បន្ទាប់​មក​ ពួកគេ​លក់​ម៉ូតូ​ទាំង​នោះ​ចេញ​ដោយ​គ្មាន​ខ្លាច​ម្ចាស់​ដើម​ស្គាល់​ម៉ូតូ​របស់​ខ្លួន​ ហើយ​រាយការណ៍​ជូន​នគរ​បាល​ឡើយ។

មនុស្ស​១០​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះមាន​អាយុ​ចាប់​ពី​២២​ឆ្នាំដល់​៤៨​ឆ្នាំ។ ពួកគេ​ទាំង​អស់​គ្នា​ ព្រម​ទាំង​ឈ្មោះ​ ចន្ធី និង​ម៉ូតូ​ដែល​រឹប​អូស​បាននោះ ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ និង​​​រក្សា​​​ទុក​​​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានីភ្នំពេញ។

លោក សុង លី នាយ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​បាន​បញ្ជាក់​ថា ជន​សង្ស័យទាំង​នេះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ការិយាល័យ​របស់​លោក ហើយ​បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​ចោរលួច​និង​ប្លន់​​ម៉ូតូ​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ទាក់​ទង​មក​កម្លាំង​នគរ​បាល​របស់​យើង​។

លោក សុងលី បាន​មាន​ប្រសាសន៍​ថា “យើងសូមប្រកាស​ដល់​សាធារណជនទាំងអស់​​ដែល​បាន​បាត់​ម៉ូតូ​របស់​ខ្លួន​មក​ជួប​នគរ​បាល​ ដើម្បី​ពិនិត្យ​មើល​ថា តើ​ពួកគាត់​អាច​យក​ម៉ូតូ​របស់ខ្លួន​វិញឬ​យ៉ាងណា ​ប្រសិន​បើពួកគាត់​ជា​ម្ចាស់​ម៉ូតូនោះ។ យើង​នឹង​បញ្ជូន​ជន​សង្ស័យ​ទាំង​​អស់​នេះទៅ​តុលាការ​បន្ទាប់​​ពី​សាក​សួរ​ចប់សព្វគ្រប់​​”៕ សារុន​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.